សមាគមអាដហុក (Adhoc) បានអំពាវនាវសុំឲ្យប្រជាពលរដ្ឋខ្មែរ បន្តនាំគ្នាកាន់មរណទុក្ខចំពោះព្រះបរមសព ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ នៅក្នុងប្រទេសកម្ពុជា ឲ្យបានគ្រប់ចំនួន ៧ថ្ងៃតាមសារាចរណែនាំរបស់រដ្ឋាភិបាល មុនពេលសម្រេចចិត្តឆ្លងដែនទៅរកការងារធ្វើនៅក្នុងប្រទេសថៃ។
ការអំពាវនាវនេះ បានធ្វើឡើងស្របពេលដែលមានសេចក្ដីរាយការណ៍ថា មានប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់ បាននាំគ្នាឆ្លងដែនទាំងស្របច្បាប់ និងខុសច្បាប់ ទៅប្រទេសថៃ នៅខេត្តភាគពាយ័ព្យប្រទេសកម្ពុជា បន្ទាប់ពីការបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌនៅតាមស្រុកកំណើត តាំងពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២។
អ្នកសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា បានថ្លែងនៅថ្ងៃទី២០ ខែតុលា ថា ការនិយមឆ្លងដែនទៅរកការងារនៅប្រទេសថៃ បានក្លាយទៅជាទម្លាប់របស់ប្រជាពលរដ្ឋខ្មែរ។ នៅរដូវបុណ្យទាន ពួកគាត់ត្រឡប់មកស្រុកខ្មែរ ហើយនៅពេលរដូវបុណ្យកន្លងផុតទៅ ពួកគាត់ក៏នាំគ្នាចំណាកស្រុកទៅវិញ។ លោកបន្តថា នៅពេលនេះអតីតព្រះមហាក្សត្រកម្ពុជា បានចូលទិវង្គត ដូច្នេះប្រជាពលរដ្ឋខ្មែរ គួរនាំគ្នាកាន់មរណទុក្ខចំពោះព្រះបរមសពរបស់ព្រះអង្គ។
លោក ស៊ុំ ច័ន្ទគា៖ «ព្រោះព្រះករុណាទាមទារនូវឯករាជ្យ មានគុណសម្បត្តិមកលើជាតិជាច្រើន កាលដែលលោកមានព្រះជន្មនៅឡើយ។ អ៊ីចឹង ខ្មែរទាំងអស់ គោរពកាន់ទុក្ខទាំងអស់គ្នាសិន។ អ៊ីចឹង គួរតែខំប្រឹងប្រែងឡើង មិនមែនសំដៅថាអត់មានខ្មែរម្នាក់មានគេផ្សេងទៀតទេ។ យើងនាំគ្នាចូលរួមទាំងអស់គ្នា ចែករំលែកនូវមរណទុក្ខទាំងអស់គ្នា។ យើងបានទឹកដីគ្រប់គ្រងដែលក្លាយទៅជាប្រទេសកម្ពុជាសព្វថ្ងៃ គឺដោយសារស្នាដៃរបស់ព្រះករុណា បើសិនអត់ទឹកអត់អីទេ យើងទៅធ្វើកម្មករ គេអត់ស្គាល់ថាយើងជាខ្មែរផង»។
សេចក្ដីរាយការណ៍ពីតំបន់ជាយដែន បានឲ្យដឹងថា នៅក្រោយរដូវភ្ជុំបិណ្ឌ មានប្រជាពលរដ្ឋខ្មែរជាច្រើនពាន់នាក់ បាននាំគ្នាសម្រុកឆ្លងដែនពីប្រទេសកម្ពុជា ទៅរកការងារធ្វើនៅក្នុងប្រទេសថៃ។ ប្រជាពលរដ្ឋខ្លះ ឆ្លងដែនដោយស្របច្បាប់ ខ្លះទៅដោយខុសច្បាប់ និងភាគច្រើនទៅតាមរយៈមេខ្យល់។
អធិការនគរបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោក អ៊ុំ សុផល បានថ្លែងថា កាលពីល្ងាច ថ្ងៃទី១៩ តុលា កម្លាំងប៉ូលិស ដោយមានការដឹកនាំពីតំណាងអយ្យកាតុលាការខេត្តបន្ទាយមានជ័យ បានចុះទៅឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរចំនួន ១៧០នាក់ ដើម្បីយកមកសួរនាំស្រាវជ្រាវរកមេខ្យល់ ដែលមានគម្រោងនាំពួកគេឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ។ ប្រជាពលរដ្ឋខ្មែរទាំងនោះជាអ្នកធ្វើដំណើរមកពីបណ្ដាខេត្តផ្សេងៗគ្នានៅក្នុងប្រទេសកម្ពុជា៖ «យើងគ្រាន់តែហៅគាត់មកសួរថា គាត់ទៅតាមរយៈមេខ្យល់ណា។ ប៉ុន្តែ យើងអត់បានឃាត់ខ្លួនគាត់ទេ អប់រំគាត់ឲ្យត្រឡប់ទៅវិញ»។
ប្រភពពីប្រជាពលរដ្ឋជាអ្នករស់នៅតំបន់ជាយដែនក្នុងខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី១៦ ខែតុលា ប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់មកពីបណ្ដាខេត្តផ្សេងៗគ្នា នាំគ្នាឆ្លងកាត់ខេត្តបន្ទាយមានជ័យ ដើម្បីឆ្លងដែនទៅរកការងារធ្វើនៅក្នុងប្រទេសថៃ៖ «រាល់ថ្ងៃ សង្កេតឃើញនៅតាមក្រវាត់ព្រំដែនដែលសម្បូរពលករចេញច្រើនជាងគេ គឺនៅប៉ែកខាងជើងគ្រប់គ្រងដោយប៉ូលិស៩១១ រហូតទៅដល់ច្រកទំនប់ដាច់ ឃុំអូរបីជាន់ ហ្នឹង គ្រប់គ្រងដោយលោក កែវ ណារិន ជាមន្ត្រីយោធាចំណុះឲ្យកងវរសេនាតូច៥០៣។ អ៊ីចឹង គឺច្រកព្រំដែនប៉ែកខាងជើងហ្នឹង បើកភ្លើងខៀវឲ្យពលករចំណាកស្រុកចេញគគ្រឹកគគ្រេងតែម្ដង»។
ប្រជាពលរដ្ឋខ្មែរដែលជាអ្នកឆ្លងដែនទៅប្រទេសថៃ បានអះអាងថា ពួកគេបានទទួលដំណឹងក្រៀមក្រំពីការចូលទិវង្គតរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ពួកគាត់បាននាំគ្នាចូលរួមកាន់មរណទុក្ខព្រះបរមសពរបស់ព្រះអង្គដែរ ប៉ុន្តែដោយសារកត្តាជីវភាពក្រីក្រ បានបង្ខំឲ្យពួកគាត់ធ្វើចំណាកស្រុកទៅរកការងារធ្វើនៅក្នុងប្រទេសថៃ។
ទោះជាយ៉ាងនេះក្តី មន្ត្រីនៃសមាគមអាដហុក សុំឲ្យប្រជាជាតិខ្មែរស្នាក់នៅលើទឹកដីកម្ពុជា គួរនាំគ្នាកាន់មរណទុក្ខឲ្យបានពេញលេញទៅតាមសារាចរណែនាំរបស់រដ្ឋាភិបាល។ លោកបន្តថា ការនាំគ្នាចូលរួមកាន់មរណទុក្ខព្រះបរមសពរបស់ព្រះអង្គ គឺជាការគោរពដឹងគុណស្រឡាញ់ព្រះអង្គ ម្យ៉ាងវិញទៀត ជាការបង្ហាញពីភាពសាមគ្គីភាពដ៏រឹងមាំរបស់ប្រជាជាតិខ្មែរ៕
No comments:
Post a Comment
yes