នៅខាងមុខព្រះបរមរាជវាំង នាល្ងាចថ្ងៃទី២០ តុលា មានព្រះសង្ឃរាប់ពាន់អង្គ និងពលរដ្ឋរាប់ម៉ឺននាក់ មកជួបជុំគ្នា ដើម្បីឧទ្ទិសកុសលថ្វាយព្រះមហាវីរក្សត្រ។
ព្រះសង្ឃជាង៥ពាន់អង្គ សូត្រធម៌ឧទ្ទិសកុសលថ្វាយព្រះមហាវីរក្សត្រ នៅមុខព្រះបរមរាជវាំង កាលពីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១២។
ព្រះសង្ឃពីគ្រប់ឋានានុក្រមជាង ៥.០០០អង្គ និងពុទ្ធបរិស័ទរាប់ម៉ឺននាក់ បានសូត្រធម៌តាមបែបព្រះពុទ្ធសាសនា បួងសួងសុំឲ្យទេវតានាំយកកងការមហាកុសលថ្វាយព្រះបរមសព ព្រះមហាវីរក្សត្រ។ នៅក្នុងពិធីនោះ ព្រះសង្ឃគង់ជាជួរៗ តាំងសមាធិរយៈពេល ៣០នាទី បន្ទាប់មកសូត្រធម៌បង្សុកូលថ្វាយទៅព្រះបរមសព។
រដ្ឋមន្ត្រីព្រះបរមរាជវាំង លោក គង់ សំអុល ឡើងអានសាររំលែកទុក្ខថ្វាយព្រះមហាក្សត្រ និងព្រះវររាជបិតាជាតិខ្មែរ។
ចំណែកមហាជនជាច្រើនម៉ឺននាក់ លើកដៃប្រណមបួងសួងឲ្យទេវតានាំព្រះមហាកុសលថ្វាយទៅព្រះវិញ្ញាណក្ខន្ធ ព្រះវររាជបិតាជាតិ បានទទួលនូវមហាមគ្គផលទាំងអស់នេះ។
នេះជាពិធីជួបជុំរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទដ៏ធំលើកទី១ហើយ នៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា រយៈពេលមួយសតវត្សចុងក្រោយនេះ៕
No comments:
Post a Comment
yes