សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, October 27, 2012

មរតក​នៃនយោបាយ​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ​របស់​សម្តេចឳ

លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន និង​សម្តេច​នរោត្តម សីហនុ
លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន និង​សម្តេច​នរោត្តម សីហនុ

ក្រោយ​ការ​សោយ​ទិវង្គត​របស់​អតីតព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហនុ នយោបាយ​បង្រួបបង្រួម​ផ្សះផ្សារ​ជាតិ ត្រូវបាន​គេ​ចាត់ទុកថា​ជាម​រតក​ដ៏​មានតម្លៃ​មួយ​ក្នុងចំណោម​មរតក​ដ៏​មានតម្លៃ​ជាច្រើន​ទៀត​ដែល​ព្រះអង្គ​បាន​បន្សល់ទុក​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ។លោក​សម រង្ស៊ី មេដឹកនាំ​បក្សប្រឆាំង​បាន​សាកល្បង​ប្រើប្រាស់​មរតក​នេះ​មុនគេ​តាមរយៈ​ការសរសេរ​​លិខិត​ជា​បន្តបន្ទាប់​ទៅកាន់​ព្រះមហាក្សត្រ និង​ប្រមុខ​រដ្ឋាភិបាល​គណបក្ស​កាន់​អំណាច​​ដើម្បី​សុំ​បើក​ច្រក​វិលត្រឡប់​ចូល​ស្រុក​វិញ។ ប៉ុន្តែ ការសាកល្បង​នេះ​មិនបាន​លទ្ធផល​សម​ដូច​បំណង​ទេ។ តើ​គេ​គួរ​ធ្វើ​ដូចម្តេច​ដើម្បី​សម្រេច​គោលដៅ​ផ្សះផ្សា​ជាតិ​តាម​ព្រះរាជតម្រិះ​សម្តេច​ឳ?

នយោបាយ​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ​ គឺជា​មរតក​ដែល​គេ​បាន​លើក​យក​មក​និយាយ​ញឹកញាប់​ជាងគេ ចាប់តាំងពី​ការ​សោយ​ទិវង្គត​របស់​សម្តេចព្រះ​នរោត្តម សីហនុ​កាលពី​ថ្ងៃទី១៥​តុលា​មក។ មិន​ថា​អ្នកនយោបាយ សង្គម​ស៊ីវិល ឬ​មហាជន​ទូទៅ​ឡើយ​ពួកគេ​បាន​និយាយ​ស្ទើរតែ​គ្រប់​មាត់​ថា គេ​គួរតែ​អនុវត្ត​នយោបាយ​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ​ ប្រសិន​ណា​បើ​គេ​ពិតជា​គោរព​ស្រឡាញ់ និង​ចង់​ដើរ​តាម​ព្រះរាជតម្រិះ​សម្តេច​ឳ​មែន។
 
លោក​សម រង្ស៊ី មេដឹកនាំ​បក្សប្រឆាំង​ដែល​កំពុងតែ​រក​ច្រក​វិលត្រឡប់​ចូល​ស្រុក​វិញ​ស្រាប់​ផង​នោះបាន​សាកល្បង​វិញ្ញាសា​នេះ​មុនគេ។ លោក​បាន​សរសេរ​លិខិត​៣​ច្បាប់​ផ្សេង​គ្នា​ទៅកាន់​ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ទៅ​មេដឹកនាំ​កំពូល​ទាំងបី​របស់​បក្ស​កាន់អំណាច​តែម្តង​ ដើម្បី​សុំ​ការអនុញ្ញាត​វិល​មក​គោរព​ព្រះ​បរមសព​សម្តេច​ឳ​នៅក្នុង​ព្រះបរមរាជវាំង។ បើទោះបីជា​លោក​សម រង្ស៊ី បាន​បន្ទន់​ជំហរ​យ៉ាង​ខ្លាំង ​និង​ថែមទាំង​បាន​លើក​សរសើរ​រដ្ឋាភិបាល​ដែល​គេ​មិន​ដែល​បាន​លឺ​ពី​មុន​ក៏ដោយ ក៏​លោក​មិន​ទទួលបាន​កិច្ច​អន្តរាគមន៍​ណាមួយ​ទេ។
 
ជាការ​ពិតណាស់ នយោបាយ​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ​ គឺជា​មរតក​ដ៏​មានតម្លៃ​ដែល​ព្រះមហាវីរក្សត្រ​ខ្មែរ​បាន​បន្សល់ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​ជាពិសេស​គឺ​សម្រាប់​អ្នកនយោបាយ​តែម្តង។ រីឯ​ស្ថានភាព​នយោបាយ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ទៀត​សោត ​ក៏ពិតជា​ត្រូវការ​នយោបាយ​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ​ជា​ចាំបាច់​ខណៈដែល​អ្នកនយោបាយ​កំពុង​បែកបាក់​គ្នា​យ៉ាងធ្ងន់ធ្ងរ។ ប៉ុន្តែ ការផ្សះផ្សា​បង្រួបបង្រួម​ជាតិ​មិនអាច​សម្រេច​គោលដៅ​ពិតប្រាកដ​របស់ខ្លួន​បានទេ​ប្រសិនបើ​គេ​គ្រាន់តែ​និយាយ​ចេញពី​បបូរមាត់ តែ​ខ្វះ​សុឆន្ទៈ​ពិតប្រាកដ​នោះ។
 
សម្រាប់​ក្រុម​អ្នកវិភាគ​នយោបាយ​កម្ពុ​ជា មាន​កត្តា​ចាំបាច់​មួយ​ចំនួន​ដែល​អាច​ធ្វើ​ឲ្យ​ការផ្សះផ្សា​ជាតិ​សម្រេច​គោលដៅ​បាន។ ទី១៖ ត្រូវមាន​ឆន្ទៈ​ពិតប្រាកដ​ចង់​ឲ្យ​ប្រទេសជាតិ​និង​ប្រជាពលរដ្ឋ​ខ្មែរ​ស្គាល់​ភាពសុខដុមរមនា​និង​ការអភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព។ ទី២៖ ត្រូវ​បំបាត់ចោល​វប្បធម៌​មិន​ទុកចិត្ត​គ្នា​និង​ជំនួស​វិញ​ដោយ​វប្បធម៌​ស្មោះត្រង់​និង​គោរព​គ្នា​ទៅវិញទៅមក។ និង​ទី៣៖ ត្រូវ​លុបបំបាត់​ទម្លាប់​បំពាន​លើ​ពាក្យសន្យា។
 
ប្រសិនបើ​គេ​ក្រឡេក​ទៅ​មើល​ករណី​លោក​សម រង្ស៊ី គេ​អាច​មើលឃើញថា លក្ខខណ្ឌ​ចាំបាច់​ដើម្បី​សម្រេច​គោលនយោបាយ​ផ្សះផ្សា​ជាតិ​នៅ​មិនត្រូវ​ទាន់​បំពេញ​បាន​នៅឡើយ​ទេ។ ភាគី​ទាំងពីរ​គឺ​បក្សប្រឆាំង​និង​បក្ស​កាន់អំណាច​នៅតែ​សម្លឹង​មើលមុខ​គ្នា​ក្នុង​ក្រសែភ្នែក​ប្រកប​ដោយ​ល្បិចកល​នៅ​ឡើយ។ តើ​ការបន្ទន់​ឥរិយាបថ​របស់​លោក​សម រង្ស៊ី និង​ពាក្យពេចន៍​ផ្អែមល្ហែម​របស់​គាត់​ផុះ​ចេញ​ពី​ឆន្ទៈ​ឬ​គ្រាន់តែ​ជា​ល្បិច​ខ្លា​លាក់​ក្រចក? នេះ​ជា​សំណួរ​ដែល​មេដឹកនាំ​រដ្ឋាភិបាល​បាន​ចោទ​សួរ និង​មិន​ហ៊ាន​ប្រថុយ​ទុកចិត្ត​លោក​សម រង្ស៊ី​ឡើយ។
 
យ៉ាងណាក៏ដោយ នេះ​ជា​កាលៈទេសៈ​ដ៏​អំណោយផល​ល្អ​ណាស់​សម្រាប់​នយោបាយ​ផ្សះផ្សា​ជាតិ​ដើម្បី​បង្ហាញ​ពី​ការគោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​ឳ​ផង និង​ក៏ដូចជា​ដើម្បី​ស្វែង​រក​ភាពសុខសាន្ត​ក្នុង​ឆាក​នយោបាយ​ប្រទេស​កម្ពុជា​ផង។ ម្យ៉ាងទៀត កាលៈទេសៈ​នេះ អាច​អនុញ្ញាត​ឲ្យ​អ្នកនយោបាយ​បំភ្លេចចោល​នូវ​រឿង​អាក្រក់ៗ​ជាមួយ​គ្នា​កាលពី​ពេល​កន្លង​ទៅ​ដោយ​អាច​ចាប់ផ្តើម​បន្ទន់​ឥរិយាបថ​ដាក់គ្នា​ឡើងវិញ​បាន​យ៉ាង​ស្រួល។ អ្វីដែល​លោក​សម រង្ស៊ី បានធ្វើ​គឺជា​ការ​ចាប់ផ្តើម​ដ៏​ល្អ​មួយ។
 
ប៉ុន្តែ អ្វីដែល​នៅ​ខ្វះខាត​គឺ​ទំនុកចិត្ត​ទៅ​ថ្ងៃ​ខាងមុខ​នេះឯង មាន​ន័យ​ថា​ការស្រែក​ទាមទារ​រក​​នយោបាយ​ផ្សះផ្សា​ជាតិ​មិនមែន​គ្រាន់តែ​ជា​ឱកាសនិយម​ ដើម្បី​ដោះខ្លួន​មួយគ្រា​នោះទេ ប៉ុន្តែ គេ​​ត្រូវ​ច្បាស់​ក្នុង​ចិត្ត​ថា នឹង​រក្សា​វា​ឲ្យ​គង់វង្ស​ជា​រៀងរហូត។ តាមពិត កន្លងទៅនេះ នយោបាយ​ផ្សះផ្សា​ធ្លាប់​ត្រូវបាន​អនុវត្ត​រួច​ទៅ​ហើយ ប៉ុន្តែ ក្រោយមក នយោបាយ​នេះ​ត្រូវបាន​បំផ្លាញ​ទៅ​វិញ​មួយ​លើក​ជា​ពីរ​លើក​ដោយ​អ្នកនយោបាយ​ខ្លួនឯង។
 
ពិត​ហើយ​ថា នយោបាយ​ផ្សះផ្សា​ជាតិ​មិនត្រូវ​ក្លាយជា​ឧបសគ្គ​ក្នុងការ​អនុវត្ត​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅ​កម្ពុជា​នោះទេ​ ពោលគឺ​មិនមែន​មានន័យថា​បក្សប្រឆាំង​ត្រូវ​លែង​រិះគន់​ឬ​ចេញ​មុខ​ប្រឆាំង​ជាមួយ​បក្ស​កាន់អំណាច​នោះ​ឡើយ ប៉ុន្តែ ការប្រឆាំង​គ្នា​គួរ​ស្ថិតក្នុង​ក្របខ័ណ្ឌ​ច្បាប់ និង​ការគោរព​គ្នា​ទៅវិញទៅមក​ឲ្យ​បាន​ច្រើន​ដើម្បី​ចៀសវាង​ជម្លោះ​និង​ការបែកបាក់​ធ្ងន់ធ្ងរ។ នេះ​ជា​អ្វីដែល​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​បាន​និង​កំពុង​អនុវត្ត។ ដូច្នេះ នេះ​ជា​ឱកាសល្អ​ខ្លាំង​ណាស់​ដែល​អ្នក​នយោបាយ​គួរ​ពិចារណា ប្រើប្រាស់​​មរតក ​ព្រះមហាវីរក្សត្រ​សម្រាប់​ផលប្រយោជន៍​ប្រទេសជាតិ៕

No comments:

Post a Comment

yes