ក្រុមប្រជាពលរដ្ឋមួយចំនួននៅក្នុងភូមិបុសធំ នៃឃុំគោកខ្ពស់ និងតំណាងសហគមន៍ព្រៃឈើភ្នំដងរែកសម្រែកព្រៃស្រស់ បានរិះគន់អភិបាលស្រុកបន្ទាយអំពិល នៃខេត្តឧត្តរមានជ័យ ថា បានសម្រេចដោះលែងគ្រឿងចក្រ ២គ្រឿង ដែលឈូសបំផ្លាញព្រៃជាច្រើនហិកតារ ហាក់មិនត្រឹមត្រូវតាមផ្លូវច្បាប់ទេ។
ការរិះគន់នេះ ដោយសារតែកាលពីចាប់ឃាត់គ្រឿងចក្រនោះ គឺអាជ្ញាធរស្រុកបានសុំឱ្យសហគមន៍ព្រៃឈើ ប្រជាពលរដ្ឋ និងសមត្ថកិច្ច ចូលរួមសហការជាមួយគ្នា ក៏ប៉ុន្តែនៅពេលដែលដោះលែងទៅវិញ គឺធ្វើឡើងដោយស្ងាត់ៗ។
តើក្រុមប្រជាពលរដ្ឋ និងសហគមន៍ព្រៃឈើទីនោះ ចង់ឱ្យអាជ្ញាធរស្រុកបន្ទាយអំពិល ចាត់វិធានការផ្លូវច្បាប់យ៉ាងណា?
តំណាងសហគមន៍ព្រៃឈើ និងក្រុមប្រជាពលរដ្ឋខ្លះ បានឱ្យដឹងថា គេមានគម្រោងនឹងជួបប្រជុំជាមួយអាជ្ញាធរឃុំគោកខ្ពស់ ដោយរិះរកគន្លឹះសំខាន់ៗមួយចំនួន ដើម្បីសួរដេញដោលទៅអភិបាលស្រុកបន្ទាយអំពិល អំពីបញ្ហាដោះលែងគ្រឿងចក្រ ២គ្រឿង ដែលក្រុមចម្រុះជាច្រើនផ្នែកខំរួមសហការគ្នាចាប់ប្រគល់ឱ្យអាជ្ញាធរចាត់វិធានការតាមផ្លូវច្បាប់នោះ។
ការឃាត់ចាប់គ្រឿងចក្រទាំងពីរគ្រឿងនោះ នៅពេលដែលគេប្រទះឃើញមានការឈូសឆាយដី និងបំផ្លាញព្រៃឈើអស់ជាច្រើនហិកតារ នៅក្នុងភូមិសាស្ត្រដីព្រៃនៃឃុំគោកខ្ពស់ របស់ស្រុកបន្ទាយអំពិល ជាប់ព្រំប្រទល់គ្នាជាមួយសង្កាត់បន្សាយរក្ស ក្រុងសំរោង។
លោក ឃាម វណ្ណា ជាតំណាងប្រជាពលរដ្ឋនៅភូមិបុសធំ នៃឃុំគោកខ្ពស់ លោកបានមានប្រសាសន៍ថា កាលពីក្រុមចម្រុះបានសហការគ្នាចាប់គ្រឿងចក្រចំនួន ២គ្រឿងនោះ គឺលោកក៏បានទៅចូលរួមដែរ។ លោកបានមានប្រសាសន៍ថា អ្នកចូលរួមចាប់គ្រឿងចក្រទាំងអស់ សុទ្ធតែបានដឹងថា មានការជីកកកាយ និងឈូសដីបំផ្លាញព្រៃឈើអស់ប្រមាណជាង ៥០ហិកតារ។ បុរសដដែលបានមានប្រសាសន៍ថា លោកកំពុងតែឆ្ងល់ចំពោះអភិបាលស្រុកបន្ទាយអំពិល ដែលសម្រេចចិត្តដោះលែងគ្រឿងចក្រទៅវិញស្ងាត់ៗនោះ៖ «ក្រោយមកមិនដឹងជាគាត់ដោះលែងពីកាលណា? មិនដឹងជាដោះបែរទៅណាក៏ខ្ញុំមិនបានដឹង ព្រោះអ្នកភូមិ គាត់ចង់ដឹងថា តើផលប៉ះពាល់នោះ ជនល្មើស ហើយនឹងច្បាប់នោះ អ្នកណាខុសអ្នកណាត្រូវ? វាស្របទៅយ៉ាងណា ហើយគេផាកពិន័យ ឬយ៉ាងម៉េច?»។
បន្ទាប់ពីអភិបាលស្រុកបន្ទាយអំពិល សម្រេចចិត្តដោះលែងគ្រឿងចក្រដែលឈូសបំផ្លាញព្រៃឈើនោះមក ក្រុមអ្នកភូមិជាច្រើនបានសម្ដែងការមិនសប្បាយចិត្ត ហើយបានចាប់ផ្ដើមសង្ស័យទៅលើលោកមេឃុំគោកខ្ពស់ ដែលជាអ្នកចូលរួមចាប់ដែរនោះ ថាអាចឃុបឃិតជាមួយនឹងអភិបាលស្រុកបន្ទាយអំពិល ចំពោះបញ្ហានោះ។
ក៏ប៉ុន្តែ លោក វ៉ាន ប៉ិក ជាមេឃុំគោកខ្ពស់ បានចេញមុខបដិសេធភ្លាមៗថា លោកមិនបានដឹងរឿងនោះទេ ហើយលោកក៏មិនសប្បាយចិត្តដូចក្រុមអ្នកភូមិដែរ ចំពោះការដោះលែងគ្រឿងចក្រនោះដែរ៖ «ចាប់តាំងពីខែកញ្ញា មក ខ្ញុំអត់ដឹងថាលោកអភិបាលស្រុក គាត់ដោះលែងតាមរបៀបណាទេ។ ក៏ប៉ុន្តែ ប្រជាពលរដ្ឋសង្ស័យថា ខ្ញុំមេឃុំនេះ អាជ្ញាធរនេះ ឃុបឃិតគ្នាជាមួយមេព្រៃយកប្រាក់យកកាសពីម្ចាស់អាអ៊ិច (AX) ដែលឈូសឆាយព្រៃ ប៉ុន្តែមិនបានយកលុយកាក់អីទេ។ មេព្រៃ គេអ្នកលែងទៅវិញ ជាមួយអភិបាលនោះ ក៏គាត់មិនបានប្រាប់ខ្ញុំដែរ ហើយខ្ញុំអត់បានស៊ុមគ្រលុំអីទេ។ ខ្ញុំក៏បាននិយាយដែរថា កំហុសដែលឈូសឆាយដីព្រៃរាប់សិបហិកតារនេះ វាគួរតែមានទោស ក៏ប៉ុន្តែគាត់អត់ឆ្លើយបំភ្លឺឱ្យខ្ញុំទេ»។
ចំណែកលោក លាវ លីម ជាប្រធានសហគមន៍ព្រៃឈើភ្នំដងរែកសម្រែកព្រៃស្រស់ បានរិះគន់ថា គ្រឿងចក្រទាំងពីរគ្រឿងនោះ បានឈូសបំផ្លាញព្រៃឈើអស់ជាច្រើនហិកតារ ហេតុអ្វីបានជាអាជ្ញាធរស្រុកបន្ទាយអំពិល មិនចាត់វិធានការផ្លូវច្បាប់ប្រឆាំងការបំផ្លាញព្រៃឈើនោះ ហើយបែរជាដោះលែងយ៉ាងងាយៗទៅវិញ។
អាជ្ញាធរស្រុកបន្ទាយអំពិល បានពន្យល់ថា គេបានសម្រេចចិត្តដោះលែងគ្រឿងចក្រទាំងពីរគ្រឿងនោះ ដោយសារតែគេបានពិនិត្យឯកសារមួយចំនួន ហើយយល់ថា ម្ចាស់គ្រឿងចក្រ គឺគ្រាន់តែជាអ្នកស៊ីឈ្នួលឈូសដីឱ្យគេប៉ុណ្ណោះ ហើយបើពិចារណាឱ្យដិតដល់ គឺម្ចាស់គ្រឿងចក្រនោះក៏ជាជនរងគ្រោះដែរ។
លោក ហាំង ម៉េង ជាអភិបាលស្រុកបន្ទាយអំពិល បានមានប្រសាសន៍ថា អ្វីដែលសហគមន៍ព្រៃឈើភ្នំដងរែកសម្រែកព្រៃស្រស់ តវ៉ាអំពីរឿងនេះ ប្រហែលជាគាត់ភ័ន្តច្រឡំថាដីព្រៃទីនោះ គឺស្ថិតនៅក្នុងតំបន់សហគមន៍របស់គាត់។ ចំណែកឯប្រជាពលរដ្ឋ ដែលរិះគន់បញ្ហានេះ គឺជាសិទ្ធិរបស់ពួកគាត់ដែរ។ លោកអភិបាលស្រុកដដែល បានមានប្រសាសន៍ថា ដីព្រៃដែលគេឈូសឆាយនោះ មិនមែនស្ថិតក្នុងប្លង់សហគមន៍ព្រៃឈើទេ គឺវាជាដីសម្បទានសង្គមកិច្ចរបស់រដ្ឋ ដែលរដ្ឋាភិបាលបានរក្សាទុកសម្រាប់រៀបចំភូមិឱ្យគ្រួសារកងទ័ព។
លោកអភិបាលបញ្ជាក់ទៀតថា មូលហេតុដែលលោកសម្រេចដោះលែងគ្រឿងចក្រទាំង២ នោះវិញ ដោយសារតែម្ចាស់គ្រឿងចក្រនោះ ក៏ជាអ្នកស៊ីឈ្នួលឈូសឆាយដីឱ្យគេ និងក៏មានដីចំនួន ៣ហិកតារ នៅក្នុងនោះដែរ។ ដូច្នេះលោកបានសម្រេចរឹបអូសយកដីទាំងអស់មករក្សាទុកជាសម្បត្តិរដ្ឋវិញ និងផ្អាកមិនឱ្យឈូសឆាយបន្តទៀតប៉ុណ្ណោះ៖ «ព្រោះយើងគិតទៅ ម្ចាស់គ្រឿងចក្រក៏ជាជនរងគ្រោះដែរ ដោយសារតែគាត់មកស៊ីឈ្នួលគេ ហើយគាត់មកស៊ីឈ្នួលគេហ្នឹង ដោយសារតែម្ចាស់ដី គេមានលិខិតកាន់កាប់ដីធ្លីដែលចេញដោយអាជ្ញាធរមូលដ្ឋានបានគាត់ហ៊ានមក។ ហើយដីហ្នឹង ក៏យើងបានហាមឃាត់មិនឱ្យគេធ្វើអីទៀតទេ។ អីចឹងហើយ អាស្រ័យលើហេតុផលហ្នឹង ខ្ញុំក៏សម្រេចដោះលែងគ្រឿងចក្រត្រឡប់ទៅវិញ»។
ទោះយ៉ាងណា សហគមន៍ការពារព្រៃឈើភ្នំដងរែកសម្រែកព្រៃស្រស់ បានបង្ហាញជំហរថា ប្រសិនបើមានជនប្រព្រឹត្តខុសច្បាប់ ហើយដោះលែងទៅវិញងាយៗដូច្នេះ នឹងធ្វើឱ្យពួកគេអស់ជំនឿទៅលើអ្នកអនុវត្តន៍ច្បាប់។ តំណាងសហគមន៍ការពារព្រៃឈើនោះ បានឱ្យដឹងថា គេមានគម្រោងនឹងជួបប្រជុំជាមួយអាជ្ញាធរឃុំគោកខ្ពស់ ដើម្បីពិភាក្សាអំពីបញ្ហានេះឡើងវិញ៕
No comments:
Post a Comment
yes