តារាចម្រៀងសម្តែង និងក្រុមភ្លេងកម្ពុជានៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ
មុនពេលទៅសម្តែងនៅបរទេស
ភ្នំពេញៈ សមាគមខ្មែរនៅប្រទេសកាណាដាបានឲ្យដឹងតាមសេចក្តីប្រកាសរបស់ស្ថានទូតកាណាដានៅប្រទេសថៃថា អ្នកសិល្បៈកម្ពុជាជាច្រើនរូបកំពុងស្ថិតនៅក្នុងបញ្ជីខ្មៅរបស់ ប្រទេសកាណាដា និងមិនត្រូវអនុញ្ញាតឲ្យជាន់ដីប្រទេសកាណាដាឡើយ។
រៀងរាល់ឆ្នាំមានអ្នកសិល្បៈកម្ពុជាជាច្រើនរូបបានទទួលឱកាសចេញ ទៅសម្តែងច្រៀងនៅប្រទេសកាណាដា ហើយមួយចំនួនទៀតមិនត្រូវបានអនុញ្ញាតនោះឡើយ។ ភាគច្រើនអ្នកដែលបានទៅសម្តែងច្រៀងនៅទីនោះ ពួកគេរមែងជួបនឹងបញ្ហាមិនអាចចៀសផុតដែលបណ្តាលឲ្យអ្នកសិល្បៈ មួយចំនួនត្រូវស្ថិតនៅក្នុងបញ្ជីខ្មៅរបស់ប្រទេសកាណាដា ហើយអ្នកសិល្បៈខ្មែរល្បីៗមួយចំនួនបានទទួលការពិន័យមិនឲ្យចូល កាណាដារយៈពេល៣ឆ្នាំ ឬច្រើនជាងនេះ។
លោក ឃុន ដេវីត អ្នកធានាអ្នកសិល្បៈកម្ពុជា និងជាសមាជិកសមាគមខ្មែរនៅប្រទេសកាណាដា បានឲ្យដឹងថា តារាចម្រៀងតារាសម្តែងកម្ពុជាស្រីប្រុសភាគច្រើនត្រូវបានធានាមក កាន់ប្រទេសកាណាដាក្នុងបំណង ធ្វើការសម្តែងដើម្បីរៃអង្គាសប្រាក់ជួយដល់ប្រទេសកម្ពុជាវិញ ក្នុងរូបភាពលើកស្ទួយសិល្បៈវប្បធម៌ខ្មែរ ជួយដល់ក្មេងកំព្រា និងអ្នកខ្វះខាតក្នុងជីវភាពជាដើម។
យោងតាមម្ចាស់ស្ពនស័រមួយ ចំនួនបញ្ជាក់ថា បញ្ហាដែលរមែងកើតឡើងជាញឹកញាប់បែបនេះ ជាមូលហេតុចម្បងពិបាកក្នុងការធានាអ្នកសិល្បៈកម្ពុជាទៅសម្តែង ឬក៏លេងនៅប្រទេសកាណាដា។
ដើម្បីដោះស្រាយបញ្ហាដូចបានលើកឡើង នេះ ទើបសមាគមខ្មែរនៅប្រទេសកាណាដាបានរៀបចំកិច្ចប្រជុំមួយកាលពី ថ្ងៃអាទិត្យ ទី៧ ខែតុលា ឆ្នាំ២០១២កន្លងទៅនេះដើម្បីរកវីធីទប់ស្កាត់។
លោក ឃុន ដេវីត បាននិយាយថា៖«តាមការសម្រេចចិត្តនៅក្នុងអង្គប្រជុំកាលពីម្សិលមិញ សមាជិករបស់យើងមានគម្រោងជួយ ដល់តារាចម្រៀង តារាសម្តែង និងតន្ត្រីករកម្ពុជា ដើម្បីឲ្យពួកគេមានឱកាសបានមកសម្តែងនៅប្រទេសកាណាដា ហើយយើងនឹងអនុញ្ញាតឲ្យពួកគេបានស្គាល់ បានជួបជាមួយនឹងសមាគមខ្មែរ និងជួបជាមួយនឹងប្រជាជនខ្មែរនៅតាមខេត្តនានាក្នុងប្រទេសកាណាដា ហើយជួយពួកគេដើម្បីរកប្រាក់ជួយប្រទេសកម្ពុជាវិញ»។
លោកបាន បន្តថា៖«តាមកម្មវិធីតារាចម្រៀងកម្ពុជា២ដួងគឺកុល ដាវី និង ឆៃលី ដាឡែន ត្រូវមកដល់ទីនេះ[កាណាដា] នៅថ្ងៃទី១៧ តុលានេះ ប៉ុន្តែដោយសារមានបញ្ហាជើងហោះហើរ ដូច្នេះពួកគេនឹងមកដល់ទីនេះយឺតបន្តិច»។
តាមរយៈកិច្ចប្រជុំ របស់សមាគមខ្មែរនៅប្រទេសកាណាដាបានឲ្យដឹងថា អ្នកសិល្បៈកម្ពុជាជាច្រើនដួងប្រាថ្នាចង់មកសម្តែងច្រៀងនៅប្រទេស កាណាដា និងប្រទេសឯនាយសមុទ្រជាច្រើនទៀត ប៉ុន្តែពួកគេគ្មានសំណាង គ្មានការជួយជ្រោមជ្រែង ដូច្នេះពួកគេគ្មានការអនុញ្ញាត។
ការមក សម្តែងរបស់ ឆៃលី ដាឡែន ក៏មកស្របគ្នានឹង អេឡិច ច័ន្ទត្រា ដែរ ប៉ុន្តែពួកគេមិនអាចសម្តែងរួមគ្នាបានទេ ព្រោះ ឆៃលី ដាឡែន និង កុល ដាវី មានការងារសម្តែងជាក់លាក់មួយនៅកាណាដា ពោលគឺមានដែនកំណត់ក្នុងការសម្តែង។
លោក ឃុន ដេវីត បានបញ្ជាក់ថា៖ « ប្រសិនពួកគេធ្វើដោយគ្មានការអនុញ្ញាត មន្ត្រីស៊ើបអង្កេតអន្តោប្រវេស្តន៍អាចនឹងចាប់ខ្លួនពួកគេបាននៅ នឹងកន្លែង»។
ដោយសារតែបញ្ហានេះ ក្នុងនាមតំណាងឲ្យសមាគមខ្មែរនៅប្រទេសកាណាដា លោក ឃុន ដេវីត បានសុំអំពាវនាវដល់អ្នកស្ពនស័រទាំងអស់នៅប្រទេសកាណាដា ត្រូវតែគោរពបទបញ្ជាផ្ទៃក្នុង និងច្បាប់របស់ប្រទេសកាណាដាឲ្យបានខ្ជាប់ខ្ជួន ចៀសវាងកើតមានបញ្ហាណាមួយចំពោះអ្នកសិល្បៈខ្មែរសម្រាប់ពេលបច្ចុ ប្បន្ន និងអនាគត។
ជាមួយគ្នានោះលោក ឃុន ដេវីត ក៏បានលើកឡើងពីឈ្មោះរបស់អ្នកសិល្បៈកម្ពុជាល្បីៗមួយចំនួនផងដែរ ដែលជាប់ឈ្មោះក្នុងបញ្ជីខ្មៅនៅកាណាដា និងមិនត្រូវអនុញ្ញាតឲ្យទៅកាណាដារយៈពេល៣ឆ្នាំ ឬច្រើនជាងនេះ។ អ្នកមានមុខមាត់ម្នាក់ក្នុងសមាគមខ្មែររូបនេះបានបញ្ជាក់ថា អ្នកសិល្បៈក្នុងបញ្ជីខ្មៅទាំងនោះរួមមាន តារាចម្រៀង យន់ សុភាព យ៉ុង ចាន់កន្និកា ម៉ូលីនី ពេជ្រ សោភា និង មាស សុខសោភា ព្រមទាំងតារាមួយចំនួនទៀត។ ពួកគេត្រូវបានប្រកាសដោយមន្ត្រីអន្តោប្រវេស្តន៍របស់កាណាដានៅ ទីក្រុងបាងកកប្រទេសថៃ។
តារាចម្រៀង សុគន្ធ និសា និង ឈិត សុវណ្ណបញ្ញា បានទៅសម្តែងនៅកាណាដាយ៉ាងជោគជ័យ និងមិនមានបញ្ហាអ្វីកើតឡើងចំពោះពួកគេឡើយ ពោលគឺពួកគេបានសាងកេរ្តិ៍ឈ្មោះយ៉ាងល្អនៅទីនោះ។ តាមរយៈការសាងកេរ្តិ៍ឈ្មោះប្រសើរឡើងវិញនេះ លោក ឃុន ដេវីត និងសមាគមខ្មែរនៅប្រទេសកាណាដាសង្ឃឹមថា អ្នកសិល្បៈកម្ពុជានឹងទទួលការអនុញ្ញាតបានចេញទៅសម្តែងច្រៀងនៅ ប្រទេសកាណាដាកាន់តែច្រើន។
ក្នុងបញ្ជីតារាចម្រៀងដែលមានបញ្ហា នៅប្រទេសកាណាដាគេក៏ឃើញមានឈ្មោះតារាចម្រៀងល្បី មាស សុខសោភា ផងដែរ។ តែចំពោះការបញ្ចេញឈ្មោះបែបនេះ លោក មាស សុខរតនៈ អ្នកចាត់ការទូទៅនៅផលិតកម្មថោន និងជាបងប្រុសមាស សុខសោភា បានប្រាប់ថា លោកមិនបានដឹងរឿងនោះទេ ហើយប្អូនស្រីរបស់លោកក៏មិនធ្លាប់មានបញ្ហាអ្វីដែរនៅពេលចេញទៅ សម្តែង និងច្រៀងនៅប្រទេសកាណាដាម្តងៗ។
លោកបាននិយាយថា៖«[រឿង មានឈ្មោះក្នុងបញ្ជីខ្មៅហ្នឹង] ខ្ញុំមិនដែលបានដឹងផង។ នាងធ្លាប់ទៅសម្តែងនៅកាណាដា តែអត់ដែលមានបញ្ហាទេ ហើយរឿងនាងមានគូដណ្តឹងនៅកាណាដាក៏មិនមានអីទាក់ទងគ្នាដែរ តែនោះប្រហែលជាមានបញ្ហាលើការរស់នៅហួសកាលកំណត់អី ខ្ញុំមិនដឹងទេ»។
ដោយឡែកតារាចម្រៀងក្នុងផលិតកម្មរស្មីហង្សមាស នាង ពេជ្រ សោភា ដែលធ្លាប់ទៅសម្តែងនៅប្រទេសកាណាដា ហើយស្ទើរកើតមានរឿងប្តឹងប្ដល់គ្នាជាមួយនឹងម្ចាស់ស្ពនស័រ ដែលពេលនេះក៏ជាប់ឈ្មោះក្នុងបញ្ជីខ្មៅរបស់ប្រទេសកាណាដាដែរនោះ មិនអាចទាក់ទងសុំការបំភ្លឺបានទេព្រោះទូរស័ព្ទរបស់នាងគ្មាន អ្នកលើក។
តារាចម្រៀងជើងចាស់ មាស សារ៉ាន់ ដែលធ្លាប់សម្តែងនៅកាណាដាពីរដងបានឲ្យដឹងថា សម្រាប់លោកមិនធ្លាប់មានបញ្ហាអ្វីទេ តែបញ្ហាដែលអាចកើតមានដូចជាការផុតទិដ្ឋាការជាដើម។ លោកបានបន្តថា អ្នកធានាទៅពួកគាត់ស្រួលៗណាស់ ប៉ុន្តែបញ្ហាអាចកើតមានដោយសារអ្នកសិល្បៈស្រីមួយចំនួនធ្វើបាប ម្ចាស់ស្ពនស័រទៅវិញទេ។
លោក មាស សារ៉ាន់ មានប្រសាសន៍ថា៖«សម្រាប់ខ្ញុំទៅពីរដងហើយ អត់ដែលមានបញ្ហាអ្វីទេ រឿងផុតវីសាអីវាកម្រណាស់...អូ! ខ្ញុំនឹកឃើញហើយរឿងហ្នឹង គឺខ្លាចតែតារាស្រីៗមួយចំនួនអត់គោរពគាត់ទេ អានេះខ្ញុំមនុស្សចាស់ឃើញផ្ទាល់ភ្នែក អត់កុហកទេ ព្រោះតារាស្រីខ្លះអ្នកធានាអនុញ្ញាតឲ្យដើរលេងតែមួយយប់ ស្រាប់តែដើរបាត់៣-៤យប់មិនដឹងទៅណាទេ អានេះជាបញ្ហាដែរ»។
ជុំវិញ រឿងនេះប្រធានសមាគមសិល្បករខ្មែរ លោក សុះ ម៉ាច បានបដិសេធថា លោកមិនទាន់ទទួលបានឯកសារឬក៏ដំណឹងនោះនៅឡើយទេ ប៉ុន្តែលោកបានឲ្យដឹងថា ការបញ្ចូលឈ្មោះសិល្បករខ្មែរនៅក្នុងបញ្ជីខ្មៅរបស់កាណាដាប្រហែល ជាមានមូលហេតុ។
លោកលើកឡើងថា៖«នោះប្រហែលជាសិល្បកររបស់យើង មានបញ្ហាជាមួយម្ចាស់ស្ពនស័រ ឬក៏វីសាផុតកំណត់មិនព្រមមកវិញហើយមើល ទៅព្រោះធម្មតាវាមិនដែលគេដាក់ក្នុងបញ្ជីខ្មៅនោះទេ»។
រីឯ ស្ថានទូតកាណាដាដែលមានមូលដ្ឋាននៅទីក្រុងបាងកកប្រទេសថៃមិនអាច សុំការបំភ្លឺបានទេកាលពីម្សិលមិញពាក់ព័ន្ធនឹងបញ្ហាដាក់ឈ្មោះ អ្នកសិល្បៈខ្មែរក្នុងបញ្ជីមិនល្អនោះ។
លោក ឱក សុផុន អគ្គនាយកអគ្គនាយកដ្ឋានបច្ចេកទេសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបដិសេធមិនធ្វើការអធិប្បាយទេ ដោយលោកមានប្រសាសន៍ថា នោះមិនមែនជាសមត្ថកិច្ចរបស់លោកក្នុងការស្រាវជ្រាវរឿងនេះទេ។
តាម រយៈសមាគមខ្មែរនៅកាណាដាបានឲ្យដឹងថា អ្នកសិល្បៈខ្មែរជាច្រើនរូបនឹងត្រូវធានាឲ្យចេញទៅសម្តែងច្រៀង នៅប្រទេសកាណាដានៅក្នុងរដូវរងា និងរដូវក្តៅខាងមុខនេះ ហើយសង្ឃឹមថា ពួកគេនឹងទទួលបានការអនុញ្ញាតឲ្យចេញទៅសម្តែងតាមការស្នើសុំមិន ខាន៕
No comments:
Post a Comment
yes