លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងពិធីមួយ កាលពីដើមខែតុលា
កំពង់ឆ្នាំង:លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានជាសាធារណៈថា នឹងដកហូតនូវដីទាំងឡាយណា ដែលត្រូវបានគេប្រើឈ្មោះ«លោកជំទាវធំ»ដែលជាភរិយារបស់លោក ទៅចាប់យកដី នឹងជំរុញឲ្យក្រុមយុវជនស្ម័គ្រចិត្ត ត្រូវវាស់វែងដីទាំងនោះ យកទៅចែកជូនប្រជាពលរដ្ឋ។
ការព្រមានខ្លាំងៗជាសារធារណៈរបស់លោក ហ៊ុន សែន នេះ បានធ្វើឡើង ក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លី ដល់ប្រជាពលរដ្ឋនៅឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃសៅរ៍ ដោយលោកនាយករដ្ឋមន្ត្រីសម្រេចលុបចោលនូវការស្នើសុំដី ៥០០ ហិកតា នៅខេត្តកំពង់ធំ សម្រាប់កាកបាទក្រហមកម្ពុជា ដែលត្រូវបានគេប្រើឈ្មោះថា ជាដីរបស់«លោកជំទាវធំ»។ លោកមានប្រសាសន៍ថា ៖ «កុំប្រើឈ្មោះរបស់ខ្ញុំ និងលោកជំទាវទៅចាប់ដី។ អាជ្ញាធរ និងក្រុមយុវជន ត្រូវវាស់វែង ដកហូតដីទាំងនោះ យកទៅចែកជូនប្រជាពលរដ្ឋ។ ខ្ញុំសុំផ្តាំទៅយុវជនទាំងអស់ កន្លែងណា ដែលថា ដីរបស់លោកជំទាវធំ ត្រូវវាស់ឲ្យលឿនមុនគេ ឲ្យប្រជាពលរដ្ឋ។
វាស់ឲ្យលឿនតែម្តង កុំឲ្យខូចពេក តែកុំទៅយកដីផ្ទះរបស់ខ្ញុំ នៅវិមានឯករាជ្យ និងនៅតាខ្មៅ»។ លោកបានថ្លែងសង្កត់ធ្ងន់នឹងបញ្ជាដោយផ្ទាល់មាត់ ទៅលោកអភិបាលខេត្តកំពង់ធំថា នៅកំពង់ធំ មានដី«លោកជំទាវធំ» ប៊ុន រ៉ានី ហ៊ុន សែន ចំនួន ៥០០ ហិកតា ជាដីកាកបាទក្រហម ដូច្នេះលោក ឈុន ឈន់ អភិបាលខេត្តកំពង់ធំ ពេលត្រឡប់ទៅវិញត្រូវចុះទៅវាស់ឲ្យប្រជាជន បើប្រជាជនកាន់កាប់ប៉ុន្មាន វាស់ឲ្យប៉ុណ្ណឹង បើសល់ប៉ុន្មាន ទុកសម្រាប់ជាដីសម្បទានសង្គមកិច្ច។ លោក បន្ថែមថា ៖ « កាកបាទក្រហមខេត្ត ស្នើសុំ ប៉ុន្តែលោកឯងគិតមើល ដីប្រជាពលរដ្ឋ គេកំពុងតែធ្វើ។ ចុះលោកឯងធ្វើកាកបាទក្រហមចាំបាច់អីមានដី! ខ្ញុំដូចជាមិនយល់ កាកបាទក្រហមអីត្រូវការដី ធ្វើឲ្យខូចកិត្តិនាមកាកបាទក្រហមទៅទៀត ខុសគេខុសឯង»។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ទៀតថា កុំឲ្យយកកាកបាទក្រហមទៅឡូកឡំ នឹងបញ្ហាដីធ្លីតទៅទៀត។ បើកាកបាទក្រហមខេត្ត មានបញ្ហាដីសុំដកខ្លួនចេញឲ្យរហ័ស ហើយ«លោកជំទាវធំ» ក៏មិនត្រូវការដីទេ។
លោកឈុន ឈន់ បានថ្លែងថា នៅពេលស្នើសុំដីនោះ គឺអត់មានប្រជាពលរដ្ឋកាន់កាប់ទេ តែនៅពេលបានចេញសេចក្តីសម្រេច ប្រគល់ឲ្យកាកបាទក្រហមខេត្តហើយ ស្រាប់តែប្រជាពលរដ្ឋ លើកគ្នាចូលទៅកាន់កាប់លើដីហើយរហូតពេលនេះ មានចំនួន ២៥០ គ្រួសារ លើផ្ទៃដី ៣០០ ហិកតា។ លោកបន្ថែមថា៖ «យើងបានផ្តល់ឲ្យក្រុមយុវជន ចាប់ផ្តើមធ្វើហើយ វាងាយស្រួលទេ ដោយសារតែយើងមានអនុសាសន៍ហើយពីមុនយើងគ្មានអនុសាសន៍ ទើបពិបាកធ្វើ»។
លោកឆេង សុភ័ស្ត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ អង្គការការពារសិទ្ធិមនុស្សលីកាដូ បានស្វាគមន៍ ចំពោះអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ពីព្រោះនៅពេលកន្លងមក គឺតែងតែមានមន្ត្រី ឈ្មួញ ឬក៏ឧកញ៉ាមួយចំនួន តែងតែយកឈ្មោះអ្នកមានអំណាច ទៅគំរាមពលរដ្ឋយកដី។ លោកបានឲ្យដឹងថា៖ «នេះជាវិធានការមួយដ៏ល្អ ពីព្រោះពលរដ្ឋ នឹងមិនបាត់បង់ដីធ្លីទៀត ដោយសារតែការបោកប្រាស់របស់មន្ត្រីឬក៏ឈ្មួញទេ។ ប៉ុន្តែយ៉ាងណាក៏ដោយលោក ឆេង សុភ័ស្ត គូសបញ្ជាក់ថា៖«តែអ្វីដែលយើងព្រួយបារម្ភនោះ គឺខ្លាចថា្នក់ក្រោម មិនធ្វើតាមអនុសាសន៍ របស់សម្តេចតែប៉ុណ្ណោះ»៕
No comments:
Post a Comment
yes