លោក គួយ ធុនណា មេធាវីការពារក្តីរបស់ក្រុមហ៊ុន ELTEK VALERE PTE LTD
តំណាងមេធាវីដោយអាណត្តិឲ្យក្រុមហ៊ុនសិង្ហបុរីឈ្មោះ ELTEK VALERE PTE LTD កាលពីថ្ងៃច័ន្ទម្សិលមិញបានអំពាវនាវដល់អតិថិជន និង ប្រជាពលរដ្ឋទាំងអស់ ដែលមានបំណងទិញភាគហ៊ុនពីក្រុមហ៊ុន M-FONE (ក្រុមហ៊ុនទូរស័ព្ទ ០១១) សុំឲ្យផ្អាកជាបណ្តោះអាសន្ន និង រងចាំសេចក្តីសម្រេចពីតុលាការសិន បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាសម្រេចការពារ ហាមឃាត់ក្រុមហ៊ុន M-FONE ក្នុងការធ្វើអច្ច័យទាន អនុប្បទាន លក់ ប្រទានកម្ម មរតក ជួល បញ្ចាំ ធ្វើអ៊ីប៉ូតែក ឬ មធ្យោបាយ លទ្ធកម្មផ្សេងៗ នូវ ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន កាលពី ថ្ងៃ ទី១៨ តុលា ២០១២ កន្លងទៅនេះ។
លោកគួយ ធុនណា តំណាងមេធាវីដោយអាណត្តិឲ្យក្រុមហ៊ុន ELTEK VALERE PTE LTD ដែលជាភាគីម្ចាស់បំណុល បានមានប្រសាសន៍ថា៖ ក្រុមហ៊ុន ELTEK VALERE PTE LTD ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានចុះកិច្ចសន្យាផ្គត់ផ្គង់ បរិក្ខាសម្រាប់ពង្រីកបណ្តាញ GSMរបស់ក្រុមហ៊ុន M-FONE ជំហានទី ១០ រវាងក្រុមហ៊ុន ELTEK VALERE PTE LTD និង ក្រុមហ៊ុន M-FONE លេខ Mfone-Eltek 2008121E ចុះនៅថ្ងៃទី ១៨ ធ្នូ ២០០៨ នៅក្នុងរាជធានីភ្នំពេញ។
ក្រុមហ៊ុន ELTEK VALERE PTE LTD បាន បំពេញកាតព្វកិច្ច និង អនុវត្តតាម ខ្លឹមសារស្មារតី នៃកិច្ចសន្យានេះ និងធ្វើឲ្យក្រុមហ៊ុន M-FONE មានលទ្ធភាព និងសមត្ថភាពបម្រើសេវាដល់អតិថិជន របស់ខ្លួនបានទូទាំង ប្រទេស។ ក៏ប៉ុន្តែ ក្រមហ៊ុនM-FONE មិនបានបំពេញកាតព្វកិច្ច និង អនុវត្តតាមខ្លឹមសារស្មារតី នៃកិច្ចសន្យានេះទេ ដោយក្រុមហ៊ុននេះ មិនបានសងប្រាក់ថ្លៃទិញ បរិក្ខាសម្រាប់ពង្រីក បណ្តាញGSMរបស់ក្រុមហ៊ុន M-FONE ដែលបានទិញពីក្រុមហ៊ុន ELTEK VALERE PTE LTD ហើយដែលរហូតមកទល់បច្ចុប្បន្ននេះ ទឹកប្រាក់នេះបានកើនឡើងដល់ចំនួន ៣,៧៣៣,៩៨៩,៦០$។
លោកមេធាវីគួយ ធុនណា បានបន្តថា៖« ដោយសារ ការមិនទទួលខុសត្រូវ មិនបានបំពេញ កាតព្វកិច្ច និង អនុវត្តតាម ខ្លឹមសារស្មារតី នៃកិច្ចសន្យា នៃកិច្ចសន្យារបស់ក្រុមហ៊ុនM-FONE នេះ ទោះបីជាក្រុមហ៊ុន ELTEK VALERE PTE LTD បានព្យាយាមចរចារ និងជូនដំណឹងជាច្រើនលើក ច្រើនដង តាមរយៈមេធាវី ក៏ដោយ ក៏ក្រុមហ៊ុន M-FONE មិនព្រមសង និងព្យាយាមប្រើល្បិចកលពន្យាពេលច្រើនលើក ច្រើនដង រហូតដល់ដំណាក់ការ ចុងក្រោយ ដែលក្រុមហ៊ុន ELTEK VALERE PTE LTD មិនអានអត់ធ្មត់ តទៅទៀតបានទេ»។
លោកបានបន្ថែមថា ដោយព្រួយបារម្មណ៍ ខ្លាចមានការប្រែប្រួល អំពីស្ថានភាពគតិយុត្តរបស់ក្រុមហ៊ុន M-FONE ដែលកើតមានអំពីល្បិចកលពន្យាពេល នៃការចរចារ ដើម្បីលក់ភាគហ៊ុន ឬ លក់ក្រុមហ៊ុនរបស់ខ្លួន ទើបក្រុមហ៊ុនELTEK VALERE PTE LTD សម្រេចចិត្ត ដាក់ពាក្យប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ៩ កញ្ញា ២០១២ ដើម្បីសុំតុលាការ សម្រេចរក្សាការពារ៖ ការកត់ត្រានូវទ្រព្យសម្បត្តិទាំងអស់របស់ក្រុម M-FONE ជាប្រចាំរហូតដល់តុលាការសម្រេចដល់អង្គសេចក្តី និង ហាមឃាត់ក្រុមហ៊ុន M-FONE ក្នុងការធ្វើ អច្ច័យទាន អនុប្បទាន លក់ ប្រទានកម្ម មរតក ជួល បញ្ចាំ ធ្វើអ៊ីប៉ូតែក ឬ មធ្យោបាយ លទ្ធកម្មផ្សេងៗ នូវ ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន។ ហើយតាមបណ្តឹងរបស់ក្រុមហ៊ុន ELTEK VALERE PTE LTDនេះ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ១៨ តុលា២០១២ បានចេញដីកាសម្រេចការពារ តាមការស្នើសុំរបស់ក្រុមហ៊ុនតាមបណ្តឹងរបស់ក្រុមហ៊ុន ELTEK VALERE PTE LTD។
យោងតាមឯកសារចម្លងមួយច្បាប់របស់សាលាដំបូងរាជធានីភ្នំពេញ ដែលទទួលបានដោយភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃច័ន្ទម្សិលមិញ ដែលចុះហត្ថលេខា ដោយលោកចៅក្រម ស៊ិន វិសាល អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី ១៨ តុលាឆ្នាំ ២០១២ បានឲ្យដឹងថា៖ យោងតាមកិច្ចសន្យា ចុះថ្ងៃទី ១៨ ធ្នូ ២០០៨ ភាគីអ្នកទិញក្រុមហ៊ុនM-FONE ត្រូវបង់ថ្លៃប្រាក់បរិក្ខា GSM ឲ្យក្រុមហ៊ុន ELTEK VALERE PTE LTD គិតចាប់ពីថ្ងៃបញ្ជាទិញ និងថ្ងៃបញ្ជូនទំនិញឲ្យ ក្រុមហ៊ុន M-FONE។ លិខិតចុះថ្ងៃទី ៥ ខែកញ្ញា ២០១១ របស់ឈ្មោះ Dr. Yap Wai khee ប្រធានការិយាល័យនីតិប្រតិបត្តិក្រុមហ៊ុនM-FONE បានបញ្ជាក់ថា៖ M-FONE នឹងទូទាត់បំណុលដែលមិនទាន់សងឲ្យទៅ ក្រុមហ៊ុន ELTEK VALERE PTE LTD ជារៀងរាល់ខែ ចំនួន ១០,០០០ $ ដោយចាប់គិតពី ខែតុលា ២០១១ រហូតដល់កំណែទម្រង់បំណុលរបស់ពួកខ្លួន ត្រូវបានចំពេញរួច។ បញ្ជីរាយមុខទំនិញ ស្តីពីឧប្បករណ៍បរិក្ខា GSM និង ភស្តុតាងនានា បានបញ្ជាក់ថា កូនបំណុលពិតជាបានជំពាក់ប្រាក់ក្រុមហ៊ុន ELTEK VALERE PTE LTD ប្រាកដមែន។
លិខិតបានសរសេរថា៖«ដើម្បីធានាបាននូវ ការអនុវត្តន៍ដោយបង្ខំ ចំពោះសិទ្ធិលើបំណុល ដែលមានគោលបំណង ឲ្យសងជាប្រាក់ និង ដើម្បីការពារផលប្រយោជន៍ ស្របច្បាប់របស់ម្ចាស់បំណុលកុំឲ្យខាតបង់ ធ្ងន់ធ្ងរទៅទៀត គប្បីតុលាការសម្រេច តាមពាក្យបណ្តឹងរបស់ម្ចាស់បំណុល ដោយផ្នែកតាមមាត្រា ៥៣០, មាត្រា ៥៣១ និង មាត្រា ៥៤៥ នៃ ក្រមនីតិវិធីរដ្ឋប្បវេណី។ ដូច្នេះ តុលាការ សម្រេចទទួលពាក្យសុំដីកាសម្រេចការពារ ចុះថ្ងៃទី២៥ ខែ កញ្ញា ២០១២ របស់ឈ្មោះ KENNETH BODAHL ទុកជាត្រឹមត្រូវ តាមទម្រង់ច្បាប់ និង គតិច្បាប់ និងបង្គាប់ឲ្យចុះកត់ត្រា នូវទ្រព្យសម្បត្តិរបស់កូនបំណុលក្រុមហ៊ុនM-FONE ដែលមានទីតាំង ស្ថិតនៅផ្ទះលេខ ៧២១ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកង៣ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ ក្នុងចំនួនសមាមាត្រ នៃ បំណុល និងហាមឃាត់ក្រុមហ៊ុន M-FONE ក្នុងការធ្វើ អច្ច័យទាន អនុប្បទាន លក់ ប្រទានកម្ម មរតក ជួល បញ្ចាំ ឬ ធ្វើអ៊ីប៉ូតែក ទុកជាបណ្តោះអាសន្ន រងចាំតុលាការសម្រេចដល់អង្គសេចក្តីចប់ជាស្ថាពរ»។
លោក Dr. Yap Wai khee ប្រធានការិយាល័យនីតិប្រតិបត្តិក្រុមហ៊ុនM-FONE មិនអាចទំនាក់ទំនង ដើម្បីសុំការបំភ្លឺបានជុំវិញ ករណីនេះ កាលពីថ្ងៃច័ន្ទ ម្សិលមិញ។ ចំណែកឯ លោកម៉ុក ច័ន្ទសុធា តំណាងមេធាវីដោយអាណត្តិឲ្យក្រុមហ៊ុន M-FONE បានបដិសេធមិនធ្វើការអត្ថាធិប្បាយដោយថ្លែងថា៖«ខ្ញុំសុំមិនធ្វើអត្ថាធិប្បាយ ចំពោះ ករណីនេះ»៕
No comments:
Post a Comment
yes