ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រ នៅក្រុងឈីកាហ្គោ
បន្ទាប់ពីបណ្ដាញទូរទស្សន៍អាមេរិកប្រកាសថា លោកជាប់ឆ្នោតសម្រាប់អាណត្តិទីពីរ
ក្រុងវ៉ាស៊ីនតោនៈប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានឈ្នះអាណត្តិទីពីរនៅក្នុងសេតវិមានកាលពីថ្ងៃអង្គារដោយយកឈ្នះក្តីមន្ទិលដ៏ជ្រាលជ្រៅក្នុងចំណោមអ្នកបោះឆ្នោតអាមេរិកអំពីចំណាត់ការសេដ្ឋកិច្ចអាមេរិករបស់លោកដើម្បីទទួលបានជ័យជម្នះច្បាស់លាស់មួយលើគូប្រជែងមកពីគណបក្សសាធារណរដ្ឋលោក មីត រ៉ុមនី។
ពលរដ្ឋអាមេរិក ជ្រើសរើសយកការមិនផ្លាស់ប្តូរពីរដ្ឋាភិបាលដែល បែកបាក់គ្នានៅវ៉ាស៊ីនតោនដោយឲ្យជនប្រជាធិបតេយ្យកាន់តំណែងនៅសេតវិមានទៀតនិងទុកសភាអាមេរិកឲ្យនៅដដែល ដោយសមាជិកបក្សប្រជាធិបតេយ្យគ្រប់គ្រងព្រឹទ្ធសភាហើយបក្សសាធារណរដ្ឋគ្រប់គ្រងសភាជាន់ទាប។
នៅចំពោះមុខអ្នកគាំទ្ររាប់ពាន់នាក់នៅក្រុងឈីកាហ្គោដែលបានស្រែកអបអរសាទរគ្រប់សម្តីរបស់លោកលោក អូបាម៉ា បានប្រាប់ថា៖ «យើងបានលើកខ្លួនឯងឡើងយើងខំតស៊ូត្រឡប់មកវិញ»ហើយសម្រាប់ប្រទេសអាមេរិក អ្វីដែលល្អបំផុតមិនទាន់មកដល់ទេ»។
លោកបានប្តេជ្ញាស្តាប់ភាគីខ្វែងគំនិតខាងនយោបាយទាំងពីរ ក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខហើយលោកនឹងត្រឡប់ទៅសេតវិមានដោយមានការប្តេជ្ញាចិត្តជាងពេលណាៗទាំងអស់ដើម្បីប្រឈមមុខនឹងបញ្ហារបស់អាមេរិក។
លោក អូបាម៉ា បានបញ្ជាក់ថា៖ «ទោះជាខ្ញុំទទួលបានសន្លឹកឆ្នោតរបស់អ្នក ឬអត់ ខ្ញុំបានស្តាប់អ្នកខ្ញុំបានរៀនពីអ្នកហើយអ្នកបានធ្វើឲ្យខ្ញុំក្លាយជាប្រធានាធិបតីដែលប្រសើរជាងមុន»។
លោក អូបាម៉ា ក៏បានសន្យាធ្វើការជាមួយក្រុមមេដឹកនាំបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋដើម្បីកាត់បន្ថយឱនភាពសហព័ន្ធដោះស្រាយច្បាប់ពន្ធ កំណែទម្រង់អន្តោប្រវេសន៍និងកាត់បន្ថយការពឹងរបស់ជាតិលើប្រេងបរទេស។
លោកអូបាម៉ា បានបន្តថា៖«ការទទួលស្គាល់ថា យើងមានក្តីសង្ឃឹមរួមហើយក្តីសុបិន នឹងមិនបញ្ចប់ការជាប់គាំង ឬដោះស្រាយរាល់បញ្ហាយើង ឬជំនួសកិច្ចការបង្កើតការស្រុះស្រួលមតិនោះទេ»។
ការបោះប្រជាមតិទូទាំងប្រទេសនៅតែប្រកិតៗគ្នាក្រៃលែងដោយលោកអូបាម៉ា ទទួលបានប្រមាណ៥០ភាគរយទល់នឹង៤៩ភាគរយសម្រាប់លោកលោក រ៉ុមនី បន្ទាប់ពីយុទ្ធនាការមួយដែលក្នុងនោះបេក្ខជន និងក្រុមសម្ព័ន្ធមិត្ត បក្សរបស់ពួកគេ បានចំណាយប្រាក់រួម២ពាន់លានដុល្លារ។
ក្នុងសុន្ទរកថាគួរសមមួយថ្លែងទៅកាន់ក្រុមអ្នកគាំទ្រដែលមានការខកចិត្តនៅឯមជ្ឈមណ្ឌលសន្និសីទក្រុងបូស្តុនលោករ៉ុមនី អតីតមហាសេដ្ឋី និងអតីតអភិបាលរដ្ឋម៉ាសាឈូសិតវ័យ៦៥ឆ្នាំបានទទួលស្គាល់បរាជ័យ។ លោកក៏បានអំពាវនាវទៅលោក អូបាម៉ា ឲ្យទទួលស្គាល់បរាជ័យបន្ទាប់ពីភាពចម្រូងចម្រាសខ្លីមួយជុំវិញថាតើលោកប្រធានាធិបតពិតជាឈ្នះនៅអូហៃយ៉ូ ឬយ៉ាងណា?
លោក រ៉ុមនី បានប្រាប់ក្រុមអ្នកគាំទ្រថា៖«នោះគឺជាពេលនៃបញ្ហាប្រឈមដ៏សម្បើមសម្រាប់ប្រទេសរបស់យើង។ ខ្ញុំបួងសួងឲ្យលោកប្រធានាធិបតី ទទួលជោគជ័យក្នុងការដឹកនាំប្រទេសយើង»។
លោកបានព្រមានប្រឆាំងនឹងជម្លោះប្រកាន់បក្ខពួក ហើយបានជំរុញឲ្យអ្នកនយោបាយទាំងសងខាង«យកប្រជាពលរដ្ឋឲ្យធំជាងនយោបាយ»។
លោក អូបាម៉ា បានប្រាប់ហ្វូងមនុស្សថា លោកសង្ឃឹមថានឹងអង្គុយចុះជាមួយលោក រ៉ុមនី ក្នុងប៉ុន្មានសប្តាហ៍ខាងមុខ និងពិនិត្យមើលវិធីជាច្រើនដើម្បីដោះស្រាយបញ្ហាប្រឈមខាងមុខ។
លោកអូបាម៉ា ទទួលបានជ័យជម្នះគួរឲ្យចាប់អារម្មណ៍នៅក្នុងរដ្ឋសំខាន់នៅអូហៃយ៉ូនិងរដ្ឋប្រទាញប្រទង់បំផុតដូចជារដ្ឋ វីជីនៀ ណេវ៉ាដា, អៃយ៉ូវ៉ា និងខូឡូរ៉ាដូ។រដ្ឋ ទាំងនេះ បានជួយឲ្យគណបក្សប្រជាធិបតេយ្យទទួលបានលើសពី២៧០ប្រតិភូ ដែលគេត្រូវការសម្រាប់ជ័យជម្នះនៅក្នុងប្រព័ន្ធជ្រើសរើសប្រធានាធិបតីនិងធ្វើឲ្យក្រុមទីប្រឹក្សាជាន់ខ្ពស់លោក រ៉ុមនី ភ្ញាក់ផ្អើល៕
No comments:
Post a Comment
yes