សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, November 17, 2012

មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​រិះគន់​រដ្ឋា​ភិបាល​ហ៊ុន​សែន​ករណីស​មរង្ស៊ី


ការវិល​មក​ចូល​ធ្វើនយោ​បាយ​របស់​លោក សមរង្ស៊ី គឺ​ស្ថិត​នៅ​ក្នុង​ភាព​មិន ទាន់​ច្បាស់​លាស់​នៅ​ឡើយ​ថា តើ​រដ្ឋាភិបាល​នឹង​មាន​ការ​សម្រប​សម្រួល ផ្នែក​នយោ​បាយ​ដើម្បី​អនុញ្ញាត​ឲ្យ​លោក​វិល​ចូល​ស្រុក​វិញ ឬយ៉ាង​ណា​នៅ ពេល​ខាង​មុខ។

ទោះបីជាយ៉ាងណាក៏ដោយ នៅថ្ងៃទី១៥ វិច្ឆិកា មជ្ឈមណ្ឌលសិទ្ធិមនុស្ស បានចេញសេចក្ដីថ្លែងការណ៍មួយ សរសេរលំអិតអំពីករណីលោក សម រង្ស៊ី ថា រដ្ឋាភិបាលមានចេតនារារាំងមិនឲ្យលោក សម រង្ស៊ី វិលចូលស្រុកដើម្បី ធ្វើនយោបាយវិញបានទេ ទោះបីជាព្រះមហាក្សត្រ ព្រះប្រទានការលើក លែង ទោសដល់លោក សម រង្ស៊ី ក៏ដោយ។


ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ បានឲ្យដឹងនៅថ្ងៃទី១៥ វិច្ឆិកាថា ជីវិតនយោបាយរបស់លោក សម រង្ស៊ី ត្រូវ បញ្ចប់នៅក្រោយពេលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានលុបឈ្មោះលោកចេញពីបញ្ជីឈ្មោះបោះឆ្នោត។

លោក អ៊ូ វីរៈ បានលើកហេតុផលថា រដ្ឋាភិបាលបានប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីអនុវត្តច្បាប់ជាយុទ្ធសាស្ត្រនយោបាយ ដើម្បី ចាត់ការប្រឆាំងលោក សម រង្ស៊ី ពិសេសករណី គ.ជ.ប បានលុបឈ្មោះលោក សម រង្ស៊ី ចេញពីបញ្ជីឈ្មោះបោះឆ្នោតនោះជាការ រាំងលោក សម រង្ស៊ី មិនឲ្យធ្វើនយោបាយ ទោះបីជាព្រះមហាក្សត្រប្រទានការលើកលែងទោសដល់លោក សម រង្ស៊ី ក៏ដោយ។

សេចក្ដីថ្លែងការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ចេញផ្សាយនៅថ្ងៃទី១៥ វិច្ឆិកាបានសរសេរវិភាគអំពីករណីលោក សម រង្ស៊ី ថា ថ្វីត្បិតតែមានភាពអយុត្តិធម៌និងមានចរិតលក្ខណៈនយោបាយចំពោះការផ្ដន្ទាទោសលោក សម រង្ស៊ី ក៏ដោយ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់កាលពីថ្ងៃទី១២ តុលា ឆ្នាំ២០១២ ថា ឈ្មោះលោក សម រង្ស៊ី មិនត្រូវបានបញ្ចូលក្នុង បញ្ជីឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជាតិនៅឆ្នាំ២០១៣ ទេ ដោយផ្អែកលើមូលដ្ឋានថា លោក សម រង្ស៊ី ជាជនដែលត្រូវ បានតុលាការផ្ដន្ទាទោសជាប់ពន្ធនាគារ។

ឆ្លើយតបទៅនឹងករណីនេះ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា បានបំភ្លឺថា គ.ជ.ប បាន អនុវត្តលុបឈ្មោះ លោក សម រង្ស៊ី នេះ ផ្អែកលើលិខិតបញ្ជាក់ពីទោសរបស់លោក សម រង្ស៊ី និងលិខិតលុបឈ្មោះលោក សម រង្ស៊ី ពីសង្កាត់បឹងរាំង។

ទាក់ទងទៅនឹងការលុបឈ្មោះលោក សម រង្ស៊ី ចេញពីបញ្ជីឈ្មោះបោះឆ្នោតនេះ មេធាវីលោក សម រង្ស៊ី លោក ជូង ជូងី បានប្ដឹង ទាស់ទៅក្រុមប្រឹក្សាធម្មនុញ្ញអំពីបញ្ហានេះរួចហើយ។

កាលពីថ្ងៃទី១៤ វិច្ឆិកា ក្រុមប្រឹក្សាធម្មនុញ្ញបានកោះហៅលោក ជូង ជូងី ជាមេធាវីរបស់លោក សម រង្ស៊ី ទាក់ទងនឹងករណី លោកបានប្ដឹងតវ៉ាអំពីការលុបឈ្មោះលោក សម រង្ស៊ី នេះ។ លោក ជូង ជូងី មានប្រសាសន៍ថា ការលុបឈ្មោះលោក សម រង្ស៊ី នេះ មិនត្រឹមត្រូវទេ។

លោក សម រង្ស៊ី ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន ១២ឆ្នាំ ក្រោមបទចោទចំនួន៤។ ទី១ បំផ្លិចបំផ្លាញទ្រព្យ សម្បត្តិរដ្ឋដោយខុសច្បាប់ ទី២ ញុះញង់ឲ្យមានការរើសអើង ទី៣ ក្លែងឯកសារសាធារណៈ និងទី៤ ផ្ដល់ព័ត៌មានមិនពិតទាក់ទិន នឹងការដកបង្គោលតម្រុយព្រំដែន កម្ពុជា-វៀតណាម និងការផ្សព្វផ្សាយផែនទីតាមអ៊ីនធឺណិត (Internet) ដើម្បីបង្ហាញពីការចោទ ប្រកាន់របស់គាត់ថា វៀតណាម បានទន្ទ្រានយកដីកម្ពុជា៕

No comments:

Post a Comment

yes