សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 1, 2012

ពិធី​​ដង្ហែ​នាគ​បណ្តែត​ទឹក​ទន្លេ

121101_20a
ប្រជា​ពល​រដ្ឋ​ចាស់​ក្មេង​ដឹក​ដង្ហែ​រូប​នាគ​រាជ​នៅ​តាម​បណ្តោយ​ផ្លូវ​ដើម្បី​
ធ្វើ​ការ​ប្រោះព្រំ​អ្នក​ភូមិ​ឲ្យ​បាន​​សេច​ក្តី​សុខ និង​រៃ​អង្គាស​បច្ច័យ​ធ្វើ​ពិធី​នេះ​

កណ្តាល : ទន្ទឹម​នឹង​ថ្ងៃ​ផ្តើម​​អង្គ​កឋិន​ទាន​ ថ្ងៃទី១​ ត្រូវ​ថ្ងៃ១​រោច ខែ​អស្សុជ​នោះ ​អ្នក​ភូមិ​ព្រែក​លួង ស្រុក​ខ្សាច់​កណ្តាល ខេត្ត​កណ្តាល ​ក៏​បាន​កំណត់​ប្រារព្ធ​ពិធី​ដង្ហែ​រូប​សត្វ​តំណាង​ឆ្នាំ​ទៅ​បណ្តែត​ទឹក ទន្លេ​ផង​ដែរ ​ខណៈ​ពួក​គេ​ជឿ​ថា​នាំ​មក​នូវ​សេចក្តី​សុខ​ ​ត្រជាក់​ត្រជុំ​ដល់​ស្រុក​ភូមិ និង​ប្រជា​ពលរដ្ឋ​នោះ​។
ថ្ងៃ១រោច ខែ​អស្សុជ ឆ្នាំ​រោង​នេះ​ ក៏​មិន​ខុស​ពី​បណ្តា​ថ្ងៃ​១រោច​ ខែ​អស្សុជ នា​ឆ្នាំ​មុនៗ​នោះ​ ប្រជា​ពុទ្ធបរិស័ទ​បាន​មក​ជួប​ជុំ​គ្នា​នៅ​វត្ត​ព្រែក​លួង​ ដើម្បី​ប្រារព្ធ​ពិធី​សូត្រ​មន្ត​នៅ​មុខ​រូប​សត្វ​នាគ​រាជ​ សិប្ប​និម្មិត ដែល​ជា​សត្វ​តំណាង​ឆ្នាំ​រោង​នេះ ​មុន​នឹង​ដង្ហែ​រូប​នាគ​រាជ​នេះ​ទៅ​បណ្តែត​ទឹក​ទន្លេ ។
សំឡេង​ឆៃយ៉ាំ ប្តូរ​វេន​គ្នា​ជាមួយ​សំឡេង​ព្រះ​សង្ឃ និង​យាយតា​នោះ លោក​ ហង្ស ​វិសាល​ ម្ចាស់​ដើម​បុណ្យ​ បាន​ឲ្យ​ដឹង​ថា​ ពិធី​បុណ្យ​បណ្តែត​រូប​សត្វ​ តំណាង​ឆ្នាំ​ទាំង​១២​នេះ បាន​ប្រព្រឹត្ត​ធ្វើ​៣០​ឆ្នាំហើ​យ ក្រោម​គំនិត​​ផ្តូច​ផ្តើម​ និង​​ការ​ចំណាយ​គ្រប់​បែប​យ៉ាង​របស់​លោក។

លោក ​បន្ត​ថា ពិធី​នេះ​អ្នក​ភូមិ​និយម​ធ្វើ​៣​ថ្ងៃ​ ពោល​គឺពី​ថ្ងៃ​ទី​១៤-១៥កើត​​ លុះ​​ថ្ងៃ១​រោជ ​ខែ​អស្សុជ ​អ្នក​ភូមិ​ដង្ហែរូប​សត្វ​តំណាង​ឆ្នាំ​ចូល​មក​ក្នុង​វត្ត​ព្រែកលួង ដើម្បី​ធ្វើ​ពិធី​សូត្រ​មន្ត​បង្សុ​កូល​ជូន​ដំណើរ​រូប​នឹង​សុំ​មក​វិញ​នូវ​ សេចក្តី​សុខ​ដល់​ភូមិ​ស្រុក​ និង​មនុស្ស​សត្វ។
លោក​និយាយ​ថា៖​«​ពិធី​ បុណ្យ​នេះ ធ្វើ​ឡើង​ដើម្បី​ឧទ្ទិស​ថ្វាយ​ស្តេច​នាគ [ចង្កូម​កែវ] និង​សុំ​​សេចក្តី​សុខ​ដល់​ស្រុក​ភូមិ ហើយ​ពិធី​បុណ្យ​នេះ​ដែរ គឺ​មាន​តាំង​ពី​សម័យ​អង្គរ​មក​ឯណោះ​»។ យ៉ាង​ណា​មិញ លោក​អះអាង​ថា៖​«ដ្បិត​ថា​ ពិធី​បុណ្យ​នេះ​​មាន​តំណ​តាំង​ពី​ដូន​តា​ក៏​ពិត​មែន​ ហើយ​គ្រប់​វត្ត​អារាម​នៅ​ទូទាំង​ប្រទេស​សុទ្ធ​តែ​ប្រារព្ធ​ធ្វើ​ចំ​ថ្ងៃ​១រោជ ខែ​អស្សុជ​ដូចៗ​គ្នា​ក៏​ដោយ​ តែ​ការ​ធ្វើ​នោះ ​មាន​ទ្រង់ទ្រាយ​មិន​ដូច​គ្នា​ទេ​»។
លោក​ ហង្ស ​វិសាល ​ពន្យល់​ថា​៖​«​ខ្ញុំ​ធ្វើ​ជា​រូប​សត្វ​តំណាង​ឆ្នាំ​តែ​ម្តង​ បើ​ឆ្នាំ​ខាល​គឺ​ធ្វើ​សត្វ​ខ្លា ​ដូច​ឆ្នាំ​នេះ​អ៊ីចឹង​ឆ្នាំ​រោង​គឺ​ខ្ញុំ​ធ្វើ​រូប​សត្វ​នាគរាជ​ ហើយ​ការ​ធ្វើ​នោះ​ទៀត​មិន​មែន​ចេះ​តែ​​ធ្វើ​នោះ​ទេ​ គឺ​ខ្ញុំ​ឡើង​តាម​ក្បូន​តម្រា​ត្រឹម​ត្រូវ សូម្បី​តែ​ពេល​កំណត់​ដង្ហែ​រូប​យក​ទៅ​ដាក់​លើ​ទឹក​ក៏​កំណត់​ពេល​ទៀង​ទាត់​ ដែរ»។
លោក​បន្ត​ថា៖​«រូប​នាគ​រាជ​ ដែល​ខ្ញុំ​ធ្វើ​សម្រាប់​ឲ្យ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ចំណុះ​ជើង​វត្ត​ព្រែក​ លួង​បណ្តែត​ និង​បួង​សួង​សុំ​សេចក្តី​សុខ​នោះ ​ក្បាល​មាន​កម្ពស់​១ម៉ែត្រ​៨​តឹក ​និង​បណ្តោយ​គិត​តាម​តួ​ខ្លួន​នាគ​ប្រវែង​១៨​ម៉ែត្រ ខណៈ​​ឆ្នាំ​កន្លង​មក​ឆ្នាំ​ខាល​ សត្វ​ខ្លា ​ខ្ញុំ​ធ្វើ​កម្ពស់ ៣​ម៉ែត​៨​តឹក​ ភ្នែក​១​តឹក​៤​ហ៊ុន​ ហើយ​ឆ្នាំ​នេះ​កំណត់​ប្រារព្ធ​ធ្វើ​ពិធី​ដង្ហែ​នាគ​ដាក់​ចូល​ក្នុង​ទឹក​ ទន្លេ​នៅ​ម៉ោង​៨និង​៤០​នាទី​លើស​ខ្វះ​មួយ​នាទី​ក៏​មិន​បាន​ដែរ»។
រូប សិប្ប​និម្មិត​នាគរាជ​ ដែល​លោក​ធ្វើ​ឆ្នាំ​នេះ ក៏​មិន​ខុស​​ពី​ឆ្នាំ​រោង ​កាល​ពី១២​ឆ្នាំ​មុន​ដែរ។​ បុរស​សន្សំ​បុណ្យ​វ័យ​៥៩​រូប​នេះ​បញ្ជាក់​ថា៖​ «ខ្នាត​នៃ​ការ​ធ្វើ និង​រចនា​សត្វ​នីមួយៗ​តំណាង​ឆ្នាំ​នេះ​ គឺធ្វើ​ឡើង​តម្រូវ​ទៅ​តាម​ក្បួន​ហ៊ុង​ស៊ុយ​ទាំង​អស់​ តម្រូវ​យ៉ាង​ណា ​លេខ​ខាង​ចុង​មាន​លេខ​​៤ ឬ ៨​ ស្ថិត​នៅ​ក្នុង​ពាក្យ​ថា​ លាភ​ ដែល​យើង​តែង​រាប់​ថា ជយោ សុខោ មហន្តរាយ​ និង លាភ បើ​ធ្វើ​ខុស​ក្បួន​ខ្នាត​ នោះ​​អាច​នឹង​ធ្វើ​ឲ្យ​ស្រុក​ភូមិ​មិន​​សម្បូរ​សប្បាយ​ឡើយ​»។
ទោះ​បី​ មិន​មែន​ជា​ការ​ពិត ឬ​ជា​ការ​ពិត មិន​មាន​ជំនឿ ឬ​មាន​ជំនឿ​ក៏​ដោយ​ ជា​រៀង​រាល់​ឆ្នាំ ចាប់​នៅ​ថ្ងៃ​១៤​កើត រហូត​ដល់​ថ្ងៃ​១​រោច ខែ​អស្សុជ មិន​ត្រឹម​តែ​អ្នក​ភូមិ​ព្រែក​លួង​ប៉ុណ្ណោះ​ទេ សូម្បី​តែ​អ្នក​ភូមិ​ដែល​មក​ពី​ស្រុក​ភូមិ ជិត​ឆ្ងាយ​ដែល​ដឹង​ពី​កម្មវិធី​នេះ តែង​តែ​ចូល​រួម​កម្សាន្ត​សប្បាយ​នៅ​ក្នុង​ពិធី​បុណ្យ​បណ្តែត​ប្រទីប​ចេញ​ ព្រះ​វស្សា​ឬ​បណ្តែត​រូប​សត្វ​តំណាង​ឆ្នាំ​សូម​សេចក្តី​ស្រណុក​សុខ​សប្បាយ​ ក្នុង​ស្រុក​ភូមិ ​។ អតីត​អ្នក​និពន្ធ​ ប្តូរ​អាជីព​មក​ជាង​សំណង់ និង​ជាង​គំនូរ​ដែល​ជឿ​លើ​ពុទ្ធសាសនា​រូប​នេះ ឲ្យ​ដឹង​បន្ត​ថា ពិធី​បុណ្យ​បណ្តែត​ប្រទីប​ឬ​បុណ្យ​ដង្ហែ​រូប​សត្វ​តំណាង​ឆ្នាំ​បណ្តែត​ទឹក ​នេះ​ តាម​ពិត​បុណ្យ​នេះ​ត្រូវ​នៅ​ថ្ងៃ​១រោច​តែ​មួយ​ថ្ងៃទេ ​ប៉ុន្តែ​មុន​នេះ​២ថ្ងៃ​បង​ប្អូន​ប្រជា​ពុទ្ធបរិស័ទ​ គាត់​បាន​ធ្វើ​ពិធី​ហែ​រូប​សត្វ​នេះ​តាម​ផ្លូវ​ក្នុង​ភូមិ​ ដើម្បី​រៃអង្គាស​ប្រាក់​ផង​ក៏​ដូចជា​ដង្ហែ​ប្រោះ​ព្រំ​ដល់​ភូមិ​ផង​ដែរ​»។
លោក វិសាល ប្រាប់​ថា ឆ្នាំ​២០១២​ ជា​ឆ្នាំ​រោង​ឬ​ឆ្នាំ​នាគរាជ​ ជា​ប្រភេទ​ឆ្នាំ​មួយ​នាំ​មក​នូវ​ទ្រព្យ​ស្តុកស្តម្ភ និង​សិរី​សួស្តី​ល្អ​ដល់​ក្រុម​គ្រួសារ​ ព្រោះ​រៀងរាល់​១២​ឆ្នាំ​នឹង​វិល​ចូល​គម្រប់​ខួប​ឆ្នាំ​នាគ រាជ​នោះ ឆ្នាំ​នេះ​ធ្វើ​ពិធី​ដង្ហែ​រូប​តំណាង​ឆ្នាំ ឬ​រូប​នាគ​រាជ​នេះ ​ធ្វើ​ឡើង​បី​ដំណាក់​កាល ខណៈ​ឆ្នាំ​ក្រៅ​ពី​នេះ​ធ្វើ​តែ​ពីរ​ដំណាក់​កាល​ទេ។ លោក​បន្ថែម​ថា ការ​ដង្ហែ​នាគ​លើក​ទី១ គឺ​ការ​ហែ​ចេញ​ពី​ផ្ទះ​លោក ក្រោយ​ធ្វើ​រួច ការ​ហែ​ទី​២​គឺ​ការ​ទៅ​ប្រោះព្រំ​តាម​ភូមិ​ និង​ទីបី ​ការ​ហែ​យក​ទៅ​បណ្តែត​ក្នុង​ទឹក​ទន្លេ​។ ការ​ហែ​ទាំង​បី​ដំណាក់​កាល​នេះ​ ត្រូវ​បាន​អ្នក​ផ្តើម​គំនិត​វ័យ​៥៩​ឆ្នាំ​រូប​នេះ​អះអាង​ថា សុទ្ធ​តែ​មាន​ពិធី​សូត្រ​មន្ត​គ្រប់​ពេល​មិន​មែន​ចេះ​តែ​ហែ​ធម្មតា​បាន​ទេ។
លោក ប្រាប់​ថា ការ​សូត្រ​មន្ត​ធំ​នៅ​ថ្ងៃ​ទី​៣ ត្រូវ​ថ្ងៃ១​រោច ជា​ថ្ងៃ​បញ្ចប់​នោះ មុន​យក​រូប​នាគ​នេះ​ដាក់​ចូល​ក្នុង​ទន្លេ​ ពេល​នោះ​មិន​ត្រឹម​តែ​ព្រះ​សង្ឃ​ អាចារ្យ គណៈកម្មាការ​សូត្រ​ទេ ​ការ​អុជ​ធូប​​បួង​សួង​ក៏​ចាប់​ផ្តើម​ពេល​នោះ​ដែរ​។ លោក​ ហង្ស​ វិសាល ​បាន​បញ្ជាក់​ថា ​ឆ្នាំ​នេះ ​ការ​ដង្ហែ​រូប​នាគ​ដាក់​ចូល​ទៅ​ក្នុង​ទឹក​ទន្លេ​តម្រូវ​នៅ​ម៉ោង​៨​និង​៤០​ នាទី ​មិន​អាច​លើស​ឬ​ខ្វះ​មួយ​វិនាទី​នោះ​ទេ (នា​ទី​នាំ​លាភ​សំណាង​ដល់​ស្រុក​ភូមិ​)»។
ទាក់ទិន​នឹង​ការ​អុជ​ធូប បួង​សួង​នេះ​លោក​ ហង្ស ​វិសាល​ ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ផង​ដែរ​ថា ការ​អុជ​ធូប​ក្នុង​ពិធី​បុណ្យ​បណ្តែត​ប្រទីប​ ឬ​បុណ្យ​បណ្តែត​រូប​សត្វ​តំណាង​ឆ្នាំ​នេះ​ គឺ​ឧទ្ទិស​ថ្វាយ​ដល់​ស្តេច​​នាគ​ ដូច្នេះ​តម្រូវ​ឲ្យ​​អុជ​ធូប​ចំនួន​១៩​សរសៃ​មិន​មែន​បី ​ឬ​ប្រាំ​ពីរ​សរសៃ​ទេ​។ លោក​បាន​បញ្ជាក់​ថា៖ «១៩​តំណាង​ឲ្យ​ស្តេច​នាគ​គ្រប់​ចក្កវាឡ​ទាំង​អស់។
រូប​សត្វ​តំណាង ឲ្យ​ឆ្នាំ​ទាំង​១២ ​ត្រូវ​បាន​សង់​ឡើង​ពី​ធនធាន​ធម្មជាតិ​សុទ្ធសាធ មាន​ដូច​ជា ​ចំបើង ប្ញស្សី និង​ក្រណាត់​ជាដើម៕

No comments:

Post a Comment

yes