អ្នកចូលរួមកាន់ទុក្ខថតព្រះឆាយាល័ក្ខណ៍សម្តេចឪ ដែលគេដាក់តាំងនៅមុខវាំង
កាលពីសប្តាហ៍មុន
បទនិពន្ធមួយ របស់លោកស្រី Me'le'ne Cixous ដែលមានចំណងជើងថា «ប្រវតិ្តគួរឲ្យភ័យខ្លាចតែមិនទាន់បញ្ចប់» របស់ព្រះមហាវីរក្សត្រ នរោត្តម សីហនុ មិនមែនជាសៀវភៅប្រវតិ្តសាស្រ្តអីទេ។ ប៉ុន្តែ ការលើកឡើងនេះ មិនលុបចោល នូវសារៈសំខាន់ នៃការសម្តែងពីប្រវតិ្តសាស្រ្ត នៅមហោស្រពឡើយ ហើយការសម្តែងនេះ បានបង្ហាញចក្ខុវិស័យ គួរឲ្យចាប់អារម្មណ៍ អំពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ១៩៧៥។
បទ និពន្ធនេះ ត្រូវបាននិពន្ធឡើង ដោយលោកស្រី Me'le'ne Cixous នៅឆ្នាំ ១៩៨៤ ហើយត្រូវបានសម្តែងជាលើកទី ១ ដោយ Theatre du Soleil របស់លោកស្រី Ariane Mnouchkine នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ១៩៨៥។ ការសម្តែងនេះ ជាផ្លែផ្កា នៃកិច្ចសហការគ្នាដ៏យូរអង្វែង រវាងលោកស្រី Me'le'ne Cixous និងលោកស្រី Ariane Mnouchkine។ ការសម្តែងនេះ អាចចាត់ទុកជាផ្នែកមួយនៃបទនិពន្ធរបស់លោកស្រី Cixous អំពីប្រវតិ្តសាស្រ្ត ហើយបានអនុញ្ញាតឲ្យលោកស្រី Mnouchkine សម្តែងនូវចក្ខុវិស័យផ្នែកនយោបាយ នៅមហោស្រពរបស់លោកស្រី។
តាមរយៈតួអង្គសម្តេចឪ នរោត្តម សីហនុ ការសម្តែងនេះ បង្ហាញពីប្រវតិ្តសាស្រ្តកម្ពុជា ចាប់ពីឆ្នាំ ១៩៥៥ គឺជាពេលចាប់ផ្តើមនៃសម័យសង្គមរាស្រ្តនិយមរហូតដល់ឆ្នាំ ១៩៧៩ និងការដួលរលំនៃរបបខ្មែរក្រហម។ ឈុតសម្តែងនេះ បានផ្តល់សារៈសំខាន់យ៉ាងខ្លាំងដល់ព្រឹតិ្តការណ៍ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ តាមរយៈមុំបី គឺកិច្ចខិតខំប្រឹងប្រែងនាទីចុងក្រោយដើម្បីចរចា សេចក្តីសម្រេចជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ និងជោគវាសនាអាក្រក់ របស់លោក ហូ យន់។
ដំណើរប្រវតិ្តសាស្រ្ត
ការសម្តែងបានបង្ហាញពីការចរចាដែលធ្វើឡើង នៅមុនពេលទីក្រុងភ្នំពេញដួលរលំ នៅដើមឆ្នាំ ១៩៧៥។ ជាបឋម លោក ឡុង បូរ៉េត នាយករដ្ឋមន្រ្តីថ្មី បានប្រកាសប្រាប់លោក Dean ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថា៖ «ប្រសិនបើយើងអាចតស៊ូរហូតដល់រដូវវស្សា! ខ្ញុំនឹងមិនស្ទាក់ស្ទើរ ក្នុងការអង្វរសម្ដេចឪ មកកាន់អំណាចវិញឡើយ»។
ការចរចាជាមួយនឹងខ្មែរក្រហម ពិតជាបានកើតឡើង ហើយការចរចានេះ ប្រហែលបណ្តាលឲ្យលោក Sosthe'ne Fernandez អគ្គមេបញ្ជាការនៃកងទ័ពជាតិខ្មែរ លាលែងពីតំណែង នៅខែមីនា ឆ្នាំ ១៩៧៥។ ការសម្តែងក៏បានលើកឡើងពីការចរចា នៅទីក្រុងប៉េកាំងផងដែរ តាមរយៈកិច្ចសន្ទនា រវាងសម្ដេចឪ លោក ប៉ែន នុត ទីប្រឹក្សារបស់សម្តេចឪ និងលោកស្រី EtienneManac'h ដែលជាឯកអគ្គរដ្ឋទូតបារាំង ប្រចាំទីក្រុងប៉េកាំង។
នៅពេល លោក ប៉ែន នុត សម្តែង សុទិដ្ឋិនិយមថា៖ «ប្រសិនបើអាមេរិកភ្ញាក់ឡើង ហើយបង្ហាញថា ពួកគេឆ្លាតវៃ ចិត្តសប្បុរស ...បន្ទាប់មកលោក Ford ជំនួសលោក Nixon»។ សម្ដេចឪ បានឆ្លើយតបថា៖ «ប្រសិនបើលោក Kissinger ជំនួសលោក Kissinger ។ គ្មានអ្វីផ្លាស់ប្តូរឡើយ វាកាន់តែអាក្រក់ទៅៗ»។
នៅពេល នោះលោក Manac' h បានស្នើផ្សះផ្សាថា៖«សម្ដេចឪ ទុកឲ្យខ្ញុំសាកល្បងឱកាសចុងក្រោយនេះ?» ពាក្យសម្តីរបស់លោក Manac'h មិនត្រូវបានធានាច្បាស់នោះទេ។ ដូចដែលលោកបានប្រាប់លោកស្រី Cixous អំពីការយល់ដឹងស្ថានការណ៍ លោក Manac'h បានលើកឡើងពីផ្នែកដែល បារាំង បានខិតខំ ក្នុងការចរចា ដែលយឺតយ៉ាវទៅហើយ។ កិច្ចខិតខំប្រឹងប្រែងចុងក្រោយ ដើម្បីសង្គ្រោះប្រទេសពីមហន្តរាយ គឺជាកិច្ចខិតខំប្រឹងប្រែងពិតប្រាកដ។ លោកប្រធានាធិបតី Ford សង្ឃឹមថា សម្ដេចឪ នឹងយាងមកកាន់អំណាចវិញ ប៉ុន្តែជាអកុសល វាហួសពេលទៅហើយ។
បើប្រៀបធៀបទៅនឹងសៀវភៅប្រវតិ្តសាស្រ្ត ឆាកសម្តែង មានគុណប្រយោជន៍ជាក់ច្បាស់ គឺការសម្តែងចាក់ត្លុក។ នៅថ្ងៃទី ១២ ខែមេសាឆ្នាំ ១៩៧៥ ខណៈដែលអ្វីគ្រប់យ៉ាង បានដួលរលំ ប្រេសិតពិសេសអាមេរិក បានមកដល់ទីក្រុងប៉េកាំង «សាស្រ្តាចារ្យ Kissinger និងប្រធានាធិបតី Ford ឥឡូវនេះ ជឿជាក់ថា មានតែសម្ដេចឪទេ អាចបញ្ចប់សោកនាដកម្មកម្ពុជា»។
គុណសម្បត្តិមួយទៀត នៃឆាកសម្តែង គឺបំពេញបន្ថែមនូវអ្វី ដែលពិតជាបានកើតឡើង ដែលយើងមិនអាចមើលឃើញ ប៉ុន្តែអ្វីដែលអាចកើតឡើង អាចដឹងតាមរយៈកិច្ចសន្ទនា រវាងសម្ដេចឪ និងលោក អៀង សារី៖ «អ្នកនឹងមិនក្បត់យើងទេឬ? វាមិនត្រូវឮចរចាទេ! គ្មានសន្តិភាពក្លែងក្លាយឡើយ! គ្មានការបែងចែក!»។
ការជម្លៀសចេញពីទីក្រុង
ឈុតនេះ ត្រូវបានសម្តែងយ៉ាងល្អ តាមរយៈជំនួបនៅច្រាំងទន្លេមេគង្គ ដើម្បីសម្រេចជោគវាសនាទីក្រុងភ្នំពេញ ជាទីក្រុងដែលនឹងដួលរលំក្នុងដៃខ្មែរក្រហម។
ដូច្នេះ ជំនួបនេះ ពិតជាមិនបានកើតឡើងទេ ហើយខ្មែរក្រហម មិនដែលផ្សព្វផ្សាយ ពីទីតាំងជំនួបនេះឡើយ។ បញ្ហាដែលប្រឈមរបស់អ្នកនិពន្ធ គឺបង្កើតឡើងវិញនូវជំហរដែលអាចកើតឡើង ហើយដែលបណ្តាលឲ្យមានការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ។
ប៉ុល ពត៖ «ខ្ញុំមើលឃើញសង្គ្រាមថ្មី ដែលទើបចាប់ផ្តើម។ ខ្ញុំឃើញថា បដិវត្តរបស់យើង ត្រូវបានវាយប្រហារ ដោយចលនាប្រឆាំងបដិវត្ត»។ លោកខៀវ សំផន បានបន្ថែមថា៖ «ទីក្រុងភ្នំពេញជា Sodom ដែលស្អប់យើង»។ ហើយលោក អៀង សារី បានបន្តថា៖ «យើងត្រូវលាងសម្អាតខ្យល់អាកាស បណ្តេញសត្រូវ បំផ្លាញជម្រកសត្វកណ្តុរទាំងអស់ បង្ការសកម្មភាពវិទ្ធង្សនាទាំងអស់។ យើងមិនដឹកជញ្ជូនកណ្តុរទាំងនេះតាមរថយន្ត ហើយដាក់ពួកគេនៅព្រះបរមរាជវាំងឡើយ»។
វាមិនមែនជាការបំភ្លៃ ឬបំផ្លើសឡើយ ដែលតួអង្គខាងលើ បានដើរតួនេះ។ លោក ខៀវ សំផន ជាអ្នកនិពន្ធនិក្ខេបទបណ្ឌិត ដែលលោកបានសរសេរថា ដើម្បីស្តារភាពអស្ចារ្យ ពីអតីតកាលឡើងវិញ កម្ពុជា គួរលុបបំបាត់ចោល អត្តសញ្ញាណលោកខាងលិចទាំងអស់ ដូចជាទីក្រុង។ ការពិត គឺការកម្ទេចចោលភាពជឿនលឿន ដែលសម្ដេចឪ និងសង្គមរាស្រ្តនិយម បានខិតខំសាងសង់ ក្នុងរយៈពេល ១៥ ឆ្នាំ។
ការពិតលើឆាកសម្តែង
គ្មានអ្វីក្នុងបទនិពន្ធរបស់លោកស្រី Cixous រៀបរាប់ខុស ពីការពិតនៃថ្ងៃទី ១៧ មេសា ឡើយ។ ផ្ទុយទៅវិញមហោស្រពបានបង្ហាញខ្លួនឯង ជាឧបករណ៍សំខាន់មួយ ដែលពន្យល់អំពីអ្វីដែលបានកើតឡើង។ ថ្ងៃសំខាន់ នៃការសម្តែងនេះគឺ ១៧ មេសា ដែលជាព្រឹត្តការណ៍បញ្ចប់ប្រវតិ្តសាស្រ្ត។
សកម្មភាពសម្ដេចឪ ត្រូវបានសម្តែងចេញ គួរឲ្យកត់សម្គាល់។ ជាជនរងគ្រោះនៃរដ្ឋប្រហារ សម្ដេចឪចង់រក្សាគំនិតផ្តួចផ្តើមនេះ ដោយអំពាវនាវឲ្យប្រជាជន ចូលរួមក្នុងក្រុមឧទ្ទាម។ មានហានិភ័យខ្ពស់ ដែលប្រើប្រាស់ ដោយខ្មែរក្រហម ដែលគ្រប់គ្រងទឹកដី ហើយសម្ដេចឪ បានដឹងអំពីវា។
ការសម្តែងបង្ហាញច្បាស់ នៅពេលវារៀបរាប់ ពីទំនាក់ទំនងរវាងសម្ដេចឪ និងលោក អៀង សារី ដែលបាននិយាយប្រាប់សម្ដេចឪត្រង់ៗថា៖ «ហេតុអ្វី? ព្រោះពិភពលោកទាំងមូល មិនពេញចិត្តនឹងការពិតដែលសម្ដេចឪ និងខ្មែរក្រហមរួបរួមគ្នាទេ។ ពួកគេព្យាយាមបំបែកយើង។ ពួកគេអាត្មានិយមណាស់!»។
ខណៈទីក្រុងភ្នំពេញ ដួលរលំ អតីតសត្រូវរបស់សម្ដេចឪ បានហៅសម្ដេចឪ ប៉ុន្តែសម្ដេចឪមិនអាចធ្វើអ្វីបានឡើយ ព្រោះអំណាចចរចា ស្ថិតក្នុងដៃអ្នកទាំងឡាយដែលបដិសេធការសម្រុះសម្រួល។
ដោយ សារមានការបកប្រែជាភាសាខ្មែរ បទនិពន្ធរបស់លោកស្រី Cizous ឥឡូវនេះ អាចផ្តល់ជូនអ្នកអានកម្ពុជា នូវចក្ខុវិស័យថ្មី នៃប្រវតិ្តសាស្រ្តកម្ពុជា សម័យទំនើប៕
No comments:
Post a Comment
yes