ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា (រូបថត AFP)
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បានស្នើឲ្យមន្រ្តីជាន់ខ្ពស់របស់លោក ជួបពិភាក្សាជាមួយសង្គមស៊ីវិល លើបញ្ហាសិទ្ធិមនុស្ស នីតិរដ្ឋ និងការបោះឆ្នោត ក្នុងដំណើរទស្សនកិច្ចរបស់លោកមកកម្ពុជាកន្លងទៅ ស្របពេលលោក បានលើកបញ្ហាទាំងនោះ ទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងជំនួបទ្វេភាគី។
នេះជាការអះអាងរបស់ទីប្រឹក្សា និងជំនួយការប្រធានាធិបតី ទទួលបន្ទុកកិច្ចការអន្តររដ្ឋាភិបាល និងទំនាក់ទំនងសាធារណៈ លោកស្រី Valerie Jarrett និងជំនួយការពិសេសប្រធានាធិបតី ទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី Samantha Power ដែលបានសរសេរនៅលើគេហទំព័ររបស់សេតវិមាន។
មន្រ្តីទាំងពីរ បានលើកឡើងថា ក្នុងដំណើរទស្សនកិច្ច របស់លោក អូបាម៉ា បានស្នើឲ្យមន្រ្តីរបស់លោក ជួបជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក William E. Todd ក្នុងការប្រមូលអង្គការពាក់ព័ន្ធសិទ្ធិមនុស្សក្នុងស្រុក ដើម្បីពិភាក្សាពីស្ថានភាពសិទ្ធិមនុស្ស និងសង្គមស៊ីវិលនៅកម្ពុជា។
សេតវិមានសហរដ្ឋអាមេរិក ឲ្យដឹងថា ក្នុងការពិភាក្សារវាងមន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិក និងសង្គមស៊ីវិលនោះ បញ្ហាសំខាន់បី ដែលបានលើកមក គឺសិទ្ធិមនុស្ស នីតិរដ្ឋ និងការបោះឆ្នោតដោយសេរី និងយុត្តិធម៌។
ក្នុងកិច្ចពិភាក្សានោះ លោក William E. Todd និងសកម្មជនសិទ្ធិមនុស្ស បានរកមធ្យោបាយ សម្រាប់រដ្ឋាភិបាលអាមេរិក ធ្វើការគាំទ្រ និងកិច្ចប្រឹងប្រែងនានា ដើម្បីប្រែក្លាយសង្គមមួយ ដោយមានភាពយុត្តិធម៌ និងលទ្ធិប្រជាធិបតេយ្យ។
គួរបញ្ជាក់ថា ក្នុងជំនួបទ្វេភាគីរវាងប្រធានាធិបតីសហរដ្ឋអាមេរិក និងនាយករដ្ឋមន្រ្តីកម្ពុជា លោក អូបាម៉ា បានលើកពីបញ្ហាសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លើយតបភ្លាមៗនឹងសំណួរ ដែលអ្នកតាមដានសង្គមបានចាត់ទុកជា «ការដោះសាមួយ» ផ្ទុយពីតថភាពកម្ពុជា៕
No comments:
Post a Comment
yes