លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ ដ៏មានប្រជាប្រិយភាព
ប្រធានគណបក្សសង្រ្គោះជាតិ បានហៅគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថាជាកីឡាករ ដែលមិនហ៊ានប្រកួតជាមួយដៃគូខ្លាំង ហើយព្យាយាមជំរុញ ច្រានគូប្រកួត ដែលខ្លាំងឲ្យចាកឆ្ងាយពីឆាកប្រយុទ្ធ។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខុទ្ទកាល័យគណបក្សសង្រ្គោះជាតិ ដែលយើងទទួលបាននៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកានេះ បានសរសេរថា ប្រព័ន្ធវិនិច្ឆ័យយុត្តិធម៌នៅកម្ពុជា មានស្តង់ដាពីរ គឺគណៈកម្មាធិការរៀបចំការបោះឆ្នោត គ.ជ.ប និង ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចលុបឈ្មោះ លោកសម រង្ស៊ី ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោតនៅក្រោមលេសថា ជាទណ្ឌិត។
សេចក្ដីថ្លែងការណ៍បន្តថា នេះជាការបិទផ្លូវឲ្យគូប្រកួតរូបនេះ ឃា្លតឆ្ងាយពីទីលានប្រកួត ដោយទុកឲ្យកីឡាករតែម្នាក់ ដែលមានឈ្មោះប្រកួត គឺលោក ហ៊ុន សែន។
សេចក្ដីថ្លែងការណ៍របស់គណបក្សសង្រ្គោះជាតិ បានរកឃើញថា ទណ្ឌិត ដែល គ.ជ.ប មិនបានលុបឈ្មោះចេញពីអ្នកបោះឆ្នោត មានដូចជា លោកហេង ពៅ អតីតស្នងការនគរបាលក្រុងភ្នំពេញ លោកស្រី ផេង សុគន្ធារី អតីតប្រធានពិធីការ និងលោកឈឿន ចាន់ថន អតីតមេអង្គរក្ស លោកជា ស៊ីម លោក តុប ចាន់សេរីវុធ អតីតព្រះរាជអាជ្ញាតុលាការខេត្តពោធិ៍សាត់។
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក អ៊ឹម សួស្តី មិនអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៏ របស់គណបក្សប្រឆាំងនេះទេ ដោយអះអាងថា មិនទាន់បានពិនិត្យខ្លឹមសារក្នុងលិខិតនោះ។
នាយកអង្គការឃ្លាំមើលការបោះឆ្នោតមួយ ហៅកាត់ថា COMFREL លោក គល់ បញ្ញា អះអាងថា ការដែល គ.ជ.ប លុបឈ្មោះលោក សម រង្ស៉ី ចេញពីបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១២នេះ មិនស្របច្បាប់បោះឆ្នោតទេ ព្រោះត្រង់មាត្រា៥០ នៃច្បាប់នេះ មិនបានបញ្ជាឲ្យលុបឈ្មោះទណ្ឌិតឡើយ ដោយគ្រាន់តែហាមអ្នកជាប់ឃុំទៅចុះឈ្មោះបោះឆ្នោតប៉ុណ្ណោះ ៖ "ហើយក្រុមប្រឹក្សាឃុំសង្កាត់ មិនអាចគ្រាន់តែ លឺអ្នកនេះជាប់ពន្ធនាគារដកអត់បានទេ ទាល់តែមានការសម្រេចរបស់ចៅក្រម ឬក៏មានព័ត៌មានពីក្រសួងយុត្តិធម៌អី ប្រាប់ពីបញ្ហាដកឈ្មោះហ្នឹង មិនមែនចេះតែឲ្យក្រុមប្រឹក្សាឃុំចេះតែដកឈ្មោះគេ ឲ្យតែលឺថាគេជាប់ពន្ធនាគារ ដកឈ្មោះគេចេញពីបញ្ជី អាហ្នឹងនីតិវិធីកន្លែងហ្នឹងវាអត់មានតែម្តង ហើយបើ គជប និយាយអញ្ចឹងវាមានបញ្ហា ពីបញ្ហាតម្លាភាពនៃនីតិវិធីហ្នឹង វាអត់មាន "។
អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី លោក ទិត្យ សុធា មានប្រសាសន៍ថា គណបក្សកាន់អំណាច មិនខ្លាចអ្នកនយោបាយ ដែលបាននិរទេសទៅនៅក្រៅប្រទេស ដោយមិនហ៊ានប្រឈមមុខច្បាប់នោះទេ ហើយចាត់ទុកថា ការលើកឡើងនោះជារឿងឥតន័យ ៖ "នេះគឺជាការលើកឡើងខុសឆ្គង ដដែលៗ គឺជាការផ្ញើសារមួយដែលវាមិនមានសារសំខាន់ ខ្លឹមសារអីទាំងអស់ ហើយវាគ្រាន់តែជាការបន្ទរ ជីវិតរបស់គាត់ដែលអត់ន័យ"។
លោកសម រង្ស៉ី ត្រូវបានតុលាការកម្ពុជា ផ្តន្ទាទោសកំបាំងមុខឲ្យជាប់ពន្ធនាគារជាង១០ឆ្នាំ ពីបទដកតម្រុយបង្គោលព្រំដែនកម្ពុជាវៀតណាម និងក្លែងឯកសារសាធារណៈ ព្រមទាំងបរិហាកេរ្តិ៍ លោក ហោ ណាំហុង ហើយត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញ លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ដោយបិទផ្លូវតវ៉ា ទៅតាមការសម្រេចរបស់ គ.ជ.ប កាលពីពេលថ្មីៗនេះ។ ប៉ុន្តែគណបក្សប្រឆាំងចាត់ទុកថា ករណីលោក សម រង្ស៊ី ជារឿងនយោបាយ៕
No comments:
Post a Comment
yes