ពលរដ្ឋរងគ្រោះពីសហគមន៍នានាសម្តែងមតិនៅទីលានប្រជាធិបតេយ្យពីថ្ងៃពុធ
ភ្នំពេញៈ អាជ្ញាធររាជធានីបានធ្វើការរារាំង រំខាន ទៅលើការជួបប្រជុំគ្នា របស់ក្រុមសង្គមស៊ីវិល ជាច្រើនក្រុម ដែលបានរៀបចំកិច្ចប្រជុំ ធ្វើការពិភាក្សា ពីការរំលោភបំពានផ្សេងៗ ជាពិសេសការរំលោភបំពានសិទិ្ធដីធ្លី និងសិទិ្ធសេរីភាពនៃការបញ្ចេញមតិ នៅមុនពេលដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន។
ក្រុម សម្ព័ន្ធអង្គការសង្គមស៊ីវិលចំនួនពីរ ព្រមទាំងក្រុមអង្គការក្រៅរដ្ឋាភិបាល ដែលផ្តល់កន្លែងសិក្ខាសាលា និងក្រុមសង្កេតការជាច្រើនទៀត បានថ្លែងថា អ្នកចូលរួមពិធីជួបជុំ កាលពីថ្ងៃពុធ ត្រូវបានរារាំង និងរំខាន ដែលធ្វើឲ្យពួកគេ ត្រូវរើពីកន្លែងមួយ ទៅកន្លែងមួយ ខណៈដែលនគរបាល បានតាមដានពួកគេ។
លោកស្រី Yuyun Wahyuningrum ជាអ្នករៀបចំសន្និសីទសង្គមស៊ីវិលអាស៊ាន/វេទិកាប្រជាជន អាស៊ាន ថ្លែងថា៖ «យើងមានការខកចិត្តយ៉ាងខ្លាំងអំពីរបៀបដែលរដ្ឋាភិបាល កម្ពុជា កំពុងប្រព្រឹត្តខណៈខ្លួនជាប្រធានអាស៊ាន»។ សន្និសីទសង្គមស៊ីវិលអាស៊ាន/វេទិកាប្រជាជនអាស៊ាន ត្រូវបានបង្ខំឲ្យរើកន្លែងរបស់ខ្លួនពីរដង ដែលកន្លែងទីមួយ នៅវិហារឯករាជ្យ CEF និងកន្លែងទីពីរ នៅមជ្ឈមណ្ឌល Modern Center 5 តាមរយៈការរារាំងដោយអាជ្ញាធរមូលដ្ឋាន រហូតដល់មានការលុបចោល ការប្រារព្ធសន្និសីទនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ពួកគេ។
យ៉ាងណាក្តី តំណាងមជ្ឈមណ្ឌល Modern Center 5 បានបដិសេធ ចំពោះការអះអាងទាំងនេះ ដោយថ្លែងថា មជ្ឈមណ្ឌលរបស់ខ្លួន ត្រូវបានកក់ដោយកម្មវិធីផ្សេងទៀត រីឯលោក ចាន់ សំណាង ចៅសង្កាត់ឫស្សីកែវ ដែលទីតាំងមជ្ឈមណ្ឌល Modern Center 5 ស្ថិតនៅទីនោះ បានថ្លែងថា អាជ្ញាធរមិនបានចុះទៅបង្កបញ្ហាណាមួយនោះទេ។ លោកស្រី Yuyun Wahyuningrum បន្តថា សន្និសីទនេះ នៅទីបំផុត បានទៅប្រារព្ធធ្វើនៅភូមិក្តីតាកុយ ក្នុងខេត្តកណ្តាល នៅពេលអ្នកចូលរួមទាំងអស់បានព្រមព្រៀងគ្នា ឡើងរថយន្តក្រុង ទៅទីនោះ ដើម្បីចៀសពីការជ្រៀតជ្រែករំខានផ្សេងៗ។
ទន្ទឹម នេះ វេទិកា ASEAN Grassroots Peoples Assembly (AGPA) បានថ្លែងថា កន្លែងយ៉ាងហោចណាស់ចំនួនប្រាំ ដែលបានគ្រោងសម្រាប់សិក្ខាសាលាទាំងនេះ កាលពីថ្ងៃពុធ បានលុបចោលការព្រមព្រៀងកក់របស់ពួកគេ«ដោយមិនបានជូនដំណឹង ជាមុន»។
លោក ស ម៉ូរ៉ា ដែលជាអ្នករៀបចំបានថ្លែងថា យ៉ាងហោចណាស់ មានករណីចំនួនពីរដែលម្ចាស់អគារទទួលរងសម្ពាធពីអាជ្ញាធរ ខណៈដែលអាជ្ញាធរ បាននិយាយជាសាធារណៈថា ពួកគេមិនបានជំទាស់ចំពោះវេទិកា AGPA ទេ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលថ្កោលទោស ចំពោះសកម្មភាពរបស់អាជ្ញាធរ អង្គការសិទ្ធិមនុស្សអាដហុក បានឲ្យដឹងថា អាជ្ញាធរ បានលើកឡើងអំពីហេតុផលសន្តិសុខ និងសណ្តាប់ធ្នាប់ដើម្បីព្យាយាមការពារទង្វើរបស់ពួកគេ។
លោក David Welsh នាយកប្រចាំប្រទេស នៃមជ្ឈមណ្ឌលអាមេរិក ដើម្បីសាមគ្គីភាពការងារអន្តរជាតិ បានថ្លែងថា លោកបានទៅដល់មជ្ឈមណ្ឌល Modern Center 5 ដើម្បីចូលរួមសិក្ខាសាលាសិទ្ធិកម្មករ AGPA ហើយឃើញថា កន្លែងត្រូវបានបិទ។ លោក Welsh បន្តថា៖ «ដើម្បីធ្វើឲ្យកម្មវិធីមិនអាចប្រព្រឹត្តទៅបាន អគ្គិសនីទាំងអស់ ត្រូវបានបិទនៅក្នុងអគារ»។ លោកបន្ថែមថា ទង្វើបែបនេះ ប្រាកដណាស់ នឹងធ្វើឲ្យមានការរិះគន់ ពីសិក្ខាកាមអន្តរជាតិរាប់រយនាក់ ដែលមកដល់សម្រាប់កិច្ចប្រជុំអាស៊ាន។
លោកស្រី Yuyun Wahyuningrum បានកត់សម្គាល់ថា៖ «រដ្ឋធម្មនុញ្ញកម្ពុជា និងធម្មនុញ្ញនៃបណ្តារដ្ឋសមាជិកអាស៊ានទាំងអស់ ធានានូវសេរីភាពនៃការជួបជុំគ្នា»។ លោកស្រីបន្តថា ក្រុមសង្គមស៊ីវិល តែងតែបានប្រារព្ធធ្វើការប្រមូលផ្តុំ និងជួបជុំគ្នាបែបនេះអស់រយៈពេល ៨ ឆ្នាំហើយ ប៉ុន្តែបញ្ហារំខាន គឺមានតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ។
ពិតណាស់ សិក្ខាកាមអន្តរជាតិ នៅក្នុងសិក្ខាសាលាជាច្រើន ក្នុងរាជធានី កាលពីថ្ងៃពុធ បានសង្កត់ធ្ងន់ថា ក្តីបារម្ភរបស់ប្រជាជនកម្ពុជា ដែលមានដូចជា ការបណ្តេញចេញពីដីធ្លី និងការប្រព្រឹត្តមិនគាប់បី ដោយក្រុមហ៊ុនធំៗលើពួកគេ គឺជាក្តីបារម្ភរបស់សិក្ខាកាមអន្តរជាតិទាំងនោះផងដែរ។ សិក្ខាកាមម្នាក់ឈ្មោះ Carmen Anenayo ដែលជាសមាជិកម្នាក់ នៅក្នុងសហគមន៍មួយ ក្នុងប្រទេសហ្វីលីពីនថ្លែងថា៖ «ខ្ញុំចង់ឲ្យយើងទាំងអស់គ្នាអំពាវនាវទៅរដ្ឋាភិបាលអាស៊ាន រួមគ្នា»។
ចំណែកឯលោកស្រី Dorothy Guerrero អ្នកសម្របសម្រួលកម្មវិធីក្រុមគាំទ្រប្រជាជនមូលដ្ឋាន នៅអង្គការ Focus on the Global South ដែលបានចូលរួមជាមួយអ្នកនាង Anenayo នៅក្នុងកិច្ចប្រជុំស្តីពីគណនេយ្យភាពអាស៊ាន នៅភោជនីយដ្ឋាន បៃតង បានសង្កេតឃើញថា៖ «បទពិសោធពីសហគមន៍នានាពិតណាស់ លើកឡើងអំពីបញ្ហានៃការអភិវឌ្ឍដែលប៉ះពាល់ដល់ប្រជាជន»។
លោក ស្រ៊ុន ស្រន ដែលជាអ្នកសម្របសម្រួល សម្រាប់សហគមន៍ឥន្ទធនូកម្ពុជា បានយល់ស្របចំពោះការលើកឡើងទាំងអស់នោះ។ លោកបានថ្លែងថា៖ «ពួកគេចំាបាច់ត្រូវគិតអំពីយើង នៅពេលពួកគេនិយាយពាក្យអភិវឌ្ឍន៍»។
អ្នកស្រី ស៊យ កុឡាប សកម្មជនតវ៉ា ចំពោះការបណ្តេញចេញពីលំនៅដ្ឋាន នៅបឹងកក់ និងដែលឥឡូវនេះរស់នៅចម្ងាយ ២០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ដែលបានចូលរួមនៅក្នុងសិក្ខាសាលាកាលពីថ្ងៃពុធ ស្តីពីការបណ្តេញចេញពីដីធ្លី នៅមជ្ឈមណ្ឌលអប់រំច្បាប់ សម្រាប់សហគមន៍ បានថ្លែងថា ប្រជាជនដែលរងការបណ្តេញចេញពីដីធ្លី កំពុងស្វែងរកអន្តរាគមន៍ពីអាស៊ាន ដោយពួកគេ មិនទទួលបានការឆ្លើយតបពីរដ្ឋាភិបាលកម្ពុជាទេ បន្ទាប់ពីការអំពាវនាវរាប់មិនអស់របស់ពួកគេ។
ទន្ទឹមនេះ AGPA បានថ្លែងថា សិក្ខាកាមចំនួន ២៥៥ នាក់ បានប្រឈមដូចគ្នាផងដែរ ពីការបណ្តេញចេញពីផ្ទះសំណាក់កាលពីថ្ងៃពុធ។ សេចក្តីថ្លែងការណ៍របស់ AGPA បានឲ្យដឹងថា៖ «ពួកគេមួយចំនួន ត្រូវបានបណ្តេញចេញពីផ្ទះសំណាក់ទាំងកណ្តាលយប់ និងខ្លះទៀត ទទួលរងការបំភិតបំភ័យ»។
លោក អៀង វុទ្ធី និង លោក ហួន ចុនឌី អ្នកគ្រប់គ្រងកម្មវិធីនៅអង្គការ Equitable Cambodia និងមជ្ឈមណ្ឌលអប់រំច្បាប់ សម្រាប់សហគមន៍ បានថ្លែងដូចគ្នាថា នគរបាល ទៅការិយាល័យរបស់ពួកគេ ហើយបានសួរអំពីកិច្ចប្រជុំ AGPA ដែលធ្វើឡើងនៅទីនោះ ប៉ុន្តែមិនបានធ្វើសកម្មភាពអ្វីច្រើនជាងនេះទៀតទេ។
អ្នក នាំពាក្យសាលារាជធានីលោក ឡុង ឌីម៉ង់ បានថ្លែងថា លោកមិនបានដឹង អំពីការបិទការជួបជុំទាំងនោះទេ និងថា សាលារាជធានី មិនបានពាក់ព័ន្ធករណីទាំងអស់នោះទេ៕
No comments:
Post a Comment
yes