កំលាំងនគរបាលអន្តរាគមន៍បង្ហាញឈុតមួយ ក្នុងថ្ងៃបិទវគ្គហ្វឹកហ្វឺនស្ដីពីយុទ្ធសាស្ត្រ
បង្ការ ទប់ស្កាត់ និងបង្ក្រាបកូដកម្ម បាតុកម្ម និងកុបកម្មហិង្សា នៅថ្ងៃទី៣១ កក្កដា ឆ្នាំ២០១២
រដ្ឋាភិបាលកម្ពុជា កំពុងតែត្រៀមខ្លួនយ៉ាងម៉ត់ចត់ និងគ្រប់ជ្រុងជ្រោយ ដើម្បីរៀបចំកិច្ចប្រជុំកំពូលអាស៊ាន (ASean Summit) ឲ្យបានជោគជ័យ ដែលនឹងចាប់ផ្ដើមប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២ ខាងមុខនេះ។ ក្នុងនោះ ក៏មានវត្តមានលោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូលរួមប្រជុំដែរ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ និងជាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានប្រកាសឲ្យដឹងនៅថ្ងៃទី១៣ ខែវិច្ឆិកា ថា រដ្ឋាភិបាលមិនអនុញ្ញាតឲ្យមានការដង្ហែក្បួនបាតុកម្មណាមួយនៅតាមដងផ្លូវ នៅទីក្រុងភ្នំពេញទេ នៅគ្រាដែលកម្ពុជា បើកកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ ខាងមុខនេះ ដើម្បីរក្សាសន្តិសុខ និងការពារសុវត្ថិភាពរបស់មេដឹកនាំនៃប្រទេសមហាអំណាចមួយចំនួន។
មេដឹកនាំនៃប្រទេសមហាអំណាចមួយចំនួននោះ មានដូចជា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក អ្នកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) និងនាយករដ្ឋមន្ត្រីចិន លោក វិន ជាបាវ (Wen Jiabao) ព្រមទាំងមេដឹកនាំនៃប្រទេសឥណ្ឌា ជប៉ុន អូស្ត្រាលី កូរ៉េខាងត្បូង និងប្រទេសរុស្ស៊ី ជាដើម។
អ្នកកាសែតជាតិ និងអ្នកកាសែតអន្តរជាតិ សរុបចំនួន ១.៨៥០នាក់ បានចុះឈ្មោះនៅឯក្រសួងព័ត៌មាន ដើម្បីយកព័ត៌មាននៅក្នុងកិច្ចប្រជុំនោះ នៅឯវិមានសន្តិភាព។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ប្រាប់អ្នកកាសែតនៅថ្ងៃទី១៣ ខែវិច្ឆិកា ថា កម្ពុជា កំពុងតែត្រៀមខ្លួនស្វាគមន៍មេដឹកនាំប្រទេសមហាអំណាចទាំងនោះឲ្យបានសមរម្យ៖ «ពីព្រោះជាការងារលេងសើច ដែលយើងត្រូវធានាសុវត្ថិភាពថ្នាក់ដឹកនាំចំនួន ៨ប្រទេស ដែលជាមហាអំណាចធំ ហើយនិងប្រទេសមួយចំនួនទៀត។ ដូច្នេះ ការងារនេះ គឺជាការទទួលខុសត្រូវទាំងស្រុងរបស់រាជរដ្ឋាភិបាល ដូច្នេះអាចនិយាយបានថា យើងមិនអាចទទួលបាននូវការលេងសើចទេ។ បើដង្ហែញត្តិ គេអាចធ្វើនៅពេលណាក៏បានដែរ។ ប៉ុន្តែទី២ រឿងញត្តិ គេអាចបញ្ជូនតាមណាក៏បានដែរ ប៉ុន្តែដង្ហែមនុស្សរាប់ពាន់នាក់ មិនអាចទទួលយកបានទេ បើតាមខ្ញុំស្មាន»។
លោកបានបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា គ្រោងជួបចរចាទ្វេភាគីនៅក្នុងទីក្រុងភ្នំពេញ ប៉ុន្តែលោកមិនបានប្រាប់ជាពិស្ដារទេថា ជំនួបនោះនៅថ្ងៃណា និងផ្ដោតលើបញ្ហាអ្វីនោះទេ។
ទាក់ទងនឹងបញ្ហាសុវត្ថិភាពនេះ អ្នកនាំពាក្យគណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ និងជាតំណាងរាស្ត្រ បានមានប្រសាសន៍បញ្ជាក់ថា គណបក្ស សម រង្ស៊ី គ្មានផែនការធ្វើបាតុកម្មនោះទេ ប៉ុន្តែលោកបានដាក់ញត្តិជូនប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា តាមរយៈស្ថានទូតសហរដ្ឋអាមេរិក នៅកម្ពុជា កាលពីពេលថ្មីៗនេះ៖ «ជំរុញឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ជំរុញឲ្យមានការគោរពសិទ្ធិមនុស្សឲ្យបានត្រឹមត្រូវ ឲ្យមានការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឲ្យមានប្រសិទ្ធភាព។ ទាមទារឲ្យមេដឹកនាំគណបក្សនយោបាយទាំងអស់ មានឱកាសបានចូលរួមក្នុងការបោះឆ្នោតនាពេលខាងមុខ»។
ចំណែកឯសកម្មជនទាមទារដីធ្លីនៅតំបន់បឹងកក់ អ្នកស្រី ទេព វន្នី បានមានប្រសាសន៍ថា អ្នកស្រីគ្រោងនឹងចូលរួមជាមួយបាតុករជាង ៤ពាន់នាក់ ដង្ហែញត្តិជូនក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១២ នាពេលខាងមុខនេះ៖ «ការដង្ហែជាក្បួនពីមុខវត្តបទុម ទៅដល់ក្រសួងការបរទេសហ្នឹង មិនមែនយើងធ្វើជាលក្ខណៈហិង្សា ឬបង្កអានាធិបតេយ្យ ឬវិទ្ធង្សនាណាមួយមិនឲ្យកិច្ចប្រជុំអាស៊ានរបស់រដ្ឋាភិបាល ឬក៏កិច្ចប្រជុំអាស៊ានរបស់លោក បារ៉ាក់ អូបាម៉ា ទេ គឺពួកយើងទាំងអស់គ្នានេះចង់ធ្វើដង្ហែក្បួននេះ គឺមានគោលជំហរច្បាស់លាស់ណាស់»។
អ្នកស្រីបានដាក់ញត្តិរួចហើយជូនអ្នកស្រី ហ៊ីលឡារី គ្លិនតុន និងលោក បារ៉ាក់ អូបាម៉ា តាមរយៈស្ថានទូតសហរដ្ឋអាមេរិក នៅកម្ពុជា សុំឲ្យដោះស្រាយការរំលោភសិទ្ធិមនុស្ស និងការរឹបយកដីធ្លី និងបញ្ហាមួយចំនួនទៀត។
សម្រាប់វិធានការការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងទីក្រុងភ្នំពេញនោះ អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក គាត ចន្ថារិទ្ធិ បានមានប្រសាសន៍ប្រាប់អ្នកកាសែតកាលពីថ្ងៃទី១២ ខែវិច្ឆិកា ថា អាជ្ញាធរប្រើកងកម្លាំងចម្រុះសរុបជាង ១ម៉ឺននាក់ ដើម្បីការពារសន្តិសុខ ក្នុងនោះមានកងរាជអាវុធហត្ថ នគរបាលជាតិ និងកងកម្លាំងប្រឆាំងភេរវកម្ម៕
No comments:
Post a Comment
yes