អ្នកនយោបាយនៅកម្ពុជា ពីមួយអាណត្តិទៅមួយអាណត្តិ តែងតែធ្វើសង្គ្រាមពាក្យសំដីក្នុងការឆ្លងឆ្លើយគ្នា តាមរយៈសារព័ត៌មាន ឬនៅពេលឃោសនារកសំឡេងឆ្នោតម្ដងៗ។
សកម្មភាពនេះត្រូវបានក្រុមអ្នកវិភាគបានលើកឡើងថា សកម្មភាពអ្នកនយោបាយនៅ កម្ពុជា មិនមែនជាសកម្មភាពស្នេហាជាតិនោះឡើយ ពីព្រោះថា អ្នកនយោបាយបក្សកាន់អំណាច និងអ្នកនយោបាយបក្សប្រឆាំង បានធ្វើសង្គ្រាមពាក្យសំដីជាមួយគ្នារហូតមិនចេះចប់ ខុសពីប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យមួយចំនួន ដែលគេឈ្លោះគ្នាតែនៅលើឆាកនយោបាយ តែក្រោយឆាកគេរួបរួមគ្នាកសាងប្រទេសជាតិ។
ក្រុមអ្នកវិភាគបានពន្យល់ថា ការអភិវឌ្ឍប្រទេសជឿនលឿនទៅបានឆាប់រហ័សនោះ លុះត្រាណាអ្នកនយោបាយខ្មែរទាំងឡាយមានការបង្រួបបង្រួមគ្នា និងមានឆន្ទៈស្នេហាជាតិពិតប្រាកដ។ ផ្ទុយទៅវិញ ក្រុមអ្នកវិភាគអះអាងថា អ្នកនយោបាយសព្វថ្ងៃ ធ្វើនយោបាយដើម្បីអំណាច និងដើម្បីឧត្តមគតិរបស់ខ្លួនទេ។
អ្នកវិភាគបានឲ្យដឹងថា មានទឡ្ហីករណ៍ជាច្រើនដែលអ្នកនយោបាយនៅកម្ពុជា មិនទាន់មានគំនិតចុះសម្រុងគ្នានៅឡើយនោះ គឺដូចជា នីតិវិធីនៃការបោះឆ្នោត អ្នកនយោបាយមិនបាននិយាយគ្នានៅមុនពេលបោះឆ្នោតឲ្យបានច្បាស់លាស់ ការស្គាល់ និងឲ្យតម្លៃទៅលើប្រព័ន្ធប្រជាធិបតេយ្យ អ្នកនយោបាយមិនទាន់មានចិត្តជាអ្នកកីឡា អ្នកនយោបាយមិនបានបម្រើប្រជាពលរដ្ឋ បែរជាឲ្យប្រជាពលរដ្ឋបម្រើអ្នកនយោបាយវិញជាដើម។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា បញ្ហានៅត្រង់ថា អ្នកនយោបាយនៅគណបក្សប្រឆាំង នៅពេលចាញ់ឆ្នោតមិនបានសិក្សាស្រាវជ្រាវអំពីមូលហេតុនៃការចាញ់ឆ្នោតនោះទេ ហើយគេបន្តប្រឆាំងផ្កាប់មុខ រីឯគណបក្សឈ្នះឆ្នោតវិញ គេគិតថា ខ្លួនឯងអស្ចារ្យណាស់ ដោយមិនគិតអំពីនីតិវិធីប្រជាធិបតេយ្យ ពីព្រោះគេយល់ថា កាលណាមានអំណាច មានអ្វីៗទាំងអស់ និងអាចធ្វើអ្វីក៏បាន។
ក្រុមអ្នកវិភាគបានពន្យល់ថា នៅក្នុងបរិបទនយោបាយនៅកម្ពុជា បច្ចុប្បន្ន អ្នកនយោបាយធ្វើសកម្មភាពនយោបាយមិនមែនធ្វើដើម្បីស្នេហាជាតិនោះទេ ភាគច្រើននៃសកម្មភាពនយោបាយរបស់អ្នកនយោបាយ ធ្វើដើម្បីរក្សាអំណាច និងដើម្បីឧត្ដមគតិ ពោលគឺបើអ្នកដឹកនាំយល់ឃើញចង់ធ្វើអ្វីមួយ គេធ្វើភ្លាម មិនបានគិតអំពីលទ្ធផលវែងឆ្ងាយនៅពេលអនាគតនោះទេ។
ភ្ជាប់ទៅនឹងបញ្ហានេះ លោកបណ្ឌិត សុខ ទូច បានបន្ថែមថា ថ្វីត្បិតតែប្រទេសកម្ពុជា មិនសូវមានស្ថិរភាពនយោបាយ ប៉ុន្តែកម្ពុជាមានស្ថិរភាពធម្មជាតិ គឺប្រទេសកម្ពុជា មិនដែលជួបបញ្ហាគ្រោះថ្នាក់ដោយបាតុភូតធម្មជាតិធ្ងន់ធ្ងរដូចប្រទេសមួយចំនួននៅលើពិភពលោកទេ។ កត្តាទាំងនេះ ប្រសិនបើអ្នកនយោបាយមានការបង្រួបបង្រួមជាតិរវាងគ្រប់គណបក្សនយោបាយទាំងអស់នោះ កម្ពុជាអាចទាក់ទាញអ្នកវិនិយោគចូលមកកម្ពុជា កាន់តែច្រើនថែមទៀត ដែលធ្វើឲ្យប្រជាពលរដ្ឋមានការងារធ្វើគ្រប់ៗគ្នា។
ទោះបីជាយ៉ាងណាក៏ដោយ បញ្ហានៅត្រង់ថា អ្នកនយោបាយនៅកម្ពុជា មានភាពជឿជាក់លើខ្លួនឯងខ្លាំងពេក ទាំងអ្នកនយោបាយនៅគណបក្សកាន់អំណាច ទាំងអ្នកនយោបាយនៅបក្សប្រឆាំង ដោយហេតុថា នៅពេលបោះឆ្នោតម្ដងៗ គណបក្សនីមួយៗអួតអាងថា គណបក្សរបស់ខ្លួននឹងឈ្នះឆ្នោត។ ពិសេសទៅទៀត មេដឹកនាំគណបក្សប្រឆាំង និងមេដឹកនាំគណបក្សប្រជាជនកម្ពុជា តែងតែវាយប្រហារគ្នាទៅវិញទៅមក ទាំងនៅមុនពេលបោះឆ្នោត ទាំងក្រោយពេលបោះឆ្នោត វាខុសពីប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យមួយចំនួន ដូចជានៅសហរដ្ឋអាមេរិកជាដើម។
ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ គណបក្សកាន់អំណាច និងគណបក្សប្រឆាំង បានធ្វើវេទិកាជួបជាមួយប្រជាពលរដ្ឋ និយាយរិះគន់អំពីចំណុចខ្សោយពីគ្នាទៅវិញទៅមក ដោយប្រើពាក្យសំដីការទូតក្នុងការរិះគន់គ្នា មិនប្រើពាក្យសំដីអាក្រក់វាយប្រហារគ្នានោះទេ។ ក្រោយពេលបោះឆ្នោត មេដឹកនាំគណបក្សទាំងពីរបានចាប់ដៃគ្នា និងរួបរួមគ្នាដឹកនាំរដ្ឋាភិបាល ដើម្បីរួមគ្នាអភិវឌ្ឍប្រទេស។
ផ្ទុយទៅវិញ បើក្រឡេកមើលការធ្វើនយោបាយនៅសង្គមកម្ពុជា លោកបណ្ឌិត សុខ ទូច បានពន្យល់ថា អ្នកនយោបាយខ្មែរមានវប្បធម៌ជេរប្រមាថគ្នាទៅវិញទៅមកនេះហើយ ដែលធ្វើឲ្យនៅក្រោយពេលបោះឆ្នោត ពួកគេពិបាកនឹងចាប់ដៃគ្នាក្នុងការរួមគ្នាដឹកនាំប្រទេសជាតិ។
ម្យ៉ាងវិញទៀត ទោះបីជាគោលនយោបាយរបស់គណបក្សប្រឆាំង និងគណបក្សកាន់អំណាចនៅចំណុចខ្លះ មានគោលនយោបាយស្រដៀងគ្នាក៏ដោយ ប៉ុន្តែការអនុវត្តគោលនយោបាយនៅតែមិនស្របគ្នា ដូចជាទាំងគណបក្សប្រឆាំង និងគណបក្សកាន់អំណាច មានគោលនយោបាយការពារបូរណភាពទឹកដីមិនឲ្យបរទេសឈ្លានពាន។ ផ្ទុយទៅវិញ បញ្ហាព្រំដែននេះហើយ ជាដើមចមធ្វើឲ្យមេបក្សប្រឆាំង លោក សម រង្ស៊ី ភៀសខ្លួនទៅបរទេស ដោយសារតែលោកចោទប្រកាន់ថា វៀតណាម រំលោភយកដីស្រែរបស់ប្រជាពលរដ្ឋខ្មែរ និងដកតម្រុយបង្គោលព្រំដែនខ្មែរ-វៀតណាម នៅខែត្រស្វាយរៀង។ ប៉ុន្តែឆ្លើយតបទៅការចោទប្រកាន់របស់គណបក្សប្រឆាំង អំពីការឈ្លានពានទឹកដីពីប្រទេសជិតខាងនេះ ត្រូវលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ចេញប្រតិកម្មជាបន្តបន្ទាប់ រយៈពេលកន្លងមក។
ទោះបីជាយ៉ាងណាក៏ដោយ ការបញ្ចេញប្រតិកម្ម ឬការដឺដងគ្នាទៅវិញទៅមករវាងអ្នកនយោបាយគណបក្សប្រឆាំង និងគណបក្សកាន់អំណាចនេះ ត្រូវបានក្រុមអ្នកវិភាគពន្យល់ថា ជាដំណើរការនៃលទ្ធិប្រជាធិបតេយ្យ ដោយទាមទារឲ្យមានការរិះគន់ដើម្បីស្ថាបនា។ ប៉ុន្តែសកម្មភាពជាក់ស្ដែងនៅក្នុងសង្គមកម្ពុជា វាមិនទាន់ដើរនៅលើផ្លូវប្រជាធិបតេយ្យនៅឡើយទេ។
អ្នកវិភាគឯករាជ្យ អ្នកស្រី ជា វណ្ណាត បានលើកឡើងថា ប្រជាធិបតេយ្យនៅកម្ពុជា នៅក្មេងខ្ចីនៅឡើយ។ ម្យ៉ាងវិញទៀត បញ្ហាសំខាន់នៅត្រង់ថា គណបក្សប្រឆាំង និងគណបក្សកាន់អំណាច មិនបានធ្វើការជាមួយគ្នានៅក្រោយពេលបោះឆ្នោត ហើយគណបក្សកាន់អំណាចតែងតែប្រតិកម្មចំពោះការរិះគន់ ដោយមិនទទួលយកការរិះគន់ ឬការកែលំអនោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ បញ្ហាបង្រួបបង្រួមជាតិជាកត្តាសំខាន់សម្រាប់ប្រទេសមួយ ដើម្បីឈានទៅរកសន្តិភាព និងឯកភាពជាតិ។ បញ្ហានេះ នៅក្នុងឱកាសព្រះរាជពិធីចំរើនព្រះជន្មរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ កាលពីឆ្នាំ២០១១ កន្លងទៅ នៅមុនពេលព្រះអង្គសោយទិវង្គតនោះ ព្រះអង្គមានព្រះរាជបណ្ដាំផ្ញើចុងក្រោយថា ព្រះអង្គចង់ឲ្យអ្នកនយោបាយរួបរួមគ្នា និងឯកភាពជាតិខ្មែរតែមួយដើម្បីខ្មែរខ្លាំង៕
No comments:
Post a Comment
yes