ប្រព័ន្ធអប់រំនៅប្រទេសកម្ពុជា កាលពីទសវត្សរ៍៨០ គឺជាប្រព័ន្ធអប់រំដូចនឹងប្រទេសវៀតណាម។ ទាំងនេះ ដោយសារតែពេលនោះប្រទេសកម្ពុជា បានទទួលយកការអភិវឌ្ឍវិស័យអប់រំក្រោមជំនួយរបស់វៀតណាម បន្ទាប់ពីរបប ប៉ុល ពត បានបំផ្លាញធនធានមនុស្សស្ទើរតែទាំងស្រុង កាលពីឆ្នាំ១៩៧៩។
អ្នកវិភាគវិស័យអប់រំបានអះអាងថា វិស័យអប់រំខ្មែរក្នុងទសវត្សរ៍៨០ ស្ថិតក្រោមឥទ្ធិពលរបស់វៀតណាម។ បច្ចុប្បន្ន វិស័យអប់រំបានផ្លាស់ប្ដូរដោយទទួលយកប្រព័ន្ធអប់រំលក្ខណៈជាសកល។
ការស្រាវជ្រាវដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញថា ក្រោយឆ្នាំ១៩៧៩ ធនធានមនុស្សនៅប្រទេសកម្ពុជា នៅសល់បន្តិចបន្តួច ក្រោយពេលរបប ប៉ុល ពត បានសម្លាប់អស់ស្ទើរគ្មានសល់។ នៅពេលនោះ ប្រទេសកម្ពុជា បានសហប្រតិបត្តិការជាមួយប្រទេសវៀតណាម ដើម្បីរៀបចំកម្មវិធីសិក្សាឡើងវិញ ដោយមានការផ្ដល់ជំនួយបច្ចេកទេសរបស់ប្រទេសវៀតណាម។ ជារួម ប្រទេសវៀតណាម បានផ្ដល់ទាំងសម្ភារៈសិក្សា ឯកសារសិក្សា និងសៀវភៅសិក្សា ហើយសៀវភៅសិក្សាទាំងនោះ បានបកប្រែពីភាសាវៀតណាម មកជាភាសាខ្មែរ។
កាលនោះ ប្រទេសកម្ពុជា ខ្វះធនធានមនុស្ស កត្តានេះបាននាំឲ្យប្រទេសវៀតណាម អនុញ្ញាតឲ្យយុវជនកម្ពុជា រៀននៅប្រទេសវៀតណាម តាមរយៈការទទួលស្គាល់សញ្ញាប័ត្រទៅវិញទៅមកដោយក្រសួងអប់រំទាំងពីរ។ មានន័យថា សិស្សដែលរៀនចប់មធ្យមសិក្សាកម្រិត២ នៅប្រទេសកម្ពុជា ត្រូវបានអនុញ្ញាតឲ្យបន្តការសិក្សានៅប្រទេសវៀតណាម ប៉ុន្តែសិស្សកម្ពុជា តម្រូវឲ្យរៀនភាសាវៀតណាម ៦ខែសិន។
ការស្រាវជ្រាវដដែលបានលើកឡើងទៀតថា នៅពេលនោះ ដើម្បីឲ្យសិស្សកម្ពុជា រៀនទាន់និស្សិតវៀតណាម ភាគីកម្ពុជា ក៏សម្រេចបញ្ចូលភាសាវៀតណាម ក្នុងកម្មវិធីសិក្សារបស់ខ្លួន ហើយក្រសួងអប់រំកម្ពុជា បានសម្រេចបញ្ចូលភាសាវៀតណាម នៅក្នុងកម្មវិធីសិក្សាថ្នាក់មធ្យមសិក្សាចំណេះទូទៅ ដើម្បីឲ្យសិស្សានុសិស្សខ្មែរ រៀនភាសាវៀតណាម ស្របតាមកម្មវិធីសិក្សារបស់ក្រសួងជាតិអប់រំ។
អ្នកស្រាវជ្រាវនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត កា ម៉ាធុល មានប្រសាសន៍ថា វៀតណាម បានបញ្ជូនអ្នកឯកទេសរបស់ខ្លួនមករៀបចំកម្មវិធីឲ្យក្រសួងអប់រំជាតិកម្ពុជា និងផ្ដល់សៀវភៅសិក្សាភាសាវៀតណាម ព្រមទាំងគ្រូបង្រៀនភាសាវៀតណាម ដល់ក្រសួងអប់រំជាតិជាច្រើន។ លោកមានប្រសាសន៍បន្តថា ការបញ្ចូលភាសាវៀតណាម ក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំជាតិកម្ពុជា បានបង្កើតឲ្យបរិយាកាសនយោបាយនៅកម្ពុជា កាន់តែអាប់អួខ្លាំងឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលបានចោទប្រកាន់វៀតណាម ថាបានប្រើឥទ្ធិពលរបស់ខ្លួនមកលេបត្របាក់ប្រទេសកម្ពុជា និងលុបបំបាត់ភាសាខ្មែរ ដោយបញ្ចូលភាសាវៀតណាម ជំនួសវិញ។
ទោះជាយ៉ាងណាក៏ដោយ ឯកសារដែលចងក្រងដោយរាជបណ្ឌិត្យសភាដដែល បានគូសបញ្ជាក់យ៉ាងច្បាស់ថា ការដាក់បញ្ចូលភាសាវៀតណាម ក្នុងកម្មវិធីសិក្សា មានហេតុផលមួយចំនួនដូចជាចំពោះនិស្សិតខ្មែរដែលមានបំណងទៅរៀននៅប្រទេសវៀតណាម បន្ទាប់ពីពួកគេបញ្ចប់ការសិក្សានៅប្រទេសកម្ពុជា ព្រោះនិស្សិតទាំងនោះមានមូលដ្ឋានស្រាប់ ដោយមិនចាំបាច់ចំណាយពេលរៀនឡើងវិញ។ ហេតុផលនេះ ត្រូវបានក្រសួងអប់រំជាតិកម្ពុជា គាំទ្រ ហើយបានដាក់បញ្ចូលភាសាវៀតណាម នៅក្នុងកម្មវិធីអប់រំ។
ម៉្យាងវិញទៀត កម្មវិធីសិក្សារបស់ក្រសួងអប់រំជាតិនៅពេលនោះ គឺគ្រប់គ្រងដោយជំនាញការវៀតណាម ជាអ្នករៀបចំកម្មវិធីសិក្សាឲ្យក្រសួងអប់រំជាតិកម្ពុជា ហើយរហូតដល់ពេលនេះ ប្រទេសវៀតណាម នៅតែបន្តផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា។
ប្រធានគ្រប់គ្រងផ្នែកអប់រំនៃអង្គការសង្គ្រោះកុមារនៅកម្ពុជា លោក កែវ សារ៉ាត់ មានប្រសាសន៍ថា ឥទ្ធិពលរបស់ប្រទេសវៀតណាម មកលើប្រព័ន្ធអប់រំនៅកម្ពុជា ហាក់ដូចជាបានកាត់បន្ថយរហូតដល់ចំណុចសូន្យទៅហើយរហូតដល់ពេលនេះ ដោយសារប្រព័ន្ធអប់រំនៅប្រទេសកម្ពុជា បានផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស ចាប់តាំងពីឆ្នាំ១៩៨០ មក។ លោកបញ្ជាក់ថា ប្រព័ន្ធអប់រំនៅប្រទេសកម្ពុជា មានប្រមាណ ៥ដំណាក់កាល បានផ្លាស់ប្ដូររហូតដល់ឆ្នាំ១៩៩៣។
លោកមានប្រសាសន៍បន្ថែមថា ក្រសួងអប់រំបានធ្វើការផ្លាស់ប្ដូរសៀវភៅអប់រំគ្រប់កម្រិត ជាពិសេសចាប់តាំងពីថ្នាក់មូលដ្ឋាន ដែលមិនប៉ះពាល់ដល់ភាគីណាមួយ ឬជះឥទ្ធិពលអាក្រក់ដល់សម័យកាលណាមួយជាដើម ហើយការផ្លាស់ប្ដូរនោះ គឺស្ថិតក្រោមជំនួយគាំទ្រពីអង្គការយូនីហ្សេវ (UNICEF) និងយូណេស្កូ (UNESCO)៖ «ឲ្យកូនសិស្សរៀនដៀល ឬក៏មាក់ងាយ ទោះបីរឿងប្រវត្តិសាស្ត្រ ជួនកាលមិនសប្បាយចិត្ត។ អ៊ីចឹង មានការផ្លាស់ប្ដូរធំមួយ។ ហើយឆ្នាំ១៩៩៣ មានការផ្លាស់ប្ដូរទាំងស្រុង ហើយដែលខ្ញុំបានសង្កេតការជាមួយ មានកង់សុលតង់បរទេស»។
អ្នកស្រាវជ្រាវអភិវឌ្ឍន៍សង្គម លោក កែម ឡី មានប្រសាសន៍ថា ក្រុមយុវជនបច្ចុប្បន្ននឹងមិនរងក្រោមសម្ពាធរបស់វៀតណាម ដូចពេលមុនទៀតទេ ដោយសារតែសមត្ថភាពយុវជន និងការបើកចំហកាន់តែទូលំទូលាយ ដែលផ្ដល់ឱកាសឲ្យពួកគេចាប់យកប្រព័ន្ធអប់រំកាន់តែសម្បូរបែប។ ប៉ុន្តែ លោក កែម ឡី បន្ថែមថា ក្រុមមន្ត្រីជាន់ខ្ពស់របស់ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន នៅតែបានបញ្ជូន និងទទួលការបណ្ដុះផ្នែកយោធា និងផ្នែកយុទ្ធសាស្ត្រផ្សេងៗពីប្រទេសវៀតណាម នៅឡើយ ហើយនិន្នាការនេះ ហាក់ដូចជានៅរងឥទ្ធិពលដោយប្រយោល ចំពោះការអភិវឌ្ឍផ្សេងៗនៅប្រទេសកម្ពុជា៖ «ក៏ប៉ុន្តែ បើបញ្ជូនកម្មាភិបាល ការបញ្ជូនថ្នាក់ដឹកនាំទៅរៀន អាហ្នឹងមាន គឺទៅរៀនទ្រឹស្ដីនយោបាយ រៀននូវការស្រឡាញ់គ្នា ការសាមគ្គី ទ្រឹស្ដីមួយចំនួនក្នុងការដឹកនាំ ជាពិសេសក្នុងការបញ្ជា និងការគ្រប់គ្រង»។
ក្នុងរយៈពេល ៣០ឆ្នាំនេះ វៀតណាម បានសន្យាផ្ដល់អាហារូបករណ៍ទាំងរយៈពេលខ្លី និងវែង ចំនួនជាង ៥០០នាក់ ដល់ប្រទេសកម្ពុជា។ សហប្រតិបត្តិការលើវិស័យអប់រំរវាងកម្ពុជា និងវៀតណាម មានតម្លៃដល់ប្រទេសកម្ពុជា យ៉ាងខ្លាំងសម្រាប់លើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សកម្ពុជា ឲ្យឆ្លើយតបចំពេលទៅនឹងតម្រូវការបន្ទាន់ និងចាំបាច់បំផុតរបស់ប្រទេសកម្ពុជា។
របាយការណ៍របស់រាជបណ្ឌិត្យសភាបានបញ្ជាក់ថា និស្សិតខ្មែរដែលទៅរៀននៅប្រទេសវៀតណាម មានពីរប្រភេទ គឺនិស្សិតដែលបម្រើការនៅតាមស្ថាប័នរដ្ឋ មានប្រវត្តិរូបល្អ គ្មានញាតិសន្ដានណាម្នាក់ពាក់ព័ន្ធក្រុមខ្មែរក្រហម ហើយត្រូវបានបញ្ជូនទៅរៀននៅប្រទេសវៀតណាម។ ប្រភេទទីពីរ គឺនិស្សិតដែលជាកូនកម្មាភិបាលធំៗក្នុងរដ្ឋាភិបាល ទើបអនុញ្ញាតឲ្យទៅរៀននៅប្រទេសវៀតណាម ហើយក្រុមនិស្សិតទាំងនោះ នឹងក្លាយជាអ្នកដឹកនាំនៅក្នុងជួររដ្ឋាភិបាល ឬក្លាយជាអ្នកដឹកនាំនៅក្នុងជួរគណបក្សប្រជាជនកម្ពុជា ពេលដែលត្រឡប់មកពីការសិក្សាពីប្រទេសវៀតណាម៕
No comments:
Post a Comment
yes