សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 1, 2012

បក្ស​សមរង្ស៊ី​នឹង​ធ្វើ​សមាជ​ជ្រើសរើស​ប្រធាន​ថ្មី​នៅ​ថ្ងៃ​២ វិច្ឆិកា

អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ (ឆ្វេង) ធ្វើ​សន្និសីទ​កាសែត 
ស្ដីពី​កំណែ​ទម្រង់ គ.ជ.ប នៅ​គណបក្ស សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី២០ ខែ​កញ្ញា ឆ្នាំ​២០១២

គណបក្ស សម រង្ស៊ី គ្រោង​នឹង​ធ្វើ​សមាជ​វិសាមញ្ញ ដើម្បី​ជ្រើសរើស​ប្រធាន និង​អនុ​ប្រធាន​គណបក្ស​ថ្មី បន្ទាប់​ពី​លោក សម រង្ស៊ី បាន​លាលែង​ពី​ប្រធាន​គណបក្ស​នេះ​ទៅ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​បង្រួបបង្រួម​គ្នា​រវាង​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​វិញ​នោះ។
គណបក្ស សម រង្ស៊ី គ្រោង​នឹង​ធ្វើ​សមាជ​វិសាមញ្ញ នៅ​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០១២ ដើម្បី​កំណត់​ផែនការ និង​យុទ្ធសាស្ត្រ​នយោបាយ​ថ្មី​របស់​គណបក្ស​នេះ ដើម្បី​ប្រមូល​កម្លាំង​ទាំង​អស់​ទៅ​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៣ ខាង​មុខ។
លោក យឹម សុវណ្ណ ជា​មន្ត្រី​នាំ​ពាក្យ​នៃ​គណបក្ស សម រង្ស៊ី។ លោក​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១ វិច្ឆិកា ថា គណបក្ស សម រង្ស៊ី គ្រោង​នឹង​ធ្វើ​សមាជ​វិសាមញ្ញ​នៅ​ថ្ងៃ​ទី​២ វិច្ឆិកា នេះ នឹង​មាន​អ្នក​ចូល​រួម​ចន្លោះ​ពី ៥០០ ទៅ ១.០០០​នាក់ ដើម្បី​ជ្រើសរើស​មេដឹកនាំ​គណបក្ស​ថ្មី​ជំនួស​លោក សម រង្ស៊ី ដែល​លោក​បាន​លាលែង​ពី​តំណែង​ទៅ​ធ្វើ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​នោះ។

លោក យឹម សុវណ្ណ បញ្ជាក់​ថា បេក្ខជន​ប្រធាន​គណបក្ស សម រង្ស៊ី គឺ​លោក គង់ គាំ ជា​សមាជិក​ព្រឹទ្ធ​សភា ដែល​បច្ចុប្បន្ន​លោក​ជា​អនុ​ប្រធាន​គណបក្ស សម រង្ស៊ី។ រី​ឯ​បេក្ខជន​អនុ​ប្រធាន​នោះ គឺ​អ្នកស្រី ជូឡុង សូម៉ារ៉ា ដែល​អ្នក​ទាំង​ពីរ​នឹង​ត្រូវ​អង្គ​សមាជិក​បោះ​ឆ្នោត​ជ្រើសរើស​នៅ​ថ្ងៃ​ទី​២ វិច្ឆិកា៖ «ខិតខំ​ធ្វើ​ការ នឹង​រួបរួម​គ្នា​នៅ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​យើង​នឹង​រៀបចំ​បេក្ខជន​តំណាងរាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ប្រកួត​ប្រជែង​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៣ ខាង​មុខ»
គណបក្ស សម រង្ស៊ី នឹង​មិន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ប្រកួត​ប្រជែង​នៅ​អាណត្តិ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ទេ ប៉ុន្តែ​លោក យឹម សុវណ្ណ បញ្ជាក់​ថា សមាជិក​គណបក្ស សម រង្ស៊ី និង​សមាជិក​គណបក្ស​សិទ្ធិ​មនុស្ស​ទាំង​អស់​នឹង​រួម​គ្នា​នៅ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ធ្វើ​ការ​បោះ​ឆ្នោត​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពេល​ខាង​មុខ។
ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មិន​ទាន់​ច្បាស់លាស់​នៅ​ឡើយ ថា​តើ​រដ្ឋាភិបាល​នឹង​បើក​ច្រក​សម្របសម្រួល​ផ្នែក​នយោបាយ​ឲ្យ​លោក​វិល​ចូល​ស្រុក ដើម្បី​មក​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ។
ប៉ុន្តែ​បញ្ហា​នេះ លោក យឹម សុវណ្ណ អះអាង​ថា សហគមន៍​អន្តរជាតិ​មាន​ការ​អន្តរាគមន៍​ជា​បន្តបន្ទាប់​អំពី​បញ្ហា​នេះ ដោយ​គេ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត និង​ជំរុញ​ឲ្យ​មាន​វត្តមាន​មេដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ៖ «ដូច្នេះ​ខ្ញុំ​ជឿ​ថា រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ប្រាកដ​ជា​ពិនិត្យ​ពិចារណា​ទៅ​លើ​អនុសាសន៍​របស់​សហគមន៍​អន្តរជាតិ នឹង​រក​ដំណោះ​ស្រាយ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​ហ្នឹង»
ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ ទីប្រឹក្សា​រាជរដ្ឋាភិបាល និង​ជា​អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ទិត សុធា បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​៣០ តុលា ថា កម្ពុជា​ជា​រដ្ឋ​ឯករាជ្យ និង​អធិបតេយ្យ ដូច្នេះ​កម្ពុជា មិន​ស្ថិត​នៅ​ក្រោម​គំនាប​ប្រទេស​ណា​នោះ​ទេ៖ «ការ​អំពាវនាវ​នេះ ខ្ញុំ​មើល​ឃើញ​ថា មាន​ការ​ខុស​ឆ្គង​ខ្លាំង​ណាស់ គួរ​តែ​មាន​ការ​ពិនិត្យ​អំពី​ទិដ្ឋភាព​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​មុន​សិន មិន​គួរ​តែ​រិះគន់​ចេញ​ពី​ទី​ងងឹត​ដោយ​មិន​បាន​ពិនិត្យ​មើល​ឫស​គល់​នៃ​បញ្ហា»
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ នៅ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ សហគមន៍​អន្តរជាតិ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​អំពាវនាវ​ជា​បន្តបន្ទាប់ ក្នុង​នោះ​មាន​សមាជិក​ព្រឹទ្ធ​សភា​អូស្ត្រាលី និង​សមាជិក​សភា​សហភាព​អឺរ៉ុប ដែល​ជា​អង្គ​នីតិប្បញ្ញត្តិ​ដ៏​មាន​អំណាច​មួយ​នៅ​លើ​ពិភព​លោក បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល និង​គណបក្ស​សង្គ្រោះ​ជាតិ សម្រុះសម្រួល​ផ្នែក​នយោបាយ ដើម្បី​អនុញ្ញាត​ឲ្យ​គណបក្ស​ប្រឆាំង​ថ្មី​នេះ​អាច​ចូល​រួម​ការ​បោះឆ្នោត​ប្រកប​ដោយ​ភាព​ជឿជាក់ និង​ប្រកប​ដោយ​ប្រជាធិបតេយ្យ។
សមាជ​វិសាមញ្ញ​របស់​គណបក្ស សម រង្ស៊ី គេ​នឹង​ធ្វើ​ឡើង​នៅ​អតីត​ទីស្នាក់ការ​កណ្ដាល​គណបក្ស សម រង្ស៊ី ផ្ទះ​លេខ ៧១ សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។ សមាជ​វិសាមញ្ញ​នេះ​មាន​គោលបំណង​សំខាន់ គឺ​កំណត់​ផែនការ និង​យុទ្ធសាស្ត្រ​នយោបាយ​ថ្មីៗ​មួយ​ចំនួន​របស់​គណបក្ស ក្នុង​នោះ​នឹង​មាន​ធ្វើ​វិសោធនកម្ម​លក្ខន្តិកៈ​មួយ​ចំនួន​នៅ​ថ្ងៃ​ទី​២ វិច្ឆិកា ស្អែក​នេះ៕

No comments:

Post a Comment

yes