សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, November 18, 2012

សេចក្ដី​ប្រកាស​សិទ្ធិ​មនុស្ស​អាស៊ាន​ត្រូវ​បាន​អនុម័ត

អគ្គលេខាធិការ​អាស៊ាន លោក ស៊ូរិន ពិតសូវ៉ាន់ ថ្លែង​ក្នុង​សន្និសីទ​កាសែត​
បន្ទាប់​ពី​សេចក្ដី​ប្រកាស​សិទ្ធិ​មនុស្ស​អាស៊ាន​ត្រូវ​បាន​អនុម័ត ក្នុង​កិច្ច​
ប្រជុំ​កំពូល​អាស៊ាន នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​១៨ វិច្ឆិកា ឆ្នាំ​២០១២

សេចក្ដី​ប្រកាស​ស្ដីពី​សិទ្ធិ​មនុស្ស​អាស៊ាន បាន​អនុម័ត​ជា​ផ្លូវការ​ហើយ​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២១ នៅ​កម្ពុជា។
កន្លង​មក​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ បាន​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​អាស៊ាន​ទាំង​អស់ ផ្អាក​អនុម័ត​ជា​បណ្ដោះអាសន្ន នូវ​សេចក្ដី​ប្រកាស​ស្ដីពី​សិទ្ធិ​មនុស្ស​អាស៊ាន​នោះ​សិន តែ​នៅ​ទី​បំផុត​សេចក្ដី​ប្រកាស​នេះ​រដ្ឋាភិបាល​អាស៊ាន​នៅ​តែ​អនុម័ត។
រដ្ឋាភិបាល​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ទាំង ១០ បាន​ចុះ​ហត្ថលេខា​អនុម័ត​លើ​សេចក្ដី​ប្រកាស​ស្ដីពី​សិទ្ធិ​មនុស្ស​អាស៊ាន នៅ​ថ្ងៃ​ទី​១៨ វិច្ឆិកា ទោះ​បី​ជា​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ មាន​ការ​ព្រួយ​បារម្ភ​ថា សេចក្ដី​ប្រកាស​នោះ​មិន​គោរព​បាន​តាម​និយាម​សិទ្ធិ​មនុស្ស​អន្តរជាតិ។
រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ឥណ្ឌូនេស៊ី និង​អតីត​ជា​ប្រធាន​អាស៊ាន លោក ម៉ាទី ណាតាឡេហ្គាវ៉ា (Marty Natalegawa) មាន​ប្រសាសន៍​ថា សេចក្ដី​ប្រកាស​អាស៊ាន​នេះ មាន​សារសំខាន់​ណាស់​សម្រាប់​ប្រទេស​ក្នុង​តំបន់ ពីព្រោះ​ថា សេចក្ដី​ប្រកាស​ស្ដីពី​សិទ្ធិ​មនុស្ស​នេះ គឺ​ស្រប​ទៅ​នឹង​សិទ្ធិ​មនុស្ស​អន្តរជាតិ។

លោក ម៉ាទី បាន​អះអាង​ថា ការ​រិះគន់​ណា​មួយ​អំពី​សេចក្ដី​ប្រកាស​នេះ​ថា មិន​ល្អ​នោះ លុះ​ត្រា​ណា​អ្នក​រិះគន់​ទាំង​នោះ​មាន​សេចក្ដី​ប្រកាស​ស្ដីពី​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ដៃ​សិន៖ «ខ្ញុំ​គិត​ថា បើ​សិន​យើង​ជា​អ្នក​អង្កេត​មិន​លំអៀង​លើ​បញ្ហា​នេះ យើង​នឹង​ទទួល​ស្គាល់​សេចក្ដី​ប្រកាស​នេះ ព្រោះ​សេចក្ដី​ប្រកាស​នេះ ស្រប​ទៅ​នឹង​កម្រិត​សិទ្ធិ​មនុស្ស​អន្តរជាតិ និង​សេចក្ដី​ជា​ប្រកាស​សកល​ស្ដីពី​សិទ្ធិ​មនុស្ស​នៅ​ទីក្រុង​វីយ៉ែន»
ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បាន​លើក​ឡើង​ថា សេចក្ដី​ប្រកាស​ស្ដីពី​សិទ្ធិ​មនុស្ស​នេះ មិន​ត្រូវ​គេ​បង្ហាញ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​បាន​ឃើញ ឬ​យក​មក​ពិនិត្យ ដើម្បី​ផ្ដល់​អនុសាសន៍​នូវ​ចំណុច​ណា​មួយ​នោះ​ឡើយ។
ប្រធាន​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក​បណ្ឌិត សុក សំអឿន បាន​ពន្យល់​ថា ប្រទេស​ក្នុង​តំបន់​អាស៊ាន​មាន​ប្រទេស​ខ្លះ មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ខ្ពស់ និង​ប្រទេស​ខ្លះ​ពុំ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស។ លោក​បញ្ជាក់​ថា ប្រសិន​បើ​មាន​ករណី​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​មួយ ហើយ​ការ​ដោះស្រាយ​គេ​ពឹង​លើ​សេចក្ដី​ប្រកាស​នេះ នៅ​ពេល​នោះ​នឹង​មាន​បញ្ហា ពីព្រោះ​ថា គេ​នឹង​មិន​យក​សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​មក​សំអាង​ជា​ធំ​នោះ៖ «ស្រាប់តែ​អនុម័ត​អ៊ីចឹង​ទៅ ឧទាហរណ៍​ដូច​ជា​ប្រទេស​កម្ពុជា យើង​ធ្វើ​សត្យានុម័ត​លើ​ច្បាប់​សិទ្ធិ​មនុស្ស អង្គការ​សហប្រជាជាតិ​ច្រើន ទន្ទឹម​នឹង​ហ្នឹង រដ្ឋធម្មនុញ្ញ​យើង​ក៏​មាន​លក្ខណៈ​ខ្ពស់​ជាង​សេចក្ដី​ប្រកាស​របស់​សិទ្ធិ​មនុស្ស​អាស៊ាន​ដែរ»
ប្រធាន​ប្ដូរ​វេន​នៃ​គណៈកម្មការ​អន្តរ​រដ្ឋាភិបាល​សិទ្ធិ​មនុស្ស​អាស៊ាន និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​ឲ្យ​ដឹង​ថា ថ្ងៃ​នេះ​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រទេស​ជា​សមាជិក​អាស៊ាន ដែល​បាន​អនុម័ត​សេចក្ដី​ប្រកាស​ស្ដីពី​សិទ្ធិ​មនុស្ស​អាស៊ាន ហើយ​សេចក្ដី​ប្រកាស​នេះ បង្ហាញ​ពី​ឆន្ទៈ និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​អាស៊ាន ក្នុង​ការ​លើក​កម្ពស់ និង​ការពារ​សិទ្ធិ​មនុស្ស។
ភ្ជាប់​ទៅ​នឹង​បញ្ហា​នេះ អគ្គលេខាធិការ​អាស៊ាន លោក ស៊ូរិន ពិតស៊ូវ៉ាន់ (Surin Pitsuwan) បាន​អះអាង​ដែរ​ថា មេដឹកនាំ​នៃ​ប្រទេស​ជា​សមាជិក​សមាគម​អាស៊ាន បាន​ប្ដេជ្ញា​ថា នឹង​ខិតខំ​ធ្វើ​យ៉ាង​ណា​ឲ្យ​សិទ្ធិ​មនុស្ស​អាស៊ាន​ល្អ​ប្រសើរ និង​ជំរុញ​ឲ្យ​សេចក្ដី​ប្រកាស​នេះ​មាន​តម្លៃ​ស្មើ​នឹង​លិខិតុបករណ៍​សិទ្ធិ​មនុស្ស​អន្តរជាតិ និង​សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​មនុស្ស​នៅ​ទីក្រុង​វីយ៉ែន។
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ អ្វី​ដែល​ជា​ក្ដី​ព្រួយ​បារម្ភ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នោះ គឺ​ប្រទេស​ទាំង ១០ ដែល​ជា​សមាជិក​អាស៊ាន​នេះ មិន​មែន​សុទ្ធ​តែ​ជា​ប្រទេស​ប្រកាន់​នូវ​របប​ប្រជាធិបតេយ្យ​និយម​សេរី​ទាំង​អស់​នោះ​ទេ។ ប្រទេស​ខ្លះ​ប្រកាន់​នូវ​របប​កុម្មុយនិស្ត ខ្លះ​ប្រកាន់​នូវ​របប​ផ្ដាច់ការ ហើយ​ខ្លះ​ទៀត ប្រកាន់​របប​យោធា​និយម​ជាដើម។ ដោយសារ​ហេតុផល​នេះ​ហើយ ទើប​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ មាន​ការ​ព្រួយ​បារម្ភ​ថា សេចក្ដី​ប្រកាស​ស្ដីពី​សិទ្ធិ​មនុស្ស​អាស៊ាន គ្រាន់​តែ​ជា​យន្តការ​មួយ​ដើម្បី​សម្របសម្រួល​អំណាច និង​ផល​ប្រយោជន៍​នៃ​ក្រុម​មេដឹកនាំ​របស់​ប្រទេស​នីមួយៗ​តែ​ប៉ុណ្ណោះ។
ម្យ៉ាង​វិញ​ទៀត នៅ​មុន​ពេល​កិច្ច​ប្រជុំ​កំពូល​អាស៊ាន បាន​មក​ដល់ ដែល​កម្ពុជា​ជា​ប្រធាន​អង្គ​ប្រជុំ​នេះ ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ចំនួន ៨ បាន​ផ្ញើ​លិខិត​រួម​គ្នា ទទូច​ឲ្យ​រដ្ឋាភិបាល​ក្នុង​តំបន់​អាស៊ាន​ផ្អាក​ជា​បណ្ដោះ​អាសន្ន ចំពោះ​ការ​អនុម័ត​លើ​សេចក្ដី​ប្រកាស​ស្ដីពី​សិទ្ធិ​មនុស្ស​អាស៊ាន ពីព្រោះ​ថា សេចក្ដី​ប្រកាស​នេះ​មិន​ទាន់​ធានា​លើ​ការ​ការពារ​សិទ្ធិ​មនុស្ស​ឲ្យ​បាន​ពេញលេញ និង​ស្រប​ទៅ​តាម​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរជាតិ​នៅ​ឡើយ។ បញ្ហា​នេះ​នឹង​ក្លាយ​ទៅ​ជា​ភាព​ប្រថុយប្រថាន​ក្នុង​ការ​ការពារ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​តំបន់។
អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ចំនួន ៨ នោះ រួម​មាន Human Rights Watch, Amnesty International, Freedom House និង​អង្គការ​មួយ​ចំនួន​ទៀត៕

No comments:

Post a Comment

yes