សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, November 30, 2012

រក​ឃើញ​ឈើ​គ្រញូង​ក្នុង​ឡាន​ក្រុម​ហ៊ុន រិទ្ធី​មុនី មួយ​គ្រឿង

កំពង់ធំៈ មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​កំពង់​ថ្ម ស្រុក​សន្ទុក បាន​ស្ទាក់​ចាប់​រថយន្ត​ក្រុង​ដឹក​ជញ្ជូន​អ្នក​ដំណើរ​មួយ​គ្រឿង របស់​ក្រុម​ហ៊ុន រិទ្ធី​មុនី ដែល​បាន​លួច​លាក់​ដឹក​ឈើ​ប្រណីត​ប្រភេទ​គ្រញូង​ចំនួន ២២​ដុំ ស្មើ​នឹង​០,៣០៣ ម៉ែត្រ​គូប ខណៈ​ដែល​រថយន្ត​ដឹក​អ្នក​ដំណើរ​មួយ​នេះ ដឹក​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរ​ជាតិ ចំនួន ២៨ នាក់ ចេញ​ពី​ខេត្ត​សៀម​រាប ឆ្ពោះ​ទៅ​កាន់​រាជធានី​ភ្នំពេញ។
លោក សុទ្ធ ម៉ារី នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់​ថ្ម​បាន​ឲ្យ​ដឹង​ថា រថយន្ត​ក្រុង​ដឹក​អ្នក​ដំណើរ​របស់​ក្រុម​ហ៊ុន រិទី្ធ​មុនី ពាក់​ស្លាក ភ្នំពេញ 3B-0238 ត្រូវ​បាន​ស្ទាក់​ឃាត់​ឆែក​ឆេរ​រក​ឃើញ​ប្រភេទ​ឈើ​គ្រញូង ដែល​អ្នក​បើក​បរ​លួច​បង្កប់​មក ក្រោយ​ពី​ទទួល​ព័ត៌មាន​ពី​ភ្នាក់​ងារ​សម្ងាត់​រាយ​ការណ៍​ថា រថយន្ត​ក្រុម​ហ៊ុន​ខាង​លើ​បាន​ដឹក​ឈើ​គ្រញូង​ដាក់​នៅ​ចំណុច​ភូមិ​អូរ ស្ថិត​នៅ​ក្នុង​ស្រុក​ជីក្រែង ខេត្ត​សៀម​រាប។
លោក​បញ្ជាក់​ថា៖​«កម្លាំង​ចម្រុះ​មាន​អាវុធ​ហត្ថ ប៉ូលិស និង​រដ្ឋបាល​ព្រៃឈើ​បាន​ស្ទាក់​ព័ទ្ធ​ចាប់​រថយន្ត​ក្រុង​នេះ​កាល​ពី​ម៉ោង ៣​ទៀប​ភ្លឺ ក្រោយ​ពី​ទទួល​បាន​សេចក្តី​រាយ​ការណ៍​សម្ងាត់​ពី​ខេត្ត​សៀមរាប ប៉ុន្តែ អ្នក​បើកបរ​បាន​លួច​រត់​គេច​ខ្លួន​បាត់​ពេល​សមត្ថកិច្ច​កំពុង​ធ្វើ​ការ​ឆែក​រក​ឈើ​គ្រញូង ហើយ​យើង​ពិត​ជា​រក​ឃើញ​ឈើ​គ្រញូង​ដូច​គេ​រាយ​ការណ៍​មក​មែន»។
លោក​បន្ថែម​ថា ៖ «យើង​បាន​ជូន​ដំណឹង​ទៅ​ដល់​ក្រុម​ហ៊ុន រិទ្ធី​មុនី អំពី​រឿង​រ៉ាវ​នេះ ដើម្បី​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់»។

លោក សំ វិចិត្រ ប្រធាន​រដ្ឋបាល ក្រុម​ហ៊ុន​ដឹក​អ្នក​ដំណើរ រិទ្ធី​មុនី បាន​ថ្លែង​ថា ក្រុម​ហ៊ុន​កំពុង​រៀប​ចំ​សំណុំ​ឯកសារ ដើម្បី​ចូល​ខ្លួន​ទៅ​ដោះ​ស្រាយ​បញ្ហា​នេះ។
លោក​បញ្ជាក់​ថា៖​«យើង​កំពុង​រៀបចំ​ឯកសារ​ធ្វើ​តាម​ផ្លូវ​ច្បាប់ ហើយ​កំពុង​ស្វែង​រក​ចាប់​ខ្លួន​អ្នក​បើកបរ​រថយន្ត​របស់​ក្រុម​ហ៊ុន ដែល​បាន​ប្រព្រឹត្ត​ល្មើស​នឹង​ច្បាប់​ក្រុម​ហ៊ុន​ផង​ដែរ»។
នៅ​ថ្ងៃ​ដដែល​នោះ​ដែរ សមត្ថកិច្ច​ចម្រុះ​ដដែល​ក៏​បាន​ស្ទាក់​ចាប់​រថយន្ត​មួយ​គ្រឿង​ទៀត នៅ​ម៉ោង ១០​ព្រឹក នៅ​ចំណុច​គល់​ស្ពាន​កំពង់​ថ្ម ស្ថិត​នៅ​ក្នុង​ភូមិ​ត្រស់ ឃុំ បល្ល័ង្ក ស្រុក​បារាយណ៍។ រថយន្ត​ដឹក​អ្នក​ដំណើរ​ប្រភេទ​កាមរី បាន​ដឹក​ឈើ​គ្រញូង​សរុប​ចំនួន ២៣៥​ដុំ ស្មើ​នឹង ១.២០០​គីឡូ​ក្រាម ប៉ុន្តែ ម្ចាស់​រថយន្ត ដែល​បើកបរ​បាន​រត់​គេច​ខ្លួន​បាត់​ដូច​គ្នា​ដែរ។
ទោះ​យ៉ាង​ណា​មន្ត្រី​ព្រៃឈើ​កំពង់​ថ្ម លោក សុទ្ធ ម៉ារី បាន​បញ្ជាក់​ដែរ​ថា ៖ «ក្នុង​រយៈ​ពេល ៣០​ថ្ងៃ បើ​សិន​ម្ចាស់​រថយន្ត​ទាំង​ពីរ​មិន​ចូល​មក​ដោះ​ស្រាយ​តាម​នីតិ​វិធី​ច្បាប់​ទេ យើង​នឹង​បញ្ជូន​សំណុំ​រឿង​និង​វត្ថុ​តាង ទៅ​កាន់​តុលា​ការ ចាត់​ការ​តាម​ផ្លូវ​ច្បាប់»៕

No comments:

Post a Comment

yes