សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, November 30, 2012

ទាហាន​ថៃ​គប់​ពលរដ្ឋ​ខ្មែរ​របួស​៦នាក់

121129_03b
ស្ដ្រី​ជនជាតិ​ខ្មែរ​ម្នាក់​បង្ហាញ​ស្នាម​របួស​បន្ទាប់​ពី​ទាហាន​ថៃ​គប់​​​​​

បន្ទាយមានជ័យៈ ប្រជា​ពលរដ្ឋ​ខែ្មរ​ចំណាក​ស្រុក​ ៦​ នាក់​ និង​ជន​ជាតិ​ថៃ​ម្នាក់ ដែល​ម្នាក់​កំពុង​មាន​ផ្ទៃ​ពោះ​ ៧​ ខែ​ ផង​នោះ ត្រូវ​ទាហាន​ថៃ​គប់​ដុំ​ថ្ម​ និង​វាយ​ឲ្យ​រងរបួស ​កាល​ពី​ព្រឹក​ម្សិលមិញ នៅ​ខណៈ​ពេល​ដែល​ពួក​គេ​ កំពុង​នាំ​គ្នា​សម្រុក​ឆ្លង​ដែន​ ចូល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ តាម​ច្រក​របៀង​ព្រៃ​គប់​ ស្ថិត​នៅ​ក្នុង​ភូមិ​ព្រៃ​គប់ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែត។ អំពើ​ហិង្សា​នេះ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ប្រមាណ ៦០០ នាក់​ផ្សេង​ទៀត​ដែល​បម្រុង​ឆ្លង​ដែន បាន​បង្ខំ​ចិត្ត​វិល​មក​ស្រុក​វិញ​។
ប្រជា ​ពលរដ្ឋ​ខ្មែរ​​រាប់​រយ​នាក់​ នៅ​តាម​ព្រំ​ដែន តែង​តែ​ចេញ​ ចូល ព្រឹក​ល្ងាច​ ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ ដូច​ជា​ស្ទូងស្រូវ​ ច្រូត​ស្រូវ ឬ​ការងារ​កសិកម្ម​ផ្សេងៗ​ទៀត​ ដែល​ជា​ញឹក​ញាប់ តែង​តែ​ទទួល​រង​នូវ​ការ​ប្រមាថ មាក់​ងាយ ឬ​ការ​វាយ​ដំ​ធ្វើ​បាប​ពី​សំណាក់​អាជ្ញាធរ​ថៃ​។
លោក​ ណង សុង​ មេ​ភូមិ​ព្រៃ​គប់ បាន​និយាយ​ថា​ ទាហាន​ព្រំ​ដែន​ថៃ​ពីរ​នាក់​ បាន​គប់​ដុំ​ថ្ម​ និង​ប្រើ​ដំបង​ឈើ​ វាយ​មក​លើ​ក្រុម​ប្រជាពល​រដ្ឋ​ខ្មែរ​ប្រុស​ស្រី ចំ​ណាក​ស្រុក ប្រមាណ​ជា​ ៦០០​ នាក់ ​បណ្តាល​ឲ្យ​ស្រ្តី​ជា​ជន​ជាតិ​ខ្មែរ​ចំនួន​ ៥ នាក់​ និង​បុរស​ម្នាក់​រង​របួស។ ក្រៅ​ពី​នោះ​ ជន​ជាតិ​ថៃ​ម្នាក់​ ដែល​មក​ទទួល​យក​កម្មករ​ខ្មែរ​ នៅ​តំបន់​ព្រំ​ដែន​ ទៅ​ធ្វើ​ការ​នៅ​ថៃ​ក៏​បាន​រង​របួស​ធ្ងន់​ធ្ងរ​បែក​ក្បាល​ហូរ​ឈាម​ផង​ដែរ។ លោក​ ណង ​សុង បាន​បញ្ជាក់​ថា៖ «​ពលរដ្ឋ​យើង​ បាន​ដណ្តើម​គ្នា​ចូល​ទៅ​ថៃ​ ដើម្បី​ឆាប់​បាន​ការងារ​ធ្វើ​។ ពេល​នោះ​ទាហាន​ថៃ​ ដេញ​ឲ្យ​ចូល​ម្តង​ម្នាក់ៗ ​តែ​មិន​ឈ្នះ​ ក៏​ប្រើ​ហិង្សា​រើស​ដុំ​ថ្ម​គប់ ​និង​យក​ដំបង​ឈើ វាយ​ពួក​គេ ឲ្យ​របួស​ដៃ ជើង​ ខ្នង​និង​ខ្លួន​ជា​ដើម»។

លោក បន្ត​ថា ​ជន​ជាតិ​ខ្មែរ​ទាំង​ ៦​ នាក់​ នោះ​ រស់​នៅ​ក្នុង​ភូមិ​ទំនប់ក​ប្រាំ​ និង​ភូមិ​ព្រៃ​គប់។ ក្នុង​ចំណោម​ពួក​គេ មាន​ស្រ្តី​ម្នាក់​ មាន​ផ្ទៃ​ពោះ​ ៧​ ខែ​ ឈ្មោះ​សួរ​ ស្រីលីន​ អាយុ ២៤​ ឆ្នាំ​។ នាង​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​ពិ​និត្យ​ផ្ទៃ​ពោះ​ ថា​តើ​វា​មាន​ប៉ះពាល់​ដល់​កូន​នៅ​ក្នុង​ផ្ទៃ​ដែរ​ឬ​យ៉ាង​ណា​?
លោក​ណង សុង បាន​ថ្លែង​ថា៖ «​ទាហាន​ថៃ​ ហាក់​ដូច​ជា​មើល​ងាយ​ពលរដ្ឋ​ខ្មែរ​ណាស់។ រាល់​ពេល​ចេញ​ចូល ​គេ​មិន​ប្រើ​ដៃ​រាប់​ទេ។ គេ​សុទ្ធ​តែ​យក​ដំបង​ឈើ​ មក​គោះ​ក្បាល​រាប់»។ លោក​បាន​បន្ត​ថា អាជ្ញាធរ​ខ្មែរ-ថៃ បាន​ជួប​ប្រជុំ​គ្នាប​ន្ទាន់ ​បន្ទាប់​ពី​មាន​ហេតុការណ៍​នោះ​ដើម្បី​ដោះ​ស្រាយ និង​បង្ការ​កុំ​ឲ្យ​មាន​បញ្ហា​បែប​នេះ​កើត​ឡើង​បន្ត​ទៀត​ នៅ​ថ្ងៃ​ក្រោយ។
លោក ​សៅ ​វាសនា ​ប្រធាន​ក្រុម​ការងារ​ទំនាក់​ទំនង​ព្រំ​ដែន​កម្ពុជា-ថៃ ប្រ​ចាំ​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែត​ បាន​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​ហេតុការណ៍​នោះ ទាហាន​ការពារ​ព្រំ​ដែន​ថៃ​ បាន​បាញ់ ៥​គ្រាប់​ ទៅ​លើ​មេឃ​ ដើម្បី​គំរាម​ប្រជា​ពលរដ្ឋ​ខ្មែរ​ កុំ​ឲ្យ​តវ៉ា ឬ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ពួក​គេ។
លោក​សៅ ​វាសនា​ បាន​បញ្ជាក់​ថា​៖«​ភ្លាមៗ​នោះ នគរបាល​ប៉ុស្តិ៍​យើង​ ដែល​នៅ​ជិត​នោះ​បាន​ទៅ​អន្តរាគមន៍ ដើម្បី​កុំ​ឲ្យ​មាន​អំពើ​ហិង្សា​បន្ថែម​ទៀត។ មាន​តែ​ពលរដ្ឋ​ប្រហែល​ជា​ ៣០​នាក់​ប៉ុណ្ណោះ ​បាន​ចូល​ទៅ​ធ្វើ​ការ​នៅ​ថៃ​។ ចំណែក​រាប់​រយ​នាក់​ផ្សេង​ទៀត បាន​ត្រឡប់​មក​ផ្ទះ​វិញ»។ លោក​សៅ ​វាសនា​ បាន​ឲ្យ​ដឹង​ថា ​ក្នុង​មួយ​ខែៗ​ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ ប្រមាណ​​ជា ៧ ​ពាន់​នាក់​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ ដឹក​បញ្ជូន​ត្រឡប់​មក​វិញ​ បន្ទាប់​ពី​ពួក​គេ ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​រក​ការ​ងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​ថៃ។
យោង​តាម​ របាយការណ៍ ៦ ខែ​ ដើម​ឆ្នាំ​ ២០១២ ​របស់​ការិយាល័យ​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា-ថៃ​ បាន​ឲ្យ​ដឹង​ថា​ ទាហាន​ថៃ បាន​បាញ់​សម្លាប់​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​ឆ្លង​ដែន​ចូល​កាប់​ឈើ​ខុស​ច្បាប់​ចំនួន ៣៨​ នាក់​ របួស ​១០ នាក់​ បាត់​ខ្លួន ០១ នាក់​ និង​ចាប់​ដាក់​ពន្ធនា​គារ​ចំនួន​១៩៤​ នាក់​។​ លើស​ពី​នេះ ​ប្រជា​ពលរដ្ឋ​ខ្មែរ​ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ ចំនួន​៦៨៦៥៩​ នាក់ ​ត្រូវ​បាន​ចាប់​បញ្ជូន​មក​ស្រុក​ខ្មែរ​វិញ៕

No comments:

Post a Comment

yes