សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, November 4, 2012

អ្នក​វិភាគ៖ ការ​គ្រប់​គ្រង​ចំណូល​ប្រេង​មិន​តម្លាភាព​នាំ​ឲ្យ​សេដ្ឋកិច្ច​អន់ថយ

អតិថិជន​ចូល​ចាក់​សាំង​នៅ​ក្នុង​ស្ថានីយ​ប្រេង​មួយ​កន្លែង​នៅ​ក្នុង​រាជធានី​ភ្នំពេញ
 កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១១

ការ​គ្រប់​គ្រង​ចំណូល​​ដែល​បាន​មក​ពី​ធនធាន​ប្រេង​និង​ឧស្ម័ន ទាម​ទា​ឲ្យ​មាន​ស្ថាប័ន​មួយ​ចំនួន​ត្រូវ​មាន​ភាព​រឹងមាំ និង​ធនធាន​មនុស្ស​សមស្រប ដើម្បី​​គ្រប់គ្រង​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស។
ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ប្រទេស​កម្ពុជា ចាំបាច់​​រៀន​សូត្រ​​ពី​ប្រទេស​ផលិត​ប្រេង​ជា​ច្រើន​លើ​ពិភពលោក ព្រម​ទាំង​បាន​​ពន្យារ​ការ​ទាញ​យក​ប្រេង​នៅ​ឆ្នាំ​២០១៦ ខាង​មុខ ហើយ​ការ​ពន្យារ​ពេល​នេះ ​ជា​ឱកាស​មួយ​សម្រាប់​កសាង​​ធនធាន​មនុស្ស​សមស្រប និង​ពង្រឹង​ស្ថាប័ន​ក្នុង​ការ​គ្រប់គ្រង​ចំណូល​ធនធាន​ប្រេង និង​ឧស្ម័ន។
អ្នក​វិភាគ​សេដ្ឋកិច្ច​បាន​រក​ឃើញ​ថា ប្រទេស​មួយ​អាច​នឹង​អន់​ថយ​នៃ​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​នៅ​ពេល​​ដែល​ប្រទេស​នោះ​បាន​រក​ឃើញ​ធនធាន​ប្រេង និង​ឧស្ម័ន។ ការ​លើក​ឡើង​នេះ​​គឺ​ផ្ទុយ​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​​​របស់​ប្រទេស​នោះ​ដែល​ធ្លាប់​អះអាង​ថា ការ​រក​ឃើញ​ធនធាន​​ធនធាន​ធម្មជាតិ ជា​ពិសេស​ប្រេង និង​ឧស្ម័ន បាន​​ក្លាយ​ជា​ប្រភព​ចំណូល​សម្រាប់​អភិវឌ្ឍ​ប្រទេស និង​កាត់​បន្ថយ​ភាព​ក្រីក្រ។

យ៉ាង​ណា​ក៏​ដោយ ហេតុផល​ជា​ច្រើន​ដែល​អ្នក​វិភាគ​សេដ្ឋកិច្ច​​​បាន​ប៉ាន់​ស្មាន​ទុក​​ជា​មុន​នោះ គឺ​ការ​គ្រប់​គ្រង​ចំណូល​ពី​ធនធាន​ទាំង​នោះ​មិន​ប្រកប​ដោយ​តម្លាភាព និង​គ្មាន​ប្រសិទ្ធភាព​ក្នុង​ការ​គ្រប់គ្រង។ ជាក់​ស្ដែង​ ប្រទេស​​ដែល​រក​ឃើញ​ធនធាន​ប្រេង​ប្រមាណ​ពាក់​កណ្ដាល​ មិន​បាន​យក​ចំណូល​ពី​ប្រេង​នោះ​ទៅ​អភិវឌ្ឍ​ប្រទេស​ជាតិ​ឡើយ។ កត្តា​នេះ​គឺ​ដោយ​សារ​តែ​មាន​អំពើ​ពុក​រលួយ ការ​ចាត់​ចែង ការ​បែក​ចែក​ចំណូល​គ្មាន​ប្រសិទ្ធភាព ដែល​ធ្វើ​​​ឲ្យ​ប្រទេស​នោះ​កាន់​តែ​ក្រ​ទៅ និង​គម្លាត​អ្នក​មាន និង​អ្នក​ក្រ​កាន់​តែ​ធំ​ទៅ។
មាន​ឧទាហរណ៍​ច្រើន​ណាស់​សម្រាប់​ប្រទេស​ដែល​មាន​ប្រេង​ ប៉ុន្តែ​​​គ្មាន​ការ​​អភិវឌ្ឍ​ បើ​ទោះ​ជា​ប្រទេស​នោះ​ទទួល​បាន​ចំណូល​ពី​ធនធាន​ប្រេង​​ច្រើន​សន្ធឹក​សន្ធាប់​​រៀង​រាល់​ឆ្នាំ​ក៏​ដោយ។ បញ្ហា​នេះ ​​គេ​និយាយ​ជា​ទូទៅ​ថា ជា​បណ្ដាសា​ប្រេង ​មាន​ន័យ​​ថា ការ​ទទួល​បាន​ប្រេង​នឹង​ធ្វើ​ឲ្យ​ប្រទេស​នោះ​អន់​ខ្សោយ។
ប្រធាន​សមាគម​អ្នក​​សេដ្ឋកិច្ច​កម្ពុជា លោក ច័ន្ទ សុផល មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​ជា​អ្នក​ទទួល​ខុសត្រូវ​​ក្នុង​ការ​​ប្រមូល​ពន្ធ ដើម្បី​ចំណាយ​សាធារណៈ​នៅ​ក្នុង​ប្រទេស​មួយ ដូច​ជា​ការ​ចំណាយ​ហេដ្ឋារចនាសម្ព័ន្ធ​ឲ្យ​មាន​ផ្លូវ​ថ្នល់​គ្រប់​គ្រាន់​ និង​ការ​អភិវឌ្ឍ​សង្គម​​ឲ្យ​ប្រជាជន​មាន​សុខភាព​ល្អ ការ​អប់រំ​ខ្ពស់​ជា​ដើម។
លោក​បន្ថែម​ថា ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ធនធាន​ប្រេង ត្រូវ​ប្រើ​ចំណូល​ដើម្បី​ចំណាយ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឲ្យ​រីក​ចម្រើន រួម​ទាំង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ​​ប៉ុន្តែ​លោក​​បញ្ជាក់​ថា ការ​ចំណាយ​ច្រើន​ពេក អាច​ធ្វើ​មាន​សេដ្ឋកិច្ច​មួយ​មាន​វិបត្តិ​ដែរ​តាម​រយៈ​​ការ​កើន​ឡើង​​ថ្លៃ​ទំនិញ​ប្រើប្រាស់​ខ្ពស់​​ជា​ដើម។
លោក ច័ន្ទ សុផល៖ «ជូន​កាល​ដាក់​គោល​នយោបាយ​ចេញ​ទៅ​ ចំណាយ​ទៅ ហើយ​កាល​ណា​ចំណាយ​​មិន​បាន​ដូច​គោល​បំណង​ខ្ជះខ្ជាយ ពុក​រលួយ បាត់​​នោះ វា​អាច​បង្ក​បញ្ហា​ទៀត។ នៅ​ក្នុង​ម៉ាក្រូ​សេដ្ឋកិច្ច​ យើង​ធ្វើ​អ្វី​មួយ​កើត​ហើយ ចប់ គឺ​មិន​មែន​អ៊ីចឹង​ទេ។ វា​អាច​កើត​ជា​លុយ​ច្រើន​ពេក លុយ​ច្រើន​ពេក​ ខ្ជះខ្ជាយ​ គេ​យក​ទៅ​ចូល​បា ខារ៉ាអូខេ វិល​វល់​ពេញ​ហ្នឹង​ វា​ធ្វើ​ឲ្យ​ទៅ​ជា​អតិផរណា»
លោក ច័ន្ទ សុផល មាន​ប្រសាសន៍​បន្ត​ថា រដ្ឋាភិបាល​ប្រទេស​នីមួយៗ​ដែល​មាន​ធនធាន​ប្រេង​ ត្រូវ​តែ​គិត​នោះ គឺ​​ការ​ប្រែប្រួល​​ចំណូល ដោយ​សារ​តែ​ការ​ទទួល​បាន​ចំណូល​ពី​ប្រេង​នោះ វា​នឹង​បាត់​បង់​ទៅ​វិញ។ លោក​បញ្ជាក់​ថា ការ​ទាញ​យក​ធនធាន​ធម្មជាតិ​ជា​ពិសេស​ធនធាន​ប្រេង និង​ឧស្ម័ន ត្រូវ​ឆ្លង​កាត់​កត្តា​មួយ​ចំនួន ការ​អនុញ្ញាត ឬ​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​​​​ដល់​ក្រុមហ៊ុន​ឯកជន​ជា​អ្នក​ទាញ​យក។ ទី​ពីរ​គឺ​ការ​បង្កើត​ច្បាប់​គ្រប់គ្រង​ដំណើរ​ការ​ទាញ​យក​ប្រេង​របស់​ក្រុមហ៊ុន​​ឯកជន​ទាំង​នោះ ទី​បី ការ​ប្រមូល​ពន្ធ ទី​បួន គឺ​គ្រប់​គ្រង ឬ​ការ​បែង​ចែក​ចំណូល ដើម្បី​អភិវឌ្ឍ​គម្រោង​អភិវឌ្ឍ​ក្នុង​ប្រទេស​ប្រកប​ដោយ​និរន្តរភាព។
​​​​​​រដ្ឋាភិបាល​កម្ពុជា ធ្លាប់​បាន​អះអាង​ថា​ នៅ​ពេល​​​ដែល​កម្ពុជា បាន​ទាញ​យក​ធនធាន​ប្រេង​ប្រកប​ដោយ​ជោគជ័យ នោះ​ចំណូល​ពី​ធនធាន​​នេះ នឹង​ចូល​រួម​ចំណែក​សម្រាប់​អភិវឌ្ឍ​ប្រទេស​ ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​បាន​យ៉ាង​ឆាប់​រហ័ស ហើយ​រយៈកាល​កន្លង​មក​ ប្រទេស​កម្ពុជា គ្រោង​ជា​លើក​ដំបូង​​នឹង​ទាញ​យក​ប្រេង នៅ​ឆ្នាំ​២០១០ ប៉ុន្តែ​គម្រោង​នេះ​បាន​ពន្យារ​រហូត​ដល់​ចុង​ឆ្នាំ​២០១២។ ការ​អះអាង​ចុង​ក្រោយ ការ​ទាញ​យក​ប្រេង និង​ឧស្ម័ន​ នឹង​​ប្រព្រឹត្ត​នៅ​ឆ្នាំ​២០១៦។
នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ពន្ធភាព​ដើម្បី​តម្លាភាព​​នៃ​ប្រាក់​ចំណូល លោក ឆាយ សារ៉ាត់ មាន​ប្រសាសន៍​ថា វិស័យ​ប្រេង និង​ឧស្ម័ន គឺ​ទាម​ទា​ធនធាន​មនុស្ស​​ខ្លាំង​ដើម្បី​គ្រប់​គ្រង​ប្រាក់​ចំណូល​ធនធាន​ទាំង​នោះ បើ​ពុំ​ដូច្នោះ​ទេ​ វិស័យ​នេះ​នឹង​មិន​​ផ្ដល់​​​ការ​រីក​ចំរើន​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​ឡើយ ដែល​ការ​ពន្យារ​ពេល​នៃ​ការ​បូម​ប្រេង​ នោះ​ជា​ឱកាស​មួយ​សម្រាប់​រដ្ឋាភិបាល​កសាង​ធនធាន​​មនុស្ស​​សមស្រប។
លោក ឆាយ សារ៉ាត់៖ «អ៊ីចឹង​បាន​ខ្ងុំ​យល់​ឃើញ​ថា ការ​ពន្យារ​ពេល​បូល​ប្រេង​នៅ​ឆ្នាំ​២០១៦ ជា​​ផ្នែក​មួយ​ដែរ ជា​ឱកាស​សម្រាប់​ដល់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​កសាង​សមត្ថភាព កសាង​​ក្របខ័ណ្ឌ​ច្បាប់​ផ្សេងៗ​ទៀត ដែល​យើង​មិន​ទាន់​មាន​នៅ​ឡើយ។ ឧទាហរណ៍​ប្រទេស​ន័រវ៉េ (Norway) អ៊ីចឹង​គាត់​រក​ឃើញ​ប្រេង​នៅ​ឆ្នាំ​១៩៦០ មែន ប៉ុន្តែ​គាត់​អត់​ទាន់​បូម​យក​ប្រេង​ទាំង​អស់​នោះ​ទេ ដោយ​សារ​តែ​គាត់​អត់​ទាន់​មាន​ក្របខ័ណ្ឌ​ច្បាប់​គ្រប់​គ្រាន់ ហើយ​អត់​ទាន់​មាន​សមត្ថភាព»
លោក​មាន​ប្រសាសន៍​បន្ត​ថា តួនាទី​របស់​សង្គម​ស៊ីវិល​បាន​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​តាមដាន និង​ជំរុញ​ឲ្យ​​ឈាន​ដល់​ការ​គ្រប់គ្រង​ចំណូល​ធនធាន​​​ប្រេង និង​ឧស្ម័ន​កាន់​តែ​ប្រសើរ និង​តម្លាភាព។
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បទពិសោធន៍​របស់​ប្រទេស​មួយ​ចំនួន​​ដែល​​ទទួល​បាន​ប្រាក់​ចំណូល​ធនធាន​ប្រេង​បាន​ចំណាយ​បួន​ប្រភេទ​ខុស​គ្នា សម្រាប់​​យក​ទៅ​អភិវឌ្ឍ​ប្រទេស។ ជម្រើស​ទី​មួយ​ គឺ​​ចំណូល​ពី​ប្រេង​ទាំង​អស់​ត្រូវ​ចំណាយ​ទាំង​ដុល​សម្រាប់​កំណើន​សេដ្ឋកិច្ច ប៉ុន្តែ​ជម្រើស​នេះ​អាច​ធ្វើ​មាន​អស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច ហើយ​ការ​អនុវត្ត​ជម្រើស​នេះ ទាម​ទា​រ​​ឲ្យ​ប្រទេស​នោះ​មាន​ស្ថាប័ន​ខ្លាំង។ ជម្រើស​ទី​ពីរ​នៃ​​ការ​ចាត់​ចែង​ចំណូល​ធនធាន​ប្រេង​នោះ​ គឺ​រក្សា​ទុក​ជា​ទ្រព្យ​សម្បត្តិ​​រដ្ឋ​ ប៉ុន្តែ​ជម្រើស​អាច​មិន​ល្អ​សម្រាប់​ប្រទេស​ក្រីក្រ ដោយ​សារ​​តែ​ទុក​ធនធាន​ចោល ទន្ទឹម​នឹង​ប្រទេស​កំពុង​ត្រូវ​ការ​​​ខ្ពស់​សម្រាប់​យក​ទៅ​អភិវឌ្ឍ​ប្រទេស។
ជម្រើស​ទី​បី ​គឺ​ការ​ចំណាយ​​ប្រកប​ដោយ​និរន្តរភាព គឺ​ចំណាយ​មួយ​ចំនួន​ ហើយ​ទុក​មួយ​ចំនួន​សម្រាប់​ពេល​ខាង​មុខ ដែល​ជៀសវាង​ចំណាយ​ខ្លាំង​ពេក​ បង្ក​ជា​បញ្ហា​សេដ្ឋកិច្ច។ ទី​បួន​គឺ​ការ​ចំណាយ​​ជា​មធ្យម​ធៀប​នឹង​ប្រាក់​ចំណូល​ធនធាន​ប្រេង​​ដែល​ប្រទេស​ទាំង​នោះ​​ទទួល​បាន។
លោក ច័ន្ទ សុផល បាន​អះអាង​ថា ការ​ចំណាយ​បាន​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​កើន​ឡើង​ពិត​ប្រាកដ​មែន​ ប៉ុន្តែ​ការ​ចំណាយ​ទាំង​នោះ​ត្រូវ​តែ​ជា​លក្ខណៈ​រលូន​ ដើម្បី​ធ្វើ​មាន​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច៖«ការ​ធ្វើ​ដូច្នេះ គឺ​ជៀសវាង​ចំណាយ​ខ្លាំង​ពេក ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កើន​ខ្លាំង ផុត​ពី​នោះ​អាច​អត់​អី​ចាយ សេដ្ឋកិច្ច​ធ្លាក់​ចុះ​មក​វិញ គឺ​វា​អាច​ជា​បញ្ហា។ ក្នុង​ម៉ាក្រូ​សេដ្ឋកិច្ច​គេ​ចង់​បាន​ឲ្យ​មាន​លក្ខណៈ​រលូន​ ឈាន​ឡើង​ជា​លំដាប់ តែ​មិន​គំហុក​ពេក មិន​ធ្លាក់​ខ្លាំង​ពេក»
ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​​ចំណូល​ចំណាយ និង​ការ​គ្រប់​គ្រង​ចំណូល​ធនធាន​ប្រេង​នៅ​ប្រទេស​កម្ពុជា ប្រធាន​គណៈកម្មាធិការ​ហិរញ្ញ​វត្ថុ​នៃ​រដ្ឋ​សភា លោក​បណ្ឌិត ជាម យៀប មាន​ប្រសាសន៍​ថា ប្រទេស​ដែល​មាន​ប្រេង​ ត្រូវ​មាន​ផែន​ការ​​ជាក់​លាក់ ឬ​គោល​នយោបាយ​សមស្រប​​មួយ​សម្រាប់​ប្រើប្រាស់​ចំណូល​ពី​ប្រេង និង​ឧស្ម័ន ប្រកប​ដោយ​ប្រសិទ្ធភាព​ដើម្បី​ជៀសវាង​បណ្ដាសា​ប្រេង៖«ការ​ប្រើ​ប្រាស់​ចំណូល​ប្រេង និង​ឧស្ម័ន គឺ​ត្រូវ​តែ​ វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​​ប្រកប​ដោយ​អភិបាលកិច្ច​ល្អ ដែល​ជា​មធ្យោបាយ​ជៀសវាង​បណ្ដាសា​ប្រេង»
លោក ជាម យៀប បន្ថែម​ថា ដើម្បី​សម្រេច​បាន​ទស្សន​វិស័យ​នេះ គឺ​ទាម​ទា​​​ការ​បង្កើត​ច្បាប់​សម្រាប់​ គ្រប់​គ្រង​ប្រេង និង​ឧស្ម័ន និង​ច្បាប់​សម្រាប់​គ្រប់​គ្រង​ចំណូល​ពី​ធនធាន​ប្រេង ដែល​ច្បាប់​ទាំង​ពីរ​នេះ​បាន​ចេញ​ជា​សេចក្ដី​ព្រាង​រួច​ជា​ស្រេច​ហើយ ដែល​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ពិនិត្យ។
នៅ​លើ​ពិភពលោក​មាន​តម្រូវ​ការ​ប្រេង​ប្រមាណ​ជាង ៨០​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ។ ប្រទេស​ដែល​មាន​តម្រូវ​ការ​ប្រេង​ខ្ពស់​ជាង​គេ គឺ​សហរដ្ឋអាមេរិក ប្រើប្រាស់​ប្រមាណ ២០​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ បន្ទាប់​មក​គឺ​ប្រទេស​ចិន ប្រើប្រាស់​ប្រមាណ ៨​លាន​បារ៉ែល ក្នុង​មួយ​ថ្ងៃ​ និង​ប្រទេស​ជប៉ុន ប្រើប្រាស់​ប្រមាណ​ជិត ៥​លាន​បារ៉ែល ក្នុង​មួយ​ថ្ងៃ ហើយ​បន្ទាប់​មក​​គឺ​ប្រទេស​ឥណ្ឌា និង​រុស្សី ដែល​ប្រទេស​ទាំង​ប្រាំ​នេះ បាន​ប្រើ​ប្រាស់​ប្រេង​ជិត​ពាក់​កណ្ដាល​នៃ​ការ​ផ្គត់ផ្គង់​ប្រេង​សរុប​លើ​ពិភពលោក៕

No comments:

Post a Comment

yes