កម្ពុជារៀបចំ «កិច្ចប្រជុំកំពូលអាស៊ាន» ថ្ងៃទី១៨-២០វិច្ឆិកា។
នេះជារូបសញ្ញារបស់អាស៊ាន រៀបចំក្នុងសួនច្បារ
នៅពីមុខវិមានសន្តិភាពរបស់រដ្ឋាភិបាល
នៅពីមុខវិមានសន្តិភាពរបស់រដ្ឋាភិបាល
បញ្ហាជម្លោះដីធ្លី ប្រព័ន្ធតុលាការមិនឯករាជ្យ អំពើរំលោភសិទ្ធិមនុស្ស និងបញ្ហាមួយ ចំនួនផ្សេងៗ ទៀត សុទ្ធតែជារបៀបវារះ ដែលប្រជាជនកម្ពុជាអ្នករងគ្រោះ នឹងដំណោះស្រាយក្នុង ស្រុកមិន បាន ផលនោះ ចង់ឲ្យមេដឹកនាំប្រទេសមហាអំណាចធំៗមួយចំនូន ជាពិសេស ប្រធានាធិបតីអាមេរិក លោកបារ៉ាក អូបាម៉ា (Barack Obama) យកមកពិភាក្សា ក្នុងកិច្ចប្រជុំកំពួលអាស៊ានលើកទី២១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ទស្សនាវដ្តី មនោរម្យព័ងអាំងហ្វូ បានជួបសម្ភាសជាមួយប្រជាពលរដ្ឋ មួយចំនួន ទាក់ទងទៅនឹងក្តីរំពឹងទុករបស់ពួកគាត់។
លោកព្រំវាសនា ជានិស្សិតទើបបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យធនធានមនុស្ស បាន បញ្ចេញ ទស្សនៈថា «ខ្ញុំគិតថា ការមកដល់របស់ប្រធានធិបតីបារ៉ាក អូបាម៉ា(Barack Obama ) គឺល្អ ព្រោះវានឹងជួយ ឲ្យបញ្ហាសិទ្ធិមនុស្ស និងបញ្ហារំលោភដីធ្លី ដែលកើតមានក្នុងប្រទេស កម្ពុជា ប្រសើរ ឡើង។ ខ្ញុំសង្ឃឹមថាលោក បារ៉ាក អូបាម៉ា នឹងក្រឡេកមើលទៅ (លើបញ្ហា) សម្បទានដីធ្លី ដែលប៉ះ ពាល់ដល់ប្រជាពលរដ្ឋ។ ទឹកមាត់របស់ លោកបារ៉ាក អូបាម៉ា ប្រៃ។ ដូច្នេះ បញ្ហាអាស៊ាន ក៏ដូចជាបញ្ហាប្រទេសកម្ពុជានឹងល្អឡើង នៅក្រោយកិច្ចប្រជុំនេះ។»
ដោយឡែកចំពោះ អ្នកស្រីទេព វណ្ណីដែលជាតំណាងរងគ្រោះពីជម្លោះដីធ្លី នៅតំបន់បឹងកកវិញ បានបញ្ចេញក្តីសង្ឃឹមរបស់ពួកគាត់ ថាចង់ «សុំឲ្យសហរដ្ឋអាមេរិកបន្តជួយគាំទ្រ និងដោះស្រាយជម្លោះដ៏រុំារ៉ៃ ដល់ប្រជាជនបឹងកក់ដែល រដ្ឋាភិបាលកម្ពុជាកំពុងរំលោភសិទ្ធិដីធ្លី។ ខ្ញុំសង្ឃឹម ៧០% ពីលោកបារ៉ាក អូបាម៉ា»។
និស្សិតស្ត្រីមួយរូបទៀត ដែលរៀននៅឯសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ នាងបានលើកឡើងថា «វត្តមានរបស់លោកប្រធានាធិបតី សហរដ្ឋអាមេរិកបារ៉ាក់ អូបាម៉ា នឹងជួយដោះស្រាយជម្លោះដីធ្លីនៅបឹងកក និងសេរីភាពសិទ្ធិមនុស្ស។ ខ្ញុំសង្ឃឹមពី ៣០ទៅ ៤០%។ ប្រទេសយើងអាចនឹងអនុវត្ត គោលនយោបាយសិទ្ធិមនុស្សបានល្អ បន្តិចម្តងៗ ព្រោះអីយើងទទួលជំនួយ ពីសហរដ្ឋអាមេរិកច្រើនដែរ។»
លោកពូ ឡុង ខន ប្រជាពលរដ្ឋម្នាក់ រស់នៅក្នុងរាជធានីភ្នំពេញ បានផ្ដល់ក្ដីសង្ឃឹម ប្រមាណជា៧០% ពីវត្តមានរបស់លោកប្រធានាធិបតី បារ៉ាក អូបាម៉ាថា «គាត់នឹងជួយធ្វើឲ្យប្រសើរឡើង នូវបញ្ហាសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា»។ លោកបាន និយាយយោងជាពិសេស ទៅដល់បញ្ហានយោបាយក្នុងប្រទេស ដែលទាក់ទង នឹងការបោះឆ្នោតនាពេលខាងមុខ។ ជាមួយនឹងកិច្ចអន្តរាគមរបស់ ប្រធានាធិបតីអាមេរិក លោកពូសង្ឃឹមថា «មេដឹកនាំគណបក្សសង្គ្រោះជាតិ លោកសមរង្សី អាចនឹងត្រឡប់ចូលស្រុកវិញ ដើម្បីប្រកួតប្រជែងការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០១៣ខាងមុខ។ លោកអូបាម៉ានឹងជជែក ពីការផ្លាស់ប្តូរសមាសភាព គណគម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ ជ ប នៅប្រទេសកម្ពុជា»។
ចំណែកលោក គិត ទួច មន្រ្តីជាន់ខ្ពស់ នៃគម្រោងច្បាប់ដីធ្លី និងធនធានធម្មជាតិ របស់មជ្ឍមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៏ លោកមិនសូវជាមានសុទិត្ថិនិយមប៉ុន្មាន ចំពោះប្រធានាធិបតីអាមេរិក ថានឹងយកចិត្តទុកដាក់ ទៅលើបញ្ហាដែលកើតមាននៅក្នុងប្រទេសកម្ពុជាប៉ុន្មានទេ។ លោកបានបញ្ចេញទស្សនៈថា «ខ្ញុំគិតថាមេដឹកនាំសហរដ្ឋអាមេរិក នឹងផ្តោតទៅលើបញ្ហាធំៗ ដែលកើតមានឡើង ក្នុងតំបន់អាស៊ី និងអាស៊ីអាគ្នេយ៏ដូចជា សមុទ្រចិនខាងត្បូង បញ្ហាជម្លោះសាសនា ក៏ដូចជាបញ្ហាសេដ្ឋកិច្ច ច្រើនជាងពិភាក្សា ទៅបញ្ហាសិទ្ធិមនុស្ស អំពើរំលោភដីធ្លីនៅក្នុងប្រទេសកម្ពុជា»៕
No comments:
Post a Comment
yes