សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, December 12, 2012

អ្នក​ជំនាញ​ថា​បារាំង​មិន​ដែល​កាត់​កោះត្រល់​ឲ្យ​​វៀតណាម​​

១៤-កញ្ញា-២០១២៖ កោះត្រល់

សកម្មជន​ព្រំដែន​សច្ចា​ថា នឹង​នៅ​តែ​បន្ត​ទាមទារ​យក​កោះ​ត្រល់ របស់​ខ្មែរ ដែល​កំពុង​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​វៀតណាម សព្វ​ថ្ងៃ​នោះ មក​ជា​សម្បត្តិ​របស់​ខ្មែរ​វិញ​ឱ្យ​បាន ទោះ​ក្នុង​កាលៈទេសៈ ឬ​ត្រូវ​ប្រើ​រយៈពេល​យូរ​ប៉ុណ្ណា​ក៏ដោយ។
ពួកគេ​ចោទ​ប្រកាន់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ បច្ចុប្បន្ន ថា​បាន​ធ្វើ​ឲ្យ​បាត់​កោះ​ដ៏​ធំ​របស់​ខ្មែរ​មួយ​នេះ។ ប៉ុន្តែ​មេដឹកនាំ​ខ្មែរ​តែង​អះអាង​ថា អាជ្ញាធរ​បារាំង បាន​កាត់​កោះ​នោះ​ទៅ​ឲ្យ​វៀតណាម ហើយ​បញ្ហា​ទាំង​នេះ​បាន​ចប់​សព្វគ្រប់​រួច​ទៅ​ហើយ។
ក្រុម​អ្នក​ជំនាញ​ខាង​កិច្ចការ​ព្រំដែន​ខ្មែរ​នៅ​ឯ​នាយ​សមុទ្រ​ប្រកាស​ថា បញ្ហា​កោះត្រល់​នៅ​តែ​ជា​បញ្ហា​ដែល​មិន​ទាន់​ចប់​សព្វ​គ្រប់​នោះ​ទេ សូម្បី​អតីត​ព្រះមហាក្សត្រ ព្រះបាទ នរោត្ត សុរាម្រិត និង​លោក​ទេសាភិបាល​បារាំង ប្រេវីយេ (Previer) ក៏​មិន​ដែល​កាត់​សេចក្ដី​ថា កោះ​ខ្មែរ​ដ៏​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន​មួយ​នេះ ជា​កម្មសិទ្ធិ​ដាច់​មុខ​របស់​វៀតណាម នោះ​ដែរ។

ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​បារាំង លោក ស៊ាន ប៉េងសែ អះអាង​ថា បញ្ហា​កោះ​ត្រល់ គឺ​ជា​បញ្ហា​ជាតិ​ទាំង​មូល ហើយ​កោះ​មួយ​នេះ​ក៏​មិន​ដែល​ត្រូវ​បាន​សម្រេច​តាម​ផ្លូវ​ច្បាប់​ម្ដង​ណា​ឲ្យ​ទៅ​វៀតណាម នោះ​ទេ។
ទាក់ទង​នឹង​បញ្ហា​កោះ​ត្រល់​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២ បាន​ប្រកាស​ក្នុង​រដ្ឋ​សភា​ពី​មូលហេតុ​នាំ​ឲ្យ​កោះត្រល់​លែង​ជា​កម្មសិទ្ធិ​របស់​ខ្មែរ​ថា ដោយសារ​តែ​ឯកសារ​ព្រះបាទ សម្ដេច​ព្រះ នរោត្ដម សីហនុ ដាក់​តម្កល់​នៅ​ក្នុង​អង្គការ​សហប្រជាជាតិ​នៅ​ឆ្នាំ​ ១៩៦៤ បាន​ទទួល​ស្គាល់​ខ្សែ​បន្ទាត់ ប្រេវីយេ ដែល​បាន​កាត់​កោះ​ត្រល់​ទៅ​ឱ្យ​ប្រទេស​វៀតណាម។
លោក ហ៊ុន សែន បញ្ជាក់​ថា ខ្មែរ​បាន​បាត់​កោះ​ត្រល់​របស់​ខ្លួន នៅ​ឆ្នាំ​១៩៣៩ ក្រោយ​ពី​អគ្គ​ទេសាភិបាល​ឥណ្ឌូចិន របស់​បារាំង លោក ប្រេវីយេ បាន​ដាក់​កោះ ត្រល់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ក្នុង​ដែនដី​កម្ពុជា​ក្រោម ឬ កូសាំងស៊ីន ហើយ​ឆ្នាំ​១៩៤៩ បារាំង​បាន​ ប្រគល់​ដែន​ដី​កូសាំងស៊ីន ដែល​ជា​ទឹក​ដី​កម្ពុជា​ក្រោម ទៅ​ឲ្យ​ព្រះចៅ​បៅដាយ នៃ​ប្រទេស​វៀតណាម។
ទោះ​ជា​យ៉ាង​ណា​ក៏ដោយ កាសែត​រស្មី​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០០៥ បាន​ដក​ស្រង់​បន្ទូល​របស់​អតីត​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ចុះ​ផ្សាយ​ថា ព្រះអង្គ​មិន​ដែល​ទទួល​ស្គាល់​កោះ​ត្រល់ ជា​របស់​វៀតណាម ម្ដង​ណា​នោះ​ឡើយ។
រី​ឯ​ក្នុង​រជ្ជកាល​ព្រះរាជ​បិតា​របស់​ព្រះអង្គ គឺ​ព្រះបាទ នរោត្តម សុរាម្រិត អតីត​ព្រះមហាក្សត្រ​ខ្មែរ​អង្គ​នេះ ក៏​បាន​ចេញ​ព្រះរាជក្រឹត្យ​មួយ​ចុះ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​១៩៥៧ ត្រាស់​បង្គាប់​ថា កោះ​ត្រល់ គឺ​ជា​កោះ​ដែល​ប្រទេស​ខ្មែរ​ដាក់​លក្ខខណ្ឌ​ថា ត្រូវ​រក្សា​ទុក​នូវ​សិទ្ធិ​ប្រវត្តិសាស្រ្ត។
ជាមួយ​គ្នា​នេះ​ផង​ដែរ នៅ​ឆ្នាំ​១៩៣៩ ទេសាភិបាល​បារាំង លោក ប្រេវីយេ បាន​សរសេរ​ជា​លាយលក្ខណ៍អក្សរ​កត់​ត្រា​ថា បារាំង​បាន​កំណត់​ចម្ងាយ​ប្រវែង ៣​គីឡូម៉ែត្រ​ពី​ខាង​ជើង​កោះ​ត្រល់ ត្រូវ​គ្រប់គ្រង​ដោយ​ប្រទេស​ខ្មែរ ហើយ​កោះ​ត្រល់​ត្រូវ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង ដោយ​កូសាំងស៊ីន ឬ បារាំង។ ក៏​ប៉ុន្តែ​ការ​គ្រប់គ្រង​នេះ គ្រាន់​តែ​ជា​ការ​គ្រប់គ្រង​ផ្នែក​រដ្ឋបាល និង​តម្រួត​ប៉ុណ្ណោះ។ ចំណែក​ឯ​បញ្ហា​ទាក់ទង​រឿង​ភ្ជាប់​កោះ​ត្រល់​ទាំង​នេះ​ទៅ​ប្រទេស​ខ្មែរ ឬ កូសាំងស៊ីន​នោះ ត្រូវ​ទុក​មួយ​អន្លើ​សិន​ជា​ដាច់​ខាត។
លោក ស៊ាន ប៉េងសែ បាន​ចោទ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា មិន​ចេះ​ស្រឡាញ់​ជាតិ និង​ទឹក​ដី​របស់​ខ្លួន។ លោក​អំពាវនាវ​ឲ្យ​កូន​ខ្មែរ​គ្រប់​រូប​បន្ត​ការ​ទាមទារ​យក​ទឹក​ដី​របស់​ខ្លួន​មក​វិញ ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ។
កោះ​ត្រល់​មាន​ផ្ទៃ​ដី​សរុប ទំហំ ៥៤០​គីឡូម៉ែត្រ​ក្រឡា គឺ​ធំ​ជិត​ប៉ុន​ផ្ទៃ​ដី​ប្រទេស​សិង្ហបុរី (Singapore)។ កោះ​នេះ​ស្ថិត​នៅ​ចម្ងាយ ៥​គីឡូម៉ែត្រ ពី​កោះ​ក្រចកសេះ ហើយ​ចម្ងាយ ១៥​គីឡូម៉ែត្រ ពី​ឆ្នេរ​សមុទ្រ​ខ្មែរ​ភាគ​ខាង​ត្បូង និង​ ៤៥​គីឡូម៉ែត្រ ពី​ខេត្ត​ហាទៀន ប្រទេស​វៀតណាម។
អតីត​ប្រធាន​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក អ៊ុំ សំអាន ដែល​តែង​ដឹកនាំ​បាតុកម្ម​តវ៉ា​អំពី​បញ្ហា​បូរណភាព​ទឹក​ដី​ថ្លែង​ថា ទោះ​បី​បារាំង បាន​ដាក់​នឹម​អាណានិគម​លើ​ប្រទេស​ខ្មែរ​ពិត​មែន តែ​បារាំង មិន​ដែល​បាន​កាត់​ដែន​ដី​កោះ​មួយ​នេះ​ឲ្យ​ទៅ​ប្រទេស​វៀតណាម នោះ​ឡើយ។ លោក​បាន​ជំរុញ​ឲ្យ​មេដឹកនាំ​ខ្មែរ​គួរ​ទាមទារ​កោះ​ត្រល់​មក​វិញ តាម​រយៈ​ការ​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ។
លោក អ៊ុំ សំអាន បញ្ជាក់​ថា ដោយសារ​តែ​កិច្ច​ព្រមព្រៀង​ឆ្នាំ​១៩៨២ រវាង​លោក ហ៊ុន សែន ជាមួយ​លោក ង្វៀង កូថាច់ រដ្ឋមន្ត្រី​ការបរទេស​វៀតណាម និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ បាន​នាំ​ឲ្យ​កម្ពុជា បាត់បង់​ក្រោះ​ត្រល់ ដែល​មាន​តម្លៃ​កាត់​ថ្លៃ​ពុំ​បាន​នេះ។ លោក​បាន​ពន្យល់​ថា សន្ធិសញ្ញា​ទាំង​នេះ​ធ្វើ​ឡើង​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ និង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។
ចំណែក​សកម្មជន​ព្រំដែន​ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ន័រវ៉េ (Norway) លោក អៀរ ចាន់ណា ព្រមាន​ថា លោក ហ៊ុន សែន ត្រូវ​តែ​យក​កោះ​ត្រល់​នេះ​មក​ឲ្យ​ខ្មែរ​វិញ​ជា​ដាច់​ខាត បើ​ពុំ​នោះ​សោត​ទេ រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ប្រវត្តិសាស្ត្រ​អំពី​ការ​បាត់បង់​កោះត្រល់ ចេញ​ពី​ផែនទី​ប្រទេស​កម្ពុជា។
រដ្ឋាភិបាល​ក្រុង​ហាណូយ កំពុង​បង្កើន​ល្បឿន​អភិវឌ្ឍន៍​យ៉ាង​ពេញ​ទំហឹង ដើម្បី​ធ្វើ​ឲ្យ​កោះ​ត្រល់ ដែល​ភាសា​វៀតណាម ហៅ​ថា «ភូកុក» ក្លាយ​ជា​តំបន់​ទេសចរណ៍ និង​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក។ ក្រុមហ៊ុន​ទេសចរណ៍​ខ្លះ បាន​ហៅ​ឆ្នេរ​សមុទ្ទ​នៅ​កោះ​ត្រល់ ថា​ជា «ឆ្នេរ​សួគ៌ា»។
សព្វ​ថ្ងៃ​កោះ​ត្រល់ មាន​ជន​ជាតិ​វៀតណាម រស់​នៅ​ចំនួន​ជិត ១០​ម៉ឺន​នាក់ ក្នុង​នោះ​មាន​ផ្លូវ​ថ្នល់​ខ្វាត់ខ្វែង អគារ​រដ្ឋាភិបាល សាលារៀន មន្ទីរពេទ្យ សណ្ឋាគារ ភូមិ​គ្រឹះ អាគារ​លក់​ទំនិញ និង​ផ្សារ​ទំនើបៗ ព្រម​ទាំង​អាកាសយានដ្ឋាន​ខ្នាត​អន្តរជាតិ ១​កន្លែង និង​កំពង់ផែ​អន្តរជាតិ ៣​កន្លែង ដែល​ជា​មធ្យោបាយ​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រីក​វិស័យ​ពាណិជ្ជកម្ម និង​ទេសចរណ៍។
ប្រជាជន​នៅ​ទី​នោះ​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ក្រុង​ហាណូយ បាន​ចំណាយ​ប្រាក់​ជាង ១​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​អភិវឌ្ឍ​កោះ​ត្រល់នេះ៕

No comments:

Post a Comment

yes