របាយការណ៍ និងអនុសាសន៍នានារបស់លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ អំពីស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា មានការទទួលស្គាល់ និងវាយតម្លៃខ្ពស់ពីមន្ត្រីការទូតបរទេសនានានៅកម្ពុជា។
នៅក្នុងឱកាសខួបលើកទី៦៤ ទិវាសិទ្ធិមនុស្សអន្តរជាតិ តំណាងសហភាពអឺរ៉ុប នៅកម្ពុជា បានលើកឡើងអំពីភាពចាំបាច់នៃរបាយការណ៍នោះ និងសុំឲ្យរដ្ឋាភិបាលកម្ពុជា ទទួលស្គាល់ និងធ្វើតាមរបាយការណ៍នោះផង។
មន្ត្រីអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីបានទទួលស្គាល់ថា រដ្ឋាភិបាលកម្ពុជា មិនដែលទាត់ចោលអនុសាសន៍នានារបស់លោក សុរិយា ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិអំពីស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា ទេ ប៉ុន្តែរដ្ឋាភិបាលកម្ពុជា មិនទទួលយកចំណុចណាក្នុងរបាយការណ៍ដែលហួសសម័យ មិនឆ្លុះបញ្ចាំងការពិតកំពុងកើតមាននៅកម្ពុជា ឡើយ។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍នៅថ្ងៃទី១១ ធ្នូ ថា លោក សុរិយា ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ អំពីស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា គឺជាដៃគូពិភាក្សារបស់រដ្ឋាភិបាល ប៉ុន្តែមិនមែនជាសត្រូវនោះទេ។
ប្រសាសន៍របស់លោក ផៃ ស៊ីផាន លើកឡើងបញ្ជាក់មួយថ្ងៃក្រោយ ពេលលោក ហ្សង់ ហ្វ្រង់ស្វ័រកូតាំង (Jean Francois Cautain) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា មានប្រសាសន៍ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ស្តាប់ដោយយកចិត្តទុកដាក់ចំពោះរបាយការណ៍របស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
លោក ហ្សង់ ហ្វ្រង់ស្វ័រកូតាំង មានប្រសាសន៍នៅក្នុងឱកាសទិវាសិទ្ធិមនុស្សអន្តរជាតិ លើកទី៦៤ ធ្វើឡើងនៅពហុកីឡាដ្ឋានជាតិអូឡាំពិក ដែលមានមនុស្សចូលរួមប្រមាណ ៣ពាន់នាក់។
កន្លងមក មន្ត្រីរដ្ឋាភិបាលបានចោទប្រកាន់ថា របាយការណ៍របស់លោក សុរិយា ស៊ូប៊ែឌី នោះមានលក្ខណៈលំអៀង គាំទ្រគណបក្សប្រឆាំងនៅកម្ពុជា។ លោក ឱម យ៉ិនទៀង ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរដ្ឋាភិបាល មានប្រសាសន៍កាលពីថ្ងៃទី១០ ធ្នូ ថា រដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើការងារលើកកម្ពស់សិទ្ធិមនុស្សជានិច្ច។
របាយការណ៍របស់លោក សុរិយា ស៊ូប៊ែឌី ដែលបានផ្សព្វផ្សាយកាលពីខែសីហា បានលើកឡើងអំពីការរំលោភបំពានរបស់រដ្ឋាភិបាលកម្ពុជា លើបញ្ហាសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងសិទ្ធិលំនៅឋាន ករណីជម្លោះដីនៅបឹងកក់ និងបុរីកីឡា ការផ្តល់ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាលកម្ពុជា នាំឲ្យកើតមានជម្លោះដីធ្លីស្ទើរទូទាំងប្រទេស និងអំពីបញ្ហាប្រព័ន្ធបោះឆ្នោតនៅកម្ពុជា ដែលនាំឲ្យមានការតវ៉ាពីអង្គការសង្គមស៊ីវិលមួយចំនួន និងការតវ៉ាពីគណបក្សប្រឆាំងជាដើម។
លោក សុរិយា ស៊ូប៊ែឌី ក៏បានគូសបញ្ជាក់ក្នុងរបាយការណ៍ថា កម្ពុជា ទទួលបានអនុសាសន៍ជាច្រើន ទាំងទ្វេភាគី និងពហុភាគី ដោយអង្គការផ្សេងៗ ប៉ុន្តែវាគួរឲ្យសោកស្ដាយដែលអនុសាសន៍ភាគច្រើនបំផុតដែលកម្ពុជា ទទួលបានដើម្បីកែលំអស្ថានភាពសិទ្ធិមនុស្ស និងសិទ្ធិនយោបាយ នៅតែមិនមានការអនុវត្ត៕
No comments:
Post a Comment
yes