សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, December 5, 2012

ស័ក្តិ​ពីរ​ប៉េអឹម​ពោធិ៍សាត់​ម្នាក់​ត្រូវ​ចាប់​ខ្លួន

121205_09b
ស្នង​ការ​នគរ​បាល​ខេត្ត​ពោ​ធិ៍​សាត់ លោក​ឧត្តម​សេនីយ៍ សារុន ចាន់​ធី ​​

ពោធិ៍សាត់ៈ មន្រ្តី​កង​រាជ​អាវុធហត្ថ​ខេត្ត​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី ថ្ងៃ​ម្សិលមិញ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ខេត្ត​ភ្លាមៗ​ដើម្បី​សាក​សួរ ពាក់ព័ន្ធ​នឹង​ករណី​បាញ់​បោះ​និង​បង្ក​របួស​ស្នាម ទៅ​លើ​ម្ចាស់​ក្លិប​រាត្រី និង​ឆ្មាំ​សន្តិសុខ ក្នុង​ទីក្រុង​ពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់ កាល​ពី​យប់​ថ្ងៃ​ចន្ទ។
លោក​ឧត្តម​សេនីយ៍ សារុន ចាន់ធី​ស្នងការ​នគរបាល​ខេត្ត​ពោធិ៍សាត់ បាន​ថ្លែង​ថា មន្រ្តី​កង​រាជ​អាវុធហត្ថ​ម្នាក់ និង​មន្រ្តី​កង​យោធពល​ខេមរ​ភូមិន្ទ​ម្នាក់ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បាញ់​បោះ និង​វាយ​ដំ​បង្ក​របួស​ស្នាម​លើ​ម្ចាស់ និង​ឆ្មាំ​សន្តិសុខ​ក្លិប​កម្សាន្ត​រាត្រី​ ស្លា​មាស ក្នុង​ភូមិ​ពាលញែក សង្កាត់​ផ្ទះ​ព្រៃ ​ក្រុង-ខេត្ត ពោធិ៍សាត់ កាល​ពី​ថ្ងៃ​ចន្ទ​ទី៣ ខែ​ធ្នូ ឆ្នាំ​២០១២ នៅ​វេលា​ម៉ោង​ប្រមាណ​១២​យប់​កណ្តាល​អធ្រាត្រ។
លោក​បាន​បន្ថែម​ថា ​លោក​អនុសេនីយ៍ទោ កែវ រិទ្ធ មន្រ្តី​កង​រាជ​អាវុធហត្ថ​ខេត្ត​ពោធិ៍សាត់ ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ ហើយ​ក៏​បាន​បញ្ជូន​ទៅ​តុលាការ​ខេត្ត​នេះ​ ដើម្បី​សាក​សួរ​កាល​ពី​ម្សិលមិញ​ដែរ។ ចំណែក​មិត្តភក្តិ​គាត់​ឈ្មោះ អូន ដែល​ជា​យោធិន ក្នុង​អង្គភាព​យោធា មាន​មូលដ្ឋាន​នៅ​សង្កាត់​ផ្ទះ​ព្រៃ បាន​រត់​គេច​ខ្លួន​បាត់​។

លោក បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ តាម​ទូរស័ព្ទ​កាល​ពី​ម្សិលមិញ​ថា៖ «​ពួក​គេ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បាញ់​បោះ​ខុស​ច្បាប់ ​និង​បង្ក​របួស​ស្នាម​លើ​ម្ចាស់ និង​សន្តិសុខ​ក្លិប​កម្សាន្ត​រាត្រី​ស្លា​មាស​ កាល​ពី​ម្សិលមិញ​នៅ​ក្នុង​ក្រុង​ពោធិ៍សាត់​ ហើយ​ថា ពួក​គេ​ត្រូវ​បាន​ចោទ​ប្រកាន់​ ដោយ​ព្រះ​រាជអាជ្ញា​អម​តុលាការ​ខេត្ត»។
លោក​បាន​គូស​បញ្ជាក់​ថា លោក កែវ រិទ្ធ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ម្សិលមិញ ​តាម​ដីកា​ចាប់​ខ្លួន​របស់​តុលាការ​ខេត្ត​ពោធិ៍សាត់។ ជា​បឋម លោក​ រិទ្ធ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បាញ់​បោះ​ និង​បង្ក​របួស​ស្នាម​លើ​មនុស្ស​២នាក់។ លោក​បាន​បន្ថែម​ថា ឥឡូវ​នេះ សមត្ថកិច្ច​កំពុង​ស្វែង​រក​ចាប់​ខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ អូន ដើម្បី​នាំ​យក​មក​កាត់​ទោស​ផង​ដែរ។
លោក ឈន សេង អភិបាល​រង​ទី១ ក្រុង​ពោធិ៍សាត់ បាន​ថ្លែង​ថា កាល​ពី​ថ្ងៃ​ទី​៣ ខែ​ធ្នូ​ នៅ​វេលា​ម៉ោង​១១:៤៥​នាទី យប់ ជន​ត្រូវ​ចោទ​ទាំង​ពីរ​នាក់​បាន​បើក​រថយន្ត​ចូល​ទៅ​ផឹក​ស៊ី​នៅ​ក្លិប​រាត្រី ​ស្លាមាស ពួក​គេ​បាន​ផឹក​ស្រវឹង​ពី​កន្លែង​ផ្សេង​ទៀត​រួច​ទៅ​ហើយ មុន​មក​ក្លិប​នេះ​។
លោក​បាន​បន្ថែម​ថា ពេល​មក​ដល់​ក្លិប​រាត្រី​ពួក​គេ​បាន​ប្រាប់​ម្ចាស់​ក្លិប​ឲ្យ​រៀប​ចំ​តុ​ឲ្យ ពួក​គេ ដើម្បី​អង្គុយ​ផឹកស៊ី ប៉ុន្តែ​ ម្ចាស់​ក្លិប​ជា​ជន​រង​គ្រោះ​ មិន​អាច​រៀបចំ​ឲ្យ​ពួក​គេ​បាន​ភ្លាមៗ​ទេ ព្រោះ​តុ​ទាំង​អស់​មាន​ភ្ញៀវ​អង្គុយ​អស់​ហើយ។
លោក​បាន​បន្ត​ថា ៖ «​ពេល​នោះ ពួក​គេ​ខឹង​នឹង​ម្ចាស់​ក្លិប​ដែល​មិន​ព្រម​រៀបចំ​តុ​ឲ្យ​ពួក​គេ​អង្គុយ​ផឹក។ ដូច្នេះ គូកន​ម្នាក់​បាន​ទាញ​កាំភ្លើង​ខ្លី​ពី​ចង្កេះ ហើយ​វាយ​ក្បាល​ម្ចាស់​ក្លិប។ នៅ​ពេល​ឆ្មាំ​សន្តិសុខ​មក​ជួយ​អន្តរាគមន៍​ដល់​ម្ចាស់​ហាង  បុរស​ទាំង​ពីរ​ក៏​បាន​ចាប់​ឆ្មាំ​សន្តិសុខ​នោះ ហើយ​វាយ​ក្បាល និង​វាយ​ខ្លួន​ប្រាណ​បុរស​ជា​សន្តិសុខ​យ៉ាង​ដំណំ​ផង​ដែរ»។​
លោក​បាន ​បន្ថែម​ថា បន្ទាប់​ពី​បាន​វាយ​ជនរងគ្រោះ​ទាំង​ពីរ​រួច​ហើយ ​ម្នាក់​បាន​បាញ់​បី​គ្រាប់​ឡើង​ទៅ​លើ​ ប៉ុន្តែ​គ្រាប់​មិន​ផ្ទុះ​ទេ។ បន្ទាប់​មក​ ពួក​គេ​ក៏​បាន​បើក​រថយន្ត​ចាក​ចេញ​ពី​កន្លែង​កើត​ហេតុ​នោះ ហើយ​ជន​រង​គ្រោះ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ ដើម្បី​សុំ​អន្តរាគមន៍​និង​រក​យុត្តិធម៌។
លោក ប៉ង់ ចាន់សុយុទ្ធារា ព្រះ​រាជ​អាជ្ញា​រង​នៃ​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ ដែល​កាន់​រឿង​ក្តី​នេះ មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​កាល​ពី​ម្សិលមិញ ហើយ​ជន​ត្រូវ​ចោទ​ទាំង​ពីរ​ក៏​មិន​អាច​ទាក់ទង​បាន​ផង​ដែរ៕ 

No comments:

Post a Comment

yes