លោករ៉ុង ឈុន បានឲ្យដឹងថា ការធ្វើបាតុកម្មទាមទារតម្លើងប្រាក់ខែកម្មករនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១២ មានអ្នកចូលរួមប្រមាណ២៥០នាក់ រួចហែរក្បួនដាក់ញត្តិជូនសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន និងហែរក្បួនទៅរដ្ឋសភា ដើម្បីដាក់ញត្តិ។
នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១២ សម្ព័ន្ធសហជីពកម្ពុជា បានចែកសេចក្តីអំពាវនាវឲ្យចូលរួមធ្វើបាតុកម្មអហិង្សា ដើម្បីទាមទារតម្លើងប្រាក់ខែដល់កម្មករនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១២។
សេចក្តីអំពាវនាវដែលផ្សព្វផ្សាយដល់កម្មករតាមបណ្តារោងចក្រ ឲ្យចូលរួមធ្វើបាតុកម្មមានចំនួន១ម៉ឺនសន្លឹក។
លោករ៉ុង ឈុន ប្រធានសហភាពការងារកម្ពុជា បានមានប្រសាសន៍ប្រាប់ឲ្យដឹង កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១២ ថា ការធ្វើបាតុកម្មអហិង្សារបស់កម្មករកម្មការិនី ក្នុងវិស័យឧស្សាហកម្មកាត់ដេរ និងស្បែកជើង គឺក្នុងគោលបំណងទាមទារឲ្យថៅកែរោងចក្រតម្លើងប្រាក់ឈ្នួល ដល់កម្មករកម្មការិនីពី៦១ដុល្លារ ទៅដល់១៥០ដុល្លារ នៅឆ្នាំ២០១៣ តទៅនោះ គឺដើម្បីជីវភាពរស់នៅបានសមរម្យ រស់នៅក្នុងជីវភាព ថ្លៃថ្នូរ ពីព្រោះប្រាក់ឈ្នួលសព្វថ្ងៃនេះ ធ្វើឲ្យកម្មករកម្មការិនីត្រូវប្រឈម និងការលំបាកខ្វះខាតជីវភាព និងពុំមានប្រាក់សល់ សម្រាប់ ព្យាបាលជំងឺ។
លោករ៉ុង ឈុន បានមានប្រសាសន៍បន្តថា លោកបានដាក់លិខិតជូនទៅសាលារាជធានីភ្នំពេញរួចហើយ ពីការជូនដំណឹងធ្វើបាតុកម្មអហិង្សានៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១២ ហើយហែរញតិ្តឲ្យទៅដាក់ជូនសម្តេចតេជា នាយករដ្ឋមន្ត្រី និងយកទៅដាក់ជូនសម្តេចប្រធានរដ្ឋសភាជាតិ ឲ្យជួយជុំរុញថៅកែរោងចក្រ តម្លើងប្រាក់ឈ្នួលជូនកម្មករកម្មការិនី ទទួលបានប្រាក់ឈ្នួល១៥០ដុល្លារចាប់ពីឆ្នាំ២០១៣តទៅ។
លិខិតប័ណ្ណចំនួន១ម៉ឺនសន្លឹក ត្រូវបានក្រុមសកម្មជនសហជីពបានបញ្ចេញយកទៅចែកជូនដល់កម្មករកម្មការិនី នៅតាមបណ្តារោងចក្រសហគ្រាសនានា នៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត មួយចំនួន ដែលជាការអំពាវនាវដល់កម្មករ និងកម្មការិនីឲ្យមកចូលរួមធ្វើបាតុកម្មអហិង្សា នៅរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១២ នៅពីមុខអតីតរដ្ឋសភា (សភាចាស់)។
នៅក្នុងលិខិតអំពាវនាវដែលក្រុមមន្ត្រីសហជីព យកទៅចែកឲ្យកម្មកររោងចក្រកាត់ដេរនោះ បានពន្យល់ថា ចំនួនប្រាក់ខែគោលរបស់កម្មករនៅក្នុងបណ្តាប្រទេសអាស៊ានរួមមាន៖ ១.ប្រាក់ខែកម្មករនៅប្រទេសថៃ ក្នុងមួយខែចំនួន២៦៣ដុល្លារ។ ២.ប្រទេសហ្វីលីពីនចំនួន២១២ក្នុង១មួយខែ។ ៣.ប្រទេសឥណ្ឌនេស៊ីចំនួន១៨២ដុល្លារក្នុង១ខែ (នៅតាមបណ្តាខេត្ត) នៅក្នុងទីក្រុងធំចំនួន២១២ដុល្លារក្នុង១ខែ។ ៤.ប្រទេសវៀតណាមចំនួន១៧២ដុល្លារក្នុង១ខែ។ ៥.ប្រទេសស្រីលង្កាចំនួន១២០ដុល្លារក្នុង១ខែ។ ៦.ប្រទេសប៉ាគីស្ថានចំនួន១៧៤ដុល្លារក្នុង១ខែ។ ៧.ប្រទេសកម្ពុជាចំនួន៦១ដុល្លារក្នុង១ខែ។ ដែលនេះជាការស្រាជ្រាវរបស់សហជីព។ នៅក្នុងសេចក្តីអមបាវនាវនោះបានបញ្ជាក់ថា "បងប្អូនកម្មករកម្មការិនីទាំងអស់ចូលរួមបាតុកម្មអហិង្សា ដើម្បីទាមទារទាំងអស់គ្នា ពីព្រោះមន្ត្រីរាជការបានឡើងប្រាក់ខែ២០%ក្នុងមួយឆ្នាំ។ រីឯកម្មករកម្មការិនីវិញ ពុំដែលបានឡើងប្រាក់ខែសោះ"។
យោងតាមលិខិតចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២ ដាក់ជូនលោកកែប ជុតិមា អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ របស់សម្ព័ន្ធសហជីពកម្ពុជា ស្តីពី ការរៀបចំបាតុកម្មអហិង្សានៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១២ នោះបានពន្យល់ហេតុផលថា បាតុកម្មអហិង្សាទាមទារតម្លើងប្រាក់ខែ១៥០ដុល្លារ សម្រាប់ឆ្នាំ២០១៣នោះ ពីព្រោះបច្ចុប្បន្នកម្មកកម្មការិនីមានបញ្ហាប្រឈមយ៉ាងច្រើន លើជីវភាពរស់នៅប្រចាំថ្ងៃ ដូចជា ថ្លៃភ្លើងទឹក ឈ្នួលផ្ទះ ឡើងថ្លៃ រួមទាំងចំណាយផ្សេងៗ ហើយលើសពីនេះធ្វើឲ្យកម្មករកម្មការិនីថបថយកំលាំង បណ្តាលឲ្យដួលសន្លប់ជាបន្តបន្ទាប់ ក្នុងរយៈពេល២ ឬ៣ឆ្នាំចុងក្រោយនេះ។ ប៉ុន្តែពុំទានមានការឆ្លើយតប ពីសាលារាជធានីភ្នំពេញក្នុងការអនុញ្ញាតឲ្យលោករ៉ុង ឈុន និងសហជីពដៃគូ ដឹកនាំបាតុកម្មអហិង្សាទាមទារការតម្លើងប្រាក់ខែចំនួន១៥០ដុល្លារ សម្រាប់ឆ្នាំ២០១៣ ដែលគ្រោងធ្វើនៅថ្ងៃទី៣០ ខែធ្នូ នោះឡើយទេ៕
No comments:
Post a Comment
yes