សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, December 11, 2012

ជន​ជាតិ​ភាគ​តិច​នៅ​តែ​ប្រឈម​នឹង​ការ​បាត់​ដី-ព្រៃ

121211_06a
គំនរ​ឈើ​ហុប​ដែល​ក្រុម​ហ៊ុន​វៀត​ណាម​បាន​កាប់​​ នៅ​ក្នុង​តំបន់​ព្រៃ​សហ​គមន៍​​
ជន​ជាតិ​ភាគ​តិច​នៅ​ភូមិ​ឡំ​ ឃុំ​ប៉ក់​ញ៉ែ​

រតនគិរីៈ ជន​ជាតិ​ភាគ​តិច​ចារ៉ាយ​ប្រមាណ ២០០ គ្រួសារ​ នៅ​ក្នុង​ស្រុក​អូរ​យ៉ាដាវ បាន​ទទួល​រង​ការ​គំរាម​កំហែង​ពី​សំណាក់​អាជ្ញាធរ​មូល​ដ្ឋាន​ ឲ្យ​ចុះ​ឈ្មោះ​ធ្វើ​ប័ណ្ណ​ដី​ជា​កម្មសិទ្ធិ​ឯកជន​ នៅ​ខណៈ​ដែល​ក្រុមហ៊ុន​វៀតណាម​ ចំនួន​ ២​ កំពុង​ឈូស​ឆាយ​ដី​ព្រៃ​ចម្ការ​វិល​ជុំ​ និង​កាប់​យក​ឈើ​ប្រណីតៗ​ដឹក​ចេញ​ទៅ​ប្រទេស​វៀតណាម ដោយ​គ្មាន​ការ​ទប់​ស្កាត់។
លោក​ រម៉ាស់ ឆ្វាង អាយុ​ ៤៧​ ឆ្នាំ​ជា​តំណាង​សហគមន៍​នៅ​ក្នុង​ភូមិ​ឡំ​ឃុំ​ប៉ក់ញ៉ែ ស្រុក​អូរយ៉ា​ដាវ​ ដែល​មាន​ទីតាំង​ជាប់​នឹង​ព្រំដែន​វៀតណាម ​បាន​និយាយ​កាល​ពី​ម្សិលមិញ​ថា ​ចាប់​តាំង​ពី​ថ្ងៃ​ទី ១១ ខែ​វិច្ឆិ​កាមក អាជ្ញាធរ ​បាន​បង្ខំ​ឲ្យ​ប្រជា​ពលរដ្ឋ ជន​ជាតិ​ដើម​ភាគ​តិច​ចារ៉ាយ​ ប្រមាណ ២០០ គ្រួសារ​ ចុះ​ឈ្មោះ​ ដើម្បី​ទទួល​បាន​ការ​វាស់​វែង​ដី​ព្រៃ​សមូហភាព​ធ្វើ​ប័ណ្ណ​ជា​កម្មសិទ្ធិ ឯកជន​វិញ។ លោក​បញ្ជាក់​ថា៖«មាន​តែ​ពលរដ្ឋ​១០​២​ គ្រួសារ ប៉ុណ្ណោះ​ ព្រម​ចុះ​ឈ្មោះ​បន្ទាប់​ពី​អាជ្ញាធរ​ឃុំ​ និង​ស្រុក​បាន​គំរាម​ថា​ បើ​មិន​ចុះ​ឈ្មោះ​ទេ អាជ្ញាធរ​ មិន​ជួយ​ទេ ពេល​ក្រុម​ហ៊ុន​ឈូស​ឆាយ​ប៉ះ​ពាល់​ដី​ព្រៃ​ពួក​គាត់​។ មួយ​គ្រួសារ​គេ​សន្យា​វាស់​ឲ្យ ៥ ហិកតា»។
លោក​បន្ត​ថា ​ក្រៅ​ពី​១០២ ​គ្រួសារ ​ប្រជា​ពលរដ្ឋ ​បាន​នាំ​គ្នា​តវ៉ា មិន​ព្រម​ចុះ​ឈ្មោះ​នោះ​ទេ​ ព្រោះ​ថា ពួក​គាត់​ចង់​រក្សា​រស់​នៅ​ដោយ​អាស្រ័យ​ផល​ ពីព្រៃ​ចម្ការ​វិល​ជុំ​ជា​លក្ខណៈ​សមូហភាព និងខ្លាច​បាត់​បង់​ដី​ទំនៀម​ទម្លាប់​និង​ដី​ព្រៃ​សម្រាប់​កប់​ខ្លោច​ដូន តា។
ក្រៅ​ពី​ការ​បង្ខំ​ឲ្យ​ចុះ​ឈ្មោះ​វាស់​វែង​ដី​ព្រៃ​ចែក​គ្នា​នោះ ​ប្រជា​ពលរដ្ឋ​ជន​ជាតិ​ភាគ​តិច​ចារ៉ាយ​ក៏​បាន​និង​កំពុង​រង​ការ​ប៉ះពាល់ ពី​ការ​ឈូស​ឆាយ​ដី​ព្រៃ​ និង​កាប់​ឈើ​ប្រណីតៗ​ពី​សំណាក់​ក្រុមហ៊ុន​ពីរ ដែល​បាន​ទទួល​ដី​សសម្បទាន​សេដ្ឋកិច្ច ពី​រដ្ឋាភិបាល​ផង​ដែរ។
លោក ឆាយ ធី មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​រតនគិរី ដែល​កំពុង​ចុះ​ធ្វើ​ការ​អង្កេត នៅ​នឹង​កន្លែង​កើត​ហេតុ​ ជាមួយ​នឹង​ប្រជា​សហគមន៍​ប្រមាណ​ជាង១០​នាក់​អស់​រយៈ​ពេល​ពីរ​ថ្ងៃ​មក​ហើយ​នោះ​បាន​ឲ្យ​ដឹង​ថា មាន​ក្រុមហ៊ុន​វៀតណាម ចំនួន​ពីរ​ គឺ​ក្រុមហ៊ុន​៧២ និង​ក្រុមហ៊ុន​ដាយដុង​យឿង​ បាន​ធ្វើ​សកម្មភាព​ឈូស​ឆាយ​ដី​ព្រៃ​និង​កាប់​យក​ឈើ​ប្រណីតៗ​។ លោក​បន្ត​ថា​៖«ព្រៃ​សហគមន៍ ដែល​មាន​ទទឹង ១០០ ម៉ែត្រ និង​បណ្តោយ ៣ ពាន់​ម៉ែត្រ ​ត្រូវ​បាន​ក្រុមហ៊ុន​វៀតណាម​ឈូស​ឆាយ។ យើង​ឃើញ​មាន​គំនរ​ឈើ​ហុប ផ្ចិក​និង​ត្បែង​ជា​ដើម ទំហំ​មុខ​កាត់​ពី​០,៥​ម៉ែត្រ​ឡើង​ទៅ​។ ឈើ​ភាគ​ច្រើន​ គេ​កាប់​និង​ដឹក​ភ្លាមៗ ចេញ​ទៅ​វៀតណាម តាម​ច្រក​ប៉ុស្តិ៍​អូរថ្ម»។ លោក​ឆាយ ធី​បាន​ញ្ជាក់​ថា ការ​ឈូសឆាយ​ដី​ព្រៃ​សហគមន៍​នោះ​បាន​ផ្អាក បន្ទាប់​ពី​មាន​ការ​ទប់ស្កាត់​ពី​ពលរដ្ឋ​។ ប៉ុន្តែ​វា​អាច​ចាប់​ផ្តើម​ធ្វើ​សកម្មភាព​ឡើង​វិញ​នៅ​ថ្ងៃ​ណា​មួយ​។​ លោក​នឹង​ចង​ក្រង​ព័ត៌មាន​ទាំង​នេះ ​ដាក់​ទៅ​ខាង​រដ្ឋបាល​ព្រៃ​ឈើ និង​ស្ថាប័ន​ដែល​ពាក់​ព័ន្ធ​ផ្សេងៗ​ ដើម្បី​រក​ដំណោះស្រាយ ជូន​ពលរដ្ឋ​ជន​ជាតិ​ភាគ​តិច​ដែល​កំពុង​ព្រួយបារម្ភ​ពី​ការ​វិនាស​បាត់​បង់​ដី​ព្រៃ​សហគមន៍​របស់​ដូន​តា​ពួក​គេ​។
លោក ដក ស អភិបាល​ស្រុក​អូរយ៉ាដាវ មាន​ប្រសាសន៍​ថា ការ​ដែល​អាជ្ញាធរ​ឲ្យ​ប្រជាពលរដ្ឋ​ចុះ​ឈ្មោះ វាស់​វែង​ដី​នោះ​គឺ​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ឈូសឆាយ​ដី​របស់​ពួក​គាត់​។ លោក​បញ្ជាក់​ថា​៖ «នៅ​ពេល​ដែល​ប្រជា​ពលរដ្ឋ​មាន​ប្លង់​ដី​ច្បាស់​លាស់​អស់​ហើយ នោះ ក្រុមហ៊ុន​គេ​មិន​មក​ឈូស​ឆាយ​ដី​បង​ប្អូន​ទៀត​នោះ​ទេ ព្រោះ​កន្លង​មក​ពិត​ជា​មាន​ការ​ឈូស​ឆាយ​ប៉ះ​ពាល់​ដល់​ដី​ព្រៃ​របស់​ពួក​គាត់​មែន»។ លោក​ ដក ស ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ក្រុម​ហ៊ុន ៧២​ និង​ក្រុមហ៊ុន​ដាយ​ដុង​យឿង​សុទ្ធ​តែ​បាន​ទទួល​ដីសម្បទាន​សេដ្ឋកិច្ច ពី​រដ្ឋាភិបាល​យ៉ាង​ត្រឹម​ត្រូវ​តាម​ច្បាប់​ទាំង​អស់។ ក្រុមហ៊ុន​៧២​បាន​ទទួល​ដី​ប្រមាណ​៦​ពាន់​ហិកតា ហើយ​បាន​កំពុង​ដាំ​ដំណាំ​កៅស៊ូ​បាន​ប្រហែល​ជា​១ ពាន់​ហិកតា​ហើយ។ ចំណែក​ក្រុម​ហ៊ុន​ដាយ​ដុងយឿង​ បា​ន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ប្រមាណ​៤​ពាន់​ហិកតា​និង​បាន​ដាំ​កៅស៊ូ បាន​ប្រហែល​ជា​៧០០​ហិកតា​ហើយ​ផង​ដែរ។
លោក​ ប៉ែន ប៊ុណ្ណារ៍​ មន្ត្រី​ជាន់​ខ្ពស់ អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក មាន​ការ​ព្រួយបារម្ភ​ពី​ការ​បាត់​បង់​ដី​ព្រៃ និង​ផល​ប៉ះពាល់​ដល់​ប្រជា​ពលរដ្ឋ ជន​ជាតិ​ភាគតិច​ទាំង​នោះ​។ លោក​មាន​ប្រសាសន៍​ថា៖​«វា​ខ្វះ​តម្លា​ភាព នៅ​ក្នុង​ការ​អនុវត្ត។
ប្រជា​ពលរដ្ឋ​មូលដ្ឋាន មិន​បាន​ទទួល​ព័ត៌មាន​ឲ្យ​បាន​គ្រប់​គ្រាន់​ទេ ព្រោះ​វា​មាន​រឿង​លាក់​ការណ៍​មួយ​ចំនួន ដល់​ពេល​មាន​ការ​ឈូស​ឆាយ​ ទើប​ពួក​គាត់​ដឹង​ ហើយ​ក៏​ធ្វើ​ការ​តវ៉ា​តែ​ម្តង»៕

No comments:

Post a Comment

yes