លោក វិជ័យអានន្ទ នៅមន្ទីរពេទ្យកាល់ម៉ែតកាលពីថ្ងៃម្សិលមិញ
ក្រចេះ: អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីម្នាក់ បានទទួលរងរបួសធ្ងន់ នៅក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយ នៅក្នុងស្រុកសម្បូណ៌ កាលពីម្សិលមិញ ដែលបណ្តាលឲ្យបាក់ដៃស្តាំ និងប្រេះលលាល៍ក្បាលសន្លប់ ត្រូវបញ្ជូនមកសង្គ្រោះបន្ទាន់ នៅទីក្រុងភ្នំពេញ។ នេះបើយោងតាមមន្ត្រីនគរបាលខេត្ត និងមន្ត្រីសិទ្ធិមនុស្ស។
លោក សំរិទ្ធ វណ្ណា អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តក្រចេះ បានឲ្យដឹងថា លោក ជរ ពិសិដ្ឋ វិជ័យអានន្ទ អាយុ ២៧ ឆ្នាំ ជាអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី បានទទួលរងរបួសធ្ងន់ធ្ងរ នៅក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយនៅតំបន់អូរព្រះ ឃុំអូរក្រៀង ស្រុកសម្បូណ៌ ខេត្តក្រចេះ។ លោកបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា៖ «ជនរងគ្រោះ បានបាក់ដៃស្តាំ បែកចិញ្ចើម និងប្រេះលលាដ៍ក្បាល។ គាត់របួសធ្ងន់ណាស់។ ឥឡូវកំពុងតែសន្លប់ មិនទាន់ដឹងខ្លួននៅឡើយទេ»។
លោក វិជ័យអានន្ទ ត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាលម៉ែតក្នុងក្រុងភ្នំពេញ។ លោកបន្តថា៖«ឥឡូវនេះ យើងមិនទាន់ដឹងច្បាស់ពីមូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះថ្នាក់ ចរាចរណ៍នោះទេ។ ប៉ុន្តែបើតាមរបាយការណ៍របស់សមត្ថកិច្ច និងសាក្សី បានឲ្យដឹងថា ជនរងគ្រោះ ជួបគ្រោះថ្នាក់ចរាចរណ៍ ដោយជិះម៉ូតូ។ យើងកំពុងតែស៊ើបអង្កេត ជុំវិញបញ្ហាគ្រោះថ្នាក់នេះ»។
លោក សង គឹមហាក់ មន្ត្រីប៉ូលិសស្រុកសម្បូណ៌ បានឲ្យដឹងថា វិជ័យអានន្ទជួបគ្រោះថ្នាក់ចរាចរណ៍ នៅវេលាម៉ោង៦ និង១៥ ព្រឹកថ្ងៃចន្ទនៅចំណុចអូរព្រះ ឃុំអូរក្រៀង។ លោកបន្តថា កាលពីព្រឹកថ្ងៃចន្ទ ជនរងគ្រោះ បានជិះម៉ូតូរបស់គាត់ ពីខេត្តក្រចេះ ទៅកាន់ខេត្តស្ទឹងត្រែង ហើយជួបគ្រោះថ្នាក់ អំឡុងពេលបើកបរដល់ផ្លូវបំបែកចំណុចអូរព្រះ។ លោកបញ្ជាក់ថា៖ «គាត់ជួបគ្រោះថ្នាក់ដោយខ្លួនឯង។ គាត់បើកម៉ូតូលឿនពេក ហើយក៏បានដួលពេលដល់ផ្លូវបំបែក។ គាត់ត្រូវបានគេឃើញដេកសន្លប់តែម្នាក់ឯង ដោយមានរបួសធ្ងន់ធ្ងរ ជាមួយនឹងម៉ូតូនៅក្បែរផ្លូវ»។
លោក ជរ ពិសិដ្ឋ វិជ័យអានន្ទ ត្រូវបានប្រទះឃើញដេកដួលសន្លប់ នៅក្បែរផ្លូវដោយអ្នកលក់ត្រី ដែលបើកម៉ូតូឆ្លងកាត់កន្លែងកើតហេតុនោះ។ បន្ទាប់មកពួកគេបានរាយការណ៍ទៅសមត្ថកិច្ច នៅតំបន់នោះ។ លោកថា៖«ប៉ូលិសនៅតំបន់នោះបានជួយសង្គ្រោះដោយបញ្ជូនគាត់ទៅកាន់ មន្ទីរពេទ្យខេត្តក្រចេះ»។ លោកបន្ថែមថា យោងតាមការស៊ើបអង្កេតរបស់ប៉ូលិស និងសាក្សីថា ជនរងគ្រោះ បានបើកម៉ូតូតែម្នាក់ឯង ហើយកើតមានគ្រោះថ្នាក់តែម្នាក់ឯង ដោយគ្មាននរណាម្នាក់ប៉ះពារជាមួយគាត់ទេ។
ព័ត៌មានពីគ្រោះថ្នាក់ចរាចរណ៍នេះ គឺបានកើតឡើង តែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកវិជ័យអានន្ទ បានសរសេរព័ត៌មានមួយ ទាក់ទងទៅនឹងបទល្មើសព្រៃឈើដែលនៅតែបន្តកើតឡើងនៅក្នុងតំបន់នោះ។
ក្រុមគ្រួសារជនរងគ្រោះ មិនអាចទាក់ទង ដើម្បីសុំការបញ្ជាក់បានទេ កាលពីម្សិលមិញ។
លោក ជី វិតា អ្នកយកព័ត៌មានជាន់ខ្ពស់ របស់វិទ្យុអាស៊ីសេរី បានមានប្រសាសន៍ថា លោកបានទទួលព័ត៌មានពីប៉ូលិសខេត្តក្រចេះ ពីគ្រោះថ្នាក់ចរាចរណ៍ របស់លោកវិជ័យអានន្ទ។ លោកបញ្ជាក់ថា៖«យើងមិនអាចធ្វើការសន្និដ្ឋានអ្វីបានទេនៅពេលនេះ។ យើងកំពុងបន្តធ្វើការពិនិត្យដោយយកចិត្តទុកដាក់ ទៅលើរឿងនេះ»។
តាមប្រភពពីមន្ទីរពេទ្យកាល់ម៉ែត លោកវិជ័យអានន្ទ ត្រូវបានបញ្ជូនមកដល់មន្ទីរពេទ្យនេះ នៅម៉ោង ២ និង ៣០ នាទីរសៀល ហើយរហូតមកដល់ម៉ោងប្រមាណជា ៩ យប់មិញ ជនរងគ្រោះនៅមិនទាន់ដឹងខ្លួននៅឡើយទេ៕
No comments:
Post a Comment
yes