ពលរដ្ឋចំនួនបីភូមិនៃឃុំកំពង់ចាម ស្រុកសម្បូណ៌ ខេត្តក្រចេះ ជាច្រើនគ្រួសារ បាននាំគ្នាតវ៉ាទៅស្ថាប័នដែលមានតួនាទីដោះស្រាយបញ្ហាដីធ្លី និងសង្គមស៊ីវិល ជួយធ្វើអន្តរាគមន៍ឲ្យក្រុមហ៊ុនកូរ៉េ មួយ បញ្ឈប់សកម្មភាពរបស់ខ្លួនក្នុងការឈូសឆាយដីដែលនាំឲ្យប៉ះពាល់ដីស្រែចំការអ្នកភូមិជាបន្តទៀត និងសុំឲ្យស្ថាប័នដោះស្រាយបញ្ហាដីធ្លីរបស់រដ្ឋាភិបាលជួយវាស់វែងដីជូនពួកគាត់។
អ្នកភូមិប្រមាណជាង ១០០គ្រួសារ មានទំនាស់ជាមួយក្រុមហ៊ុនកូរ៉េ ហើយបាននាំគ្នាប្រមូលស្នាមមេដៃដើម្បីដាក់ញត្តិទៅគណៈកម្មការដោះស្រាយវិវាទដីធ្លីខេត្តក្រចេះ ក្រុមនិស្សិតស្ម័គ្រចិត្ត និងសមាគមអាដហុក។
តំណាងសហគមន៍លោក ថៃ ប៊ុនលាង មានប្រសាសន៍នៅថ្ងៃទី២ ធ្នូ ថា មូលហេតុដែលនាំឲ្យពលរដ្ឋផ្អើលនាំគ្នាប្រមូលស្នាមមេដៃដើម្បីដាក់ពាក្យសុំកិច្ចអន្តរាគមន៍ទៅស្ថាប័នពាក់ព័ន្ធនោះ ដោយសារពួកគាត់ខ្លាចក្រុមហ៊ុនកូរ៉េឈ្មោះ ស៊ីង ប្រាយអូទិក ឈូសឆាយរំលោភយកដីរបស់ពួកគាត់។
លោក ថៃ ប៊ុនលាង៖ «ពួកគាត់មិនប្រឆាំងនឹងការអភិវឌ្ឍទេ ប៉ុន្តែពួកគាត់ចង់បានដីចាស់ដែលមានស្រាប់ម្នាក់ពីរបីហិកតារ ដែលមិនទាន់គ្រប់ ៥ហិកតារសម្រាប់ពួកគាត់នោះរក្សាទុកសម្រាប់កសិកម្មជាលក្ខណៈគ្រួសារ ហើយគាត់មិនប្រឆាំងនឹងអាជ្ញាធរឃុំ ភូមិទេ ប៉ុន្តែគ្រាន់ថា ការដោះស្រាយដូចអត់មាន»។
ពលរដ្ឋអះអាងថា កាលពីថ្ងៃទី១ ធ្នូ ឆ្នាំ២០១២ ក្រុមហ៊ុនកូរ៉េ ឈ្មោះ ស៊ីង ប្រាយអូទិក ដែលធ្វើវិនិយោគដាំដើមអាកាស្យា បានបញ្ជាគ្រឿងចក្រមួយគ្រឿងឈូសឆាយដីរបស់ខ្លួន ដែលធ្វើឲ្យប៉ះពាល់ដីពលរដ្ឋជាង ១០០គ្រួសារ ស្ថិតនៅក្នុងភូមិបី គឺទី១ ភូមិរមួល ដែលជាភូមិឧបសម្ពន្ធនៃភូមិអាចេន ទី២ ភូមិកំភ្លក់ និងទី៣ ភូមិស្ពានក្ដារ នៃឃុំកំពង់ចាម ស្រុកសម្បូណ៌ ខេត្តក្រចេះ។
ការបញ្ជារបស់ក្រុមហ៊ុនឲ្យគ្រឿងចក្រឈូសឆាយដីធ្លីនេះ បានធ្វើឲ្យអ្នកភូមិប្រមាណជាង ១០០គ្រួសារ បាននាំគ្នាទាំងហ្វូងចុះហាមឃាត់គ្រឿងចក្រនោះ។
ទាក់ទងនឹងរឿងនេះ មេឃុំកំពង់ចាម លោក ឈិត ណន មានប្រសាសន៍ថា អ្នកភូមិដែលបានចុះហាមឃាត់គ្រឿងចក្រកុំឲ្យឈូសឆាយជាបន្តនោះ ពុំបានប្រើអំពើហិង្សានោះឡើយ។ លោកលើកឡើងបន្ថែមថា ចំពោះសកម្មភាពនៃការតវ៉ានេះ លោកបានរាយការណ៍ទៅប្រាប់លោកចៅហ្វាយស្រុកសម្បូណ៌ រួចហើយ។ ម្យ៉ាងទៀតលោកបញ្ជាក់ថា ក្រុមហ៊ុនមិនទាន់ធ្វើសកម្មភាពឈូសឆាយប៉ះពាល់ដីរបស់ពលរដ្ឋនោះឡើយ គឺក្រុមហ៊ុនឈូសឆាយតែលើដីរបស់ខ្លួន ប៉ុន្តែការផ្អើលតវ៉ារបស់ពលរដ្ឋនេះ ដោយសារពួកគាត់ព្រួយបារម្ភខ្លាចក្រុមហ៊ុនឈូសឆាយដីរបស់ពួកគាត់ប៉ុណ្ណោះ។
លោក ឈិត ណន៖ «តាមការពិត ខ្ញុំពិនិត្យមើល ក្រុមហ៊ុនមិនទាន់យកដីពលរដ្ឋឯណាមួយម្ចាស់ទេ ឈូសដី ម្ចាស់ឈ្មោះ អី គិន ដូចមិនទាន់មានប៉ះទេ គ្រាន់ថា មានឈូសក្បែរហ្នឹង មិនទាន់ដល់ដីគាត់ទេ។ ជាការពិតខ្ញុំជម្រាបជូនថា ជាការព្រួយបារម្ភរបស់ប្រជាពលរដ្ឋទេ គាត់ភ័យខ្លាចអនាគតទៅ មិនទុកចិត្តណាស់ ក្រែងក្រុមហ៊ុនហ្នឹងមិនអាចដូចពាក្យនិយាយ យូរទៅចេះតែឈូសយកអស់ទៅអ៊ីចឹង តាមពិតមិនទាន់ឈូសយកដីអ្នកម្នាក់ទេ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងក្រុមហ៊ុន ស៊ីង ប្រាយអូទិក នៅថ្ងៃទី២ ធ្នូ ដើម្បីសុំការបំភ្លឺពីបញ្ហានេះបាននោះទេ។
ទោះយ៉ាងណា ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្ស លោក អ៊ូ វីរៈ អះអាងថា ការដែលបញ្ហាដីធ្លីនៅតែមិនអាចដោះស្រាយ ហើយក្រុមហ៊ុនខិលខូចមួយចំនួននៅតែបន្តធ្វើសកម្មភាពរំលោភឈូសឆាយដីពលរដ្ឋនោះ ដោយសាររដ្ឋាភិបាលហាក់ពុំទាន់ចាត់វិធានការឲ្យតឹងរ៉ឹងដាក់ទោសចំពោះម្ចាស់ក្រុមហ៊ុនទាំងនោះ។ បន្ថែមលើនេះ លោកសង្កត់ធ្ងន់ថា ការប្រព្រឹត្តអំពើពុករលួយរបស់មន្ត្រីរដ្ឋាភិបាល ជាកត្តាមួយទៀតដែលនាំឲ្យការងើបឡើងតវ៉ារបស់ពលរដ្ឋលើបញ្ហាដីធ្លីនៅតែបន្តកើតមាន។
លោក អ៊ូ វីរៈ៖ «ជាលទ្ធផលមួយនៃសង្គមដែលមានអំពើពុករលួយខ្លាំង ហើយសង្គមដែលអត់មានការប្រឆាំងអំពើពុករលួយ។ រឿងដីធ្លីពីដើមមក និយាយទៅគឺមន្ត្រីច្រើនណាស់ដែលជាដើមរឿងនៃរឿងមូល នៃបញ្ហាក្នុងករណីដើមហេតុហ្នឹង។ យើងមើលមែនទែន គឺដោយសារជួនកាលទៅមេឃុំហ្នឹងស៊ីញ៉េឲ្យអត់មើលប្លង់ អត់មើលអី ឲ្យតែគេឲ្យលុយតិចតួចទៅស៊ីញ៉េ កន្លែងខ្លះមេឃុំជាអ្នកគក់ជេ»។
ជាងនេះទៀត លោក អ៊ូ វីរៈ ថ្លែងថា ដើម្បីបញ្ចប់បញ្ហាដីធ្លីបាន រដ្ឋាភិបាលត្រូវចាត់វិធានការក្ដៅចំពោះមន្ត្រីខិលខូចរបស់ខ្លួន និងក្រុមហ៊ុនទាំងឡាយ ដែលមិនគោរពតាមកិច្ចសន្យា។ លើសពីនេះ រដ្ឋាភិបាលក៏ត្រូវសើរើឡើងវិញលើដីសម្បទានសេដ្ឋកិច្ចដែលរដ្ឋាភិបាលបានចុះហត្ថលេខាផ្ដល់ដីទៅឲ្យក្រុមហ៊ុនដែលធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋ៕
No comments:
Post a Comment
yes