សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, December 3, 2012

ពលរដ្ឋ​ខេត្ត​ពោធិ៍សាត់​៖ ក្រុមហ៊ុន​ភាពីម៉ិច ​រំលោភ​យក​ដី​ស្រែ​ចម្ការ​ពួក​គាត់

ការ​រំលោភ​យក​ដី​ស្រែ​ចម្ការ​របស់​អ្នក​ភូមិ​ពី​សំណាក់​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច​នៅ​ឯ​ខេត្ត​ពោធិ៍សាត់​នៅ​តែ​បន្ត​កើត​មាន បើ​ទោះ​ជា​លោក​នាយក​រដ្ឋមន្ត្រី បញ្ជូន​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​ឲ្យ​ចុះ​ជួយ​វាស់​ដី ដែល​ប៉ះពាល់​ជា​មួយ​ដី​ប្រជា​ពលរដ្ឋ នៅ​ក្នុង​ខេត្ត​នេះ ដើម្បី​កាត់​ចេញ​ជូន​ទៅ​ប្រជា​ពលរដ្ឋ​យ៉ាង​ណា​ក្ដី។
ប្រជា​ពលរដ្ឋ​នៅ​ឃុំ​ឈើ​តុំ​ជា​ច្រើន​គ្រួសារ បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន ភាពីម៉ិច (PHEAPIMEX) ដែល​ជា​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច​នៅ​ឯ​ខេត្ត​ពោធិ៍សាត់​ថា បាន​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​រំលោភ​យក​ដី​ស្រែ​ចំការ​ពួក​គាត់ នៅ​ចំណុច​ស្រែ​លាវ។
បុរស​អ្នក​ភូមិ​ឈ្មោះ វុន ផា អាយុ ២៤ ឆ្នាំ ជា​ប្រជា​ពលរដ្ឋ​នៅ​ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់។ គាត់​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី ២ ធ្នូ​ថា ដី​គាត់​ជាង ២ ហិកតារ​នេះ​ម្ដាយ​គាត់​បាន​កាន់​កាប់ និង​បង្ក​បង្កើន​ផល តាំង​ពី​ឆ្នាំ ១៩៧៩ រហូត​មក ពុំ​ដែល​ខក​ខាន​ឆ្នាំ​ណា​ឡើយ។គាត់​ថា​ដី​នេះ គ្រួសារ​គាត់​បាន​ធ្វើ​របង​ព័ទ្ធ​រួច​ជា​ស្រេច​ហើយ តែ​ក្រុមហ៊ុន ភាពីម៉ិច បញ្ជា​គ្រឿង​ចក្រ​មក​ឈូស​ឆាយ​កំទេច​របង​ដី​គាត់​ចោល ដើម្បី​រំលោភ​យក​ដី​គាត់។
បុរស​រូប​នេះ​បាន​អំពាវនាវ​ឲ្យ​ក្រុម​និស្សិត​របស់​លោក​នាយក​រដ្ឋមន្ត្រី ជួយ​ចុះ​មក​វាស់វែង​ដី​នេះ ដល់​គ្រួសារ​គាត់ និង​អ្នក​ភូមិ​ផង។
លោក វុន ផា៖ «បាទ! ខ្ញុំ​ជា​ម្ចាស់​ដី ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​ក្រុម​និស្សិត​សម្ដេច​តេជោ ហ៊ុន សែន មេត្តា​ជួយ​ចុះ​មក​វាស់​វែង​ដី​ឲ្យ​ខ្ញុំ​បាទ និង​អ្នក​ភូមិ​ផង ព្រោះ​ខ្ញុំ​មិន​ដឹង​ជា​ត្រូវ​ពឹង​អ្នក​ណា​ទេ ក្រៅ​ពី​ក្រុម​និស្សិត​នោះ»។
ស្ត្រី​អ្នក​ភូមិ​ម្នាក់​ទៀត​ឈ្មោះ ស្រី សេន ក៏​បាន​ឲ្យ​ដឹង​ប្រហាក់​ប្រហែល​គ្នា​ដែរ​ថា ដី​គាត់​ជាង ២ ហិកតារ ដែល​មាន​ព័ទ្ធ​របង​រួច​ជា​ស្រេច​ហើយ ត្រូវ​បាន​ស្រី​អ្នក​បក​ប្រែ​ឲ្យ​ក្រុមហ៊ុន ភាពីម៉ិច ឈ្មោះ ចែ ម៉ាលីន បញ្ជា​ឲ្យ​គ្រឿងចក្រ​ឈូស​របង​ចោល​រំលោភ​យក​ទាំង​កំរោល។
លោកស្រី ស្រី សេន៖ «វា​ហ្នឹង​ហើយ​អ្នក​ឲ្យ​ឈូស​ឆាយ​នោះ។នាង​លីន​ហ្នឹង​ឯង ពី​ថ្ងៃ​មុន​បាន​បញ្ជា​ឲ្យ​គ្រឿងចក្រ​ឈូស​របង​ដី​ខ្ញុំ ហើយ​ថែម​ទាំង​គំរាម​ខ្ញុំ​ថា បើ​មិន​ឲ្យ​ឈូស​ក៏​គេ​ឈូស​ដែរ។គេ​ថា​ដី​ខ្ញុំ​ធំ​ណាស់»។
វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ​ពី​ក្រុមហ៊ុន ភាពីម៉ិច បាន​ទេ នៅ​ល្ងាច​ថ្ងៃ​ទី ២ ធ្នូ។
ចំណែក​មេ​ឃុំ​ឈើ​តុំ លោក ធីម ង៉ុក បាន​បដិសេធ​ថា ចំណុច​ស្រែ​លាវ​មិន​ស្ថិត​ក្នុង​ដែន​គ្រប់គ្រង​រដ្ឋបាល​ឃុំ​ឈើ​តុំ​ទេ។ ហេតុ​នេះ អាជ្ញាធរ​ដែន​ដី​មិន​អាច​ធ្វើ​អន្តរាគមន៍​ជួយ​ប្រជា​ពលរដ្ឋ​បាន​ឡើយ។
លោក ធីម ង៉ុក៖ «ស្រែ​លាវ​ជា​ដី​ខាង​កំពង់ឆ្នាំង​ទេ។ មិន​មែន​ដី​ខាង​ឈើ​តុំ​ទេ។ ខាង​ឈើ​តុំ​អត់​មាន​ស្រែ​លាវ​ទេ»។
ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ក្នុង​ពិធី​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជា​ពលរដ្ឋ​នៅ​ឃុំ​ព្រងិល និង​ឃុំ​លាច ស្រុក​ភ្នំ​ក្រវាញ ខេត្ត​ពោធិ៍សាត់​កាល​ពី​ថ្ងៃ​ទី ១ ខែ​តុលា​ថា លោក​ទទួល​កំហុស​ឆ្គង​នា​ពេល​កន្លង​ទៅ ក្នុង​បញ្ហា​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​នោះ គឺ​ការ​គូស​ផែនទី​ដោយ​ពុំ​បាន​សិក្សា​ជា​មុន ពី​ផល​ប៉ះពាល់​ចំពោះ​ប្រជា​ពលរដ្ឋ។ហេតុ​នេះ​ហើយ ទើប​រាជ​រដ្ឋាភិបាល​អនុវត្ត​គោល​នយោបាយ​ចាស់​សកម្មភាព​ថ្មី ដោយ​ពឹង​ផ្អែក​លើ​កម្លាំង​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត ចុះ​វាស់​វែង ដើម្បី​កាត់​ផល​ប៉ះពាល់​ទាំង​នោះ​ចេញ។
លោក​ថា តំបន់​ណា​ដែល​រង​ផល​ប៉ះពាល់ ត្រូវ​កាត់​ចេញ​ជូន​ប្រជា​ពលរដ្ឋ​សិន មុន​នឹង​ឲ្យ​ក្រុមហ៊ុន​ដំណើរ​ការ​លើ​ដី​សម្បទាន​នោះ។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន៖ «ដី​សម្បទាន​ក៏​ដូច​គ្នា​ដែរ។ យើង​នាំ​គ្នា​គូរ​នៅ​លើ​ផែនទី​ថា ជា​ដី​គម្រប​ព្រៃ​ឈើ​ឆ្នាំ ២០០២ រួច​ហើយ​យើង​ក៏​ប្រគល់​ឲ្យ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច។កន្លែង​ខ្លះ​ក៏​បាន​ខ្វៀល​តែ​មាន​តែ​ក្នុង​បញ្ជី។ អញ្ចឹង​ទេ យើង​មាន​តម្រូវ​ការ​ធ្វើ​សកម្មភាព​ឲ្យ​បាន​ឆាប់​បំផុត​នោះ គឺ​នៅ​ត្រង់​ថា ត្រូវ​ផ្ដល់​អាទិភាព ដើម្បី​ចុះ​វាស់វែង​ឲ្យ​ប្រជា​ពលរដ្ឋ តាម​ការ​កាន់កាប់​ជាក់​ស្ដែង​របស់​ប្រជា​ពលរដ្ឋ»

No comments:

Post a Comment

yes