កម្មការិនី នុត សាខន ដែលត្រូវគ្រាប់កាំភ្លើងមួយគ្រាប់ចំដៃដោយសារការបាញ់ប្រហារពី សំណាក់អតីត អភិបាលក្រុងបាវិត លោកឈូក បណ្ឌិត បានឲ្យដឹងថា ពួកនាងទាំងបីនាក់ ដែលជាជនរងគ្រោះ កាលពីម្សិលមិញ បានដាក់ពាក្យបណ្តឹងប្រឆាំងទៅនឹងការលើកចោល របស់តុលាការខេត្តស្វាយរៀង។ នាងបានចោទសួរថា៖ «តើឲ្យខ្ញុំទទួលយកការសម្រេចនេះម្តេចបាន បើគេបាញ់មកលើពួកខ្ញុំដូចបាញ់សម្លាប់សត្វមាន់ តែបែរជា គ្មានទោស។ នេះសំណាងហើយ ដែលពួកយើងទាំងបីនាក់មិនស្លាប់។ វាអយុត្តិធម៌ពេកហើយលោកតុលាការ»។ នាងគូសបញ្ជាក់ថា៖ «ទោះបីជាខ្ញុំអស់សង្ឃឹមនឹងការសម្រេចរបស់តុលាការខេត្តស្វាយរៀងក៏ដោយ តែពួកយើងនៅមានសង្ឃឹមថា នឹងទទួលបានយុត្តិធម៌នៅឧទ្ធរណ៍»។
អ្នកស្រី ប៊ុត ចិន្តា កម្មការិនីរងគ្រោះម្នាក់ទៀត ដែលត្រូវគ្រាប់កាំភ្លើងមួយគ្រាប់ចំដើមទ្រូង ធ្លាយមកឆ្អឹងខ្នង និយាយថា៖ «ការសម្រេចរបស់តុលាការនេះ មិនដឹងថា គាត់សំអាងលើអ្វីនោះទេ។ ទោះបីជាខ្ញុំ មិនសូវសង្ឃឹមថា ទទួលបានយុត្តិធម៌ក៏ដោយ ក៏ខ្ញុំត្រូវតែប្តឹងជាបន្តទៀតដែរ»។
ក្រុមហ៊ុន PUMA ដែលបញ្ជាទិញសម្លៀកបំពាក់ពីរោងចក្រនៅ ក្រុងបាវិត ស្ថានទូតអាមេរិក អង្គការសង្គមស៊ីវិល និងសហជីពមួយចំនួន ក៏បានសម្តែងការខកចិត្តផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញ PUMA បានថ្លែងថា «វាគួរឲ្យខកចិត្ត ដែលយុត្តិធម៌មិនអាចស្វែងរកបាន ក្នុងរយៈពេលជិតមួយឆ្នាំបន្ទាប់ពីអំពើល្មើសនោះ បានប្រព្រឹត្តឡើង» ហើយសង្កត់ធ្ងន់ថា កម្មករទាំងអស់ដែលផលិតផលិតផលរបស់ខ្លួនត្រូវតែស្ថិតនៅក្នុង បរិស្ថានសុវត្ថិភាពនិងប្រកបដោយសុខភាព។
សេចក្តីថ្លែងការណ៍នេះបន្តទៀតថា៖ «ហេតុដូច្នេះ PUMA នឹងទាក់ទងអង្គការពាក់ព័ន្ធនានាក្នុងស្រុក ដើម្បីធ្វើការវាយតម្លៃថា តើក្រុមហ៊ុនអាចផ្តល់ការជួយ យ៉ាងដូចម្តេចដែរ ទៅដល់ស្រ្តីបីនាក់ ដែលរងគ្រោះដោយសារការបាញ់ប្រហារនោះដើម្បីជួយសម្រួល ដល់ស្ថានភាពរបស់ពួកគេ»។«PUMA ចង់ធ្វើឲ្យច្បាស់ថា ការឧបត្ថម្ភនេះគឺមានគោលបំណង ជួយដល់កម្មកររងគ្រោះ នៅក្នុងស្ថានភាពបច្ចុប្បន្ន របស់ពួកគេ រហូតទាល់តែជនល្មើស ត្រូវបានកាត់ទោស និងបំពេញកាតព្វកិច្ចសំណងខូចខាតគ្រប់គ្រាន់»។
ស្ថានទូតអាមេរិកក្នុងរាជធានីភ្នំពេញ បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីម្សិលមិញថា ពួកគេបន្តជំរុញអាជ្ញាធរកម្ពុជាឲ្យគោរពនីតិរដ្ឋ អនុវត្តការស៊ើបអង្កេតពេញលេញ និងតម្លាភាពនិងពិចារណាលើភស្តុតាងទាំងអស់នៅក្នុងនីតិវិធីតុលាការ។
សមាគម ការពារសិទ្ធិមនុស្សអាដហុក និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នា ដោយសម្តែងការខកចិត្ត បានរិះគន់យ៉ាងខ្លាំងចំពោះប្រព័ន្ធតុលាការកម្ពុជា ថាមិនបានរកយុត្តិធម៌ជូនប្រជាជនក្រីក្ររងគ្រោះ តុលាការបម្រើឲ្យមនុស្សមួយក្រុម ជាអ្នកមានលុយនិងមានអំណាច។លោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានិយាយថា៖«ខ្ញុំមានការជិនណាយ ចំពោះកម្រិតនៃនិទ្ទណ្ឌភាព ដែលយើងកំពុងតែឃើញនៅកម្ពុជា»។
ចំណែកលោកជា មុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា នឹងប្រជុំពិភាក្សាគ្នា មេដឹកនាំសហជីពនៅថ្ងៃអាទិត្យនេះ ដើម្បីរៀបចំធ្វើកូដកម្ម ឬបាតុកម្មទាមទារ ឲ្យរកយុត្តិធម៌ដល់កម្មកររងគ្រោះ។
លោកនិយាយថា៖ «ប្រទេសយើង កំពុងត្រូវបានបែងចែកពលរដ្ឋជាពីរ គឺពលរដ្ឋក្រីក្រ កម្មករ ទន់ខ្សោយ មិនត្រូវបានយកចិត្តទុកដាក់ ដោយផ្លូវច្បាប់នោះទេ។ ប៉ុន្តែចំពោះអ្នកមានអំណាច បុណ្យស័ក្តិ និងលុយកាក់ គឺបាននៅពីលើច្បាប់»។ លោកជា មុនី បានសង្កត់ធ្ងន់ថា៖«សម្តេចនាយករដ្ឋមន្ត្រី បានប្រកាសថា កម្ពុជា ជាប្រទេសនីតិរដ្ឋតើនីតិរដ្ឋនៅឯណា បើអត់បានឃើញពលរដ្ឋស្លូតត្រង់ទទួលបានយុត្តិធម៌ផង»។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បានថ្លែងថា ករណីលើកចោលសំណុំរឿងលោក ឈូក បណ្ឌិត នេះ គឺជារឿងភ្ញាក់ផ្អើល ហើយប្រហែលជាមានរឿងមិនប្រក្រតីកើតឡើង នៅឯតុលាការ។ លោកបន្តថា ៖«យើងនឹងធ្វើការតស៊ូមតិដើម្បីរកយុត្តិធម៌ ដល់ជនរងគ្រោះ។ ជនល្មើសត្រូវតែនាំយកទៅផ្តន្ទាទោសតាមនីតិវិធីច្បាប់»។
លោក សំ ប្រជាមានិត នាយកខុទ្ទកាល័យ ក្រសួងយុត្តិធម៌ បានបដិសេធមិនធ្វើអត្ថាធិប្បាយ លើបញ្ហានេះឡើយ ដោយលោកមានប្រសាសន៍ថា៖ «សុំសួរទៅតុលាការខេត្តស្វាយរៀង ព្រោះគេជាអ្នកសម្រេច»។
ឆ្លើយតបទៅនឹងបញ្ហានេះ លោក ប៉ិច ឈឿត ប្រធានសាលាដំបូងខេត្តស្វាយរៀង បានថ្លែងថា តុលាការ បានសម្រេចលើកការចោទប្រកាន់ ទៅលើលោកឈូកបណ្ឌិតនិងសម្រេចបន្តចោទប្រកាន់លើលោកស ចន្ថា ប្រធានប៉ូលិសព្រហ្មទណ្ឌក្រុងបាវិតកាលពីថ្ងៃទី១៤ ខែធ្នូ បន្ទាប់ពីព្រះរាជអាជ្ញា បានផ្ញើសេចក្តីសន្និដ្ឋាន មកចៅក្រមស៊ើបសួរ។ លោកនិយាយថា៖ «ក្នុងករណីជនរងគ្រោះ មិនអាចទទួលយកបាន គេមានសិទ្ធិប្តឹងសារទុក្ខទៅសាលាឧទ្ធរណ៍»។
កាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០១២ លោកឈូក បណ្ឌិត ត្រូវបានតុលាការស្វាយរៀង ចោទពីបទបង្ករបួសស្នាម ដោយអចេតនា ទាក់ទិននឹងការបាញ់ប្រហារទៅលើកម្មករ ៣នាក់ឲ្យរងរបួសនៅថ្ងៃទី ២០ កុម្ភៈនៅខណៈកម្មករជាង ៦០០០ នាក់មកពីរោងចក្រ ៤ ក្នុងតំបន់សេដ្ឋកិច្ចពិសេស Manhattan ក្នុងក្រុងបាវិត បានធ្វើការតវ៉ា។ នៅក្នុងសំណុំរឿង ដែលបានអូសបន្លាយជិតមួយឆ្នាំមកហើយនោះ កម្មការិនី ៣ នាក់ដែលបានរងរបួសដោយការបាញ់ប្រហារនេះ បានដាក់ពាក្យបណ្តឹងប្រឆាំង លោក បណ្ឌិត ដោយទាមទារសំណងម្នាក់ៗ៤៥០០០ ដុល្លារ៕
No comments:
Post a Comment
yes