កម្មករនៅរោងចក្រ Top Form ក្នុងខណ្ឌឫស្សីកែវ ធ្វើកូដកម្ម កាលពីខែកញ្ញា
ភ្នំពេញៈ មេដឹកនាំសហជីពជាង ៦០ នាក់ បានបាត់បង់ការងាររបស់ខ្លួន នៅតាមរោងចក្រកាត់ដេរ ចន្លោះពីខែមេសា និងខែវិច្ឆិកាដោយសារការព្យាយាមបញ្ចុះបញ្ចូលឲ្យកម្មករ ដូចគ្នាចូលរួមក្នុងសហជីព។ នេះបើយោងតាមតំណាងដែលបានថ្លែង។
សមាជិកចំនួន១៤នាក់ នៃសម្ព័ន្ធសហជីពកម្ពុជា (CATU) បានទទួលរងការគំរាមកំហែង ការរើសអើង និងការមិនស្វាគមន៍ បន្ទាប់ពីបង្ហាញសកម្មភាពសហជីពរបស់ពួកគេ។ នេះបើយោងតាមអ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធាន CATU ។ អ្នកស្រីបានថ្លែងបន្តថា៖ «ក្រុមហ៊ុនពេលខ្លះ បានព្យាយាមបញ្ចុះបញ្ចូលមេដឹកនាំសហជីពថា ពួកគេនឹងបន្តកិច្ចសន្យាការងារឲ្យ ប្រសិនបើពួកគេបញ្ឈប់សកម្មភាពសហជីពរបស់ខ្លួន ប៉ុន្តែពួកគេបានបដិសេធ និងត្រូវបានបណ្តេញចេញ»។
អ្នកនាង អូន លីណា មន្រ្តីម្នាក់ មកពីសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ CATU ដែលត្រូវបានគេរាយការណ៍ថា មានការជាប់ពាក់ព័ន្ធជាមួយនឹងគណបក្សប្រឆាំង ក៏បានប្រាប់អំពីសាច់រឿងស្រដៀងគ្នានេះដែរ។ អ្នកនាងបានថ្លែងថា៖ «មេដឹកនាំសហជីពជាង៣០នាក់ បានបាត់បង់ការងារ នៅពេលពួកគេបង្កើតសហជីព»។
អ្នកនាង លីណា បានថ្លែងបន្តថា កម្មករ មិនត្រូវបានបណ្តេញចេញពីការងារទេ ប៉ុន្តែកិច្ចសន្យាការងាររបស់ពួកគេ មិនត្រូវបានបន្ត។ អ្នកនាងបន្តថា៖ «យើងបានផ្ញើលិខិតមួយទៅសមាគមរោងចក្រកាត់ដេរ ស្នើសុំឲ្យធ្វើការស៊ើបអង្កេតរោងចក្រ សមាជិករបស់ពួកគេ អំពីបញ្ហានេះ»។
ចំណែកសម្ព័ន្ធសហជីព ប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា(C.CAWDU) បានប្តឹងថា មានមេដឹកនាំសហជីពរបស់ខ្លួនចំនួន២០ នាក់ បានបាត់បង់ការងារ។ លោក អ៊ុំ វិសាល មន្រ្តីដោះស្រាយវិវាទការងាររបស់ C.CAWDU បានថ្លែងថា៖ «វាជាការរើសអើង មកលើសហជីពរបស់យើង ដោយក្លែងធ្វើជាមិនបន្តកិច្ចសន្យា»។ លោកបន្តទៀតថា៖ «វាខុសគ្នាឆ្ងាយណាស់ រវាងសហជីពគាំទ្ររដ្ឋាភិបាល និងសហជីពដូចជាសហជីពរបស់ខ្ញុំ»។ លោកបន្តថា៖ «យើងមិនដែលឃើញសមាជិកសហជីពគាំទ្ររដ្ឋាភិបាលត្រូវបណ្តេញចេញ ពីការងារទេ»។
លោក គឹម ចាន់សំណាង ប្រធានសហព័ន្ធសហជីព TUWFPD បានថ្លែងថា គ្មានសមាជិកណាម្នាក់នៃសហជីពរបស់លោក ត្រូវបានបណ្តេញចេញពីការងារទេឆ្នាំនេះ ហើយពួកគេ ក៏មិនបានធ្វើកូដកម្មណាមួយដែរ។ លោកថ្លែងកាលពីម្សិលមិញថា៖ «យើងធ្វើការយ៉ាងជិតស្និទ្ធ និងរលូនជាមួយក្រុមហ៊ុន»។«យើងតែងតែអង្គុយជជែកគ្នាស្វែងរកដំណោះស្រាយ»។
លោក គឹម ចាន់សំណាង ក៏ជាអគ្គលេខាធិការរង នៃក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) ផងដែរ។ ថ្លែងមកកាន់ភ្នំពេញ ប៉ុស្តិ៍ កាលពីខែមិថុនា លោក ចាន់សំណាង បានច្រានចោល ការលើកឡើងថា CCNU ចងសម្ព័ន្ធជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច។
ការទាមទារឲ្យយកមេដឹកនាំសហជីព ដែលត្រូវបានបណ្តេញចេញ ចូលធ្វើការវិញ គឺជាការទាមទារនៅក្នុងការធ្វើកូដកម្មជាច្រើននៅឆ្នាំ នេះ។ តំណាងរោងចក្រ បានច្រានចោល ការចោទប្រកាន់ដែលថា ពួកគេបានបណ្តេញកម្មករ ដោយសារការចូលសហជីព ឬហេតុផលនយោបាយ។ លោក ធន់ ប៊ុននី ប្រធានរដ្ឋបាល នៅរោងចក្រ Conpress Holdings ក្នុងខណ្ឌមានជ័យ បានថ្លែងកាលពីខែមុនថា ក្រុមហ៊ុន គ្រាន់តែមិនបន្តកិច្ចសន្យាការងាររបស់មេដឹកនាំសហជីពមួយ ចំនួនក្នុងលក្ខណៈធម្មតាប៉ុណ្ណោះ។
អ្នកនាងជាសុវណ្ណ ចាន់សម្បត្តិ ប្រធានរដ្ឋបាលនៅរោងចក្រ Nex-T Apparel ក៏បានបដិសេធផងដែរថា មិនមានការរើសរើងសហជីពទេ បន្ទាប់ពីមានការទាមទារឲ្យយកមេដឹកនាំសហជីពចំនួនបីនាក់ ចូលធ្វើការវិញ នៅរោងចក្ររបស់អ្នកនាង ក្នុងរាជធានី។ អ្នកនាង ថ្លែងកាលពីដើមខែនេះថា៖ «យើងបញ្ចប់កិច្ចសន្យាការងាររបស់ពួកគេ គឺដោយសារពួកគេ ធ្វើការងារមិនល្អ ហើយយើងបានទទួលការប្តឹងពីមេក្រុមពួកគេ»។
លោក ខេន លូ អគ្គលេខាធិការ សមាគមរោងចក្រកាត់ដេរ មិនអាចទាក់ទងសុំការធ្វើអត្ថាធិប្បាយបានទេ កាលពីម្សិលមិញ ប៉ុន្តែលោកធ្លាប់បានថ្លែងថា សមាគមរបស់លោក មិនជាប់ពាក់ព័ន្ធនឹងនយោបាយដូចសហជីពណានោះទេ។
លោក វាសនា នួន ជាសហនិពន្ធនៃការសិក្សាស្រាវជ្រាវ ដែលមានចំណងជើងថា៖«ការបង្កើតសហជីពក្នុងប្រទេសកម្ពុជា៖ ប្រវត្តិ បញ្ហាប្រឈម និងយុទ្ធសាស្រ្ត» បានថ្លែងថា ការស្រាវជ្រាវរបស់លោក បានបង្ហាញឧទាហរណ៍មួយចំនួន ដែលថៅកែរោងចក្របានបណ្តេញមេដឹកនាំសហជីព បន្ទាប់ពីពួកគេបានបង្កើតសហជីព។ ប៉ុន្តែការស្រាវជ្រាវនេះ មិនបានបង្ហាញថា តើវាមានការពាក់ព័ន្ធ នឹងបញ្ហានយោបាយឬអត់ទេ។ លោកថ្លែងថា៖ «ខ្ញុំគិតថា ចលនាទំនាក់ទំនងវិជ្ជាជីវៈ គឺនៅវ័យក្មេងនៅឡើយ ហើយនៅតាមរោងចក្រ អ្នកខ្លះ មិនទាន់រៀបចំខ្លួន ធ្វើការជាមួយសហជីពនៅឡើយទេ»។
លោក យឹម សេរីវឌ្ឍនៈ អ្នកសម្របសម្រួលសម្រាប់គម្រោងសហជីព នៅអង្គការពលកម្មអន្តរជាតិ បានថ្លែងថា ការគាំទ្ររដ្ឋាភិបាល និងសហជីព«ពណ៌លឿង»ហាក់បីដូចជាទទួលការរើសអើងតិចពីនិយោជក។ លោកបន្តថា៖ «សហជីពលឿង នៅតែមានយុទ្ធនាការយកអត្ថប្រយោជន៍ពីនិយោជកនៅឡើយ។ ពួកគេត្រូវបានបញ្ចប់កិច្ចសន្យាតិចជាងសហជីពដទៃៗពួកគេមិន មានការទាមទារខ្លាំងក្លានោះទេ»។
លោកបន្តថា៖ «ទោះបីយ៉ាងណា ខ្ញុំគិតថា ការទាមទារខ្លាំងក្លាភាគច្រើនបំផុត ពីសហជីពស៊ីខៅឌូ (C.CAWDU) គឺសមហេតុផល ប្រសិនបើយើងមើលទៅលើការចំណាយ លើការរស់នៅនិងប្រាក់ឈ្នួលក្នុងប្រទេសដទៃៗ ជាពិសេសក្នុងសហគមន៍អាស៊ាន»។
លោក វឌ្ឍនៈ បន្តថា កម្ពុជា ជាមេដឹកនាំតំបន់ នៅពេលនិយាយពីការផ្តល់សច្ចាប័នដល់អនុសញ្ញា ILO ដែលរួមមាន ដូចជា សេរីភាពសមាគម និងសហជីព ប៉ុន្តែការអនុវត្តបានជួបឧបសគ្គ ដោយសារតែនិយោជកដែលខ្លាចសហជីព។
លោក សាត សាមុត រដ្ឋលេខាធិការក្រសួងការងារ ថ្លែងថា រោងចក្រ មិនខុសទេ នៅពេលរោងចក្របញ្ឈប់នរណាម្នាក់ ពីការងារ នៅពេលកិច្ចសន្យាការងាររបស់ពួកគេដល់កំណត់។ លោកបានបន្តថា៖ «សហជីពគួរតែបញ្ជូនករណីរបស់ពួកគេមកយើង។ យើងនឹងអន្តរាគមន៍ ប្រសិនបើពួកគេមានបញ្ហា»៕
No comments:
Post a Comment
yes