ព្រឹទ្ធសភានិងអ្នកតំណាងរាស្ត្រ នៃគណបក្ស Radical Party ប្រទេសអ៊ិតាលី បានថ្កោលទោសប្រតិភូសមាជិកសភាកម្ពុជា ដែលបានព្យាយាមស្នើសុំបណ្ដេញ លោកសម រង្ស៊ី ចេញពីសម័យប្រជុំសភាអន្តរជាតិក្រុងរ៉ូម ដោយចាត់ទុកថាជាទង្វើអត្តាធិបតេយ្យ។
ភ្លាមៗមុនចាប់ផ្ដើមបើកសម័យប្រជុំពិគ្រោះយោបល់សភា ដើម្បីសកម្មភាពពិភពលោក និងកិច្ចប្រជុំសភាអន្តរជាតិលើកទី៧ អំពីការវិវឌ្ឍន៍ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ នៅទីក្រុងរ៉ូម កាលពីថ្ងៃទី១០ ខែធ្នូ លោកឈាង វុន ប្រធានគណៈកម្មាការកិច្ចការបរទេសនៃរដ្ឋសភា និងជាប្រធានគណៈប្រតិភូសភាកម្ពុជា បានស្នើសុំប្រធានសន្និសីទបណ្ដេញ លោកសម រង្ស៊ី ពីអង្គសន្និសីទ ព្រោះថាលោកសម រង្ស៊ី មិនមានសុពលភាពជាអ្នកតំណាងរាស្ត្រកម្ពុជាទៀតនោះទេ តែការស្នើនេះ ត្រូវបានបដិសេធ និងថ្កោលទោស។
យោងតាមសេចក្ដីថ្លែងការណ៍ របស់ព្រឹទ្ធសភា Marco Perduca និងសមាជិក Matthew Mecacci ដែលជាអនុប្រធានគណបក្ស Radical Party នៃប្រទេសអ៊ិតាលី បានលើកឡើងថា ទង្វើរបស់ប្រធានគណប្រតិភូសភាកម្ពុជា លោកឈាង វុន ដូចនេះ គឺជាការបញ្ជាក់គុណភាពនៃប្រជាធិបតេយ្យនៃប្រទេសមួយ ដែលមានទម្រង់ការដឹកនាំបែបអត្តាធិបតេយ្យនិយម ជារបបបែបអំណាចនិយម នៅក្រោមការគ្រប់គ្រងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ជាមួយគ្នានោះ លោកប្រធានព្រឹទ្ធសភា និងរដ្ឋសភានៃប្រទេសអ៊ិតាលី Fini និង Emma Bonino បានឆ្លើយតបភ្លាមៗថា ការស្នើឲ្យដកលោកសម រង្ស៊ី ចេញពីសន្និសីទអន្តរជាតិនេះ គឺមិនអាចទទួលយកបានឡើយ។ មេដឹកនាំទាំងពីររូបបាន ថ្លែងថា លោក សម រង្ស៊ី គឺជាអ្នកតស៊ូដើម្បីសេរីភាពនៅកម្ពុជា។
លោកអ៊ូ វិរៈ ប្រធានមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា មានប្រសាសន៍ថា ករណី លោក ឈាង វុន នៅឯទីក្រុងរ៉ូម ប្រទេសអ៊ិតាលី គឺជាទង្វើមួយ គួរត្រូវបានថ្កោលទោស ៖ "ជារឿងមួយសោកស្តាយដែរ យើងយកមុខមាត់យើងទៅលក់កណ្តាលទី យើងដឹងថាលោក ឈាង វុន និងសមាជិកកម្ពុជា ព្រឹទ្ធសភាយើងដើរចេញពីការប្រជុំរបស់គេ ការដើរចេញនេះគឺដោយសារមានគណបក្សប្រឆំាងគឺលោកសម រង្ស៊ី ហើយនឹងសមាជិកគណបក្សប្រឆំាងនៅទីនោះ គ្រាន់ថា យើងធ្វើចឹងគេមើលមកប្រទេសយើង គេថាប្រទេសយើងប្រទេសផ្តាច់ការ ព្រោះអីយើងអត់អាចទទួលបាន អត់មានវត្តមានគណបក្សប្រឆំាងផង ហ៊ី! យើងធ្វើម៉េចដើម្បីប្រកួតប្រជែងបែបសេរី បង្កើតដើម្បី ឃោសនា រិះគន់គ្នាទៅវិញទៅមក ហើយតតំាងគ្នាទៅវិញទៅមកនេះ"។
សំឡេងប្រជាធិបតេយ្យ មិនអាចសុំការទាក់ទង លោកឈាង វុន បានទេ នៅថ្ងៃនេះ ដោយលោកកំពុងមានវត្តមាននៅប្រទេសអ៊ិតាលី។
តែយ៉ាងនេះក្ដី លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី និងជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានការពារ ជំហររបស់លោកឈាង វុន ដោយ លោកអះអាងថា សិទិ្ធរបស់លោកឈាង វុន ការពារអធិបតេយ្យកម្ពុជានៅលើឆាកអន្តរជាតិ ៖ "បើសិនជាសភារបស់អ៊ិតាលី មិនឲ្យតម្លៃ ដល់ជាមួយរបស់កម្ពុជា ដែលមានអធិបតេយ្យនោះទេ ដែលតំណាងប្រជារាស្ត្រមតិភាគច្រើននោះទេ អាហ្នឹងជាជម្រើសរបស់គាត់ គាត់រើសមនុស្សម្នាក់ហ្នឹងទៅ អាហ្នឹងជាការជ្រើសរបៀបនយោបាយ អាហ្នឹងគេវាយប្រហារមួយ ដែលគួរឲ្យសោកស្តាយមួយ ដែលលោកអត់ស្គាល់ លោកអត់យល់អំពីការកើតឡើងនៅក្នុងកម្ពុជា"។
ទាំងព្រឹទ្ធសភា Marco Perduca និង សមាជិក Matthew Mecacci ដែលជាអនុប្រធានគណបក្ស Radical Party នៃប្រទេសអ៊ិតាលី ថ្លែងថាតាមរយៈ ទង្វើរបស់គណប្រតិភូសភាកម្ពុជា ដែលដឹកនាំដោយលោក ឈាង វុន គេអាចស្វែងយល់ការពិតពីស្ថានភាពនៅកម្ពុជា គឺមិនដូចការវាយតម្លៃពីសំបកក្រៅនោះទេ៕
No comments:
Post a Comment
yes