លោកហូរ វ៉ាន់ ព្រឹទ្ធសមាជិកមួយរូប ក្នុងចំណោម ៨ រូប ដែលនឹង
ត្រូវលាលែង ទៅឈរតំណាង
ភ្នំពេញៈ ព្រឹទ្ធសមាជិកចំនួន៨រូប ក្នុងចំណោមព្រឹទ្ធសមាជិកចំនួន១១រូប របស់គណបក្ស សម រង្ស៊ី នឹងលាលែងពីតំណែងរបស់ខ្លួន ដើម្បីឈរឈ្មោះជាបេក្ខជនសមាជិករដ្ឋសភា សម្រាប់គណបក្សសង្គ្រោះជាតិកម្ពុជា ដែលដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខា។ នេះបើយោងតាមមន្រ្តីដែលបានថ្លែង។
ព្រឹទ្ធ សមាជិក លោក ហូរ វ៉ាន់ និង លោក នុត រំដួល ដែលអ្នកទាំងពីរ ស្ថិតនៅក្នុងចំណោមព្រឹទ្ធសមាជិកចំនួន១១ រូបនោះ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃអាទិត្យថា មុនការបោះឆ្នោត១ ខែឬ ២ ខែ ព្រឹទ្ធសមាជិកចំនួន៨ រូបក្នុងចំនួន១១ រូប នឹងលាលែងពីតំណែង ហើយនឹងដាក់ពាក្យជាបេក្ខជន ក្នុងគណបក្សសង្គ្រោះជាតិកម្ពុជា។ ការផ្លាស់ប្តូរនេះ គឺជាយុទ្ធសាស្រ្តមួយដើម្បីពង្រឹងថ្នាក់មូលដ្ឋានដើម្បីឲ្យ អាចស្វែងរកភាពទាក់ទាញកាន់តែច្រើនឡើងៗ ពីប្រជាជននៅថ្នាក់មូលដ្ឋាន ពីព្រោះថា ព្រឹទ្ធសមាជិកទាំងនោះធ្លាប់ជាតំណាងរាស្រ្ត។
លោក នុត រំដួល អតីតតំណាងរាស្រ្តខេត្តកំពង់ស្តឺ និងជាព្រឹទ្ធសមាជិកថ្មី ក្នុងមណ្ឌល៧ដែលជាខេត្តកំពង់ស្ពឺផងដែរនោះ បានថ្លែងថា អ្នកគាំទ្ររបស់លោកចង់ឲ្យលោក ធ្វើជាតំណាងរាស្រ្តដោយសារលោក ត្រូវបានប្រជាជនស្គាល់យ៉ាងច្រើនតាមរយៈការជួយដោះស្រាយបញ្ហា សម្រាប់ប្រជាជន។ លោក នុត រំដួល បានថ្លែងបន្តថា៖ «ខ្ញុំគ្រាន់តែលើកឡើងអំពីខេត្តកំពង់ស្ពឺ ដែលប្រជាជនស្គាល់អំពីបេះដូងរបស់ខ្ញុំ ហើយបានស្នើឲ្យខ្ញុំត្រឡប់ទៅទីនោះវិញ។ ប្រជាជនច្រើនណាស់គាំទ្រខ្ញុំ ឲ្យត្រឡប់ទៅវិញ»។
លោក ហូរ វ៉ាន់ ដែលជាព្រឹទ្ធសមាជិកក្នុងមណ្ឌល២ រាជធានីភ្នំពេញ បានថ្លែងថា៖ «ជាគោលការណ៍ ព្រឹទ្ធសមាជិកទាំង៨ រូបនោះ ត្រូវឈរឈ្មោះជាតំណាងរាស្ត្រសម្រាប់ការបោះឆ្នោតរដ្ឋសភា »។ លោកបន្ថែមថា ព្រឹទ្ធសភាទាំងនោះ អាចលាលែងនៅខែ ឧសភា ដើម្បីដាក់ពាក្យជាបេក្ខជនតំណាងរាស្រ្ត ប៉ុន្តែលោកបានថ្លែងថា ទោះបីយ៉ាងណាក្តី វាអាស្រ័យទៅលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលកំណត់ កាលបរិច្ឆេទសម្រាប់បេក្ខជនក្នុងការដាក់ពាក្យ។
អ្នកនាំ ពាក្យគណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ បានថ្លែងថា អ្វីៗមិនទាន់ច្បាស់នៅឡើយទេរហូតមកដល់ពេលនេះ។ គណបក្សសម រង្ស៊ី មិនទាន់បានគិតអំពីផែនការរៀបចំបេក្ខជន គណបក្សសង្គ្រោះជាតិកម្ពុជានៅឡើយទេ ពីព្រោះសមាជិកគណបក្ស សម រង្ស៊ី ទាំងអស់ កំពុងផ្តោតលើការពង្រឹងកម្មវិធីគោលនយោបាយរបស់បក្ស។ លោក យឹម សុវណ្ណ បានថ្លែងបន្តថា៖ «ពួកគេមានសិទ្ធិបង្ហាញមតិយោបល់ ប៉ុន្តែសម្រាប់ព័ត៌មានផ្លូវការ សូមទាក់ទងជាមួយអ្នកនាំពាក្យ។ អ្នកនាំពាក្យចេញព័ត៌មានផ្លូវការ ក្រៅពីនោះមិនផ្លូវការទេ»។
លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បាន ថ្លែងថា បើគណបក្សសម រង្ស៊ី ចង់ផ្លាស់ប្តូរព្រឹទ្ធសមាជិក ឬតំណាងរាស្រ្តគណបក្សរបស់ខ្លួន គណបក្សត្រូវតែបញ្ជូនបញ្ជីឈ្មោះមក គ.ជ.ប មុនថ្ងៃទី២៩ ខែមេសា ដែលជាកាលបរិច្ឆេទកំណត់នៃការចុះបញ្ជីបេក្ខជន និងបន្ទាប់មក គ.ជ.ប នឹងធ្វើបញ្ជីឈ្មោះថ្មី សម្រាប់គណបក្ស សម រង្ស៊ី។
លោក ហង្ស ពុទ្ធា នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត និងមិនលម្អៀងសម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាហៅកាត់ NICFEC បានថ្លែងថា ការផ្លាស់ប្តូរណាមួយនៃគណបក្សនយោបាយ វាជារឿងធម្មតាសម្រាប់ពួកគេក្នុងការស្វែងរកការគាំទ្រ។ លោកបន្ថែមថា៖ «គណបក្សនយោបាយគឺជាអ្នកប្រកួតប្រជែង ដែលតែងតែស្វែងរកវិធីជ្រើសរើសតួសំខាន់ ដើម្បីឲ្យពួកគេអាចដណ្តើមកៅអីបានច្រើនជាងមុន»៕
No comments:
Post a Comment
yes