សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, January 21, 2013

សហគមន៍​មាន​បញ្ហា​ដី​ចំនួន​៤​ស្វែង​រក​អន្តរាគមន៍​ដើម្បី​ដោះស្រាយ​ជម្លោះ

ក្រុម​អ្នក​ភូមិ​បឹង​កក់ កាន់​បដា​តវ៉ា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ 
កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១ មករា ឆ្នាំ​២០១៣

សហគមន៍​ចំនួន ៤ នៅ​រាជធានី​ភ្នំពេញ ដែល​មាន​បញ្ហា​រឿង​ទំនាស់​ដីធ្លី តវ៉ា​ជា​ថ្មី​ម្ដង​ទៀត​នៅ​ថ្ងៃ​ទី​២១ ខែ​មករា ដោយ​មាន​ខ្លះ​ដាក់​លិខិត​ស្នើ​សុំ​ទៅ​ក្រសួង​មហាផ្ទៃ ស្ថាប័ន​ព្រឹទ្ធ​សភា និង​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ឲ្យ​ស្ថាប័ន​ទាំង​នោះ​ជួយ​អន្តរាគមន៍​រឿង​ទំនាស់​ដី​របស់​ពួក​គេ។
ពលរដ្ឋ​សហគមន៍​ដែល​មាន​ទំនាស់​ដីធ្លី នៅ​តែ​មិន​ទាន់​បាន​ទទួល​ការ​ឆ្លើយ​តប​ណា​មួយ​ចំពោះ​សំណើ​សុំ​របស់​ពួក​គាត់​ក្នុង​ការ​ទាមទារ​ឲ្យ​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ អន្តរាគមន៍​ជួយ​ដោះស្រាយ​រឿង​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ឯកជន និង​បញ្ឈប់​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ។
សហគមន៍​បុរីកីឡា និង​សហគមន៍​ផ្លូវ​លេខ ៣៤៧ ក្នុង​សង្កាត់​បឹងកក់​ទី​១ ខណ្ឌ​ទួលគោក ប្រមាណ ៥០​នាក់ បាន​ឈរ​លើក​បដា​ទាមទារ​នៅ​ខាង​មុខ​ក្រសួង​មហាផ្ទៃ ព្រឹទ្ធ​សភា និង​មុខ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​២១ ខែ​មករា។ គោល​បំណង​ដែល​សហគមន៍​តវ៉ា​នោះ គឺ​ដើម្បី​ដាក់​លិខិត​ស្នើ​សុំ​ឲ្យ​ថ្នាក់​ដឹកនាំ​ស្ថាប័ន​ទាំង​នោះ រួម​មាន​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធ​សភា ជំរុញ​ឲ្យ​ក្រុមហ៊ុន​ផានអ៊ីម៉ិច គោរព​នូវ​កិច្ចសន្យា​សាងសង់​ឲ្យ​គ្រប់​ចំនួន ១០​អាគារ ដល់​សហគមន៍​បុរីកីឡា និង​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ជំរុញ​ឲ្យ​មាន​ការ​ដោះស្រាយ​ដ៏​ឆាប់​រហ័ស ដើម្បី​ឲ្យ​សហគមន៍​ផ្លូវ ៣៤៧ ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ស្រប​ច្បាប់។

តំណាង​សហគមន៍​បុរី​កីឡា អ្នកស្រី ឆាយ គឹមហ៊ន ឲ្យ​ដឹង​ថា តំណាង​សហគមន៍ ៤​នាក់ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ដាក់​លិខិត​ទៅ​ដល់​ស្ថាប័ន​ទាំង​នោះ ប៉ុន្តែ​មិន​ទាន់​បាន​ទទួល​ចម្លើយ​នៅ​ឡើយ​ទេ៖ «ជា​ជម្រើស​ចុង​ក្រោយ​របស់​ពួក​ខ្ញុំ ព្រោះ​អ្វី​ដែល​ពួក​ខ្ញុំ​ដាក់​ពី​ឆ្នាំ​មុន​មក គឺ​អត់​មាន​ដំណោះស្រាយ​របស់​សហគមន៍​ទេ។ អ៊ីចឹង​អ្វី​ដែល​ខ្ញុំ​ដាក់​នេះ គឺ​ចង់​ឲ្យ​ជួយ​ជំរុញ​ឲ្យ​បាន​ឆាប់​បំផុត​ពី​រដ្ឋាភិបាល ពី​ក្រុមហ៊ុន ឲ្យ​ដោះស្រាយ​ពី​បញ្ហា​បុរីកីឡា និង​ក្រុមហ៊ុន​ផានអ៊ីម៉ិច ឲ្យ​គោរព​សន្យា​សាងសង់ ១០​អាគារ ឲ្យ​ខាង​ពួក​ខ្ញុំ»
បុរី​កីឡា ៣០៥
អ្នក​ភូមិ​បុរីកីឡា ឈរ​កាន់​បដា​តវ៉ា​នៅ​ខាង​មុខ​ក្រសួង​មហាផ្ទៃ នៅ​ព្រឹក​ថ្ងៃ​ទី​២១ មករា ឆ្នាំ​២០១៣។ RFA/Tep Soravy
ប្រធាន​នាយកដ្ឋាន​កិច្ចការ​រដ្ឋបាល​នៃ​ក្រសួង​មហាផ្ទៃ លោក ប៊ុន រិទ្ធ ដែល​ទទួល​លិខិត​ស្នើ​សុំ​ពី​សហគមន៍​បុរីកីឡា និង​សហគមន៍​ផ្លូវ​លេខ ៣៤៧ ឲ្យ​ដឹង​ថា លោក​នឹង​រៀបចំ​ឯកសារ​តាម​បែប​បទ​រដ្ឋបាល​ដាក់​ទៅ​ឲ្យ​រដ្ឋមន្ត្រី​ជា​អ្នក​សម្រេច ប៉ុន្តែ​ការ​ឆ្លើយ​តប​យ៉ាង​ណា​នោះ មិន​ទាន់​អាច​ដឹង​បាន​នៅ​ឡើយ​ទេ៖ «ខាង​ខ្ញុំ​វា​អត់​មាន​សិទ្ធិ​អី​សម្រេច គ្រាន់​តែ​ថា រៀបចំ​ការងារ​រដ្ឋបាល​តាម​ឋានានុក្រម សុំ​ទៅ​ថ្នាក់​ដឹកនាំ​ក្រសួង ដើម្បី​ឲ្យ​គាត់​ពិនិត្យ​សម្រេច​ពាក់ព័ន្ធ​នឹង​ការ​ស្នើ​សុំ​ហ្នឹង»
រី​ឯ​អ្នក​បឹងកក់ និង​អ្នក​សហគមន៍​ព្រលាន​យន្តហោះ​ពោធិចិនតុង ប្រមាណ ៧០​នាក់ ក៏​បាន​ឈរ​បាតុកម្ម​តវ៉ា​ព្រម​គ្នា​ទាមទារ​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ ដោយ​ព្យាយាម​សុំ​ជួប​លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​បង្ហាញ​នូវ​លិខិត​ស្នាម​ឯកសារ បញ្ជាក់​ថា ពួក​គាត់​រស់​នៅ​ស្រប​ច្បាប់ មាន​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​ត្រឹមត្រូវ។ តំណាង ៧​រូប​មក​ពី​សហគមន៍​ទាំង​ពីរ ត្រូវ​បាន​អនុញ្ញាត​ទៅ​ឲ្យ​ជួប​មន្ត្រី​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ។
តំណាង​អ្នក​បឹង​កក់ អ្នកស្រី ហេង មុំ ដែល​បាន​ចូល​ជួប​មន្ត្រី​សាលាក្រុង ឲ្យ​ដឹង​ថា ការ​ធ្វើ​កូដកម្ម​ម្ដង​នេះ អ្នក​បឹងកក់ និង​សហគមន៍​ព្រលានយន្តហោះ​ពោធិចិនតុង មិន​បាន​ដាក់​លិខិត​ស្នើ​សុំ​ទៅ​សាលាក្រុង​ដូច​សព្វ​មួយ​ដង​ទេ។ ប៉ុន្តែ​ជា​ការ​ស្នើ​សុំ​ជួប​ដើម្បី​បង្ហាញ​ពី​ឯកសារ​ភស្តុតាង​បញ្ជាក់​ពី​ការ​ស្នាក់នៅ​ស្រប​ច្បាប់​របស់​សហគមន៍ ជា​ការ​ឆ្លើយ​តប​ចំពោះ​ប្រសាសន៍​លោក កែប ជុតិមា ដែល​បាន​ផ្ដល់​បទសម្ភាសន៍​ដល់​ទូរទស្សន៍​បាយ័ន ចោទ​ថា អ្នក​ភូមិ​រស់​នៅ​មិន​ស្រប​ច្បាប់ ហើយ​ការ​ទាមទារ​នោះ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ។
អ្នកស្រី ហេង មុំ៖ «សូម​បញ្ជាក់​ប្រាប់​គាត់​ឲ្យ​បាន​ច្បាស់​ថា ពួក​ខ្ញុំ​ពិត​ជា​ប្រជាពលរដ្ឋ​ក្នុង​ចំណោម ៧៩៤​គ្រួសារ ដែល​សាលា​រាជធានី​បាន​ប្រកាស​ពី​ឆ្នាំ​មុន។ ពួក​ខ្ញុំ​មាន​ឯកសារ​ច្បាស់លាស់​ត្រឹមត្រូវ ដូច​ដែល​ប្រជាពលរដ្ឋ​បាន​ទទួល​ប្លង់​មាន​ប័ណ្ណ​គ្រួសារ មាន​អត្តសញ្ញាណប័ណ្ណ មាន​ប័ណ្ណ​បោះ​ឆ្នោត និង​មាន​កាត​គណបក្ស​ប្រជាជន​កម្ពុជា​តែម្ដង»
ទោះ​ជា​យ៉ាង​ណា បំណង​ដែល​អ្នក​បឹងកក់ និង​សហគមន៍​ព្រលានយន្តហោះ​ពោធិចិនតុង ចង់​ជួប​លោក កែប ជុតិមា នោះ មិន​បាន​សម្រេច​ទេ ដោយ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​មក​ជួប និង​សន្យា​ថា ពាំនាំ​យក​មតិ​របស់​សហគមន៍​ទៅ​ប្រាប់​អភិបាល​រាជធានី៕

No comments:

Post a Comment

yes