លោក កឹម សុខា ប្រធានគណបក្ស សិទ្ធិមនុស្ស និងជាអនុប្រធានចលនា
ប្រជាធិបតេយ្យសង្គ្រោះជាតិ
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់គណបក្ស សិទ្ធិមនុស្ស បានប្រាប់អ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៣ឲ្យដឹងថា លោក កឹម សុខា ប្រធានគណបក្ស សិទ្ធិមនុស្ស និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម បានធ្វើការប្រកាសលាលែងពីប្រធានគណបក្ស នៅពេលធ្វើសមាជវិសាមញ្ញគណបក្ស សិទ្ធិមនុស្ស នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៣ ខាងមុខនេះ។ ប៉ុន្តែចំពោះតំណែងតំណាងរាស្ត្រ គឺមិនត្រូវលាលែងនោះទេ នៅរហូតដល់ចប់អាណត្តិ។
មន្ត្រីដដែលបន្តថា ការសម្រេចលាលែងពីប្រធានគណបក្ស សិទ្ធិមនុស្ស របស់លោក កឹម សុខា បានធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្ទៃក្នុងរវាងថ្នាក់ដឹកនាំគណបក្ស សម រង្ស៊ីនិងគណបក្ស សិទ្ធិមនុស្ស គឺមានប្រធាន-អនុប្រធានក្រុមការងារ និងប្រធានប្រតិបត្តិខេត្ត ដោយមានការចូលរួមពីសំណាក់លោក សម រង្ស៊ី តាមរយៈវីដេអូខិនហ្វ្រើរិន ពីក្រៅប្រទេស និងលោក កឹម សុខា កាលពីរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៣ នៅស្នាក់ការគណបក្ស សង្គ្រោះជាតិ អតីតគណបក្សសិទ្ធិមនុស្ស នៅតាមបណ្តោយផ្លូវត្រឡោកបែក។
លោក យ៉ែម បុញ្ញឫទ្ធិ អគ្គលេខាធិការ និងជាអ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង បានមានប្រសាសន៍ឧ្យដឹងថា គណបក្ស សិទ្ធិមនុស្ស នឹងធ្វើការរៀបចំសមាជវិសាមញ្ញមួយនៅដើមខែមេសាឆ្នាំ២០១៣ ខាងមុខនេះ។ ហើយនៅក្នុងសមាជវិសាមញ្ញនោះលោក កឹម សុខានឹងលាលែងពីប្រធានគណបក្ស សិទ្ធិមនុស្ស ជាផ្លូវការ ប៉ុន្តែមិនបានលាលែងពីតំណាងរាស្ត្រទេ។ ចំពោះបេក្ខភាពប្រធានគណបក្ស សិទ្ធិមនុស្ស ដែលត្រូវជំនួសលោក កឹម សុខា គឺគណបក្សនៅមិនទាន់បានសម្រេចនៅឡើយទេ ពីព្រោះនៅមានការប្រជុំជាបន្តបន្ទាប់ទៀត ដើម្បីរៀបចំឲ្យគណបក្សសិទ្ធិមនុស្សដែលត្រូវរក្សាទុកដល់ឆ្នាំ២០១៧-២០១៨។
លោកបានបញ្ជាក់ថា ចំពោះតំណែងប្រធានគណបក្ស សិទ្ធិមនុស្ស មិនទុកចំហរចោលទេ គឺត្រូវការរៀបចំឲ្យមានថ្នាក់ដឹកនាំទៅតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស សិទ្ធិមនុស្ស ហើយបេក្ខភាពជាប្រធានថ្មីនោះនៅមិនទាន់ដឹងច្បាស់ទេ ពីព្រោះមានឥស្សរៈជនមួយចំនួនអាចនៅបន្តបញ្ហាទាំងអស់នេះយើងទៅតាមការសម្រេចរបស់គណៈកម្មាការនាយក និងសមាជវិសាមញ្ញ ពីព្រោះត្រូវការជ្រើសរើសថ្មី។
អគ្គលេខាធិការរូបនោះបានអះអាងថា “លោកប្រធាន កឹម សុខា មិនលាលែងពីអ្នកតំណាងរាស្ត្រទេ អ្នកតំណាងរាស្ត្រនៅបន្តរហូតដល់ផុតអាណត្តិ ដោយចូលរួមការបោះឆ្នោតដល់នីតិកាលទី៥ នេះតែម្តង គាត់គ្រាន់តែលាលែងពីប្រធានគណបក្សតែប៉ុណ្ណោះ”។
សេចក្តីរាយការណ៍បានបញ្ជាក់ថា បន្ទាប់ពីគណបក្ស សិទ្ធិមនុស្ស ធ្វើសមាជវិសាមញ្ញរបស់ខ្លួននៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៣ ខាងមុខនេះ។ ដើម្បីឲ្យលោក កឹម សុខា ប្រធានគណបក្ស សិទ្ធិមនុស្ស ប្រកាសលាលែងជាប្រធានបក្ស ជាផ្លូវការហើយនោះ គឺដើម្បីទៅឈរឈ្មោះជាអនុប្រធានគណបក្ស សង្គ្រោះជាតិ។ ហើយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៣ គណបក្ស សង្គ្រោះជាតិ និងធ្វើសមាជជាលើកដំបូងរបស់ខ្លួន ដើម្បីរៀបចំរចនាសម្ព័ន្ធថ្នាក់ដឹកនាំបក្ស។ ប៉ុន្តែបើតាមការគ្រោងទុកលោក សម រង្ស៊ី និងត្រូវបានជ្រើសតាំងឲ្យធ្វើជាប្រធានកណបក្ស សង្គ្រោះជាតិ ដោយស្វ័យប្រវត្តិ។ ចំណែកលោក កឹម សុខា ជាអនុប្រធានគណបក្សសង្គ្រោះជាតិ៕
No comments:
Post a Comment
yes