កំពត៖ សមត្ថកិច្ចបង្ក្រាបបទល្មើសព្រៃឈើនៅស្រុកឈូកខេត្តកំពត បានសម្តែងនូវការអាក់អន់ស្រពន់ចិត្តយ៉ាងខ្លាំង ចំពោះពួកអាងស្បែកមួយចំនួន ដែលតែងតែការពារជនប្រព្រឹត្តបទល្មើសព្រៃឈើដោយពុំបានគិតទៅដល់ភាពហិនហោចនៃធនធានធម្មជាតិរបស់ប្រទេសឡើយ។
ថ្មីៗនេះមានសេចក្តីរាយការណ៍មួយបានឱ្យ “វរជនខ្មែរ” ដឹងថា សមត្ថកិច្ចបង្ក្រាបបទល្មើសព្រៃឈើសហការជាមួយស្ថាប័នពាក់ព័ន្ធបានឃាត់រថយន្តកែច្នៃមួយគ្រឿង ដែលដឹកឈើខុសច្បាប់នៅត្រង់ចំណុចខ្សែទី៣ ស្ថិតក្នុងភូមិតេជោអភិវឌ្ឍន៍ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូកខេត្តកំពត។ ក្នុងនោះសមត្ថកិច្ចបានរឹបអូសទុកជាភស្តុតាងមានដូចជាម្ចាស់រថយន្តកែច្នៃឈ្មោះ ឌួង ស្រូច ភេទប្រុស អាយុ ៤៧ ឆ្នាំ រស់នៅភូមិព្រៃក្តួច ឃុំត្រពាំងគ្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ជាអ្នកស៊ីឈ្នួលដឹកឈើ។ ឈើនៅលើរថយន្តកែច្នៃនោះរួមមានចំនួន ៥,៩៣២ ម៉ែត្រគូប។ ក្រៅពីនេះមានរថយន្តសឺប១គ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខ ២F-០៩៤១ ជា របស់បុរសម្នាក់ឈ្មោះ ស៊ី ជា ម្ចាស់ឈើ ហើយលោក ស៊ី នេះទៀតសោតជានាយទាហាននៅវរៈ ១១ កងពលលេខ៥។
ក្រោយពេលដែលសមត្ថកិច្ចឃាត់ទុកវត្ថុតាងទាំងនេះហើយ ស្រាប់តែបុរសឈ្មោះ ស៊ី បានទូរស័ព្ទទៅប្រាប់លោកឧត្តមសេនីយ៍ត្រី គង់ ឡុំ ជាបញ្ជា ការរងកងពលតូចលេខ ៣១ ឈរជើងនៅ ៣១៧ ឱ្យជួយធ្វើអន្តរាគមន៍។
មិនទាំងបានប៉ុន្មាននាទីទេ ស្រាប់តែលោក គង់ ឡុំ បានទូរស័ព្ទមកគំរាមប្រធានក្រុមបង្ក្រាបថា បើលោកឯងមិនដោះស្រាយបញ្ចប់ត្រឹមហ្នឹងទេ លោកនឹងយកកម្លាំងរបស់លោកនាំឈើហ្នឹងចេញឱ្យទាល់តែបាន ដោយមិនឱ្យសមត្ថកិច្ចយកបទល្មើសនេះទៅទុកនៅរដ្ឋបាលព្រៃឈើឡើយ។
សេចក្តីរាយការណ៍បា៍នឱ្យដឹងថា លោកឧត្តមសេនីយ៍ គង់ ឡុំ នៅបានគំរាមចាប់ខ្លួនភ្នាក់ងារចារកិច្ច និងកងកម្លាំងប្រដាប់អាវុធណាដែលហ៊ានមកចាប់ឈើខុសច្បាប់នេះថែមទៀតផង។ បើយោងតាមអ្នករកស៊ីដឹកឈើបានបញ្ជាក់ថា មិនត្រឹមតែមានលោកគង់ឡុំជាអ្នកការពារបទល្មើសព្រៃឈើប៉ុណ្ណោះទេ តែនៅ មានការឃុបឃិតយ៉ាងសកម្មពីលោក ហេង វុទ្ធី មេប៉ុស្តិ៍ប៉េអឹមប្រចាំតំបន់ដីស និង៣១៧ ថែមទៀតផង។
ការលើកឡើងខាងលើនេះ សារពត័មានយើងសូមអំពាវនាវដល់មន្ត្រីមានសមត្ថកិច្ច ក៏ដូចជាថ្នាក់ដឹកនាំរដ្ឋាភិបាល មេត្តាចាត់ការ និងស៊ើបអង្កេតឱ្យបានច្បាស់លាស់ផង៕
No comments:
Post a Comment
yes