ខេត្តកំពង់ឆ្នាំង ៖ បុរសចំណាស់ម្នាក់បានស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័មបំផុត បន្ទាប់ពីត្រូវបុរសម្នាក់ទៀតកាប់ប្រហារមិនញញើតដៃដោយគ្រាន់តែខឹងនឹងបុរសរងគ្រោះមានគ្នា៣នាក់ បានមកលួចបាចត្រីក្នុងអូរក្បែរផ្ទះរបស់ខ្លួន ។ ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង៤ និង៤០នាទីរសៀលថ្ងៃទី២ កុម្ភៈ នៅចំណុចអូរត្រពាំងខ្ទុម ស្ថិតក្នុងភូមិកាកាប ឃុំខ្លុងពពក ស្រុកទឹកផុស ។ ទោះជាយ៉ាងណា ជនដៃដល់ក្នុងករណីខាងលើនេះ ត្រូវប៉ូលិសចាប់ខ្លួនបានយកមកផ្តន្ទាទោសតាមច្បាប់ផងដែរ។
យោងតាមរបាយការណ៍របស់មន្ត្រីប៉ូលិសព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តបាននិយាយថា បុរសរងគ្រោះមានឈ្មោះសុខ ចិន អាយុ៦៧ឆ្នាំ មានទីលំនៅភូមិកាកាប ជិតកន្លែងកើតហេតុ ចំណែកជនដៃដល់មានឈ្មោះអីុម ឆន អាយុ៤២ឆ្នាំ មានទីលំនៅជាមួយជនរងគ្រោះដែរ ។ ប្រភពដដែលបានស្រង់សម្តីសារភាពរបស់ជនដៃដល់បានឱ្យដឹងថា ដោយសារតែរូបគេខឹងនឹងបុរសរងគ្រោះនាំគ្នាទៅបាចត្រីក្នុងអូររបស់ខ្លួន ដែលមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះសុខ ចិន ពិការជើងបាននាំប្រពន្ធ និងចៅមានគ្នា៣នាក់ ទៅបាចត្រីក្នុងអូររបស់ខ្លួន ពេលនោះខ្លួនបានទៅឃើញក៏ដេញកាប់តែម្តង ដោយចៅនិងប្រពន្ធគាត់រត់រួច ចំណែកប្តីរត់មិនរួច ក៏ត្រូវខ្លួនកាប់បណ្តាលឱ្យស្លាប់តែម្តង ។ ប្រភពពីមន្ត្រីប៉ូលិសដដែលបានបន្តថា ជនរងគ្រោះត្រូវជនដៃដល់កាប់ចំពីមុខ២កាំបិតផ្គាក់បណ្តាលឱ្យដួលទៅដី ហើយបានថែម១កាំបិតទៀតដាច់បំពង់កស្លាប់ក្នុងថ្លុកឈាមតែម្តង ៕
No comments:
Post a Comment
yes