ផ្ទុយទៅវិញនៅពេលដែលអ្នកនយោបាយនៃគណ បក្សជំទាស់លើកឡើងអំពីគោលនយោបាយបញ្ចុះតម្លៃប្រេងសាំង អគ្គិសនី និងទំនិញលើទីផ្សារដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បែរជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើការរិះគន់យ៉ាងទទឹងទិសដោយមិនព្រមទទួលស្គាល់សមត្ថភាពដ៏អន់ថយរបស់ខ្លួនទៅវិញ។
ក្រុមមន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ និងស្ថានភាពសង្គមបានលើកឡើងថាសំដីរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹកថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៣ បង្ហាញពីបញ្ហាខ្វះការទទួលខុសត្រូវរបស់មេដឹកនាំចំពោះជីវភាពរស់នៅរបស់ពលរដ្ឋ។ ប្រសិនបើរដ្ឋាភិបាលលោក ហ៊ុន សែន មានឆន្ទៈបញ្ចុះតម្លៃប្រេងសាំង និងទំនិញលើទីផ្សារដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់ពលរដ្ឋមិនមែនជារឿងលំបាកឡើយ ព្រោះរដ្ឋាភិបាលជាអ្នកគ្រប់គ្រងចំណូលចំណាយថវិកាជាតិសព្វបែបយ៉ាង។ ម្យ៉ាងទៀតគ្រាន់តែរដ្ឋាភិបាលចាត់វិធានការលុបបំបាត់អំពើពុករលួយប្រកបដោយប្រសិទ្ធភាព គឺអាចដំឡើងប្រាក់ខែដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទូទៅឱ្យរស់នៅក្នុងជីវភាពសមរម្យជាមិនខាន ព្រោះក្រុមអ្នកស្រាវជ្រាវឯករាជ្យបានរកឃើញថាអំពើពុករលួយបានធ្វើឱ្យរដ្ឋាភិបាលកម្ពុជាបាត់បង់ប្រាក់ចំណូលរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ ជាក់ស្តែងគណបក្សប្រឆាំងធ្លាប់បាន ផ្តល់អនុសាសន៍ជាបន្តបន្ទាប់អំពីការប្រមូលប្រាក់ចំណូលជាតិឱ្យបានគ្រប់ ជ្រុងជ្រោយដើម្បីយកមកទ្រទ្រង់សេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់មន្ត្រីរាជការឱ្យបានប្រសើរជាងមុន។
ប្រតិកម្ម នឹងការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលវាយប្រហារទៅលើអ្នកនយោបាយសន្យាបញ្ចុះតម្លៃទំនិញលើ ទីផ្សារនោះមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថានៅពេលដែលគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត គឺគណបក្សនេះប្រាកដជាអនុវត្តន៍ឱ្យបានជោគជ័យទៅតាមពាក្យសន្យារបស់ខ្លួន។ រដ្ឋាភិបាលដឹកនាំដោយគណបក្សសង្គ្រោះជាតិគ្រាន់តែលុបបំបាត់អំពើពុករលួយ និងប្រមូលប្រាក់ចំណូលពីប្រភពនានាឱ្យបានត្រឹមត្រូវ គឺអាចដំឡើងប្រាក់ខែដល់មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធទូទៅឱ្យបានយ៉ាងតិច១លានរៀលក្នុងមួយខែ ហើយតម្លៃទំនិញលើទីផ្សារក៏អាចចុះថោកជាងមុនដែរ។ ក្នុងនោះការបញ្ឈប់អាជីវកម្មផ្តាច់មុខរបស់ក្រុមឈ្មួញដែលមានទំនាក់ទំនងជិតសិទ្ធជាមួយមេ ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល ហើយបើកឱ្យមានសេដ្ឋកិច្ចទី ផ្សារសេរីដែលមានការប្រកួតប្រជែងប្រកបដោយតម្លាភាព គឺអាចធ្វើឱ្យប្រេងសាំងនិងទំនិញលើទីផ្សារមានតម្លៃទាបជាងមុនជាមិនខាន។ ដូច្នេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គួរតែទទួលស្គាល់សមត្ថភាពដ៏អន់ថយរបស់ខ្លួន ហើយយកអនុសាសន៍របស់គណបក្សប្រឆាំង និងក្រុមសង្គមស៊ីវិលមកអនុវត្តន៍ដើម្បីបញ្ចុះតម្លៃ ប្រេងសាំង និងទំនិញលើទីផ្សារ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ទើបជារឿងប្រសើរ។
អ្នកវិភាគនយោបាយមួយចំនួនរិះគន់ថារដ្ឋាភិបាលលោក ហ៊ុន សែន មិនអាចបញ្ចុះតម្លៃ ប្រេងសាំង និងទំនិញលើទីផ្សារឱ្យដូចអ្វីដែលអ្នកនយោបាយប្រឆាំងបានលើកឡើងនោះទេ ព្រោះរដ្ឋាភិបាលលោក ហ៊ុន សែន កំពុងតែញាំញីដោយអំពើពុករលួយ និងការិយាធិបតេយ្យយ៉ាងពេញ បន្ទុក។ ឈ្មួញនាំប្រេងសាំង និងទំនិញគ្រប់ប្រភេទចូលស្រុកខ្មែរពួកគេឃុប ឃិតគ្នាប្រព្រឹត្តអំពើពុករលួយតាមចិត្ត ដើម្បីប្រមូលផលប្រយោជន៍ហើយនៅពេលដែលឈ្មួញចំណាយលុយយ៉ាងច្រើនឱ្យក្រុមមន្ត្រីពុករលួយ គឺពួក គេត្រូវតែដំឡើងថ្លៃទំនិញដើម្បីទទួលបានផលចំណេញ ហើយអ្នករងគ្រោះគឺមន្ត្រីរាជការ និងពលរដ្ឋដែលមានប្រាក់ចំណូលទាប។ ចំណែកមេដឹកនាំ និងក្រុមមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលមិនរងផលប៉ះពាល់អ្វីទាំងអស់ ព្រោះពួកគេអាចប្រព្រឹត្តអំពើពុករលួយក្លាយជាអ្នកមានទ្រព្យសម្បត្តិស្តុក ស្តម្ភនិងមានលុយចាយ១០ជាតិមិនអស់ផង។ ហេតុនេះហើយទើបលោក ហ៊ុន សែន គ្មានឆន្ទៈលុបបំបាត់អំពើពុករលួយ និងបញ្ចុះតម្លៃប្រេងសាំង ព្រមទាំងទំនិញលើទីផ្សារ ព្រោះក្រុមមេដឹកនាំនិងមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនមិនទទួលរងផលប៉ះពាល់ដោយសារវិបត្តិទំនិញឡើងថ្លៃឡើយ។
ក្រុមអ្នកសង្កេតការណ៍មួយចំនួនបានអះអាងថារដ្ឋាភិបាលលោក ហ៊ុន សែន មិនអាចបញ្ចុះតម្លៃប្រេងសាំង និងទំនិញលើទីផ្សារបានទេព្រោះ អ្នកជំនួញធំៗផ្នែកប្រេងឥន្ធនៈ និងក្រុមឈ្មួញធំៗដែលនាំទំនិញផ្តាច់មុខ ចូលស្រុកខ្មែរគឺជាឈ្មួញដែលមានទំនាក់ទំនងជិតសិទ្ធជាមួយប្រមុខរដ្ឋា ភិបាល ឬមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល។ ប្រសិនបើរដ្ឋាភិបាលកម្ពុជាបើកឱ្យមានសេដ្ឋកិច្ចទីផ្សារសេរី មានការប្រកួតប្រជែងប្រកបដោយតម្លា ភាពទើបអាចបញ្ចុះតម្លៃ ប្រេងសាំង និងទំនិញលើទីផ្សារ ហើយប្រជាពលរដ្ឋក៏មិនរងផលប៉ះពាល់ពីិវិបត្តិប្រេងសាំង និងទំនិញឡើងថ្លៃដូចសព្វថ្ងៃនេះ ឡើយ។ ការដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បញ្ចេញប្រតិកម្មចំពោះ អ្នកនយោបាយដែលសន្យាបញ្ចុះតម្លៃប្រេងសាំង និងទំនិញលើទីផ្សារគឺដោយសារតែគោលនយោបាយរបស់គណបក្សប្រឆាំងវាយប្រហារលើចំណុចខ្សោយរបស់រដ្ឋាភិបាលលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដែលមិនយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទៅ។ មានន័យថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងតែព្រួយបារម្ភចំពោះគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិ ដែលបានសន្យាជាមួយប្រជាពលរដ្ឋក្នុងការបញ្ចុះតម្លៃប្រេងសាំង និងទំនិញលើទីផ្សារ ព្រមទាំងតម្លៃអគ្គិសនី និងជីកសិកម្មជាដើម។
ក្រុមអ្នកជំនាញសេដ្ឋកិច្ចពីអង្គការក្រៅរដ្ឋាភិបាលបានលើកឡើងថា ប្រសិនបើបក្សសង្គ្រោះជាតិអាចយកឈ្នះក្នុងការបោះឆ្នោតជាតិអាណត្តិទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ គឺគណបក្សនេះប្រាកដជាអាចអនុវត្តន៍ បានជោគជ័យចំពោះគោលនយោបាយរបស់ខ្លួន ហើយជីវភាពរស់នៅរបស់ មន្ត្រីរាជការនិងកម្លាំងប្រដាប់អាវុធក៏ដូចជាពលរដ្ឋទូទៅប្រាកដជាប្រសើរជាងមុន។ ដោយហេតុថាលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិគឺជា អ្នកជំនាញសេដ្ឋកិច្ចលំដាប់អន្តរជាតិ ហេតុនេះលោកប្រាកដជាមានសមត្ថ ភាពគ្រប់គ្រាន់ក្នុងការដឹកនាំធ្វើឱ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើនឆាប់រហ័សតាមរយៈវិធានការលុបបំបាត់អំពើពុករលួយ និងប្រមូលថវិកាជាតិយកមកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ ដូច្នេះប្រជាពលរដ្ឋខ្មែរនៅទូទៅប្រទេសគួរតែផ្តល់ការជឿជាក់លើគណបក្សសង្គ្រោះជាតិ ហើយបោះឆ្នោតគាំទ្រគណបក្សនេះឱ្យបានច្រើននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៣ ព្រោះគណបក្សប្រជាជនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្មានឆន្ទៈបញ្ចុះតម្លៃប្រេងសាំង និងទំនិញលើទីផ្សារ ដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឡើយ។ ការបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិ គឺជាជម្រើសដ៏ត្រឹមត្រូវសម្រាប់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ព្រោះគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិផ្តោតសំខាន់ទៅលើការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាបញ្ហាការពារប្រយោជន៍ជាតិ និងបូរណភាពទឹកដី៕
No comments:
Post a Comment
yes