សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, March 14, 2013

ហេតុអ្វី​បាន​ជា​សព​លោក អៀង សារី យក​ទៅ​ធ្វើបុណ្យ​នៅ​ម៉ាឡៃ​?

ផ្ទះលោកអៀង សារី នៅម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលកំពុងរៀបចំធ្វើពិធីបុណ្យសព លោកអៀង សារី 

ខេត្តបន្ទាយមានជ័យ: សព​លោក អៀង សារី អតីតរដ្ឋមន្ត្រី​ការបរទេស​ខ្មែរក្រហម ត្រូវបាន​ដឹក​តាម​ឡាន យក​ទៅ​ធ្វើបុណ្យ នៅផ្ទះ​របស់​លោក ក្នុង​ភូមិ​ដូង ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ​។ នៅ​ទីនោះ គឺ​ជា​អតីត​ទឹកដី​តស៊ូ​របស់​ខ្មែរក្រហម តាំងពី​កកើត​រដ្ឋាភិបាលចម្រុះ​ត្រីភាគី រហូត​ដល់​លោក អៀង សារី ដឹកនាំ​កម្លាំង​ខ្មែរក្រហម ផ្តាច់ខ្លួន មក​រួបរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​តាម​អតីត​ខ្មែរក្រហម ផ្ទះ​របស់​លោក​អៀង​សារី នៅ​ម៉ាឡៃ ជា​អតីត​តំបន់​តស៊ូ​របស់​លោក ក្រោយ​ពី​ខ្មែរ​ក្រហម​ដួលរលំ នៅ​ឆ្នាំ​១៩៧៩​។ នៅ​ទីនោះ ក៏​ជា​អតីត​កន្លែង​ប្រកាស​សារតាំង នៃ​ការបង្កើត​រដ្ឋាភិបាល​ចម្រុះ​ត្រីភាគី ដែល​មាន​ភាគី​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរក្រហម ភាគី​រណសិរ្ស​រំដោះ​ប្រជា​ពលរដ្ឋ​ខ្មែរ របស់​សម្តេច សឺ​ន​សាន និង​ភាគី​រណសិរ្ស​ហ្វ៊ុន​ស៊ិនប៉ិច ដឹកនាំ​ដោយ​អតីត​ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ នៅ​ឆ្នាំ​១៩៨២​។​

​ម៉ាឡៃ នៅ​ជាប់​ព្រំដែន​ថៃ ក៏​ជា​កន្លែង​អតីត​ទាហាន​ខ្មែរក្រហម ផ្តាច់ខ្លួន ធ្វើ​សមាហរណកម្ម ដែល​ដឹកនាំ​ដោយ​លោក អៀង សារី មក​រួបរួម​ជាមួយ​រាជរដ្ឋាភិបាល នៅ​ឆ្នាំ​១៩៩៦​។​
​    ​
​នៅផ្ទះ​របស់​លោក​អៀង​សារី នៅ​ម៉ាឡៃ រហូត​ដល់​ព្រលប់​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០១៣ ត្រូវបាន​គេ​រៀបចំ សង់​រោងបុណ្យ ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​សព​លោក​អៀង​សារី តាម​ប្រពៃណី​។​
​    ​
​លោក ឌឹ​ម សុខ មេឃុំ​ម៉ាឡៃ ក៏​បាន​ចូលរួម​រៀបចំ​ទទួល​សព​លោក អៀង​សារី ដែល​ដឹកនាំ​តាម​ឡាន ហើយ​អាច​នឹង​ទៅដល់ នៅ​ពាក់កណ្តាល​យប់ ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០១៣​។​
​    ​
​អតីត​កម្មាភិបាល​ខ្មែរក្រហម នៅ​ម៉ាឡៃ និង​មក​ពី​គ្រប់ទិសទី ភាគច្រើន បាន​សម្តែង​ការសោកស្តាយ​ចំពោះ​មរណភាព​របស់​លោក​អៀង​សារី​។ 
​គុណសម្បត្តិ​របស់​លោក អៀង សារី ត្រូវបាន​អតីត​កម្មាភិបាល​ខ្មែរក្រហម លើកឡើងថា លោក អៀង​សារី បាន​ចូលរួម​ការពារ​បូរណភាព​ទឹកដី និង​កសាង​សង្គម​កម្ពុជា​ស្អាតស្អំ​។ លោក​អៀង​សារី ក៏​ជា​អ្នក​ធ្វើ​សមាហរណកម្ម កងកម្លាំង​ខ្មែរក្រហម ដែល​នាំឲ្យ​ប្រទេស​កម្ពុជា មាន​សុខសន្តិភាព និង​ការផ្សះផ្សារ​ជាតិ រហូតមកដល់​សព្វថ្ងៃ​។​
​    ​
​កូនចៅ​របស់​លោក អៀង សារី ក៏​បាន​ទៅ​ជួបជុំ​នៅផ្ទះ​បុណ្យ ក្នុង​ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ផងដែរ​។ លោក អៀង​សារី មានកូន ៤ នាក់ ( ស្រី ៣ ប្រុស​១ ) រស់នៅ​ខេត្ត​ប៉ៃលិន​។ កូនស្រី​ចម្បង​ឈ្មោះ អៀង ម៉ិញ​។ កូនស្រី​ទី​២ ឈ្មោះ អៀង នា​ថ​។ ទី​៣-​លោក អៀង វុ​ធ ដែល​សព្វថ្ងៃ ជា​អភិបាលរង​ខេត្ត​ប៉ៃលិន និង​កូនស្រី​ទី​៤ ឈ្មោះ អៀង រ៉ា​។​
​    ​
​លោក អៀង សារី បាន​ទទួលមរណភាព កាលពី​ព្រឹក​ម៉ោង ៨ និង ៤៥ នាទី ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៣ នៅ​មន្ទីរពេទ្យ​រុស្ស៊ី ក្នុង​ទីក្រុង​ភ្នំពេញ​។ រហូតដល់​ម៉ោង ៣ រសៀល ទើប​សាកសព​របស់លោក​អៀង​សារី ត្រូវបាន​ដឹក​តាម​ឡានពេទ្យ ចេញ​ពី​មន្ទីរ​ពេទ្យរុស្ស៊ី បន្ទាប់​ពី​គ្រូពេទ្យ​ជំនាញ និង​សហ​ព្រះរាជអាជ្ញា​តុលាការ​ខ្មែរក្រហម បាន​ពិនិត្យ​សាកសព ហើយ​បញ្ជាក់ថា លោក​អៀង​សារី អាយុ ៨៧ ឆ្នាំ ស្លាប់ ដោយ​ជំងឺ​បេះដូង​។​

​មរណភាព​របស់​លោក អៀង សារី ក៏​ត្រូវ​បាន​សហ​ព្រះរាជអាជ្ញា និង​លោក​ចៅក្រម និល ណុន ប្រធាន​អង្គជំនុំជម្រះ​សាលាដំបូង របស់​តុលាការ​ខ្មែរក្រហម បានប្រកាស​ភ្លាមៗ​ថា បទ​ចោទប្រកាន់​លើ​លោក អៀង សារី នៅ​សម័យ​ខ្មែរក្រហម ក៏​ត្រូវ​រលត់​ផង​ដែរ​៕​

ផ្ទះលោកអៀង សារី នៅម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលកំពុងរៀបចំធ្វើពិធីបុណ្យសព លោកអៀង សារី 
ត្រង់សេ នៅក្នុងផ្ទះលោកអៀង សារី
ត្រង់សេ នៅក្នុងផ្ទះលោកអៀង សារី
សាលាស្រុកម៉ាឡៃ
លោកពេជ្រ វណ្ណ អាយុ៥៦ឆ្នាំ ជាអតីតកងការពារលោកអៀង សារី នៅមណ្ឌលសារតាំងម៉ាឡៃ
លោកកែវ មុនី ហៅរស្មី អាយុ៦១ឆ្នាំ ជាក្មួយលោកអៀង សារី ដែលនៅនៅចាំនិងមើលថែ
ផ្ទះឲ្យលោកអៀង សារី នៅម៉ាឡៃ

No comments:

Post a Comment

yes