សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, March 30, 2013

តំណាង​អ្នក​ភូមិ​៤​នាក់​មាន​ទំនាស់​ដី​នៅ​ឧត្តរមានជ័យ​រត់​គេច​ខ្លួន

ជម្លោះ​ដី ឧត្ដរមានជ័យ ៣០៥
២០-មីនា-២០១៣៖ ខ្ទម​របស់​ពលរដ្ឋ​សង់​លើ​អតីត​ដី​ភូមិ​របស់​ខ្លួន ដែល​បច្ចុប្បន្ន​ដី​នោះ​ក្រុមហ៊ុន​ឈូស​ឆាយ​ដាំ​កៅស៊ូ នៅ​ ភូមិ​អូរតាម៉េង នៃ​ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ

ក្រុមហ៊ុន​ទុមរីង រ៉ាប់ប៊ឺ (Tum Ring Rubber) និង​ដាតា រ៉ាប់ប៊ឺ (Data Rubber) ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ជាង ១​ម៉ឺន ៥​ពាន់​ហិកតារ ដាំ​កៅស៊ូ​នៅ​តំបន់​ភូមិ​អូរតាម៉េង នៃ​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ បាន​ចោទ​ប្រកាន់​ថា មាន​មេ​ខ្យល់​ខ្លះ​បាន​ញុះញង់​ឱ្យ​ប្រជាពលរដ្ឋ​ចូល​ទៅ​សង់​ខ្ទម​រស់នៅ​ក្នុង​ដី​ចម្ការ ធ្វើ​ឱ្យ​ប៉ះពាល់​ដំណាំ​កៅស៊ូ​របស់​គេ​ផង​ដែរ។
ក្រុមហ៊ុន​កំពុង​ប្ដឹង​បញ្ហា​នេះ​ទៅ​អាជ្ញាធរ​ថ្នាក់​ស្រុក ខេត្ត ដើម្បី​ឱ្យ​ជួយ​ដោះស្រាយ។ បញ្ហា​នេះ​ដែរ អ្នក​ភូមិ​បាន​អះអាង​ថា កម្លាំង​កង​រាជ​អាវុធហត្ថ​មួយ​ចំនួន បាន​ព្យាយាម​នាំ​ពួក​គេ​ទៅ​សាកសួរ​ពាក់ព័ន្ធ​នឹង​រឿង​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​នោះ។
ប្រភព​ពី​អ្នក​ភូមិ​អូរតាម៉េង ឃុំ​អន្លង់វែង បាន​ឱ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​អ្នក​ភូមិ​ចំនួន ៤​នាក់ ដែល​ជា​សកម្មជន​ក្នុង​រឿង​ទាមទារ​ដីធ្លី​ពី​ក្រុមហ៊ុន បាន​រត់​គេច​ចេញ​ពី​លំនៅឋាន ដោយសារ​តែ​ភ័យ​ខ្លាច បន្ទាប់​ពី​កម្លាំង​កង​រាជ​អាវុធហត្ថ​ព្យាយាម​ហៅ​ពួក​គេ​ទៅ​សាកសួរ​ពីរ​ថ្ងៃ​ជាប់ៗ​គ្នា​មក​នេះ។
តំណាង​អ្នក​ភូមិ​ដែល​រត់​គេច​ខ្លួន​នោះ គឺ​ឈ្មោះ សោម សុផាត ហៅ យ៉ាន់ សុផាត ឈ្មោះ ឌី សីម៉ា ឈ្មោះ អ៊ុក គឹមសឿន និង​ឈ្មោះ វ៉ាន់។

លោក ឌី សីម៉ា គឺ​ជា​តំណាង​អ្នក​ភូមិ​អូរតាម៉េង ម្នាក់ ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​សមត្ថកិច្ច​កោះ​ហៅ​នោះ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី៣០ ខែ​មីនា ថា លោក និង​អ្នក​ភូមិ​មួយ​ចំនួន​ទៀត ធ្លាប់​តវ៉ា​ពី​រឿង​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ទុមរីង រ៉ាប់ប៊ឺ ដែល​យក​ដី​ពួក​គាត់​ជាច្រើន​ហិកតារ ក៏ប៉ុន្តែ​ក្រុមហ៊ុន​បាន​ដូរ​ដី​ថ្មី​មក​ឱ្យ​វិញ​ទំហំ​តែ​កន្លះ​ហិកតារ​ប៉ុណ្ណោះ​ក្នុង​១​គ្រួសារ។ កាល​ពី​ពេល​ថ្មីៗ ក្រុម​អ្នក​ភូមិ​ប្រមាណ​ជិត ៣០​គ្រួសារ បាន​នាំ​គ្នា​វិល​ត្រឡប់​ទៅ​សង់​ខ្ទម​រស់នៅ​លើ​ដី​ចាស់​របស់​គេ​វិញ ដែល​ជា​ចម្ការ​កៅស៊ូ​ទៅ​ហើយ ដោយសារ​តែ​ពួក​គេ​មិន​មាន​ដី​គ្រប់គ្រាន់​ធ្វើ​កសិកម្ម។
លោក ឌី សីម៉ា បាន​បញ្ជាក់​ថា ដោយសារ​បញ្ហា​នេះ​លោក​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​កោះ​ហៅ​របស់​សមត្ថកិច្ច ហើយ​លោក​កំពុង​គេច​ចេញ​ពី​ផ្ទះ ដោយសារ​តែ​ភ័យ​ខ្លាច​សមត្ថកិច្ច​ចាប់​ខ្លួន៖ «គេ​យក​កម្លាំង​ប៉េអិម​មក​ពី​ម្សិលមិញ​មួយ​សារ​ហើយ។ គេ​ចង់​កោះ​ហៅ​ឱ្យ​យើង​ហ្នឹង​ផ្ដិត​មេ​ដៃ ផ្ដិត​អី​យ៉ាង​ម៉េច​ទេ។ បង​ប្អូន​យើង​ហ្នឹង អត់​ព្រម​ផ្ដិត​មេ​ដៃ ដល់​ពេល​ថ្ងៃ​នេះ កម្លាំង​គេ​មក​រឹត​តែ​ច្រើន​ទៀត មក​ទាំង​បង ៩៨ ជុំ​គ្នា​ទាំងអស់។ ដល់​បង​ប្អូន​ឃើញ​កម្លាំង​ប៉េអិម​មក​ច្រើន​ពេក គឺ​អ្នក​ដែល​មាន​ឈ្មោះ គឺ​គេច​ខ្លួន​ទៅ»។
ចំណែក​លោក យ៉ាន់ សុផាត ដែល​ជា​អ្នក​មាន​ឈ្មោះ​ក្នុង​បញ្ជី​កោះ​ហៅ​របស់​សមត្ថកិច្ច​ដែរ បាន​បញ្ជាក់​ថា កង​រាជ​អាវុធហត្ថ​ស្រុក​អន្លង់វែង បាន​កោះ​ហៅ​រូប​លោក និង​អ្នក​ភូមិ ៣​នាក់​ទៀត ឱ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​ទី​បញ្ជាការ ជុំវិញ​រឿង​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ទុមរីង រ៉ាប់ប៊ឺ នោះ ក៏ប៉ុន្តែ​លោក​មិន​ចូល​ខ្លួន​ទៅ​ទេ ហើយ​ក៏​មិន​ផ្ដិត​មេ​ដៃ​ទទួល​ដីកា​នោះ​ដែរ។
ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក ងួន ធីឬទ្ធិ ដែល​ជា​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ស្រុក​អន្លង់វែង ដើម្បី​សុំ​ការ​ពន្យល់​ជុំវិញ​រឿង​នោះ​បាន​ទេ។
ចំណែក​លោក ទីង វណ្ណៈ ជា​តំណាង​ក្រុមហ៊ុន​ទុមរីង រ៉ាប់ប៊ឺ និង​ដាតា រ៉ាប់ប៊ឺ បាន​មាន​ប្រសាសន៍​ថា ក្រុម​អ្នក​ភូមិ​អូរតាម៉េង ប្រមាណ ៣០​គ្រួសារ បាន​ចូល​ទៅ​សង់​ខ្ទម​រស់នៅ​ក្នុង​ដី​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​របស់​លោក តាំង​តែ​ពី​ដើម​ខែ​មីនា រហូត​មក​ដល់​ពេល​នេះ​រយៈពេល ២៦​ថ្ងៃហើយ។ ការ​ចូល​ទៅ​សង់​ខ្ទម​នោះ ធ្វើ​ឱ្យ​ខូចខាត​ដល់​កូន​កៅស៊ូ ដូច​ជា​កន្លែង​ខ្លះ​ងាប់ កន្លែង​ខ្លះ​ទៀត​ឆេះ​ជាដើម។
តំណាង​ក្រុមហ៊ុន​ដដែល​បាន​បញ្ជាក់​ថា លោក​មិន​អាច​អត់​ទ្រាំ​នឹង​សកម្មភាព​របស់​អ្នក​ភូមិ​បាន​ត​ទៅ​ទៀត​ទេ ទើប​ប្ដឹង​ទៅ​អាជ្ញាធរ​មួយ​ចំនួន​នៅ​ថ្នាក់​ខេត្ត និង​ស្រុក ឱ្យ​ជួយ​ដោះស្រាយ៖ «ពី​ដំបូង យក​មនោសញ្ចេតនា​ទៅ​និយាយ​នឹង​ពួក​គាត់​ទេ​តើ ហើយ​អ្វី​ដែល​ដោះ​បាន​នោះ ក៏​អាច​ដោះ​ដែរ។ ដែល​គាត់​ក្រីក្រ​ពិត​ប្រាកដ​នោះ ខាង​ខ្ញុំ​ជួយ​រក​ដី​ទិញ​ដី​ឱ្យ​ពួក​គាត់ ប៉ុន្តែ​ក្នុង​នោះ​យើង​ស្រាវជ្រាវ​ទៅ​វា​មាន​មេ​ខ្យល់​ប៉ុន្មាន​នាក់ ហើយ​មើល​ទៅ​វា​ដូច​ជា​អនាធិបតេយ្យ​ពេក​នៅ​លើ​ដី​ចម្ការ​កៅស៊ូ​ដែល​ដាំ​ហើយ​នោះ។ ប៉ុន្តែ​ខ្ញុំ​ចង់​យក​ច្បាប់​មក​និយាយ តើ​គាត់​ធ្វើ​អីចឹង​ត្រូវ​ឬ​អត់?»។
លោក យឹម ផាន់ណា ជា​អភិបាល​ស្រុក​អន្លង់វែង បាន​បញ្ជាក់​ថា វត្តមាន​កង​រាជ​អាវុធហត្ថ​ដែល​ទៅ​ហៅ​តំណាង​អ្នក​ភូមិ​ខ្លះ​សាកសួរ​នោះ មិន​បាន​ជូន​ដំណឹង​ប្រាប់​លោក​ទេ ហើយ​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ភូមិ​អូរតាម៉េង នោះ ក៏​បាន​ជួប​ជាមួយ​លោក​ជុំវិញ​បញ្ហា​នោះ។
កាល​ពី​ជាង ១​សប្ដាហ៍​មុន ក្រុម​អ្នក​ភូមិ​អូរតាម៉េង ដែល​ចូល​ទៅ​សង់​ខ្ទម​នៅ​លើ​ដី​ចាស់​របស់​ពួក​គេ​វិញ ដោយ​បច្ចុប្បន្ន​ក្លាយ​ជា​ចម្ការ​កៅស៊ូ​ទៅ​ហើយ​នោះ បាន​ឱ្យ​ដឹង​ថា ពួក​គេ​កំពុង​រស់នៅ​ក្នុង​ជីវភាព​ខ្វះ​ស្បៀង​អាហារ​ប្រចាំ​ថ្ងៃ ដោយសារ​តែ​គ្មាន​ដី​ធ្វើ​កសិកម្ម​ជិត ២​ឆ្នាំ​មក​នេះ ចាប់​តាំង​ពី​ក្រុមហ៊ុន​យក​ដី​ពួក​គេ​ធ្វើ​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​មក៕

No comments:

Post a Comment

yes