សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, March 22, 2013

សង្គម​ស៊ីវិល​បារម្ភ​ពេល​រក​ឃើញ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​មិន​ប្រក្រតី

ភ្នំពេញៈ ដោយ​ផ្អែក​លើ​ការ​ធ្វើ​សវនកម្ម​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ឆ្នាំ​២០១២ ដែល​បាន​បង្ហាញ​អំពី​ចំនួន​អ្នក​បោះ​ឆ្នោត​ធ្លាក់​ចុះ ​ចាប់​តាំង​ពី​ឆ្នាំ ២០០៨ មក អង្គការ​ជាតិ និង​អន្តរជាតិ​ចំនួន​៣ បាន​សម្តែង​ក្តី​បារម្ភ​អំពី​គុណភាព​នៃ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត និង​ការ​លុប​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មិន ត្រឹម​ត្រូវ នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​បោះ​ឆ្នោត​នាពេល​ខាង​មុខ។
នៅក្នុងសន្និសីទ​សារព័ត៌មាន កាល​ពី​ម្សិល​មិញ ដោយ​វិទ្យា​ស្ថាន​ជាតិ​ប្រជា​ធិប​តេយ្យ គណៈ​កម្មា​ធិការ​មិន​លម្អៀង និង​អព្យា​ក្រឹត ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុតិ្តធម៌​នៅ​កម្ពុជា (NICFEC) និង​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​ស្រាវ​ជ្រាវ​ជាន់​ខ្ពស់ បាន​ពិនិត្យ​បញ្ជី​បោះ​ឆ្នោត​ឆ្នាំ ២០១២ ហើយ​បាន​រក​ឃើញ ពី​ចំនួន​ធ្លាក់​ចុះ ក្នុង​អត្រា​ចុះ​បញ្ជី​បោះ​ឆ្នោត តាំង​ពី​ឆ្នាំ​២០០៨​មក។ ផ្អែក​លើ​សវនកម្ម​បញ្ជី​បោះ​ឆ្នោត បាន​រក​ឃើញ​ថា ពលរដ្ឋ​មាន​សិទិ្ធ​បោះ​ឆ្នោត​៨២,៩ ភាគរយ នៅ​លើ​បញ្ជី​អ្នក​បោះ​ឆ្នោត បាន​ថយ​ចុះ បើ​ធៀប​នឹង​ចំនួន​៨៧,៩​ភាគ​រយ មុន​ការ​បោះ​ឆ្នោត​ទូទៅ​ឆ្នាំ​២០០៨ និង​ថា ការ​រក​ឃើញ​នេះ គឺ​ខុស​ពី​ស្ថិតិ​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប)​ដែល​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ស្មើ​នឹង​១០១,៧ ភាគ​រយ​នៃ​ប្រជា​ពលរដ្ឋ ដែល​មាន​សិទិ្ធ​បោះ​ឆ្នោត។
ម្យ៉ាងទៀត របាយការណ៍​សវនកម្ម បញ្ជី​អ្នក​បោះ​ឆ្នោត ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ពលរដ្ឋ​ចំនួន​១០,៨​ភាគរយ ដែល​ជឿ​ជាក់​ថា ​ពួកគេ​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​រួច​ហើយ​នោះ មិន​អាច​រក​ឃើញ​ឈ្មោះ​លើ​បញ្ជី​ឡើយ ហើយ​នឹង​មិន​អាច​បោះ​ឆ្នោត​នៅ​ថ្ងៃ​បោះ​ឆ្នោត​បាន​ទេ។
របាយការណ៍ ក៏បាន​បង្ហាញ​ផង​ដែរ​ថា ​សវនកម្ម​បញ្ជី​អ្នក​បោះ​ឆ្នោត បាន​រក​ឃើញ​ថា  ឈ្មោះ​ក្នុង​បញ្ជី​អ្នក​បោះ​ឆ្នោត​តែ​៦៣,៦ ភាគរយ អាច​ផ្ទៀង​ផ្ទាត់​បាន​ដោយ​ផ្ទាល់ នៅ​កន្លែង​រស់​នៅ​បច្ចុប្បន្ន ចំណែក​ឯ១៧,៩ ភាគរយ​នៃ​អ្នក​ឆ្លើយ​តប​មាន​ឈ្មោះ តែ​រស់​នៅ​ភាគ​ច្រើន នៅ​ទី​តាំង​ផ្សេង​ទៀត ហើយ​១០,៤ ភាគរយ​ពុំ​មាន​មនុស្ស​ទេ។
លោកស្រី Laura Thornton នាយក​ជាន់​ខ្ពស់​នៃ​វិទ្យា​ស្ថាន​ជាតិ​ប្រជា​ធិប​តេយ្យ​ប្រចាំ​កម្ពុជា បាន​ថ្លែង​ថា ​ការ​រក​ឃើញ​ទាំង​នេះ បង្ហាញ​ពី​ការ​ខ្វះ​ចន្លោះ ដែល​អាច​ប៉ះពាល់​ដល់​គុណ​ភាព និង​ភាព​ស្រប​ច្បាប់​នៃ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា។
លោកស្រី​Thornton បាន​បន្ថែម​ថា៖​«ខ្ញុំ​ព្រួយ​បារម្ភ ដោយ​សារ​ពលរដ្ឋ​មាន​សិទិ្ធ​បោះ​ឆ្នោត​ច្រើន​នាក់ ដែល​នឹង​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​បោះ​ឆ្នោត ហើយ​រក​ឃើញ​ថា ឈ្មោះ​របស់​ពួកគេ​ពុំ​មាន​នៅ​លើ​បញ្ជី​បោះ​ឆ្នោត ហើយ​មិន​បាន​បោះ​ឆ្នោត ដោយ​សារ​ឈ្មោះ​ទាំង​នោះ​ត្រូវ​បាន​លុប​ដោយ​ខុស​ឆ្គង។ ខ្ញុំ​ព្រួយ​បារម្ភ​ដូច​គ្នា​ផង​ដែរ​ថា មាន​ឈ្មោះ​ជា​ច្រើន​លើ​បញ្ជី​អ្នក​បោះ​ឆ្នោត តែ​ពុំ​មាន​មនុស្ស​ពិត​ប្រាកដ​ទេ»។
លោកស្រី បន្ថែម​ថា៖ «​ខ្ញុំ​ខក​ចិត្ត​ដែល​បញ្ជី​នេះ មិន​សូវ​ត្រឹម​ត្រូវ​ជាង​៥ ឆ្នាំ​មុន​ឡើយ»។
លោក ហង្ស ពុទ្ធា នាយក  NICFEC ក៏​បាន​សម្តែង​ក្តី​បារម្ភ​ផង​ដែរ​ថា៖ «មាន​អត្រា​ចុះ​ឈ្មោះ​បោះ​ឆ្នោត៨២,៩ ភាគ​រយ ដែល​ជា​ការ​ធ្លាក់​ចុះ​តាំង​ពី​ឆ្នាំ​២០០៨ ​ប៉ុន្តែ​ចំនួន​ឈ្មោះ​លើ​បញ្ជី​អ្នក​បោះ​ឆ្នោត​បន្ត​កើន​ឡើង ដែល ​គ.ជ.ប​ បាន​គណនា​មាន​អត្រា ១០១,៧ ភាគ​រយ​នៃ​ចំនួន​ប្រជា​ជន​មាន​សិទិ្ធ​បោះ​ឆ្នោត​ ដូច្នេះ អាច​មាន​ឈ្មោះ​ តែ​គ្មាន​អ្នក​បោះ​ឆ្នោត»។
ប៉ុន្តែ ​លោក ទេព នីថា អគ្គលេខា​ធិការ គ.ជ.ប បាន​ថ្លែង​ថា ការ​ធ្វើ​សវនកម្ម លើ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត របស់​អង្គការ​ខាង​លើ គឺជា​ការ​សង្ស័យ។ អង្គការ​ទាំង​នោះ ត្រូវ​ផ្តល់​ឈ្មោះ​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដែល​រក​ឃើញ​ថា ពួក គេ​មិន​បាន​បោះឆ្នោត ហើយ​ឈ្មោះ​របស់​ពួកគេ ត្រូវ​បាន​លុប​ចេញ​ពី​បញ្ជី។
លោក ទេព នីថា បានបញ្ជាក់​ថា៖ «គ.ជ.ប​ បាន​ស្នើ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ឲ្យ​ផ្តល់​ឈ្មោះ​សម្រាប់​ករណី ៣ ទី ១ អ្នក​មាន​សិទិ្ធ​បោះ​ឆ្នោត តែ​ឈ្មោះ​បាន​លុប​ចេញ​ពី​បញ្ជី​អ្នក​បោះ​ឆ្នោត ទី ២ អ្នក​ដែល​បាន​ចុះ​ឈ្មោះ​ហើយ តែ​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​ និង​ទី ៣ អ្នក​ដែល​ធ្លាប់​បាន​បោះ​ឆ្នោត​ក្នុង​ឆ្នាំ២០០៨- ​២០១២ ហើយ​ឥឡូវ បាត់​ឈ្មោះ​ពី​បញ្ជី​អ្នក​បោះ​ឆ្នោត»។
លោក កុយ ប៊ុនរឿន តំណាង​រាស្រ្ត​គណបក្ស សម រង្ស៊ី ​ដែល​បាន​ចូលរួម​ក្នុង​សន្និសីទ​កាល​ពី​ម្សិល​មិញ​ បាន​យល់​ស្រប​នឹង​សវនកម្ម​របស់​អង្គ​ការ​សង្គម​ស៊ីវិល ដោយ​លោក​ថ្លែង​ថា គ.ជ.ប បាន​រៀបចំ​បញ្ជី​ឈ្មោះ​អ្នកបោះ​ឆ្នោត ​ពុំ​មាន​គុណភាពធ្វើ​ឲ្យ​ប្រជាពល​រដ្ឋ​ជា​ច្រើន​​បាត់​ឈ្មោះ​ពី​បញ្ជី​អ្នក​ បោះ​ឆ្នោត។ លោក​បាន​បញ្ជាក់​ថា៖ «ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ ​នឹង​គ្មាន​យុត្តិធម៌​ទេ​ ព្រោះ គ.ជ.ប ពុំ​មាន​តម្លា​ភាព​ ក្នុង​ការ​ចុះ​បញ្ជី​ឈ្មោះ​អ្នកបោះ​ឆ្នោត​ឡើយ»៕ 

No comments:

Post a Comment

yes