ពិធីលើកស្លាកស្នាក់ការសហគមន៍ជនជាតិដើមភាគតិចចារ៉ាយភូមិគងយុ
រតនគិរីៈ ថ្វីបើសហគមន៍ជនជាតិដើមភាគតិចចំនួន៣០ក្នុងខេត្តរតនគិរីត្រូវបានចុះបញ្ជីផ្លូវការនៅក្រសួងមហាផ្ទៃក្តី ក៏មន្ត្រីអាដហុកយល់ថា នីតិវិធីទម្រាំតែឈានទៅដល់ការចុះបញ្ជីទទួលស្គាល់ជាសមូហភាពនោះ វាយឺតពេលបន្តិច ដោយសារតែផ្ទៃដីព្រៃក្នុងខេត្តប្រមាណជា៧០ភាគរយបានបាត់បង់ទៅហើយ។
ការអះអាងបែបនេះគឺធ្វើឡើង ក្នុងពិធីលើកស្លាកស្នាក់ការសហគមន៍ជនជាតិ ដើមទី៣០ជាផ្លូវការ នៅក្នុងភូមិគងយុ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវកាលពីព្រឹកម្សិលមិញ ដោយមានការចូលរួមពីប្រជាសហគមន៍ជនជាតិដើមភាគតិចចារ៉ាយ៦៨គ្រួសារ មន្រ្តីរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន។
លោក ឆាយធី អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តរតនគិរីដែលចូលរួមនៅក្នុងពិធីនោះ ថ្លែងថា ការចុះបញ្ជីទទួលស្គាល់ជនជាតិដើមភាគតិចនៅក្រសួងមហាផ្ទៃ គឺត្រឹមត្រូវតាមគោលការណ៍របស់រដ្ឋាភិបាល នៅក្នុងការកំណត់អត្តសញ្ញាណជនជាតិនីមួយៗ ប៉ុន្តែ នីតិវិធីចុះបញ្ជីនេះ វាយឺតយ៉ាវបន្តិច ក៏ព្រោះថា ផ្ទៃដីព្រៃនៅក្នុងខេត្តប្រមាណ៧០ភាគរយ បានបាត់បង់ទៅហើយ នេះបើគិតពីឆ្នាំ១៩៧៩មក។
លោក ឆាយ ធី បានអះអាងថា៖«ដីព្រៃនៅសល់តែ៣០ភាគរយទេដោយសារតែអ្នកមកពីខាងក្រៅ និងការលក់ទៅឲ្យក្រុមអ្នកមាន។ ដីព្រៃខ្លះត្រូវចាប់យកដោយខុសច្បាប់ ខ្លះទៀតត្រូវកាត់ជាដីសម្បទាន។ អ៊ីចឹងទម្រាំបានចុះបញ្ជីជាសមូហភាពអស់ស្ទើរតែគ្មានដីព្រៃទេ»។
លោកបន្តឲ្យដឹងថា មកដល់ពេលនេះ ទើបតែមានសហគមន៍ជនជាតិដើមភាគតិចពីរប៉ុណ្ណោះ បានចុះបញ្ជីជាសមូហភាពនិងមានផ្ទៃដីព្រៃស្របច្បាប់។
លោក អាំ វាសនា មន្រ្តីនាយកដ្ឋានកិច្ចការនយោបាយរបស់ក្រសួងមហាផ្ទៃដែលទៅចូលរួមក្នុងពិធីលើកស្លាកនោះដែរ បដិសេធមិនអត្ថាធិប្បាយតបទៅនឹងការលើកឡើងរបស់មន្ត្រីសមាគមសិទ្ធិមនុស្សអាដហុកខាងលើនេះទេ។ លោក នុត សាអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រាប់ថា លោកជាប់រវល់មិនអាចបញ្ជាក់ពីបញ្ហានេះបានទេ។
លោក ឆេង វ៉ាន់ធឿន ប្រធានសម្របសម្រួលគម្រោងចងក្រងសហគមន៍របស់អង្គការគាំទ្រសហគមន៍ជនជាតិដែលធ្វើសកម្មភាពក្នុងខេត្តរតនគិរី បានលើកឡើងថា ការចុះបញ្ជីសម្រាប់សហគមន៍ គឺដើម្បីថែរក្សាវប្បធម៌ និងប្រពៃណីរបស់ជនជាតិដើមភាគតិចឲ្យនៅគង់វង្ស។ ម្យ៉ាងទៀតដើម្បីឈានទៅដល់ការចុះបញ្ជីជាដីព្រៃសមូហភាពគឺក្នុងគោលបំណង ការពារនិងថែរក្សាព្រៃឈើសហគមន៍ធម្មជាតិនិងធនធានផ្សេងៗទៀត។
លោក ឆេង វ៉ាន់ធឿន ថ្លែងបញ្ជាក់ដែរថា៖ «បើកាលណាយើងចុះបញ្ជីជាសមូហភាព នោះមានន័យថា ដីនិងព្រៃរបស់ពួកគាត់អាចនៅគង់វង្ស និងមានស្ថិរភាព គ្មានការលក់ដូរអ្វីទេ ហើយព្រៃឈើគឺត្រូវបានប្រើប្រាស់សម្រាប់តែនៅក្នុងសហគមន៍ប៉ុណ្ណោះ»។
លោក វ៉ាន់ធឿន បានថ្លែងបន្តថា ការចុះបញ្ជីដីប្រភេទនេះ បានធ្វើឡើងនៅក្នុងខេត្ដណាដែលមានជនជាតិដើមភាគតិចរស់នៅ មានដូចជាក្នុងខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ ព្រះវិហារ និងខេត្តកំពង់ស្ពឺ ជាដើម។
លោក ពូយ ដ្វិន ជាជនជាតិចារ៉ាយ រស់នៅក្នុងភូមិគងយុ បានសាទរចំពោះការលើកស្លាកទទួលស្គាល់សហគមន៍ចារ៉ាយរបស់គាត់ជាផ្លូវការនេះ ហើយលោកចង់បានការចុះបញ្ជីជាសមូហភាពឲ្យបានឆាប់ៗ។
លោក ពូយ ដ្វិន និយាយថា៖ «ខ្ញុំចង់បានការចុះបញ្ជីដីជាសមូហភាពឆាប់ៗ ព្រោះសព្វថ្ងៃនេះ សហគមន៍នៅសល់ដីព្រៃមិនដល់៥០ហិកតាផង។ ពីមុនយើងមានដីជាង១០០ហិកតា ប៉ុន្តែត្រូវគេកាប់ព្រៃដាំកៅស៊ូ និងខ្លះទៀតត្រូវគេលក់»។
ប្រជាសហគមន៍ភូមិគងយុ បាននិងកំពុងមានទំនាស់ដីធ្លីជាមួយនឹងក្រុមហ៊ុន កសិករវឌ្ឍនភាពរបស់លោកស្រី គាត កុលណី ដែលជាប្អូនស្រីបង្កើតរបស់លោករដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ គាត ឈន់។ ចាប់តាំងពីឆ្នាំ២០០៧ មក ជម្លោះនេះស្ថិតក្នុងដៃរបស់តុលាការខេត្តរតនគិរីរហូត នៅមិនទាន់មានការសម្រេចយ៉ាងណាឡើយ៕
No comments:
Post a Comment
yes