សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, March 16, 2013

គណបក្ស​​សង្រ្គោះ​ជាតិ​​បែងចែក​​លេខរៀង​​ ឈរ​​ឈ្មោះ​​បោះឆ្នោត​​តំណាងរាស្ត្រ​​

គណបក្ស​សម រង្ស៊ី និង​គណបក្ស​​សិទ្ធិមនុស្ស​បែងចែក​លេខរៀង​ឈរឈ្មោះ​សម្រាប់​គណបក្ស​សង្រ្គោះជាតិ​ ក្នុង​ការ​បោះឆ្នោត​​ខែ​ កក្កដា ឆ្នាំ ​២០១៣​ខាងមុខ​នេះ។ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​ បាន​ថ្លែង​ប្រាប់​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា តំណាងរាស្រ្ត​គណបក្ស​សម រង្ស៊ី​ នឹង​ទទួល​បាន​លេខរៀង​ល្អៗ​ក្នុង​ខេត្ត​ភាគ​ខាងលិច​នៃ​ប្រទេស​កម្ពុជា រីឯ​លេខរៀង​ល្អៗ​ក្នុង​ខេត្ត​ភាគ​ខាងកើត​ប្រទេស ​​​អាច​ត្រូវ​បាន​គេ​ប្រគល់​ជូន​គណបក្ស​សិទ្ធមនុស្ស។

គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ​ដែល​បាន​​ច្របាច់​បញ្ចូល​គ្នា​បង្កើត​​គណបក្ស​សង្រ្គោះជាតិ​ដើម្បី​ចូល​រួម​ការ​ប្រកួត​ប្រជែង​បោះឆ្នោត​តំណាងរាស្ត្រ​ នៅ​ខែ​កក្កដា ​ឆ្នាំ​២០១៣​ខាងមុខ​នេះ​បាន​ចាប់ផ្តើម​គិតគូរ​ពីការ​បែងចែក​លេខរៀង​សម្រាប់​ការ​ឈរ​ឈ្មោះ​បេក្ខជន​តំណាងរាស្រ្ត​នៃ​គណបក្ស​នីមួយៗ​ហើយ។

ឧបសគ្គ​នានា​ដែល​គណបក្ស​ទាំង​ពីរ​ប្រឈម​មាន​ច្រើន។ ប៉ុន្តែ​ការ​បែងចែក​លេខរៀង​ឈរ​ឈ្មោះ​សម្រាប់​គណបក្ស​ថ្មី​ គឺ​ជា​រឿង​ស្មុគស្មាញ​ជាង​គេ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ក៏​មេដឹក​នាំ​គណបក្ស​សង្គ្រោះជាតិ​បាន​និយាយ​ថា ការ​បែងចែក​លេខ​រៀង​នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​ការ​គោរព​គ្នា​ទៅវិញ​ទៅមក។



លោក ប៉ុល ហម អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​បាន​ថ្លែង​ប្រាប់ ​នៅ​ថ្ងៃ​សៅរ៍ ​ពីខេត្ត​តាកែវ ​ទី​ដែល​លោក​ចុះ​ជួប​ប្រជាពលរដ្ឋ​មកថា គណបក្ស​សង្រ្គោះ​ជាតិ​អនុញ្ញាត​អោយ​តំណាង​គណបក្ស​សម រង្ស៊ី ឬ​គណបក្ស​សិទ្ធិមនុស្ស​​ឈរ​លេខ​រៀង​ទី១​ឬទី២​ ត្រូវ​ធ្វើឡើង​ដោយ​ផ្អែក​លើ​ប្រជាប្រិយភាព​នៃ​គណបក្ស​ក្នុង​ខេត្ត​នោះ។

ឧទាហរណ៍​ថា ប្រសិនបើ​គណបក្ស​សម រង្ស៊ី​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ក្នុង​ខេត្ត​ណា​មួយ គណបក្ស​នេះ​ត្រូវ​ដាក់​តំណាងរាស្រ្ត​របស់​ខ្លួន​ឈរ​លេខ​រៀង​ទី១ ទី​២ និង​ទី៣​សម្រាប់​គណបក្ស​សង្គ្រោះជាតិ និង​លេខ​រៀង​ជា​បន្ត​ត្រូវផ្តល់​ជូន​បេក្ខជន​តំណាងរាស្រ្ត
គណបក្ស​សិទ្ធមនុស្ស។ ហើយបើ​ខេត្ត​ណា​ដែល​គណបក្ស​សិទ្ធិ​មនុស្ស​មាន​ប្រជាប្រិយភាព​ខ្លាំង​ជាង លេខ​រៀង​ទី១​ ទី២​ឬទី៣​ ត្រូវ​ប្រគល់​ជូន​គណបក្ស​សិទ្ធិមនុស្ស និង​លេខរៀង​ជា​បន្ត​ត្រូវ​ប្រគល់​ជូន​គណបក្ស​សម រង្ស៊ី។ គោលការណ៍​នេះ​ត្រូវ​ធ្វើ​ឡើង​នៅ​គ្រប់​ខេត្ត​ក្រុង​នៃ​ប្រទេស​កម្ពុជា។ ​

ចំណុច​មួយ​ទៀត​ដែល​គណបក្ស​ប្រឆាំង​ទាំងពីរ​ព្រមព្រៀង​គ្នា​ដែរ​នោះ​ គឺ​ខេត្ត​ភាគខាង​លិច​នៃ​ប្រទេស​កម្ពុជា​ដែល​គណបក្ស​សិទ្ធិ​មនុស្ស​មិន​សូវ​ទទួល​បាន​ការ​គាំទ្រ ​ដោយសារ​តែ​កង្វះខាត​បណ្តាញ​ព័ត៌មាននោះ​ បេក្ខជន​ឈរ​ឈ្មោះ​លេខ​រៀង​ល្អៗ​ត្រូវ​ប្រគល់ជូន​គណបក្ស​សម រង្ស៊ី។ ចំណែក​ឯ​ខេត្ត​មួយ​ចំនួន​នៅ​ភាគ​ខាង​កើត​នៃប្រទេស​​ដែល​គណបក្ស​សិទ្ធិ​មនុស្ស​ទទួល​បាន​ការ​គាំទ្រ​ច្រើន លេខរៀង​ល្អៗ​ត្រូវ​ប្រគល់​ជូន​បេក្ខជន​តំណាងរាស្រ្ត​គណបក្ស​សិទ្ធិមនុស្ស។

លោក ប៉ុល ហម អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​បាន​បន្តទៀត​ថា គោលការណ៍​បែងចែក​លេខរៀង​បេក្ខជន​ឈរ​ឈ្មោះ​សម្រាប់​គណបក្ស​ថ្មី​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយមាន​ការ​យោគយល់​គ្នា​ជា​ទី​បំផុត ​ពោល​គឺ​មិនមាន​ការ​ទាស់ទែង​ខ្វែង​គំនិត​គ្នា​នោះ​ទេ។ ដោយសារ​តែ​គណបក្ស​សម រង្ស៊ី មាន​អាសនៈ​២៦​កៅអី ​នៅ​ក្នុង​រដ្ឋ​សភាជាតិ រីឯ​គណបក្ស​សិទ្ធិមនុស្ស​មាន​តែ​៣កៅអី​​នៅ​ក្នុង​សភា​ជាន់ទាប​ប៉ុណ្ណោះ ដូច្នេះ​​អាទិភាព​លេខ​រៀង​ល្អ​ភាគ​ច្រើន​ត្រូវ​ប្រគល់​ជូន​គណបក្ស​សម រង្ស៊ី។

លោក ប៉ុល ហម បាន​បន្ត​ទៀត​ថា បេក្ខជន​ឈរ​ឈ្មោះ​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​មាន​លក្ខណៈ​សម្បត្តិ​៤​យ៉ាងធំៗ។ ទីមួយ ប្រជាប្រិយភាព។ ទីពីរ សមត្ថភាព។ ទី៣​លទ្ធភាព និង​ទី​៤​គំនិត​ស្នេហាបក្ស និង​ស្នេហាជាតិ។

គួរ​កត់​សម្គាល់​ថា សម្រាប់​ការ​បោះឆ្នោត​តំណាងរាស្រ្ត​ឆ្នាំ​២០១៣​នេះ គណបក្ស​សម រង្ស៊ី បាន​ច្របាច់​បញ្ចូល​គ្នាជាមួយ​គណបក្ស​​សិទ្ធិមនុស្ស ​បង្កើត​គណបក្ស​សង្រ្គោះជាតិ។ គណបក្ស​នរោត្តមរណឫទ្ធិ បាន​ច្របាច់​បញ្ចូល​ជាមួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ​ដោយ​គ្មាន​វត្តមាន​ព្រះអង្គម្ចាស់​នរោត្តមរណឫទ្ធិ ​តែ​ដោយ​រក្សា​ឈ្មោះ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ដដែល៕

No comments:

Post a Comment

yes