លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស(ឆ្វេង)លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន(ស្តាំ)
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវជាសាធារណៈទៅប្រជាពលរដ្ឋនៅទូទាំងប្រទេសឲ្យគាំទ្រគណបក្សប្រជាជននិងគាំទ្ររូបលោកជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោតអាណត្តិទី៥ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំនេះ។
ថ្លែងចេញពីទឹកដីខេត្តកំពង់ធំ ក្នុងស្រុកសន្ទុកកាលពីម្សិលមិញ នៅក្នុងពិធីសម្ពោធសមិទ្ធផលសាសនា សំពៅត្រៃលោកនិងសំពៅត្រៃលក្ខណ៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ទាក់ទងនឹងការបោះឆ្នោតខែកក្កដា ដោយអំពាវនាវទៅកាន់ប្រជាពលរដ្ឋកម្ពុជា ឲ្យគាំទ្រគណបក្សប្រជាជនកម្ពុជា និងគាំទ្ររូបលោក ក្នុងនាមជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់អាណត្តិថ្មី ដើម្បីបន្តដឹកនាំប្រទេសកម្ពុជាក្នុងផ្លូវត្រូវ ដែលបាននាំមកនូវសន្តិភាពជូនប្រជាជនកម្ពុជា គិតចាប់តាំងពីរបបប្រល័យពូជសាសន៍បានដួលរលំ។
លោកនាយករដ្ឋមន្ត្រីបានថ្លែងថា៖«ក្នុងរយៈពេលជាង៣០ឆ្នាំមកនេះ ខ្ញុំព្រះករុណាខ្ញុំ បានធ្វើអស់ហើយ បានបំពេញករណីកិច្ចក្នុងឋានៈជាប្រជាពលរដ្ឋ ហើយក៏ក្នុងឋានៈជានាយករដ្ឋមន្ត្រី ដែលជាអ្នកទទួលខុសត្រូវពាំនាំនូវសុខសន្តិភាពជូនប្រជាពលរដ្ឋ ឥឡូវដល់វេនដែលខ្ញុំសូមពឹងពាក់វិញម្តង វាអត់មានអីពិបាកទេ គ្រាន់តែគូសតែ១ ខ្វិច បើសិនជាស្រឡាញ់ហ៊ុន សែន! បើសិនជាអាណិត ហ៊ុន សែន! បើសិនជាពេញចិត្តហ៊ុន សែន! បើសិនជាជឿទុកចិត្ត ហ៊ុន សែន! សូមបោះឆ្នោតឲ្យគណបក្សប្រជាជន»។
លោកនាយករដ្ឋមន្ត្រី ក៏បានបកស្រាយពន្យល់ពាក្យទាំងបួនម៉ាត់នោះថា ការស្រឡាញ់ អាណិត ពេញចិត្ត និងជឿទុកចិត្តនោះដោយសារតែពេញចិត្តទៅលើអ្វីដែលបានអភិវឌ្ឍ និងដឹកនាំប្រទេសឲ្យមានសន្តិភាព។
លោកនាយករដ្ឋមន្ត្រីបានបន្ថែមថា៖ «ប្រសិនបើមានចំណុចណាមួយ ក្នុងចំណោមចំណុចទាំងបួន សូមបោះឆ្នោតជូនគណបក្សប្រជាជន រឿងនេះគឺជារឿងកំណត់ជោគវាសនារបស់នាយករដ្ឋមន្ត្រី រឿងនេះគឺជារឿងអាយុជីវិតរបស់ខ្ញុំផ្ទាល់។ ការបោះឆ្នោតលើកនេះ គឺបោះសម្លាប់ ហ៊ុន សែន ឬ បោះឲ្យ ហ៊ុន សែន រស់ទៅមុខទៀត»។
លោកនាយករដ្ឋមន្ត្រីលើកឡើងបែបចំអកទៅគណបក្សនយោបាយដទៃថា អ្វីដែលលោកបានលើកឡើងនោះ ដូចជាមិនខុសនោះទេ ពីព្រោះអ្នកដទៃគេបានប្រើពាក្យនេះយូរហើយ រីឯគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏ពុំមានហាមអ្វីដែរ។
លោកថ្លែងបញ្ជាក់ទៀតថា៖ «នេះគឺជាសិទ្ធិនយោបាយដែលត្រូវនិយាយ គេសុំសន្លឹកឆ្នោតដែរ យើងសុំដែរវាម៉េច? ឥឡូវនេះបើលេងកុំខឹង!បើខឹងកុំលេង! ប៉ុន្តែចំពោះអ្នកដែលមិនស្រឡាញ់ មិនពេញចិត្ត មិនអាណិត និងមិនទុកចិត្ត មិនចាំបាច់បោះឆ្នោតឲ្យ ហ៊ុន សែន ទេ»។
ឆ្លើយតបទៅនឹងការលើកឡើងទាំងនេះលោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សបានថ្លែងឲ្យដឹងថា ចំពោះសារនយោបាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ គឺជាសារដែលធ្វើឲ្យប្រជាជនមិនបោះឆ្នោតឲ្យគណបក្សប្រជាជនទៅវិញទេ ពីព្រោះគាត់នឹងគិតអាណិតកូនគាត់ ស្រឡាញ់កូនរបស់គាត់ និងជឿលើខ្លួនគាត់។
លោក កឹម សុខា ថ្លែងឲ្យដឹងទៀតថា៖ «ខ្ញុំសូមផ្ញើជាសារនយោបាយដែរថា បើអាណិតគ្រួសារគាត់ ស្រឡាញ់កូនគាត់ ជឿលើខ្លួនគាត់ សុំបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ»។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានថ្លែងថា ទាក់ទិនទៅនឹងសារនយោបាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែននោះពុំមានប៉ះពាល់អ្វីទៅនឹងច្បាប់បោះឆ្នោតទេ ពីព្រោះរហូតមកដល់ពេលនេះ គ.ជ.ប នៅពុំទាន់ដឹងថា មានគណបក្សប៉ុន្មាននឹងឈរឈ្មោះបោះឆ្នោតនៅឡើយ។ បច្ចុប្បន្នគណបក្សនយោបាយដែលត្រៀមនឹងឈរឈ្មោះបោះឆ្នោត បានធ្វើការឃោសនាដូចគ្នា ហើយច្រើនរូបភាពណាស់ ទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស។
លោក ទេព នីថា បន្តឲ្យដឹងថា៖«ពេលនេះពុំមែនជាពេលបោះឆ្នោតទេ ដូច្នេះគណបក្សនយោបាយមានសិទ្ធិឃោសនាដូចគ្នា ប៉ុន្តែនៅពេលបោះឆ្នោត ច្បាប់បានកំណត់ឲ្យឃោសនារយៈពេល១ខែ គឺចាប់ពីថ្ងៃទី ២៧ ខែមិថុនា រហូតដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំនេះ»។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានថ្លែងចាប់អារម្មណ៍ដែរថា នៅប្រទេសលទ្ធិប្រជាធិបតេយ្យ គឺពុំមានអ្វីដែលខុសនោះទេ គឺគណបក្សកាន់អំណាច និងគណបក្សប្រឆាំងអាចឃោសនាដើម្បីស្វែងរកសន្លឹកឆ្នោតបានគឺអាចប្រកួតប្រជែងគ្រប់ពេលវេលា។
លោក អ៊ូ វីរៈ បានបន្តថា៖«អ្វីដែលប្លែក ហើយលោកនាយករដ្ឋមន្ត្រីទទូចឲ្យពលរដ្ឋបោះឆ្នោតឲ្យលោកនោះ ប្រហែលជាលោកព្រួយបារម្ភទាក់ទិនទៅនឹងការច្របាច់បញ្ចូលគ្នារវាងគណបក្សប្រឆាំងសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស។ នេះជាហេតុដែលធ្វើឲ្យគណបក្សប្រជាជនព្រួយបារម្ភជាងមុន ដោយសារតែពុំអាចពឹងផ្អែកទៅលើតែគណបក្សហ៊្វុនស៊ិនប៉ិចបាន»។
លោក កែម ឡី អ្នកវិភាគសង្គមឯករាជ្យបានលើកឡើងថា នេះគឺជាប្រពៃណីរបស់អ្នកនយោបាយដែលគេតែងតែផ្ញើសារនយោបាយនៅពេលដែលការបោះឆ្នោតខិតជិតមកដល់ ដើម្បីរំឭកប្រជាពលរដ្ឋកុំឲ្យភ្លេច ហើយការលើកឡើងគ្រប់គណបក្សនយោបាយនោះ ក៏ជាការផ្តល់ចំណេះដឹងមួយដល់ពលរដ្ឋដែរដើម្បីឲ្យគាត់ចេះវិភាគត្រឹមត្រូវ ប្រសើរជាជាងគាត់ទៅបោះឆ្នោតដោយពុំទទួលបានព័ត៌មានអ្វីសោះ។
លោកថ្លែងថា៖«អ្វីដែលពុំច្បាស់លាស់នោះ គឺយើងពុំបានកំណត់ឲ្យបានថា តើអ្វីជាសារនយោបាយ នេះគឺអ្វីដែលយើងខ្វះចន្លោះ»៕
No comments:
Post a Comment
yes