សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, March 7, 2013

ឧទ្ធរណ៍​ហាក់​ដូច​ជា​ផ្តល់​ក្តី​សង្ឃឹម​ដល់​ម៉ម​សូណង់ដូ

130307_01
លោក ម៉ម សូណង់ដូ និង​ប្រ​ពន្ធ​របស់​លោក មាន​ទឹក​មុខ​ស្រស់​ស្រាយ​ពេល​ដើ​រ​ចូល
ទៅក្នុង​បន្ទប់​​សវនាការ​នៅ​សាលា​ឧទ្ធរណ៍​កាលពីថ្ងៃ​ម្សិល​មិញ
ភ្នំពេញៈ ក្រោយ​ពី​សាលា​ឧទ្ធរណ៍ បាន​បើក​សវនាការ ​រយៈ​ពេល​ ២ ថ្ងៃ​ ​ធ្វើ​ការ​ជំនុំ​ជម្រះ ​ទៅ​លើ​បទ​ចោទ​ដ៏​ចម្រូង​ចម្រាស​ពី​ការ​​បង្កើត​តំបន់​អបគមន៍​​ ពាក់​ព័ន្ធ​ទៅ​នឹង​ជម្លោះ​ដីធ្លី​ នៅ​ក្នុង​ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ​ខេត្ត​ក្រចេះ ទៅ​លើ​​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ​ដ៏ល្បី​ល្បាញ នៅ​ទី​បំផុត ព្រះ​រាជ​អាជ្ញាកាល​ពី​ម្សិល​មិញ បាន​ស្នើ​ឲ្យ​តុលាការ ធ្វើ​ការ​ពិចារណា​ ទម្លាក់​ចោល​បទ​ចោទ​នេះ តែ​ប្តូរ​ទៅ​បទល្មើស​ព្រៃ​ឈើ​វិញ។
លោក ហ៊ាន រិទ្ធ ព្រះ​រាជ​អាជ្ញា សាលា​ឧទ្ធរណ៍​បាន​ថ្លែង​ក្នុង​សេចក្តី​សន្និដ្ឋាន កាល ពីរ​សៀល​ម្សិលមិញ​ថា បើតាម​ការ​ពិនិត្យ​អង្គ​ហេតុ លោក ម៉ម សូណង់ដូ មិន​មាន​ជាប់​ពាក់ព័ន្ធ​ នឹង​ការ​ផ្តើម​គំនិត​អ្វី​ ឲ្យ​ធ្វើ​កុបកម្ម ​ប្រឆាំង​រដ្ឋាភិបាល​ ឬឲ្យ​ប្រើ​អាវុធ​ខុស​ច្បាប់​នោះ​ទេ ហើយ​ការ​ចោទ​ប្រកាន់ របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ មិន​សម​ស្រប​ឡើយ​។

លោក ហ៊ាន រិទ្ធ បាន​ថ្លែង​ថា ៖ «​អត់មាន​អង្គ​ហេតុ​ណា​ថា លោក ​ម៉ម សូណង់​ដូ ផ្តើម​គំនិត​ ឲ្យ​ពល-​រដ្ឋ​ កាន់​កាប់​ដី​ខុស​ច្បាប់ ឬ​ប្រើ​អាវុធ​ប្រឆាំង​អ្នក​រាជ​ការ​ឡើយ​»​។ លោក​ព្រះ​រាជ​អា​ជ្ញាបាន​ស្នើ​ឲ្យ​ចៅក្រម​ប្រឹក្សា​ជំនុំ​ជម្រះ​ ប្តូរ​ទៅ​ចោទ​ប្រកាន់​ លោក​សូណង់​ដូ លើ​បទ​ល្មើស​ព្រៃ​ឈើ​ តាម​មាត្រា​៩៧ ចំណុច​ទី​៦​ នៃ​ការ​ឆ្ការ​ដី​ព្រៃ ធ្វើ​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​វិញ​។
ការ ​ស្នើ​​របស់​ព្រះ​រាជ​អា​ជ្ញា​​សាលា​ឧទ្ធរណ៍​នេះ ​បាន​ធ្វើ​ឲ្យ​មាន​​ការ​សាទរ​ ពី​លោក ស សូវ៉ាន មេធាវី​ការ​ពារ​ក្តី​លោក សូណង់​ដូ។ លោក សូវ៉ាន បាន​ថ្លែង​ថា ៖ «គេ​មិន​ចោទ ដូច​សាលា​ដំបូង​ទេ​ ដូច្នេះ​កូន​ក្តី​ខ្ញុំ​ ជាប់​តែ​ពីរករណី គឺ​មជ្ឈិម តាម​មាត្រា​ ៦០៩​  មាត្រា ​៥០៤ ដែល​ចែង​ឲ្យ​ជាប់​ពន្ធនាគារ​ពី ​៦ ខែ​ទៅ​ ១ ឆ្នាំ និង​ពី ១ ​ឆ្នាំ​ទៅ ​៣ ​ឆ្នាំ។​ ដូច្នេះ​វា​ល្អ​សម្រាប់​គាត់»។ លោក​គូស​បញ្ជាក់​ថា៖ «បើ​គេ លើក​បទ​ចោទ​ពី​មុន​ចោល មិន​ជាប់​បទ​ឧក្រិដ្ឋ​ ដូច្នេះ​គាត់​មិន​ជាប់​គុក​ដល់​​ ២០ ឆ្នាំ​ទេ។ សវនាការ​រយៈ​ពេល​ពីរ​ថ្ងៃ​នេះ​ ខ្ញុំ​មើល​ឃើញ​នូវ​ភាព​វិជ្ជមាន ព្រោះ​ថា រក​មិន​ឃើញ​ថា គាត់​បញ្ជា​ប៊ុន រដ្ឋា ឲ្យ​ធ្វើ​រឿង​អបគមន៍​អី​ទេ»។
លោក​សំ សុគង់មេធាវី​ម្នាក់​ទៀត ​របស់​លោក​សូណង់ដូ បាន​ស្នើ​ឲ្យ​តុលាការ​ លើក​លែង​ការ​ចោទ​ប្រកាន់​និង​ដោះ​លែង​កូន​ក្តី​របស់​លោក ចេញ​ពី​ពន្ធនាគារ។
នៅ ​ក្នុង​សវនាការ​រយៈ​ពេល​ពីរ​ថ្ងៃ​មក​នេះ ក្រៅ​ពី​លោក​ម៉ម សូណង់​ដូ ក៏​មាន​ជន​ជាប់​ចោទ​ពីរ​នាក់​ផ្សេង​ទៀត ដែល​ជា​អ្នក​ភូមិ​ប្រមា​ផង​ដែរ គឺ​ឈ្មោះ ទូច រាម និង​ កាន់ សុវណ្ណ។
សម្រែក​នៅ​ខាង​ក្រៅ​តុលាការ កាល​ពី​ម្សិលមិញ របស់​ក្រុម​អ្នក​គាំទ្រ​លោក​ សូណង់ដូ ប្រមាណ​ ១០០ នាក់​ នៅ​តែ​ខ្លាំង​កា្ល និង​ឮចូល​ដល់​បន្ទប់​សវនាការ​ ដោយ​ទាមទារ​ឲ្យ​សាលា​ឧទ្ធរណ៍ ដោះ​លែង​លោក​ម៉ម សូណង់​ដូ​ ជា​អ្វី​ដែល​ពួក​គេ​បាន​ហៅ​ថា «ជា​រឿង​អយុត្តិធម៌​បំផុត ដែល​ចាប់​មនុស្ស​ស្លូត​ត្រង់​ ដូច​ជា​លោក​សូណង់​ដូ ដាក់​ពន្ធនាគារ​»។
ដូច ​ពេល​មុន​ៗ​ដែរ លោក សូណង់ដូ នៅ​តែ​សង្ឃឹម នឹង​ទទួល​បាន​យុត្តិធម៌​ពី​សាលា​ឧទ្ធរណ៍ ​ជា​អ្វី​ដែល​លោក បាន​គូស​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​ថា ​លោក​ជា​មនុស្ស​បរិសុទ្ធ​ស្អាត​ស្អំមិន​ដែល​ប្រព្រឹត្ត​អ្វី​ខុស​ច្បាប់​ នោះ​ឡើយ​។ បុរស​វ័យ​ចំណាស់​សក់​សដែល​កាន់​សញ្ជា​តិ​បា​រាំង​រូប​នេះ បាន​ថ្លែង​ទាំង​ទឹកមុខ​ញញឹ​ម​ នៅ​ពេល​ត្រូវ​កម្លាំង​នគរ​បាល​ បណ្តើរ​ទៅ​កាន់​រថយន្ត​ពន្ធនាគារ​ថា​៖ «​ខ្ញុំ​សប្បាយ​ចិត្ត​ តែ​មិន​ទាន់​១០០ ភាគរយ​ទេ ពីព្រោះ​​ខ្ញុំ​អត់​ខុស​អី​ទាំង​អស់​។ ពូ​ត្រូវ​តស៊ូ​តទៅ​ទៀត នៅ​ពេល​ដែល​យើង​ធ្វើ​អ្វី​មិន​មែន​ជា​កំហុស យើង​ត្រូវ​ទុក​ចិត្ត​តុលាការ»។
លោកអំ សំអាត ទីប្រឹក្សា​បច្ចេកទេស អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ថ្លែង​ថា ការ​ប្តូរ​បទ​ចោទ ទៅ​ជា​​បទ​ល្មើស​ព្រៃ​ឈើ មិន​គួរ​កើត​មាន​ទេ ពី​ព្រោះ​បទ​ចោទ​ថ្មី​នេះ ក៏​គ្មាន​អង្គហេតុ​អ្វី​ពាក់​ព័ន្ធ​ដែរ ហើយ​បើ​តុលាការ​រក​ឃើញ​អាចជាប់​​ទោស​ពីរ៥​ទៅ​១០​ ឆ្នាំ នៅ​តែ​«ជា​ទោស​ធ្ងន់ធ្ងរ​សម្រាប់​លោក​សូណង់ដូ ដែល​មិន​អាច​ទទួល​យក​បាន»។
ចំណែក លោកឡុង លន់ មេធាវី​ការ​ពារ​ក្តី​ ជន​ជាប់​ចោទ​ពីរ​រូប​ទៀត ដែល​ជាប់​ទោស ៣ ឆ្នាំ​ និង​ ៥​ ឆ្នាំ​ ក៏​បាន​ស្នើ​ឲ្យ​តុលាការ ​លើក​លែង​ការ​ចោទ​ប្រកាន់​ កូន​ក្តី​ទាំង​ពីរ​របស់​លោក​ផង​ដែរ​បើ​ទោះ​បី​ជា​ព្រះ​រាជ​អាជ្ញា នៅ​តែ​​បន្ត​រក្សា​ការ​ចោទ​ប្រកាន់ និង​ឲ្យ​តុលាការ ​ពិចារណា​តាម​ផ្លូវ​ច្បាប់​តាម​ចម្លើយ​នៃ​អង្គ​សវនាការ​ក៏​ដោយ​។

ដើម​បណ្តឹង ​មិន​បាន​ដាក់​បន្ទុក​លោក​ម៉ម សូណង់ដូ
ដើម​បណ្តឹង ៣ នាក់​ដែល​មាន​វត្តមាន​ លោក ឆេង​ ឆាត់ សមាជិក​ក្រុម​ប្រឹក្សា​ឃុំ កំពង់​ដំរី លោក​ ជា ជីន​ មេ​ភូមិ​ប្រមា និង​លោក​ កុល​ ពន្លឺ នគរបាល​ប៉ុស្តិ៍​ឃុំ​កំពង់​ដំរី​ត្រូវ​បាន​អង្គ​សវនាការ​សួរ​ដេញ​ដោល​ពេញ​ មួយ​ព្រឹក​ម្សិលមិញ។ ទាក់​ទិន​នឹង​ការ​ចោទ​ប្រកាន់​លើ​លោក សូណង់ដូ អាជ្ញាធរ​ទាំង​បីនាក់​នេះ មិន​ឆ្លើយ​ចម្លើយ​ណា​មួយ​ចោទ​ថា​ លោក​ សូណង់ដូ​ ដឹក​នាំ​បង្កើត​តំបន់​អបគមន៍ ឬ​ធ្លាប់​ឃើញ​លោក​សូណង់ដូ ​ចុះ​ទៅ​ជួប​ប្រជាជន​ផ្ទាល់​ឡើយ​ តែ​អ្នក​ទាំង​បី​សុទ្ធ​តែ​ឆ្លើយ​ដាក់​ឈ្មោះ ប៊ុន​ រដ្ឋា ដែល​រត់​គេច​ខ្លួន នៅ​ក្រៅ​ប្រទេស និង​ត្រូវ​កាត់​ទោស​កំបាំង​មុខ​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​ ៣០ ​ឆ្នាំ ថា​ឈ្មោះ​នេះ ជា​អ្នក​ដឹក​នាំ​កិច្ច​ប្រជុំ​ជាមួយ​ពលរដ្ឋ ឲ្យ​ពលរដ្ឋ ធ្វើ​ការ​បះបោរ ​តវ៉ា​នឹង​ក្រុម​ហ៊ុន ដើម្បី​បាន​ដីធ្លី​បង្ក​បង្កើន​ផល។
លោក ឆេង ឆាត់ ថ្លែង​ថា៖«​ខ្ញុំ​មិន​ដែល​ឃើញ​លោក​ម៉ម​ សូណង់ដូ​ទេ ឮ​ឈ្មោះ​គាត់​តែ​តាម​វិទ្យុ​ហើយ​គាត់​ ក៏​មិន​ដែល​មក​ភូមិ​ប្រមា​ដែរ។ តែ​ខ្ញុំ​ឮថា​ មានក្រុម​ប៊ុន រដ្ឋា ដើរ​បំផុស​ឲ្យ​ពលរដ្ឋ ចូល​សមាគម​អ្នក​ប្រជាធិបតេយ្យ​ ទើប​បាន​ចែក​ដី​ឲ្យ​ទំហំ​ ២០ ម៉ែត្រ គុណ​ ៣០ ម៉ែត្រ​»។
លោក កុល ពន្លឺ នគរបាល​ប៉ុស្តិ៍​ឃុំ​កំពង់​ដំរី​ ថ្លែង​ក្នុង​សវនាការ​ថា រាល់​លើក​ មាន​តែ​ឈ្មោះ​ប៊ុន រដ្ឋា ដែល​តាំង​ខ្លួន​ជា​មេ​ក្លោង​ មកពី​សមាគម​អ្នក​ប្រជាធិបតេយ្យ​ចេ​ញ​មុខ​ជួប​ពលរដ្ឋ​ហើយ​បំផុស​បំផុ​ល​ បញ្ជា​ពលរដ្ឋ​ ឲ្យ​កាន់​កាំបិត​ ពូថៅ ស្នា​ ធ្វើ​បាតុ​កម្ម​តវ៉ា​រឿង​ដីធ្លី​។
អ្នក​ស្រី​ស្រេង​ ថូ​ ភរិយា​ជន​ជាប់​ចោទ កាន់​ សុវណ្ណ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ប្តី​របស់​អ្នក​ស្រី ​ជាប់​ទោស​និង​មិន​ត្រូវ​បាន​គេ​ដោះ​លែង ឬ​ព្យួរ​ទោស ដូច​អ្នក​ជាប់​ចោទ​ដទៃ​ទេ​ ដោយសារ​តែ​ប្តី​របស់​អ្នក​ស្រី ​មិន​ឆ្លើយ​ដាក់​លោក​ សូណ​ង់​ដូ ដែល​ជា​មនុស្ស​មិន​ដែល​ជាន់ដី​ភូមិ​ប្រមា។

សញ្ញា​វិជ្ជមាន​ពីសវនាការ
ការ សាលា​ឧទ្ធរណ៍​ បាន​យល់​ព្រម​ ទទួល​យក​ការវិភាគ​ឯករាជ្យ​មួយ​ របស់​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ទៅ​ពិចា​រណា​ ក្នុង​ការ​កាត់​ក្តី ហើយ​ត្រូវ​បាន​ចៅ​ក្រម​លោក​​ ឃុន លាង​ម៉េង​ អាន​ក្នុង​អង្គ​សវនាការ។
លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​បាន​​ស្វាគមន៍​ ចំពោះ​ការ​​ទទួល​យក​ការ​វិភាគ​របស់​មជ្ឈ​មណ្ឌល​លោក​ទៅ​ពិចារណា​។​ លោក​ថ្លែង​ថា វា​ជា​ការ​វិភាគ​តាម​ផ្លូវ​ច្បាប់ នូវ​សិទ្ធិ​សេរីភាព ​អ្នក​សារ​ព័ត៌មាន ដែល​មិន​គួរ​រំលោភ​បំពាន​ លើ​ផ្នែក​បញ្ចេញ​មតិ។ លោក​​រំពឹង​ថា​ សាលាដំបូង​ ២៤​ ខេត្ត​ក្រុង​ នឹង​ទទួល​យក​ការ​វិភាគ​លើ​បញ្ហា​ផ្សេង​ៗ ក្នុង​ការ​ពិចារណា​រឿង​ក្តី​។​ លោក​ថ្លែង​ថា៖ «បើ​តុលាការ​វិនិច្ឆ័យ​ត្រឹម​ត្រូវ​ លោក​សូណង់​ដូ គួរ​ដោះលែង»។ នេះ​ជា​លើកទី ​១ ​ហើយ​ ដែល​តុលាការ​ទទួល​យក​ការ​​វិភាគឯក​រាជ្យ​របស់​អ្នក​ជំនា​ញ​​អង្គ​ការ​សង្គម​ ស៊ីវិល។ លោក​ វីរៈ ​មាន​ប្រសាសន៍​ថា​៖«នេះ​ជា​ប្រវត្តិ​សាស្ត្រ​ ខ្ញុំ​សប្បាយ​ចិត្ត​ ការ​ទទួល​បែប​នេះ មាន​ភាព​វិជ្ជមាន​»។
​ជន​ជាប់​ ចោទ​ ប៊ុន រដ្ឋា ដែល​ត្រូវ​កាត់​ទោស​កំបាំង​មុខ ដោយ​សាលា​ដំបូង​រាជ​ធានី ឲ្យ​ជាប់​ពន្ធនាគារ​ ៣០ ឆ្នាំ នៅ​ពេល​នេះ កំពុង​រស់​នៅ​ក្រៅ​ប្រទេស​។ ជនជាប់​ចោទ​រូប​នេះ ត្រូវ​បាន​អង្គសវនាការ សាលា​ឧទ្ធរណ៍​រយៈ​ពេល​ពីរ​ថ្ងៃ​មក​នេះ​ បាន​និយាយ​ចំ​ឈ្មោះ យ៉ាង​ច្រើន​ថា​ ជា​អ្នក​លេច​មុខ​នៅ​ភូមិ​ប្រមា ដឹក​នាំ​កិច្ច​ប្រជុំ​ ធ្វើ​ការ​ប្រឆាំង​រដ្ឋាភិបាល និង​ដើរ​វាស់​វែង​ដីជូន​ពលរដ្ឋ។
នៅ​ពេល​ ទាក់​ទង​មក​កា​សែត​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ម្សិលមិញ បុរស​ម្នាក់ ដែល​អះអាង​ថា ខ្លួន​ឈ្មោះ​​ ប៊ុន រដ្ឋា បាន​គំរាម​ធ្វើ​មហា​បាតុកម្ម បើ​តុលាការ​កម្ពុជា គ្រប់​ជាន់​ថ្នាក់​ មិន​ផ្តល់​យុត្តិធម៌​ឲ្យ​លោក​សូណង់​ដូ។ លោក​និយាយ​ថា៖ «​ក្នុង​ប្រព័ន្ធ ​ច្បាប់​កម្ពុជា ខ្ញុំ​មិន​មាន​ជំនឿ​តាំង​តែ​ពី​ដើម​មក​ហើយ​។ ដូច​នេះ​មាន​តែ​មួយ​ទេ ពលរដ្ឋ​ដែល​ស្គាល់​ខ្ញុំ​តាំង​ពី​ ២០០៥ ​ហ្នឹង គេ​រួម​គ្នា​ថា ប្រសិន​បើ​មិន​មាន​យុត្តិធម៌​ណា​មួយ​ ចំពោះ​លោក ម៉ម សូណង់ដូ​ពី​តុលាការ​សាលា​ដំបូង ដល់​តុលា​ការ​កំពូល​ពួក​យើង​មាន​តែ​ជ្រើស​រើស​ជម្រើស​ចុង​ក្រោយ​របស់​ពួក​ យើង គឺ​រួម​គ្នា​ធ្វើ​មហា​បាតុកម្ម នៅ​ក្នុង​ទីក្រុង​ភ្នំពេញ និង​បិទ​ផ្លូវ​ជាតិ​ទាំងអស់ ឲ្យ​វា​កកស្ទះ​ចរាចរណ៍​បង្ខំ​ឲ្យ​តុលាការ​ផ្តល់​យុត្តិធម៌»។
សាល​ដីកា​លើ​សំណុំ​រឿង​ដ៏​រសើប​នេះ ​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី១៤ ខែ​មីនា ឆ្នាំ​២០១៣​៕

No comments:

Post a Comment

yes