សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, March 7, 2013

វៀតណាម​ចាប់​ឃុំ​និង​រឹប​យក​លុយ​ពី​ឈ្មួញ​ខ្មែរ

ភ្នំពេញៈ ឧកញ៉ា​ម្នាក់​បាន​សម្តែង​ការ​អាណិត​អាសូរ​ដល់​ជន​ជាតិ​កម្ពុជា ដែល​ត្រូវ​អាជ្ញាធរ​វៀតណាម​ចាប់​ឃុំ​ខ្លួន​និង​រឹប​អូស​យក​ប្រាក់​អស់ តាម​រយៈ​លិខិត​មួយ​ដែល​ផ្ញើ​ជូន​អាជ្ញាធរ​កម្ពុជា ហើយ​និង​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ​ដើម្បី​សុំ​ឲ្យ​អន្តរាគមន៍​ជួយ​ដល់​ពួក​គេ​ផង​។
លិខិត​ចុះ​ថ្ងៃទី ៣ មីនា របស់​លោក​ឧកញ៉ា លឹម ហុងឈាង រស់​នៅ​ក្នុង​ឃុំ​ត្រពាំង​ផ្លុង​ ស្រុក​ពញា​ក្រែក ខេត្ត​កំពង់ចាម ជិត​ព្រំដែន​កម្ពុជា‑​វៀតណាម បាន​អំពាវនាវ​ឲ្យ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ លោក ស ខេង រដ្ឋ​មន្រ្តី​ក្រសួង​ពាណិជ្ជកម្ម លោក ចម ប្រសិទ្ធ និង​អភិបាល​ខេត្ត​កំពង់ចាម លោក ហ៊ុន ណេង អន្តរាគមន៍​ជួយ​ជនជាតិ​កម្ពុជា​ដែល​ត្រូវ​អាជ្ញាធរ​វៀតណាម​ចាប់​ឃុំ និង​ទារ​យក​ប្រាក់​ពួក​គេ​ត្រឡប់​មក​វិញ ខណៈ​អ្នក​ទាំង​នោះ​ត្រូវ​អាជ្ញាធរ​វៀតណាម​ចាប់​ឃាត់​និង​រឹប​អូស​យក ផលិតផល ដែល​ពួក​គាត់​ដឹក​ឆ្លង​ចូល​ទៅ​លក់​ក្នុង​ប្រទេស​វៀតណាម។
ឧកញ៉ា លឹម ហុង​ឈាង បាន​ថ្លែង​ថា​ អាជ្ញាធរ​វៀតណាម ​តែង​តែ​ចាប់​ខ្លួន​ជនជាតិ​កម្ពុជាដាក់​ពន្ធ​នាគារ​ និង​រឹប​អូស​យក​ប្រាក់​​ពី​ពួក​គេ​​​។ លោក​ថ្លែង​ថា គ្រាន់​តែ ៦​ខែ​(មីនា-ខែ​កញ្ញា) ឆ្នាំ​២០១២ នៅ​ច្រក​ព្រំ​ដែន​អន្តរជាតិ​ ត្រពាំង ​ផ្លុង សមត្ថកិច្ច​វៀតណាម​បាន​ចាប់​ជន​ជាតិ​កម្ពុជា​ចំនួន​៥​​នាក់​​ដាក់​ពន្ធ​ នាគារ​ និង​ ដក​ហូត​​យក​ប្រាក់​ចំនួន​ជាង​ ១០​ម៉ឺន​ដុល្លារ​អាមេរិក ខណៈ​ពួក​គេ​នាំ​ចេញ​ផលិតផល​ទៅ​លក់​នៅ​វៀតណាម។
លោក​បន្ថែម​ថា ​ពលរដ្ឋ​កម្ពុជា​ទាំង​នោះ​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ពាក់ព័ន្ធ​នឹង​ការ​រត់​ ពន្ធ​​រូបិយ​ប័ណ្ណ​ខុស​ច្បាប់​ ​ហើយ៣​នាក់​ ក្នុង​ចំណោម​ពួក​គេ​ត្រូវ​បាន​ដោះ​លែង​ក្រោម​ការ​ធានា​នៅ​ក្រៅ​ឃុំ បន្ទាប់​ពី​ឃុំ​ខ្លួន​ពី​២​ទៅ​៥​ខែ​ ចំណែក​២​នាក់​ទៀត​នៅ​ជាប់​ឃុំ​ក្នុង​ខេត្ត ​តៃនិញ ​នៅ​ឡើយ។
ជាង​នេះ ​ទៀត លិខិត​ក៏​បាន​ជម្រាប​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ថា កាល​ពី​ថ្ងៃ​ទី​២៧ ​ខែ​កុម្ភៈ អាជ្ញាធរ​វៀតណាម​បាន​ចាប់​ខ្លួន​ខ្មែរ​ពីរ​នាក់​ម្តាយ​និង​កូន​ស្រី ​នៅ​ប៉ុស្តិ៍​ព្រំ​ដែន​ក្នុង​ឃុំ​ដា ​ស្រុក​មេ​មត់​ ជា​មួយ​ប្រាក់​៥៤.៩០០​ដុល្លារ បាន​ពី​ការ​លក់​ស្វាយចន្ទី​។ ប៉ុន្តែ​សំណាង​ភ្លាម​ៗ​នោះ នគរបាល​កម្ពុជា​នៅ​ប៉ុស្តិ៍​ព្រំ​ដែន​បាន​អន្តរាគមន៍​ជួយ​ទាន់។
ឧកញ៉ា លឹម ហុងឈាង បាន​​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា វៀតណាម​ចាប់​ខ្លួន​ជន​កម្ពុជា​ក្រោម​ការ​ចោទ​ថា ពួក​គេ​រត់​ពន្ធ​រូបិយប័ណ្ណ​ខុស​ច្បាប់ ពេល​ទទួល​យក​ប្រាក់​លក់​ផលិតផល​ពី​ខាង​វៀតណាម​មក​វិញ។
លោក លឹម ហុងឈាង ​ថ្លែង​ថា៖« បញ្ហា​នេះ​គឺ​ធ្ងន់ធ្ងរ​ណាស់​។ ខ្ញុំ​គិត​ថា យើង​ទាំង​អស់​គ្នា​ត្រូវ​តែ​ជួយ​។ នៅ​ពេល​ខាង​វៀតណាម​មក​យក​ប្រាក់​[ពី​កម្ពុជា​] ​ខ្ញុំ​មិន​ដែល​ឃើញ​អាជ្ញាធរ​យើង​ចាប់​ខ្លួន​ពួក​គេ​ទេ​។ ប៉ុន្តែ​ពេល​យើង​ទៅ​យក​ប្រាក់​ពី​ការ​លក់​ដូរ​នៅ​វៀតណាម​ត្រូវ​គេ ចាប់​ខ្លួន​យើង»។
លោក​ថ្លែង​ថា​៖ «​ការ​នេះ ប្រជាជន​មិន​ខុស​ទេ ប៉ុន្តែ​ រដ្ឋាភិបាល​ខុស ដោយ​សារ​រដ្ឋាភិបាល​មិន​មាន​ធនាគារ​សម្រាប់​ធ្វើ​ការ​ផ្ទេរ​ប្រាក់ ជូន​ប្រជា​ជន»។
លោក ហួត គឹម​សៀង​ និង​លោក ​វុធ ថា ​ជា​ជន​ពីរ​នាក់​ ក្នុង​ចំណោម​៥​នាក់ ដែល​ត្រូវ​ចាប់​ឃុំ​​ជាង​​៣​ខែ ក្នុង​ខេត្ត​តៃនិញ និង​ត្រូវ​ដោះ​លែង​ពី​ខែ​មិថុនា និង​ខែ​កញ្ញា បាន​ប្រាប់​ថា ពួក​គាត់​ត្រូវ​ចាប់​ខ្លួន​ពី​បទ​រត់​ពន្ធ​លុយ​ខុស​ច្បាប់ បន្ទាប់​ពី ទៅ​ទារ​ប្រាក់​ជំពាក់​ពី​ការ​លក់​ផលិតផល​ឲ្យ​ជន​វៀតណាម និង​ត្រូវ​អាជ្ញាធរ​វៀតណាម​ចាប់​ខ្លួន​ដោយ​ចោទ​ថា កាន់​ប្រាក់​លើស​​ចំនួន​កំណត់​ច្បាប់​វៀត​ណាម។
គាត់​បន្ត​ថា តុលាការ​វៀតណាម​ប្រាប់​គាត់​ថា បើ​នរណា​ម្នាក់​​កាន់​ប្រាក់​លើស​៥​ពាន់​ដុល្លារ​​អាមេរិក ជន​នោះ​នឹង​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​រត់ពន្ធ​រូបិយ​ប័ណ្ណ​ខុស ច្បាប់។​
លោក វុធ​ ថា បាន​ថ្លែង​ថា​៖ «ជន​ជាតិ​វៀតណាម​មក ​ទិញ​គោ​ក្នុង​ប្រទេស​យើង​ជំពាក់​សិន រួច ហើយ​គេ​ឲ្យ​យើង​​ទៅ​យក​ប្រាក់​ក្នុង​ប្រទេស​គេ​វិញ​​។ ពេល​ចូល​ទៅ​យក​ប្រាក់​រួច​ពួក​គេ​ប្រាប់​នគរបាល​ឲ្យ​ចាប់​យើង​»។ ​លោក​អះអាង​ថា​ប្រាក់​៤៨.០០០ ដុល្លារ​អាមេរិក​របស់​គាត់​ត្រូវ​គេ​រឹប​អូស​ជា​ទ្រព្យ​សម្បត្តិ​រដ្ឋ វៀតណាម។
លោក ហួត គឹមសៀង ដែល​ត្រូវ​ដោះលែង​ពី​ខែ​មិថុនា បាន​បន្ត​ថា​៖ «វា​គឺ​អយុត្តិធម៌​សម្រាប់​ជនជាតិ​ខ្មែរ​យើង​លក់​ទំនិញ ឲ្យ​វៀតណាម​ យើង​យក​ប្រាក់​វិញ ត្រូវ​ពួក​គេ​ចោទ​ថា​យើង​ខុស​ច្បាប់​។ ជនជាតិ​វៀតណាម​មក​យក​ប្រាក់​ពី​យើង​ផង​ដែរ ប៉ុន្តែ​ខាង​យើង​មិន​ដែល​ចាប់​ពួក​គេ​ទេ»។ លោក​ថា​ ប្រាក់​ដែល​គេ​រឹប​អូស​យក​ពី​គាត់​ចំនួន​១០.១៥៧ ដុល្លារ​អាមេរិក ជា​ប្រាក់​លក់​ដំឡូង​មី ។
លោក ហែម ​យៀត​ មេ​ឃុំ​ត្រពាំង​ផ្លុង ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ​លោក​ព្យាយាម​ទាក់​ទង​ទៅ​ខាង​វៀតណាម​ជាច្រើន​លើក​សុំ​ឲ្យ​ដោះ​លែង​ ជិន ថន និង ឈន ងីម វិញ ប៉ុន្តែ​ភាគី​វៀត​ណាម​ហាក់​មិន​ខ្វល់​រឿង​នេះ​ទេ​ គ្រាន់​តែ​ថា ​ពួក​គេ​កំពុង​ពិចារណា។
អភិបាល​ខេត្ត​កំពង់ចាម លោក ហ៊ុន ណេង បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា អាជ្ញាធរ​វៀតណាម​បាន​ធ្វើ​ការ​ចាប់​ខ្លួន​ជន​ជាតិ​កម្ពុជា​ទាំង​នោះ គឺ​ត្រឹមត្រូវ​តាម​ច្បាប់ ដោយ​លោក​បាន​អះអាង​ថា ពួក​គេ​មួយ​ចំនួន​កាន់​លុយ​ច្រើន​ដើម្បី​ចៀស​ពី​ការ​ចុះ​បញ្ជី​ទិដ្ឋាការ​នៅ​តាម​ប៉ុស្តិ៍​ព្រំដែន​អន្តរជាតិ។
លោក ហ៊ុន ណេង បាន​ថ្លែង​បន្ត​ថា ៖ «ច្បាប់​នៅ​ក្នុង​ប្រទេស​របស់​ពួក​គេ [វៀតណាម​]​គឺ​ខុស​ពី​ច្បាប់​ក្នុង​ប្រទេស​របស់​យើង។
តាម​ច្បាប់​​របស់​វៀតណាម​ ពួក​គេ​ចាប់​ខ្លួន ​គឺ​ត្រឹមត្រូវ»។ លោក​បាន​ថ្លែង​បន្ត​ថា​៖ «ខ្ញុំ​បាន​សរសេរ​លិខិត​ទៅ​អាជ្ញាធរ​ខេត្ត​តៃនិញ​ ដើម្បី​សុំ​ឲ្យ​ដោះ​លែង​អ្នក​ទាំង​ពីរ​នាក់​ ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​នោះ ហើយ ប៉ុន្តែ​ពួក​គេ​បាន​និយាយ​ថា ពួក​គេ​មិន​មាន​សិទ្ធិ​ទៅ​ដោះ​លែង​អ្នក​ទាំង​នោះ​ទេ ដោយ​សារ​វា​ជា​រឿង​នៅ​ក្នុង​ដៃ​របស់​តុលាការ​»។
​លោក ​ហ៊ុន ណេង ​បញ្ជាក់​​បន្ថែម​ថា​ ​លោក​​តែង​តែ​ធ្វើ​ការ​ណែនាំ​ទៅ​ដល់​ប្រជា​ជន​​ក្នុង​ខេត្ត​ឲ្យ​ធ្វើ​ ការ​​ផ្ទេរ​ប្រាក់​តាម​ធនាគារ​វៀតណាម​ ប៉ុន្តែ​​ ប្រជា​ជន​ទាំង​នោះ​តែង​តែ​កាន់​​សាច់​ប្រាក់​​គេច​ចេញ​ពី​អាជ្ញាធរ​វៀតណាម។
អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀត​ណាម​​ប្រចាំ​​កម្ពុជា​ មិន​អាច​ទាក់​ទង​បាន​ទេ​ពី​ម្សិល​មិញ​៕ 

No comments:

Post a Comment

yes