សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, March 29, 2013

មេ​ឃុំ​បក្ស​ប្រជាជន​ដក​មេ​ភូមិ​បក្ស​ប្រឆាំង

ក្រចេះ: មេ​ភូមិ ៤ នាក់​ នៅ​ឃុំ​ជ្រោយ​បន្ទាយ​ ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ មក​ពី​គណបក្ស​​ប្រឆាំង និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ត្រូវ​បាន​ដក​ចេញ​ពី​តំណែង ដែល​ការ​ដក​ចេញ​នេះ​ ត្រូវ​​គេ​សង្ស័យ​ថា ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ។
លោក​ចាប ល័ក្ខ មេភូមិ​ជ្រោយ​បន្ទាយ លោក អ៊ុំ សុខលាង មេ​ភូមិ​ខ្សាច់​ទប់ មក​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​អ្នក​ស្រី អ៊ុង ស៊ីណាន ​​មេ​ភូមិ​រកា​ធំ ​លោក លុយ ឈុនហេង ​មេ​ភូមិ​កែង ​មក​ពីគណបក្ស​ សម រង្ស៊ី ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​កាល​ពី​ថ្ងៃ​ទី ១៨​ ខែ​មីនា ដោយ​លោក ពេជ្រ ងួន​ស្រិន ​មេ​ឃុំ​ជ្រោយ​បន្ទាយ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​អំណាច​។ ​
សមាជិក​គណបក្ស សម រង្ស៊ី និង​គណ​បក្ស​ ហ៊្វុនស៊ិនប៉ិច​ទាំង​នោះ​​បាន​​ថ្លែង​ថា ការ​ដក​ចេញ​នេះ​ គឺ​ផ្ទុយ​នឹង​នីតិវិធី​របស់​ក្រសួង​មហា​ផ្ទៃ ហើ​យ​​វា​ទាក់ទិន​នឹង​បញ្ហា​នយោបាយ។ លោក ចាប​ ល័ក្ខ​ បាន​ថ្លែង​ថា៖ «​ខ្ញុំ​មិន​ដឹង​ទេ​ថា​ តើ​មូល​ហេតុ​អ្វី​ បាន​ជា​ខ្ញុំ​ត្រូវ​បាន​ដក​ពី​តំណែង ខ្ញុំ​បាន​ទៅ​ធ្វើ​ការ​រៀង​រាល់​ថ្ងៃ។ ការ​ដក​នេះ គឺ​ដោយ​សារ​គេ​ខឹង​នឹង​ខ្ញុំ​ចូល​រួម​គណបក្ស សម រង្ស៊ី»។ ​លោក​ចាប ល័ក្ខ​ បាន​ធ្វើ​ជា​មេ​ភូមិ តាំង​ពី​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​អាណតិ្ត​ដំបូង។
លោក អ៊ុំ សុខលាង​ ក៏​បាន​ថ្លែង​ដែរ​ថា លោក​មិន​ដែល​ធ្វើ​អ្វី​ខុស​ទេ ​ក្នុង​តំណែង​ជា​មេ​ភូមិ​តាំង​ពី​ឆ្នាំ​២០០៦ មក និង​ថា លោក ពេជ្រ ងួន​ស្រិន ​មេ​ឃុំ​ជ្រោយ​បន្ទាយ ពុំ​ដែល​ហៅ​រូប​លោក ​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ ឬ​ប្រាប់​លោក​ឲ្យ​ធ្វើ​កិច្ចការ​អ្វី​ទេ ពេល​គាត់​ជាប់​ឆ្នោត​ជា​មេ​ឃុំ​​ក្នុង​អាណតិ្ត​ថ្មី​នេះ។ លោក​បន្ថែម​ថា លោក ប៉ិច​ងួន​ស្រីន ​អញ្ជើញ​តែ​មេ​ភូមិ​រង​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ចូល​ប្រជុំ ហើយ​ប្រាប់​ពួក​គេ​ឲ្យ​ធ្វើ​កិច្ចការ​ជាច្រើន។ លោក​ថ្លែង​ថា​៖«​ការ​ដក​នេះ​គឺ​ទាក់ទង​នឹង​បញ្ហា​នយោបាយ ​ដោយ​សារ​ខ្ញុំ​បាន​ចូល​​រួម​ជា​មួយ​នឹង​គណបក្ស​សម រង្ស៊ី»។​
អ្នក​ស្រី អ៊ុង ស៊ីណាន ​មេ​ភូមិ​រកា​ធំ មក​ពី​គណបក្ស​សមរង្ស៊ី ក៏​បាន​ថ្លែង​ផង​ដែរ​ថា​ អ្នក​ស្រី​បាន​បម្រើ​ការ​ងារ​ក្នុង​តួនាទី​របស់​អ្នក​ស្រី​ក្នុង​ភូមិ ប៉ុន្តែ​អ្នក​ស្រី​ មិន​ដឹង​ទេ​ថា​ តើ​មូល​ហេតុ​​​អ្វី​​បាន​ជា​អ្ន​ក​ស្រី​ត្រូវ​បាន​ដក​ពី​តំណែង​នោះ​ទេ​។ ប៉ុន្តែ​​អ្នក​ស្រី​សង្ស័យ​ថា ការ​ដក​នេះ​គឺ​ដោយ​សារ​ការ​រើស​អើង​បក្ខ​ពួក។
លោក កែវ ភីរម្យ ប្រធាន​គណបក្ស សម រង្ស៊ី ប្រចាំ​ខេត្ត​ក្រចេះ និង​អ្នក​ស្រី​ ឡាច គីមអ៊ី ជំទប់​ទី ២ នៃ​ឃុំ​ជ្រោយ​បន្ទាយ បាន​ថ្លែង​ថា ការ​ដក​ចេញ​នេះ ​គឺ​ផ្ទុយ​នឹង​នីតិវិធី​របស់​ក្រសួង​មហា​ផ្ទៃ ដោយ​ពួក​លោក​អះអាង​ថា ប្រសិន​បើ​មេ​ភូមិ​ណា​ម្នាក់​ធ្វើ​ខុស មេ​ឃុំ​ត្រូវ​ធ្វើ​ការ​ណែនាំ​ឬ​អប់រំ ប៉ុន្តែ​ពួក​គេ​ពុំ​បាន​ធ្វើ​អ្វី​ខុស​ទេ។
នៅ​ពេល​ទាក់ទង​ដោយ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិល​មិញ លោក ពេជ្រ ងួនស្រីន ពុំ​បាន​ផ្តល់​មូល​ហេតុ​ជាក់​លាក់​ក្នុង​ការ​ដក​មេ​ភូមិ​ទាំង​នោះ​ចេញ​ពី​ តំណែង​ទេ​ដោយ​លោក​និយាយ​ថា ​វា​ជា​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ឃុំ ហើយ​ថា ការ​ដក​ចេញ​នេះ គឺ​ដោយ​សារ​កំហុស​ពួក​គេ។ ទោះ​ជា​យ៉ាង​ណា លោក​មិន​បាន​ពន្យល់​អំពី​កំហុស​នោះ​ទេ។
លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បាន​បដិសេធ​មិន​ផ្តល់​អត្ថាធិប្បាយ​ទេ កាល​ពី​ម្សិល​មិញ នៅ​ពេល​ភ្នំពេញ ប៉ុស្តិ៍ ស្នើ​សុំ​សេចក្តី​ពន្យល់​ អំពី​​ការ​អនុវត្ត​ផ្ទុយ​ទៅ​នឹង​នីតិវិធី​​ច្បាប់ ក្នុង​ការ​ដក​មេ​ភូមិ​ចេញ​ពី​តំណែង​នេះ។
លោក គី សារ៉ា ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ប្រចាំ​ខេត្ត​ក្រចេះ និង​ជា​អភិបាល​រង​ខេត្ត បាន​ថ្លែង​ថា មិន​ត្រឹម​តែ​មេ​ភូមិ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ក្នុង​ស្រុក​ព្រែក​ប្រសព្វ​ទេ ដែល​ត្រូវ​បាន​ដក​ពី​តំណែង តែ​នៅ​ស្រុក​ដទៃ​ទៀត ក៏​មាន​ការ​ដក​ពី​តំណែង​ផង​ដែរ។ ​លោក​បាន​បន្ថែម​ថា វា​ជា​សិទិ្ធ​របស់​មេ​ឃុំ​ថ្មី​ ក្នុង​ការ​សម្រេច​បែប​នេះ។ ​លោក សារ៉ា ​បន្ត​ថា៖ «​តាម​គោល​ការណ៍ គេ​ត្រូវ​ដក​គ្រប់​កន្លែង​ នេះ​អាច​ថា ត្រូវ​ក៏​បាន​ខុស​ក៏​បាន​។... នេះ​ជា​សិទិ្ធ​របស់​អ្នក​ឈ្នះ»៕ 

No comments:

Post a Comment

yes