សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, March 21, 2013

ក្រុម​ហ៊ុន​ដី​សម្បទាន​បន្ត​ឈូស​បំផ្លាញ​ដី​ព្រៃ​សហគមន៍

130321_07
ជន​ជាតិភាគ​តិច​​តវ៉ា​​ ប្រឆាំង​ការ​ឈូស​បំផ្លាញ​​ដី​ព្រៃ​សហ​គមន៍​​​ កន្លង​មក​
រតនគិរីៈ ក្រុមហ៊ុន​ដី​សម្ប​ទាន​សេដ្ឋកិច្ច​មួយ​ បាន​បន្ត​​ធ្វើ​ការ​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍ ​ក្នុង​ស្រុក អូរយ៉ាដាវ ចាប់​តាំង​ពី​ចុង​សប្តាហ៍​មុន​មក បន្ទាប់​ពី​បាន​ផ្អាក​សកម្មភាព​មួយ​រយៈ។
លោក សេវ​ ហេន​ អាយុ​ ៦៧ ​ឆ្នាំ​ ប្រធាន​សហគមន៍​ភូមិ​តេន ​ក្នុង​ឃុំ​យ៉ាទុង​ ជិត​ព្រំ​ប្រទល់​វៀត​ណាម​ បាន​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន ​៧២​ ឬ​ក្រុម​ហ៊ុន​ចម្រុះ​ Global Tech SDN BHD រ៉ាម៉ា​ខ្មែរ​អន្តរ​ជាតិ និង​មិត្ត​ភាព​ម៉ែន ​សារុន​ បាន​ធ្វើ​សកម្ម​ភាព​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍​អស់​ ៣ ហិកតា​ចាប់​ពីថ្ងៃ​ទី ១៦ ​ដល់​ថ្ងៃ​ទី​ ១៩​ ខែ​មីនា​នេះ។
លោក​បន្ត​ថា៖ «ជន​ជាតិ​ចារ៉ាយ​យើង​ខ្ញុំ​ជាង ​១០០​ គ្រួសារ​បាន​អា​ស្រ័យ​ផល​ចម្ការ​វិល​ជុំ​ ពី​ព្រៃ​សហគមន៍ ទំហំ​ប្រហែល​ ១ ពាន់​ម៉ែត្រគុណ ៣ ពាន់​ម៉ែត្រ តែ​គ្រឿង​ចក្រ​បួន​គ្រឿង​របស់​ក្រុម​ហ៊ុន​៧២​បាន​ឈូស​អស់​ ៣ ហិកតា​ហើយ»។ លោក​សេវ ហេន បន្ត​ថា​ ប្រជា​សហគមន៍​បាន​នាំគ្នា​ទៅ​ធ្វើ​ការ​ចរចា​ជា​មួយ​​មេ​កា​ក្រុម​ហ៊ុន​ ដែល​ជា​ជន​ជាតិ​ខ្មែរ​ និង​វៀតណាម​ ហើយ​ពួក​គេ​បាន​យល់​ព្រម​ផ្អាក​សកម្មភាព​ឈូស​ឆាយ​សិន។

លោក​ឆាយ ​ធី អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ខេត្ត​រតនគិរី បាន​​ថ្លែង​​ថា ការ​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍ គឺ​ខុស​ទៅ​នឹង​លក្ខន្តិកៈ​ដី​សម្បទាន​សេដ្ឋកិច្ច។ ​
លោក​គូស​បញ្ជាក់​ថា៖« ក្រុមហ៊ុន ៧២ បាន​បន្ត​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍​ជា​លើក​ទី​២។ កាល​ពី​ឆ្នាំ​២០១០ ​ក្រុម​ហ៊ុន​នេះ​ បាន​ឈូស​​ឆាយ​អស់​ជិ​ត ១ ​ពាន់​ហិក​តា ម្តង​រួច​ហើយ​»។ អាដហុក​នឹង​ដាក់​ពាក្យ​បណ្តឹង ​និង​លិខិត​អន្តរាគមន៍​ទៅ​ស្ថាប័ន​ពាក់​ព័ន្ធ​ផ្សេងៗ​ទៅ​តាម​លទ្ធ​ផល​ដែល នឹង​អង្កេត​ឃើញ​នៅ​ចុង​សប្តាហ៍​នេះ។
លោក ​ដក ស អភិបាល​ស្រុក​អូរយ៉ាដាវ​បាន​ទទួល​ស្គាល់​ថា ក្រុមហ៊ុន ៧២​ មិន​ត្រឹម​តែ​ឈូស​ឆាយ​ប៉ះ​ដី​ព្រៃ​សហគមន៍​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ដី​ស្រែ​ចម្ការ​របស់​ពលរដ្ឋ​ចារ៉ាយ​ថែម​​ទៀត​។
លោក​ថ្លែង​ថា៖«យើង​ទទួល​ស្គាល់​ថា​ព្រៃ​នោះ​ជា​ព្រៃ​របស់​សហគមន៍​មែន​ហើយ​ដី ស្រែ​ក៏​ត្រូវ​បាន​វាស់វែង​ចែក​ឲ្យ​ដោយ​និស្សិត​ស្ម័គ្រចិត្ត​ទៅ​ទៀត។ ហេតុ​នេះ​ ខ្ញុំ​បាន​ឲ្យ​ក្រុមហ៊ុន​នេះ ផ្អាក​សកម្មភាព​ហើយ»។​
រដ្ឋាភិបាល​បាន​ប្រគល់​ដី​ទំហំ​ ២​ ម៉ឺន​ហិកតា​ឲ្យ​ក្រុម​ហ៊ុន​ ៧២​ នេះ ​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​១៩៩៩ ​ដើម្បី​ដាំ​ដូង​ប្រេង ​កាហ្វេ​និង​ដំណាំ​ផ្សេងៗ​ទៀត។  ប៉ុន្តែ​យោង​តាម​លោក​ ដក ស រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ​ក្រុមហ៊ុន ​៧២​ នៅ​សល់​ដី​តែ​ ៦ ពាន់​ហិកតា​ប៉ុណ្ណោះ​ ​ដោយ​សារ​អាជ្ញាធរ​បាន​កាត់​ផល​ប៉ះពាល់​បន្តិច​ម្តងៗ ហើយ​ក្រុម​ហ៊ុន​កំពុង​ដាំ​ដុះ​ដំណាំ​កៅស៊ូ ​មិន​មែន​ដូង​ប្រេង​ ឬ​កាហ្វេ​ទេ។
ភ្នំពេញ ប៉ុស្តិ៍ មិន​អាច​ទាក់ទង ក្រុមហ៊ុន ៧២ បាន​ទេ​កាល​ពី​ម្សិលមិញ។
ពាក់ព័ន្ធ​នឹង​បញ្ហា​ដី​ធ្លី​នេះ​ដែរ ជន​ជាតិ​ដើម​ភាគ​តិច​ទំពួន ​នៅ​ភូមិ​សមុទ្រ​លើ ​ឃុំ​សេដា ស្រុក​លំផាត់​ បាន​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​វៀតណាម​អេលាវ បាន​ឈូស​ឆាយ​ដី​កប់​ខ្មោច​ និង​ព្រៃ​អារក្ស​ របស់​ពួក​គាត់​ជា​ថ្មី​ទៀត។
លោក​ស៊ុន លន់ អាយុ ៥៣​ ឆ្នាំ​ជា​ប្រធាន​សហគមន៍​ភូមិ​សមុទ្រ​លើ​ បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា ​គ្រឿង​ចក្រ​មួយ​គ្រឿង​ របស់​ក្រុមហ៊ុន​វៀត​ណាម​ឈ្មោះ​អេលាវ​ បាន​ឈូស​ឆាយ​ដី​កប់​ខ្មោច ​និង​ព្រៃ​អារក្ស​របស់​ពួក​គាត់​អស់​១៥ ​គុណ​ ២៥ ម៉ែត្រ លើ​ផ្ទៃ​ដី​សរុប​១ ហិកតា​ កាល​ពី​ថ្ងៃ​ចន្ទ។ លោក​បញ្ជាក់​ថា​៖​«មេកា​វៀតណាម ​បាន​បញ្ជា​ឲ្យ​អ្នក​បើក​គ្រឿង​ចក្រ​ជន​ជាតិ​ខ្មែរ ឈូស​ចូល​ដី​ព្រៃ​កប់​ខ្មោច​និង​អារក្ស។​ យើង​បាន​នាំ​គ្នា​២០​ នាក់​ទៅ​ទី​នោះ ​ទើប​គេ​ឈប់​ឈូស​ចូល។ បើ​អស់​ដី​ តើ​ទៅ​ថ្ងៃ​មុខ ​យើង​បាន​ដី​មក​ពី​ណា​កប់​ខ្មោច?​»។ ​លោក​បាន​បន្ត​ថា​ កាល​ពី​ដើម​ឆ្នាំ ២០១៣ នេះ​ ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​ បាន​ចុះ​ទៅ​បោះ​បង្គោល​កំណត់​ដី​ព្រៃ​កប់​ខ្មោច​នេះ​ហើយ​ដែរ។
ទោះ​យ៉ាង​ ណា ​លោក​ធំ ផាន់ ​មេឃុំ​សេដា ​និង​លោក​គង់​ ស៊្រុន​អភិបាល​ស្រុក​លំផាត់​បា​ន​អះ​អាង​ដូចៗ​គ្នា​ថា អាជ្ញាធរ​និង​នគរបាល​មូល​ដ្ឋាន​ បាន​ចុះ​ទៅ​ពិនិត្យ​ជាក់​ស្តែង​នៅ​នឹង​កន្លែង ​កាល​ពី​ថ្ងៃ​អង្គារ ហើយ​ឃើញ​ថា ក្រុមហ៊ុន​វៀត​ណាម មិន​បាន​ឈូស​ចូល​ដី​ព្រៃ​កប់​ខ្មោច​នោះ​ទេ។ លោកធំ ផាន់​បញ្ជាក់​ថា៖«ក្រុម​ហ៊ុន​គ្រាន់​តែ​ឈូស​ក្បែរៗ​នោះ​ប៉ុណ្ណោះ។ ដើម្បី​ឲ្យ​បាន​ច្បាស់​ទាំង​អស់​គ្នាយើង​បាន​បោះ​បង្គោល​ព្រំ​ដី​បន្ថែម ទៀត​ហើយ»៕

No comments:

Post a Comment

yes